វៀតណាមមានគោលនយោបាយ សម្រាប់ការចាត់វិធានការដ៏តឹងរ៉ឹងចំពោះការរំលោភកម្មសិទ្ធិបញ្ញា
ក្នុងបរិបទនៃសកម្មភាពរំលោភបំពានសិទ្ធិកម្មសិទ្ធិបញ្ញា កាន់តែវិវត្តន៍យ៉ាងស្មុគស្មាញ ដោយមានវិធិសាស្ត្រកាន់តែទំនើប ដូចប្រទេសជាច្រើន នៅជុំវិញពិភពលោក វៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំង និងចាត់វិធានការដ៏តឹងរ៉ឹង ចំពោះការរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា។
នៅថ្ងៃទី ១ ខែឧសភា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានម្នាក់ ដែលសួរអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលសហរដ្ឋអាមេរិកកំណត់វៀតណាមជា "ប្រទេសបរទេសអាទិភាព" ក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំស្តីពី ស្ថានភាពការពារ និងអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាលើពិភពលោក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង (Pham Thu Hang) បានថ្លែងថា៖
ក្នុងរយៈពេលថ្មីៗនេះ វៀតណាមតែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារសិទ្ធិកម្មសិទ្ធិបញ្ញា ទាំងក្នុងការកែលម្អប្រព័ន្ធបទប្បញ្ញត្តិ ការបង្កើនការយល់ដឹងរបស់សាធារណជន និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ហើយប្តេជ្ញាប្រយុទ្ធប្រឆាំង និងចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះរាល់ការរំលោភបំពាន។ នេះគឺជាអាទិភាពខ្ពស់ និងជាគោលនយោបាយសំខាន់របស់វៀតណាម ដើម្បីកសាងបរិយាកាសអាជីវកម្ម ដែលមានតម្លាភាព និងភាពស្វាហាប់ និងការផ្លាស់ប្តូរគំរូកំណើន ដែលយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល គឺជាកម្លាំងចលករ។
សិទ្ធកម្មសិទ្ធិបញ្ញាតែងតែជាអាទិភាពមួយ ក្នុងគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសវៀតណាម។
ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ឆ្ពោះទៅរកគំរូ ផ្អែកលើចំណេះដឹង និងនវានុវត្តន៍ ប្រទេសវៀតណាមបានកំណត់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ដែលជាសសរស្តម្ភយុទ្ធសាស្ត្រចំនួនបី ដើម្បីនាំប្រទេសវៀតណាម ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥ នៅពេលដែលប្រទេសនេះប្រារព្ធពិធីអបអរសាទរខួប ១០០ ឆ្នាំ នៃទិវាបង្កើតប្រទេសជាតិ។
ក្នុងចំណោមសសរស្តម្ភទាំងបី សិទ្ធិកម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ ក្នុងយុទ្ធសាស្ត្រនវានុវត្តន៍ជាតិ។ ពិព្រោះវាមិនត្រឹមតែជាឧបករណ៍គតិយុត្តិ ដែលបង្កើតបរិយាកាសតម្លាភាព និងអំណោយផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករស្មារតីជំរុញឱ្យអ្នកបង្កើតថ្មី អាជីវកម្ម និងសហគមន៍ទាំងមូល មានភាពជឿជាក់ក្នុងការច្នៃប្រឌិត រួមចំណែក និងអភិវឌ្ឍប្រទេសជាតិ។
ហេតុដូច្នេះហើយ វៀតណាមកំពុងខិតខំប្រឹងប្រែងកែលម្អយន្តការគោលនយោបាយ ជំរុញការកែទម្រង់ស្ថាប័ន ធ្វើទំនើបកម្មនីតិវិធីដោះស្រាយពាក្យស្នើសុំ និងបង្កើនការផ្សព្វផ្សាយចំណេះដឹងអំពី សិទ្ធិកម្មសិទ្ធិបញ្ញា ប្រែក្លាយសិទ្ធិកម្មសិទ្ធិបញ្ញាទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាព ជួយដល់សហគ្រាស ក្នុងការការពារទ្រព្យសម្បត្តិបញ្ញា កសាងម៉ាកយីហោ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគ។ លើសពីនេះ គំនិតផ្តួចផ្តើមនូវសហប្រតិបត្តិការអន្តរជាតិជាច្រើន រួមទាំងជាមួយ WIPO កំពុងត្រូវបានអនុវត្ត ដើម្បីជួយវៀតណាមឱ្យទទួលបានគំរូគ្រប់គ្រងកម្មសិទ្ធិបញ្ញាជឿនលឿន លើកកម្ពស់ការធ្វើពាណិជ្ជកម្មនៃទ្រព្យសម្បត្តិបញ្ញា និងបង្ហូតលំហូរនៃភាពច្នៃប្រឌិតនៅក្នុងសង្គម។
ការកែលម្អស្ថាប័នដោយឥតឈប់ឈរនិងបង្កើនប្រសិទ្ធភាពនៃការអនុវត្ត
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធច្បាប់សិទ្ធិកម្មសិទ្ធិបញ្ញារបស់វៀតណាម ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ច្បាប់សិទ្ធិកម្មសិទ្ធិបញ្ញាឆ្នាំ ២០០៥ គឺជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ដ៏សំខាន់មួយ ដែលជាលើកដំបូង បានបង្កើតក្របខ័ណ្ឌស្ទើរតែពេញលេញសម្រាប់ការបង្កើត ការការពារ និងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា។
ចាប់តាំងពីពេលនោះមក ច្បាប់នេះត្រូវបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្រើនដង នៅឆ្នាំ ២០០៩, ២០១៩, ២០២២ និងថ្មីៗនេះគឺនៅឆ្នាំ ២០២៥។ វិសោធនកម្មនីមួយៗ មានគោលបំណងធ្វើឱ្យស្របនឹងស្តង់ដារអន្តរជាតិ ខណៈពេលដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សនៅក្នុងបរិយាកាសសេដ្ឋកិច្ច និងបច្ចេកវិទ្យា។
ច្បាប់ស្តីពីសិទ្ធិកម្មសិទ្ធិបញ្ញា ដែលបានធ្វើវិសោធនកម្មឆ្នាំ ២០២៥ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដោយផ្តោតលើការកែទម្រង់នីតិវិធីរដ្ឋបាល និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល។
ដូច្នេះ ពេលវេលាដោះស្រាយពាក្យសុំកម្មសិទ្ធិឧស្សាហកម្ម ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ជាពិសេស ច្បាប់នេះបានបំពេញបន្ថែមយន្តការ សម្រាប់ការវាយតម្លៃយ៉ាងឆាប់រហ័ស នៃខ្លឹមសារនៃពាក្យសុំប៉ាតង់ និងពាណិជ្ជសញ្ញា ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ចំពោះករណីខ្លះ យន្តការមួយ ដែលមិនត្រូវបានអនុម័តយ៉ាងទូលំទូលាយ នៅប្រទេសដទៃទៀត។ ជាពិសេស ជាលើកដំបូង បញ្ហាទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ត្រូវបានលើកឡើងយ៉ាងច្បាស់លាស់នៅក្នុងច្បាប់។
ស្របជាមួយនឹងការកែទម្រង់ស្ថាប័ន ប្រទេសវៀតណាមក៏កំពុងពង្រឹងការអនុវត្តសិទ្ធកម្មសិទ្ធិបញ្ញា ផងដែរ។ ស្ថាប័នមានសមត្ថកិច្ច ពីមជ្ឈិមដល់មូលដ្ឋាន បានបង្កើនការត្រួតពិនិត្យ និងការចាត់វិធានការតឹងរឹងសម្រាប់ការរំលោភបំពាន ជាពិសេសនៅក្នុងវិស័យរសើប ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក ទំនិញក្លែងក្លាយ។
ជាពិសេស ប្រទេសវៀតណាមបានបង្កើតតុលាការឯកទេសខាងកម្មសិទ្ធិបញ្ញា នៅទីក្រុងហាណូយ និងទីក្រុង ហូជីមិញ ដែលរួមចំណែកដល់ការកែលម្អវិជ្ជាជីវៈ និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទ។ ច្បាប់ធ្វើវិសោធនកម្មឆ្នាំ ២០២៥ អនុញ្ញាតឱ្យតុលាការអនុវត្តវិធានការរឹងមាំ ដូចជា ការបង្ខំឱ្យដកចេញ ឬរារាំងការចូលប្រើខ្លឹមសារ ដែលរំលោភបំពាននៅលើអ៊ីនធឺណិត ឬបិទគណនី និងកម្មវិធីពាក់ព័ន្ធជាបណ្តោះអាសន្ន។
តាមពិតទៅ ទង្វើរំលោភបំពានកម្មសិទ្ធិបញ្ញា នៅតែមានភាពស្មុគស្មាញជាមួយនឹងវិធីសាស្រ្តកាន់តែទំនើប។
ទោះជាយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាប្រឈមទូទៅមួយ មិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ។ ប្រការសំខាន់ ដែលត្រូវទទួលស្គាល់ថា
ប្រទេសវៀតណាមតែងតែប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង និងចាត់វិធានការយ៉ាងតឹងរឹង ចំពោះការរំលោភកម្មសិទ្ធិបញ្ញា
គោលនយោបាយនូវសិទ្ធកម្មសិទ្ធិបញ្ញារបស់វៀតណាមកំពុងកាន់តែល្អឥតខ្ចោះ សមត្ថភាពដោះស្រាយ
និងអនុវត្តបទប្បញ្ញត្តិក៏ត្រូវបានបង្កើនផងដែរ ដែលរួមចំណែកដល់ការការពារសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់របស់អ្នកពាក់ព័ន្ធ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកែលម្អការប្រកួតប្រជែងជាតិ
ឆ្ពោះទៅរកគំរូកំណើនដែលមានតម្លាភាព និងប្រកបដោយចីរភាព ស្របតាមស្តង់ដារ និងតម្លៃសកល៕
- អត្ថបទ៖ ថាញហ្វ័រ រូបថត៖ VNA



















