វៀតណាមប្តេជ្ញាដកកាតលឿងពី EC
ដោយមានការប្តេជ្ញានយោបាយខ្ពស់ ការឯកភាពគ្នានៃប្រព័ន្ធទាំងមូល និងការខិតខំប្រឹងប្រែងរបស់ សហគមន៍ ធុរកិច្ច និងប្រជានេសាទ វៀតណាមកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដកកាតលឿងពីគណៈកម្មការអឺរ៉ុប (EC) ដោយបញ្ជាក់ពីជំហររបស់ខ្លួនជាប្រទេសមួយ ដែលនេសាទ និងផលិតគ្រឿងសមុទ្រមានទំនួលខុសត្រូវ ។
នៅក្នុងខែតុលា ឆ្នាំ២០១៧ ការដែល EC ព្រមានកាតលឿង គឺជាការដាស់តឿនយ៉ាងម៉ឺងម៉ាត់អំពីតម្រូវការក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងរបរនេសាទ និងទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនតាមបទប្បញ្ញត្តិ (IUU)។ ប្រសិនបើមិនដោះស្រាយ វៀតណាមអាចប្រឈមមុខនឹងហានិភ័យនៃការហាមឃាត់មិនឱ្យនាំចេញគ្រឿងសមុទ្រទៅកាន់សហភាពអឺរ៉ុប ដែលជាទីផ្សារសំខាន់បំផុតមួយរបស់វៀតណាម។
មុនឆ្នាំ២០១៧ ទីផ្សារសហភាពអឺរ៉ុបស្រូបយក៣០-៣៥% នៃទំហំនាំចេញគ្រឿងសមុទ្ររបស់វៀតណាម។ ទោះជាយ៉ាង ណាក៏ដោយ បន្ទាប់ពីត្រូវដាក់កាតលឿង តួលេខនេះបានថយចុះយ៉ាងខ្លាំង នៅត្រឹមប្រហែល៩ - ១០% នៅឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើនសម្រាប់ឧស្សាហកម្ម និងសហគ្រាសនាំចេញ។
ដោយយល់ដឹងយ៉ាងច្បាស់នូវសម្ពាធ និងសារៈសំខាន់នៃការព្រមាននេះ រដ្ឋាភិបាលវៀតណាមបានបង្ហាញការប្តេជ្ញានយោបាយខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំជាតិស្តីពី ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU “គោលដៅនៅតែមិនផ្លាស់ប្តូរក្នុងការប្រកាសសង្គ្រាមលើការនេសាទខុសច្បាប់ IUU និងដកកាតលឿងរបស់ EC។ នេះជាការ ដែលចាំបាច់ត្រូវការធ្វើ មិនអាចពន្យារពេលបាន ហើយត្រូវតែធ្វើឲ្យទល់តែបាន ដើម្បីកិត្តិយសប្រទេសជាតិ និងកិត្យានុភាពរបស់បក្ស និងរដ្ឋ”។
ដោយផ្អែកលើមូលដ្ឋាននោះ វៀតណាមបានត្រួតពិនិត្យ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមក្របខណ្ឌច្បាប់ទាក់ទងនឹងការគ្រប់គ្រងរបរនេសាទ ដោយធានាបាននូវការអនុលោមតាមបទដ្ឋានអន្តរជាតិ។ ច្បាប់នេសាទឆ្នាំ២០១៧ ជាមួយនឹងចំណុចថ្មីៗជាច្រើន ដែលបានបង្កើតមូលដ្ឋានគ្រឹះច្បាប់ដ៏រឹងមាំ សម្រាប់ការគ្រប់គ្រង ការត្រួតពិនិត្យ និងចាត់ចំណាត់ការចំពោះការរំលោភបំពាន។
លោកសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ជូហុយ (Nguyen Chu Hoi) អនុប្រធានអចិន្ត្រៃយ៍នៃសមាគមនេសាទវៀតណាម អះអាងថា “ការតាក់តែងច្បាប់អំពីបទប្បញ្ញត្តិ IUU គឺជាជំហានទាន់ពេលវេលា ដោយបង្កើតទណ្ឌកម្មខ្លាំងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការរំលោភបំពាន”។
យោងតាមក្រសួងកសិកម្ម និងបរិស្ថាន នៅចុងខែតុលា ឆ្នាំ២០២៥ វៀតណាមមាននាវានេសាទចំនួន ៧៩,៨០០ / ៧៩,៩៤១ គ្រឿង (ស្មើនឹង៩៩.៨%) ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើមូលដ្ឋានទិន្នន័យរបរនេសាទជាតិ (VNFishbase)។ អត្រានៃនាវានេសាទ ដែលមានប្រវែងពី ១៥ម៉ែត្រឡើងទៅត្រូវបានដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ (VMS) សម្រេចបានជាង៩៩%។
ប្រព័ន្ធ VMS ជួយតាមដានទីតាំង និងការធ្វើដំណើររបស់នាវានេសាទក្នុងពេលវេលាជាក់ស្តែង រកឃើញការរំលោភបំពានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ VNFishbase បន្តធ្វើសុក្រិត ដោយរួមបញ្ចូលព័ត៌មានស្តីពី ការចុះបញ្ជី ទិនានុលេខ និងលិខិតបញ្ជាក់អំពីបរិមាណផលគ្រឿងសមុទ្រសរុប ព្រមទាំងតំណភ្ជាប់ទិន្នន័យរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ២០១៧ មក វៀតណាមបានដាក់ពង្រាយប្រព័ន្ធទិនានុលេខនេសាទ លក់ដូរ និងការផ្នេរទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិក (e-logbook) និងប្រព័ន្ធស្វែងរកប្រភពដើមគ្រឿងសមុទ្រ តាមប្រព័ន្ធអេឡិចត្រូនិក (eCDT) នៅគ្រប់កំពង់ផែនេសាទទាំងអស់។
លោក វូ យឿនហាយ (Vu Duyen Hai) អនុប្រធាន នាយកដ្ឋានជលផល និងអធិការកិច្ចនេសាទបានឲ្យដឹងថា “យើងខ្ញុំកំពុងខិតខំប្រឹងប្រែង ដើម្បីនាវានេសាទទាំងអស់ ដែលមានប្រវែងពី ១៥ម៉ែត្រឡើងទៅ នៅពេលចេញដំណើរ ឬមកដល់កំពង់ផែ ត្រូវតែរាយការណ៍លើប្រព័ន្ធ eCDT”។
ជាមួយគ្នានេះ ការផាកពិន័យយ៉ាងតឹងរ៉ឹង ត្រូវបានអនុវត្តចំពោះការរំលោភ IUU។ យោងតាមរបាយការណ៍របស់ក្រសួងនគរបាល គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានចោទបណ្ដឹងចំនួន ៨៤ ករណីជាមួយជនជាប់ចោទចំនួន ១៣០នាក់ទាក់ទងនឹងការនេសាទខុសច្បាប់។ ដោយហេតុនោះ ការយល់ដឹងអំពីការអនុលោមតាមច្បាប់របស់ប្រជានេសាទមានការផ្លាស់ប្តូរជាវិជ្ជមាន។
អ្នកនេសាទ ផាម ង៉ុកតាម (Pham Ngoc Tam) ម្ចាស់នាវា TH ៩១៤៣៤ -TS សង្កាត់ សឹមសឺន (Sam Son) (ខេត្ត ថាញ់ហ័្វរ (Thanh Hoa)) បានចែករំលែកថា៖ «កាលពីមុន យើងខ្ញុំចេញទៅសមុទ្រដោយសេរី មិនមានបម្រាមអ្វីឡើយ។ ឥឡូវនេះ បទប្បញ្ញត្តិស្តីពីការប្រឆាំង IUU កាន់តែតឹងរ៉ឹងជាង ប៉ុន្តែវាក៏ជួយយើងខ្ញុំគ្រប់គ្រងបរិមាណគ្រឿងសមុទ្រសរុប និងស្គាល់យ៉ាងច្បាស់ដែនសមុទ្រអាចនេសាទ។ អ្វីដែលសំខាន់បំផុតនោះគឺ ដោយការអនុវត្តតាមបទប្បញ្ញត្តិ ផលិតផលរបស់យើងទើបអាចនាំចេញបាន ហើយនាវាអាចចេញទៅសមុទ្រប្រកបដោយចីរភាព។ ខ្ញុំ និងបងប្អូនប្រជានេសាទកំពុងព្យាយាមអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីអនាគតនៃរបរនេសាទ»។
កិច្ចខិតខំប្រឹងប្រែងទាំងនោះកំពុងបង្ហាញលទ្ធផលវិជ្ជមាន។ យោងតាមរបាយការណ៍ចុងក្រោយបំផុត ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្មាននាវានេសាទណាមួយ ដែលរំលោភលើដែនទឹកបរទេសដែលត្រូវផាកពិន័យ។
ការដកកាតលឿងរបស់ EC មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពពេញវ័យនៃឧស្សាហកម្មនេសាទវៀតណាម ដែលជាឧស្សាហកម្មមួយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកតម្លាភាព និរន្តរភាព និងមានទំនួលខុសត្រូវ។
ដំណើរនេះនៅតែកំពុងបានបន្ត ប៉ុន្តែជាមួយនឹងលទ្ធផលដែលទទួលបាន វៀតណាមកំពុងបោះជំហានយ៉ាងរឹងមាំ ដើម្បីបញ្ជាក់ពីកិត្យានុភាពរបស់ខ្លួនក្នុងទីផ្សារពិភពលោក ក្នុងនាមជាប្រទេសជាប់មាត់សមុទ្រដ៏ស្វាហាប់មួយ គោរពច្បាប់អន្តរជាតិ និងប្តេជ្ញាដើរតាមមាគ៌ាអភិវឌ្ឍបៃតង ចីរភាព៕
អត្ថបទ៖ ថុង ធៀន/ VNP - រូបថត៖ VNP, VNA
ប្រែសម្រួលដោយង្វៀនយ៉ាង












