វៀតណាម - ឋានសួគ៌អាហារតាមចិញ្ចើមថ្នល់
អាហារចិញ្ចើមថ្នល់របស់វៀតណាមល្បីល្បាញលើពិភពលោកដោយតម្លៃសមរម្យ បរិយាកាសទទួលទានជិតស្និទ្ធ និងរាក់ទាក់ ហើយជាពិសេសគឺស្រស់ឆ្ងាញ់ ទាក់ទាញ សម្បូរបែប ទាំងគ្រឿងផ្សំ រសជាតិ ទាំងរូបភាព... បានជាអ្នកល្បីលើពិភពលោកជាច្រើន ដូចជាលោកអតីតប្រធានាធិបតីអាមេរិក Barack Obama លោកអតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី Malcom Turnbull លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងសូម្បីតែមេចុងភៅល្បីៗដូចជា លោក Anthony Bourdain (សហរដ្ឋអាមេរិក) លោក Gordon Ramsay (ចក្រភពអង់គ្លេស) លោក Jamie Oliver (ចក្រភពអង់គ្លេស) ... សុទ្ធតែបានកោតសរសើរពីពិសេសភាពទាំងនោះ។ |
---|
អាហារតាមដងផ្លូវនៅរដ្ឋធានីហាណូយ (Ha Noi) បានល្បីល្បាញតាំងពីយូរយារណាស់មកហើយសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើននាក់ ដោយសារមិនមែនត្រឹមតែមុខម្ហូបឈ្ងុយឆ្ងាញ់ៗ និងទាក់ទាញជាច្រើនតែប៉ុណ្ណោះ ថែមទាំងនៅទីនោះមានកន្លែងទទួលទានដ៏គួរឱ្យចាប់អារម្មណ៍ ដូចជាហាងលក់អាហារជាសាមញ្ញ រួសរាយរាក់ទាក់ និងជិតស្និទ្ធ ស្ថិតនៅគ្រប់ចិញ្ចើមផ្លូវ និងច្រកតូចៗ ក្នុងតំបន់ផ្លូវបុរាណទាំង ៣៦ ខ្សែ ដែលមានអ្នកធ្វើណើរទៅវិញទៅមកយ៉ាងអ៊ូអរ។
កាសែត និងគេហទំព័រព័ត៌មានល្បីៗ លើពិភពលោកជាច្រើន ដូចជា CNN, New York Times, The Guardian, National Geographic ក៏បានបោះឆ្នោតជ្រើសរើស និងលើកតម្កើងអាហារហាណូយ (Ha Noi) ជាច្រើនមុខ ជាពិសេសគឺ ហ្វើ (pho) ដែលជាមុខម្ហូបដ៏ល្បីល្បាញ និងមានវត្តមាននៅដើមសតវត្សទី ២០ ហើយធ្លាប់បានប្រជាជនហាណូយ (Ha Noi) រែកលក់នៅតាមគ្រប់ច្រកល្ហក។
សព្វថ្ងៃនេះ ដើម្បីធានាអនាម័យម្ហូបអាហារ និងសណ្តាប់ធ្នាប់តាមដងផ្លូវ ការរែកហ្វើ (pho) លក់តាមដងផ្លូវក្នុងរដ្ឋធានីហាណូយ (Ha Noi) ដូចកាលពីមុនស្ទើរតែបាត់ទៅហើយ បានជំនួសដោយប្រជាជនបានបើកហាងលក់ហ្វើ (pho) តាមដងផ្លូវជាច្រើន។ យើងអាចលើកឡើងពីឈ្មោះហាងលក់ហ្វើ (pho) តាមដងផ្លូវដែលល្បីៗ ជាច្រើន ក្នុងរដ្ឋធានីហាណូយ (Ha Noi) សព្វថ្ងៃដូចជា៖ ហ្វើ លីគ្វឹកស៊ឹ (Ly Quoc Su) ហ្វើ បាតដាន (Bat Dan) ហ្វើ ធីន (Thin) ហ្វើ ទឹលូន (Tu Lun)... នៅរដ្ឋធានីហាណូយ (Ha Noi) ហ្វើ (pho) បានលក់នៅគ្រប់ទីកន្លែង និងពេញមួយថ្ងៃ។ ក្នុងតម្លៃពីរបីម៉ឺនដុង (ប្រហែល ២ ទៅ ៣ USD) ភ្ញៀវទេសចរអាចហូបហ្វើ (pho) មួយចានដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្តៅ ព្រមទាំងគេមានឱកាសគយគន់ជីវិតរស់នៅតាមដងផ្លូវដ៏រស់រវើក និងគួរឱ្យចាប់អារម្មណ៍ ដែលកំពុងកើតឡើងនៅចំពោះមុខភ្ញៀវទេសចរ។
ប្រសិនបើហ្វើ (pho) ជាមុខម្ហូបដែលបានចាត់ទុក “មុខម្ហូបប្រចាំព្រលឹងជាតិ និងថ្លៃថ្នូរ” នំបញ្ចុកសាច់ជ្រូកអាំង និងណែមចៀន ក៏ជាមុខម្ហូបដែលល្បីទីពីររបស់រដ្ឋធានីហាណូយ (Ha Noi) ជាពិសេសមុខម្ហូបនេះកាន់តែមានភាពល្បីល្បាញ នៅពេលដែលលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama និងមេចុងភៅដ៏ល្បីល្បាញលើពិភពលោក លោក Anthony Bourdain បានជ្រើសរើសទីតាំងទទួលទានជាមួយគ្នា ក្នុងហាងសាមញ្ញាមួយនៅរដ្ឋធានីហាណូយ (Ha Noi)។
នំបញ្ចុកសាច់ជ្រូកអាំង គឺជាមុខម្ហូបដែលគេអាចហូបបានគ្រប់ពេល ហើយមិនពិបាកក្នុងការស្វែងរកហាងលក់នំបញ្ចុកសាច់ជ្រូកអាំងនៅក្នុងច្រកតូច ឬហាងនៅចិញ្ចើមផ្លូវ ក្នុងរដ្ឋធានី ហាណូយ (Ha Noi)ឡើយ។ រសជាតិនៃនំបញ្ចុកសាច់ជ្រូកអាំងមានភាពទាក់ទាញ ដោយសារតែសាច់ជ្រូកអាំង បានប្រឡាក់គ្រឿងទេសឈ្ងុយឆ្ងាញទើបយកទៅអាំង រួចហូបជាមួយទឹកត្រីជូរផ្អែម បន្ថែមល្ហុង និងការ៉ូតហាន់ជាចំណិតស្តើងៗដ៏ស្រួយឆ្ងាញ់។
ក្រៅពី អាហារបានលក់តាមដងផ្លូវដ៏ល្បីខាងលើ រដ្ឋធានីហាណូយ (Ha Noi) ក៏មានមុខម្ហូបជាច្រើនទៀតដែលឈ្ងុយឆ្ងាញ់ៗ និងធូរថ្លៃ ដូចជា៖ បាយដំណើប នំប៉័ង គុយទាវ នំបង្គាចៀន នំបញ្ចុកថាង (Thang) នំបញ្ចុកតៅហូផ្អកបង្គា បបរឆ្អឹងជំនី កាហ្វេពងមាន់... ប្រៀបបានដូចត្រឹមតែប្រមាណ ២ ម៉ឺនដុង ដែលស្មើនឹង ១ ដុល្លារអាមេរិកប៉ុណ្ណោះ អ្នកអាចហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងឆ្អែត ដោយនំបុ័ងមានស្នូលគ្រប់ប្រភេទ ស្រស់និងឆ្ងាញ់ តាមចំណូលចិត្តរបស់អ្នកដូចជា៖ ប៉ាតេថ្លើមជ្រូក ពងមាន់ សាច់ជ្រូក សាច់មាន់ ឆាសៀវ... មានលក់នៅតូបនំបុ័ងតាមគ្រប់ច្រកល្ហក។
អាហារលក់តាមដងផ្លូវមិនត្រឹមតែជាអាហារ របៀបហូប និងកន្លែងហូបប៉ុណ្ណោះទេ ថែមទាំងនេះជាកន្លែងដែលភ្ញៀវអាចទស្សនានិងរកឃើញអ្វីដែលគួរឱ្យចាប់អារម្មណ៍រាប់មិនអស់អំពីជីវិត វប្បធម៌ បុគ្គលិកលក្ខណៈ ក៏ដូចជាទំនៀមទម្លាប់របស់ប្រជាជនរដ្ឋធានី ហាណូយ (Ha Noi) ជាដោយឡែក ជារួមគឺសម្រាប់ប្រជាជនវៀតណាមទាំងមូល។ ដូច្នេះហើយ ភ្ញៀវទេសចរបរទេសជាច្រើននាក់ ដែលបានមករដ្ឋធានីហាណូយ (Ha Noi) មានការរំភើបចិត្តយ៉ាងខ្លាំង ដែលបានទទួលទានអាហារបានលក់តាមដងផ្លូវ ហើយចាត់ទុកដូចជារបៀបមួយ ដើម្បីស្វែងយល់នូវជីវភាពរស់នៅដ៏គួរឱ្យរំភើបនៃរដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំនេះ។
តាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ក្នុងចំណោមមុខម្ហូបរបស់វៀតណាមមានប្រហែល ១៧០០ មុខ ក្នុងនោះម្ហូបហ្វេ (Hue) មានចំនួនជាង ១៣០០ មុខ។ អាហារលក់តាមដងផ្លូវនៅទីក្រុងហ្វេ (Hue) មានប្រភពចេញពីម្ហូបប្រជាប្រិយ ដូច្នេះរសជាតិក៏ពោរពេញទៅដោយលក្ខណៈរបស់ហ្វេ (Hue) ដែលលេចធ្លោគឺសម្បូរពណ៌ដោយរសជាតិហឹរ និងក្តៅ។ យើងអាចលើកឡើងមុខម្ហូបល្បីៗ ដូចជា៖ នំបញ្ចុកសាច់គោហ្វេ (Hue) បាយលៀស ណែមអាំង នំបញ្ចុកសាច់ជ្រូកអាំង នំបាញ់កាញ់បង្អែមម្សៅដំឡូងមី បង្អែមគ្រាប់ឈូក នំម្សៅដំឡូងមី នំបែវ (beo) នំណឹម (nam)...
ទោះបីជាអាហារបានលក់តាមដងផ្លូវក៏ដោយ ប៉ុន្តែដោយសារឥទ្ធិពលនៃវប្បធម៌ធ្វើម្ហូបក្នុងរាជវាំង ម្ហូបហ្វេ (Hue) ត្រូវបានរៀបចំ និងដាក់បង្ហាញយ៉ាងល្អិតល្អន់ មើលឃើញស្អាតដោយមានចម្រុះពណ៌ដ៏ស្រស់ស្អាត និងអាហារក្នុងបរិមាណល្មម បើសិននិយាយឲ្យត្រង់គឺ អាហារក្នុងបរិមាណតិចបន្តិច ដើម្បីបង្ហាញពីភាពឆើតឆាយ ហូបដើម្បីដឹងរសជាតិ មិនដើម្បីឆ្អែត។
ពេលនិយាយអំពីអាហារលក់តាមដងផ្លូវទីក្រុងហ្វេ (Hue) យើងគួរតែលើកឡើងអំពី "នំបញ្ចុកសាច់គោហ្វេ (Hue)" ដែលជាមុខម្ហូបដ៏ល្បីរួមមាន ទឹកស៊ុបពោរពេញទៅដោយរសជាតិឆ្អឹងជ្រូក ឆ្អឹងគោ ជាមួយនឹងក្លិនឈ្ងុយនៃស្លឹកគ្រៃ កាពិ និងរសជាតិហឹររបស់ម្ទេស រសជាតិឈ្ងុយឆ្ងាញ់នៃសាច់គោដែលហាន់ជាចំណិតធំៗ និង ខ្លាញ់នៃជើងជ្រូកដែលបានស្ងោរដល់ឆ្អិនល្មម។ នំបញ្ចុកសាច់គោនេះហូបជាមួយជីរគ្រប់ប្រភេទ រួមមាន សាឡាត សណ្តែកបណ្តុះ ត្រយូងចេកហាន់ជាចំនិតតូចៗ និងក្រូចឆ្មា ម្ទេស...ដែលបង្កើតជាមុខម្ហូបចម្រុះពណ៌ និងស្រស់ឆ្ងាញ់។
ដូច្នេះហើយ នៅខណៈពេលមួយពដែល លោក Anthony Bourdain បានមកដល់ក្រុងហ្វេ (Hue) ដើម្បីថតភាពយន្តច្រើនភាគ អំពីម្ហូបដ៏ល្បីល្បាញ "Anthony Bourdain: Parts Unknown" ចាក់ផ្សាយនៅលើឆានែលទូរទស្សន៍ CNN។ គាត់បាននិយាយថា "នំបញ្ចុកសាច់គោហ្វេ (Hue) គឺជាមុខម្ហូបដែលមានទឹកស៊ុបឆ្ងាញ់ជាងគេបំផុត នៅលើពិភពលោកដែលខ្ញុំធ្លាប់ហូប"!” ។ ហើយចាប់តាំងពីការណែនាំដំបូងនៃខ្សែភាពយន្តនេះ ឆានែល CNN មិនក្រែងរអែងលើកឡើងថា "ប្រសិនបើអ្នកធ្លាប់មកទីក្រុងហ្វេ (Hue) នៅភាគកណ្តាលនៃប្រទេសវៀតណាម ប្រសិនបើអ្នកមិនទស្សនានៅផ្សារ ដុងបា (Dong Ba) ដើម្បីហូបនំបញ្ចុកសាច់គោហ្វេទេ (Hue) នោះពិតជាគួរឱ្យសោកស្តាយណាស់។ នោះជាមុខម្ហូបឆ្ងាញ់មួយ រួមមានសាច់ជ្រូក និងឆ្អឹងគោ"។
នៅឆ្នាំ ២០២៣ ទីក្រុងហ្វេ (Hue) ត្រូវបានជាប់ចំណាត់ថ្នាក់ទី ២៨ ក្នុងចំណាម "ទីក្រុងចំនួន ១០០ ដែលមានអាហារឆ្ងាញ់បំផុតលើពិភពលោក" របស់ Taste Atlas ដែលជាគេហទំព័រព័ត៌អំពីម្ហូបអាហារដ៏ល្បីៗ លើពិភពលោក ក្នុងនោះមានអាហារលក់តាមដងផ្លូវល្បីៗ ដែលត្រូវបានលើកឡើងមុនគេបង្អស់ ដូចជា៖ នំបញ្ចុកសាច់គោ នំម្សៅដំឡូងមី បាយលៀស ណែមសាច់ជ្រូកអាំង បង្អែម...
ប្រសិនបើមុខម្ហូបនៅរដ្ឋហាណូយ (Ha Noi) និងទីក្រុងហ្វេ (Hue) មានលក្ខណៈល្អិតល្អន់ និងតំណាងឱ្យម្ហូបភាគខាងជើង និងភាគកណ្តាល ម្ហូបអាហារនៅសាយហ្គន (Sai Gon) - ទីក្រុងហូជីមិញ (Ho Chi Minh) គឺជាភាពថ្លៃថ្នូរនៃអាហារនៅភាគខាងត្បូង ជាមួយនឹងរចនាបទសាមញ្ញា ជិតស្និទ្ធនឹងជីវិត។
ជាឧទាហរណ៍ដូចជា បាយចុងអង្ករមានប្រភពចេញពីម្ហូបដែលធ្វើពីអង្ករមិនល្អដែលបែកជាគ្រាប់តូចៗ សម្រាប់ពលករក្រីក្រ។ ក្រោយមក គេបានមើលឃើញថា បាយបានដាំពីគ្រាប់អង្ករបែកតូចៗទាំងនេះ ងាយស្រួលហូបណាស់ ហើយអាចរួមផ្សំជាមួយនឹងមុខម្ហូបជាច្រើនមុខ។ ដូច្នេះហើយយូរទៅ បាយនោះត្រូវបានលើកម្ពស់ទៅជាមុខម្ហូបដ៏ពេញនិយមដែលបានកែច្នៃតាមរូបមន្តផ្សេងៗគ្នា។ សព្វថ្ងៃនេះ ដើម្បីមានចុងអង្ករឆ្ងាញ់ ប្រជាជនត្រូវជ្រើសរើសពូជចុងអង្ករឆ្ងាញ់និងដាំបាយ ហើយគេមិនយកចុងអង្ករដែលបែកម៉ដ្ត ដូចកាលពីដើមទៀតទេ។
ក្រៅពីនេះ អាហារដែលហូបជាមួយក៏កាន់តែសម្បូរបែប និងទាក់ទាញជាងមុន ដូចជា៖ ឆ្អឹងជំនីរជ្រូកអាំង សាច់ជ្រូកចិញ្ចាំ្រលាយពងទា និងគ្រឿងផ្សំមួយចំនួនទៀតដែលយកទៅចំហុយ ពងមាន់ចៀន ស្បែកជ្រូកហាន់ជាសរសៃ ពងមាន់ចៀន បន្លែជ្រក់... រួមផ្សំនឹងទឹកត្រីជូរផ្អែមដ៏ឆ្ងាញ់មួយចាន សម្លមួយចាន និងកន្លែងអង្គុយហូបនៅលើចិញ្ចើមផ្លូវដ៏មមាញឹក ជាប់នឹងឡអាំងឆ្អឹងជំនីជ្រូកមានក្លិនឈ្ងុយឆ្ងាញ់ ដែលបានក្លាយជារូបភាពពិសេសនៃមុខម្ហូបដ៏សាមញ្ញ និងពេញនិយមនៅទីក្រុងសាយហ្គន (Sai Gon) ។
សព្វថ្ងៃនេះ បាយចុងអង្ករមិនគ្រាន់តែជាមុខម្ហូបដ៏សាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានលើកកម្ពស់ទៅជាអាហារពិសេសឈ្ងុយឆ្ងាញ់ ដែលបានលក់នៅក្នុងភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើន ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវជាច្រើននាក់។ ហាងលក់បាយចុងអង្ករជាច្រើនដែលល្បីៗនៅទីក្រុង សាយហ្គន (Sai Gon) បានក្លាយទៅជាកន្លែងមកទស្សនាដែលមិនគួររំលងសម្រាប់ភ្ញៀវទេសចរ ដូចជា៖ បាយចុងអង្គរ ភូកឡុកថ (Phuc Loc Tho) បាយចុងអង្គរនិងឆ្អឹងជំនី បាគឿង (Ba Cuong) បាយចុងអង្គរម៉ុក (Moc) បាយចុងអង្គរ Cali (ហាងលក់បាយអង្គរទាំងអស់ខាងលើនេះស្ថិតនៅកណ្តាលខណ្ឌទី ១) បាយចុងអង្ករ ង្វៀន វ៉ាន់គឺ (Nguyen Van Cu) (ខណ្ឌទី ៥) បាយចុងអង្ករ ហ្គៀន (Ghien) (ខណ្ឌទី៣), បាយចុងអង្ករវាលប្រមូលកាកសំណាល់ សាយហ្គន (Sai Gon) (ខណ្ឌទី៤)...
ក្រៅពីបាយចុងអង្ករ បាញ់ឆែវក៏ជាមុខម្ហូបដ៏ល្បីរបស់តំបន់នេះដែរ។ របៀបធ្វើបាញ់ឆែវគឺសាមញ្ញណាស់។ នោះគឺការចាក់ម្សៅអង្ករចូលក្នុងខ្ទះដែលមានប្រេងក្តៅ ដើម្បីធ្វើឲ្យបាញ់ឆែវមានរាងមូលស្តើងៗ រួចដាក់ស្នូលពីលើ រួមមាន សណ្តែកបណ្តុះ សាច់ជ្រូក បង្គា... ហើយចៀនរហូតដល់ពេលណានំនេះស្រួយ។ ក្នុងអំឡុងពេលចៀននំនេះបញ្ចេញសម្លេង “ឆែវៗ” ដូច្នេះប្រហែលជាមូលហេតុនេះ នំនេះត្រូវបានគេហៅថា បាញ់ឆែវ។ បាញ់ឆែវក្តៅៗ ហូបជាមួយជីរ បន្លែស្រស់ និងទឹកត្រីជូរផ្អែមដែលបង្កើនភាពឈ្ងុយឆ្ងាញ់ និងស្រួយយ៉ាងទាក់ទាញ៕
អត្ថបទ៖ ង៉ឹនហា ថាញហ្វ័រ ថុងធៀន សើនងៀ រូបថត៖ VNP
ប្រែសម្រួលដោយង្វៀនយ៉ាង