វត្តយូវ (Dau) - បេតិកភណ្ឌជាតិពិសេស នៅតំបន់ភាគខាងជើង

វត្តយូវ (Dau) - បេតិកភណ្ឌជាតិពិសេស នៅតំបន់ភាគខាងជើង

ស្ថិតនៅខេត្តបាក់និញ (Bac Ninh) វត្តយូវ (Dau) គឺជាវត្តចំណាស់មួយ​ ក្នុង​ចំណោម​វត្ត​ចំណាស់​ជាងគេ នៅ​ប្រទេសវៀតណាម ដែលបានកសាងនៅ​សតវត្សរ៍ទី២ មុន​​គ្រិស្តសករាជ។ នេះមិនត្រឹមតែជាទីកន្លែងដើម​កំណើតនៃព្រះពុទ្ធសាសនា នៅ វៀតណាម​ប៉ុណ្ណោះទេ ថែមទាំងជាទី​កន្លែងរក្សាទុកវត្ថុ​មានតម្លៃជាច្រើន សក្តិសមជាបេតិកភណ្ឌ​ជាតិ​ពិសេស។

ចេតិយហ្វ័រផុង​ (Hoa Phong) – សំណង់និមិត្តរូបរបស់វត្ត។

យោងតាមឯកសារប្រវត្តិសាស្ត្រ ព្រះពុទ្ធសាសនាមក​ពីប្រទេសឥណ្ឌា តាមបណ្តាញពាណិជ្ជកម្មបុរាណ បានជ្រាបបញ្ចូល​ជាមួយនឹងជំនឿក្នុងស្រុក បង្កើតបានជាជំនឿ អាទិ​ទេពទាំង៤​អង្គ - គោរពបូជាទេវបុត្រ​៤​អង្គ ដែលគ្រប់គ្រងអាកាសធាតុ៖ ទេវបុត្រ​ពពក ទេវបុត្រ​ព្រះភិរុណ​ ទេវបុត្រ​ផ្គររន្ទះ និង​ទេវបុត្រ​ផ្លេកបន្ទោរ។ នៅក្នុងប្រព័ន្ធវត្តអារាមដែលគោរពបូជាអាទិទេព៤អង្គ​ វត្តយូវ (Dau) ដើរតួនាទីជាមជ្ឈមណ្ឌល ជា "វត្តគ្រូដើម​" ដែលមានអត្ថន័យពិសិដ្ឋក្នុងជីវភាព​រស់នៅ​ ចេតភាព​នៃ​ប្រជាជន វៀតណាម នា​សម័យបុរាណ។

ខាងក្នុង​ចេតិយហ្វ័រផុង​ (Hoa Phong)។

ឆ្លងកាត់ជិតពីរពាន់ឆ្នាំ និងការជួសជុលជាច្រើនលើក វត្តនេះនៅតែរក្សាបានប្លង់ស្ថាបត្យកម្មប្រពៃណី តាមបែបខាងក្នុងរាងអក្សរកុង ខាងក្រៅរាងអក្សរក្វឹក បង្កើតបានជាបរិវេណចម្រុះ​រួមមាន៖ ទ្វារបី (Tam Quan) ចេតិយហ្វ័រ​ផុង​(Hoa Phong) សាលខាង​មុខ សាលបូជា សាលធំ សាលក្រោយ របៀង និងល្វែង​គ្រូ​ដើម​។ល។ ផ្នែកទាំងអស់ត្រូវបានរៀបចំយ៉ាងប្រណីត​ បង្កើតបានជាកន្លែងបូជាបុរាណ និងស្ងប់ស្ងាត់​។

វត្តយូវ​ (Dau) គឺជាទីកន្លែងធម្មយាត្រានៃ​ពុទ្ធបរិស័ទ។
រូប​សំណាក​ទេវបុត្រ​ពពក​ ជា​រូប​សំណាក​មួយ​ក្នុងចំណោម​រូបសំណាក​ទាំងពីរ​ ដែលជា​សម្បត្តិជាតិ​។

ចំណុចលេចធ្លោ​មួយ​នៃស្ថាបត្យកម្មពិសេស របស់វត្ត គឺចេតិយហ្វ័រ​ផុង​ (Hoa Phong) - សំណង់និមិត្តរូបដែលសាងសង់ដោយ​ឥដ្ឋដុត បច្ចុប្បន្ននៅសល់៣ជាន់ កម្ពស់ប្រហែល ១៧ម៉ែត្រ។ ជាន់នីមួយៗបម្រួញ​ចូល​បន្តិចម្តង​ៗ ដំបូលកោងរលូន ផ្នែកខាងលើនៃចេតិយមានរាងដូចក្អមទឹក​អម្រឹត - ជានិមិត្តរូបនៃភាពបរិសុទ្ធ ក្នុងព្រះពុទ្ធសាសនា។ ខាងក្នុងចេតិយ​មានតម្កល់​បដិមាករស្តេច​ទេវរាជ​៤អង្គ​ រួមជាមួយឧបករណ៍​តន្រ្តីថ្ម  និងជួង​សំរិទ្ធ ដែល​មានរចនាបថ​ស្ថាបត្យកម្មបែប​សម័យឡេ​ត្រុ​ងហឹង​ (Le Trung Hung) បង្ហាញពីជម្រៅប្រវត្តិសាស្ត្រ និងសិល្បៈល្អប្រណីត។

វត្តយូវ​ (Dau)នៅថែម​ទាំង​បាន​លេចធ្លោឡើង​ដោយ​ប្រព័ន្ធរូបបដិមា​ពិសេសផងដែរ ក្នុងនោះមាន​រូបបដិមា ទេវបុត្រ​ពពក និង ទេវបុត្រ​ព្រះពាយ​ - ២អង្គ​ក្នុងចំណោម៤អង្គ នៃទេព៤អង្គ​ - ដែលបានទទួលស្គាល់ថា ជារតនវត្ថុ​ជាតិ។ រូបបដិមាទាំងនេះ ​បានឆ្លាក់ដោយ​​ឈើ​មានតម្លៃ ចម្លាក់ប្រណីតៗ​ បង្ហាញច្បាស់ទឹក​មុខ​ ទាំងមានលក្ខណៈព្រះពុទ្ធសាសនា និងមានលក្ខណៈជំនឿប្រជាប្រិយ។

រូបសំណាក​​អ្នកប្រាជ្ញាធម្ម​វាគ្មិន​​ នៅខាងឆ្វេងវិហារធំ​វត្តយូវ​​ (Dau)។

ក្រៅពីនេះ វត្តនៅរក្សាបាន​កម្រង​ "គម្ពីរឈើ​ព្រះធម៌​បុរាណ" ដែល​បាន​ទទួលស្គាល់ថា ជារតនវត្ថុ​ជាតិផងដែរ។ កម្រង​គម្ពី​រ​ឈើចន្ទមានតម្លៃនេះ មានផ្ទុកមាតិកាគម្ពីរព្រះធម៌​មានតម្លៃជាច្រើន ដែលជាប្រភពឯកសារសំខាន់ សម្រាប់ស្រាវជ្រាវអំពីវប្បធម៌ ភាសា និងប្រវត្តិព្រះពុទ្ធសាសនា​ នៅវៀតណាម។

ជាមួយនឹងតម្លៃលេចធ្លោទាក់ទងនឹងប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងសិល្បៈ វត្តយូវ​​បានជាប់​ចំណាត់ថ្នាក់ ជាបេតិកភណ្ឌជាតិពិសេស - ការទទួលស្គាល់សក្តិសម សម្រាប់វត្តបុរាណមួយ ដែលបានផ្សារ​ភ្ជាប់​ជិតស្និទ្ធជាមួយនឹងលំហូរវប្បធម៌ជន​ជាតិ អស់រយៈពេលជិត២.០០០ឆ្នាំ។

វត្ត​យូវ ​(Dau) ទាក់ទាញ​ភ្ញៀវទេសចរ​អញ្ជើញ​​មក​ទស្សនា​។​

បច្ចុប្បន្ននេះ វត្តយូវ (Dau)មិនត្រឹមតែជាទីកន្លែងធម្មយាត្រាពិសិដ្ឋ នៃពុទ្ធបរិស័ទ​​គ្រប់ទិស​ទីប៉ុណ្ណោះទេ ថែមទាំងជាអាសយដ្ឋាន​ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ​ផងដែរ។ ជាពិសេស បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងបទចម្រៀង MV របស់តារាចម្រៀង Hoa Minzy - ដែលទាក់ទាញការទស្សនាជាង១៥០លានដង នៅលើ YouTube - រូបភាពវត្តនេះកាន់តែល្បីល្បាញ និងបានផ្សព្វផ្សាយយ៉ាងខ្លាំង។ ដោយទាញយកប្រយោជន៍ពីឥទ្ធិពលនេះ វិស័យ​ទេសចរណ៍ខេត្តបាក់និញ (Bac Ninh) បានរៀបចំដំណើរកម្សាន្តផ្សងព្រេង​ ឥតគិតថ្លៃ តាមស្លាកស្នាម​ទីតាំងល្បីៗ នៅក្នុង MV ក្នុងនោះវត្តយូវ​ (Dau)គឺជាចំណតលេចធ្លោមួយ​។ គំនិតផ្តួចផ្តើមនេះ បានចូលរួមចំណែកនាំយកបេតិកភណ្ឌអាយុកាលរាប់ពាន់ឆ្នាំ ឱ្យកាន់តែខិតជិតដល់​សាធារណជន ជាពិសេស​យុវជន ទន្ទឹមនោះ​ក៏បានបញ្ជាក់អំ​ពីឋានៈ​ នៃសំណង់សាសនាមួយ នៅតំបន់ខាងជើង​ផងដែរ៕

អត្ថបទ និងរូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top