ល្បីរន្ទឺស្បែកជើងឈើ ប៊ិញញ៉ឹម (Binh Nham)

ល្បីរន្ទឺស្បែកជើងឈើ ប៊ិញញ៉ឹម (Binh Nham)

មុខរបរធ្វើស្បែកជើងឈើប្រពៃណី ប៊ិញញ៉ឹម (Binh Nham) (ទីក្រុង ធួនអាន (Thuan An) ខេត្តប៊ិញយឿង (Binh Duong)) បានបង្កើតឡើងប្រហែលជាង ១០០ ឆ្នាំមុន ធ្លាប់ល្បីល្បាញទូទាំងតំបន់អាស៊ីអាគ្នេយ៍ជាមួយស្បែកជើងឈើ។

ល្បែកជើងឈើ ប៊ិញញ៉ឹម (Binh Nham) សម្បូរបែប និងទាក់ភ្នែក។ រូបថត៖ ថុងហាយ /កាសែតរូបភាពវៀតណាម

ចាប់ពីឆ្នាំ ១៩០០ តាមដំណើររបស់អ្នកចំណាកស្រុក ស្បែកជើងឈើបានបង្ហាញខ្លួន នៅខេត្តទាំង ៦ នៃភាគខាងត្បូង។ នៅពេលនោះ មិនមែនអ្នកណាមានលទ្ធភាពស្លៀកពាក់សម្លៀកបំពាក់លោកខាងលិច និងពាក់ស្បែកជើងលោកខាងលិចនោះទេ។ ស្បែកជើងឈើបានក្លាយជា "ម៉ូដ" ដ៏ពេញនិយមសម្រាប់ទាំងបុរស និងស្ត្រី ជនចំណាស់ និងអ្នកវ័យក្មេងអាចពាក់ស្បែកជើងឈើបានគ្រប់ៗគ្នា។ សំឡេងល្បែកជើងលាន់នៅដើមច្រកជាសញ្ញាថា មានភ្ញៀវឬសាច់ញាតិត្រឡប់មកពីទីឆ្ងាយ។ ជាពិសេស មានស្ត្រីជាច្រើននាក់មានស្បែកជើងឈើពី ២ ដល់ ៣ គូ មួយគូសម្រាប់ចេញទៅក្រៅ មួយគូសម្រាប់ទៅផ្សារ... នេះក៏ជាវិធីមួយ ដើម្បីបង្ហាញពី "ភាពប្រណិត" តាមគោលគំនិតនាសម័យនោះ។ 


តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន រូបភាពស្ត្រីជនជាតិវៀតណាមពាក់ស្បែកជើងឈើជាមួយសម្លៀកបំពាក់ប្រពៃណី ឬរូបភាពបុរសចំណាស់នៅភាគខាងត្បូង ពាក់ស្បែកជើងឈើ ផ្នួងសក់ និងពាក់សម្លៀកបំពាក់បែបភាគខាងត្បូងពណ៌ខ្មៅ។ នោះហើយជាមូលហេតុដែលល្បែកជើងឈើ មានភាពស្និទ្ធស្នាលជាមួយជនជាតិវៀតណាម តាំងពីសម័យបុរាណមក មុនពេលមានស្បែកជើងស្បែក និងស្បែកជើងផ្លាស្ទិច បានផលិតចេញ។

វត្ថុធាតុដើមសម្រាប់ធ្វើល្បែកជើងឈើ គឺប្រភេទឈើស្រាលៗ ងាយស្រួលអារច្រៀក បង្កើតរូបរាងដូចជា៖ ឈើខ្នុរ ស្វាយ ដូង ឈើខ្លឹមចន្ទន៍ ស្រល់ ,..។ ដើម្បីធ្វើស្បែកជើងឈើមួយគូត្រូវឆ្លងកាត់ច្រើនដំណាក់កាល៖ ពីដើមឈើត្រូវអារច្រៀក កាត់តាមប្លង់ បន្ទាប់មកដាក់ចូលក្នុងម៉ាស៊ីន ដុសខាត់រំលីងឱ្យរលោង រួចហើយបាញ់ថ្នាំលាប ដំណាក់កាលចុងក្រោយគឺបោះបាតស្បែកជើង និងខ្សែស្បែកជើង ឬលាបពណ៌តុបតែងតាមតម្រូវការរបស់អតិថិជន។

ដើម្បីបង្កើតរូបរាងស្បែកជើងឈើមួយគូៗ ប្រជាជន ប៊ិញញ៉ឹម (Binh Nham) ត្រូវសម្ងួតជាតិទឹកក្នុងឈើ ធ្វើដូច្នេះនៅពេលដែលស្បែកជើងឈើបានផលិតរួចវាស្រាល អ្នកពាក់មិនមានអារម្មណ៍ធ្ងន់ជើង។ ឡសម្ងួតនៅក្នុងគ្រួសារនីមួយៗ នៅភូមិ ប៊ិញញ៉ឹម (Binh Nham)  បានដុតដោយឈើស្ងួត និងអាចម៍រណា។ រង់ចាំឱ្យស្បែកជើងត្រជាក់ សិប្បករនឹងដុសឲ្យរលោងនឹងបំបាត់កំទេចឈើស្រួចលើដងខ្លួន ហើយដំណាក់កាលចុងក្រោយគឺការលាបពណ៌និងបោះខ្សែស្បែកជើងជាការស្រេច។


ស្បែកជើងឈើជាច្រើនគូបានដុះខាត់យ៉ាងម៉ត់ចត់ និងល្អិតល្អន់។

តាមពេលវេលាឆ្លងទៅ យូរៗទៅ ភូមិ ប៊ិញញ៉ឹម (Binh Nham) ត្រូវបានចាត់ទុកថាជា “រដ្ឋធានី” នៃសិប្បកម្មធ្វើស្បែកជើងឈើនៅវៀតណាម ព្រោះភូមិនេះមិនត្រឹមតផ្គត់ផ្គង់ល្បែកជើងឈើឲ្យបណ្តាខេត្តភាគខាងត្បូងប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅកាន់បណ្តាប្រទេសអឺរ៉ុបទៀតផង។

យូរទៅៗ នៅពេលដែលមានម៉ាស៊ីន ដំណាក់កាលអារដងស្បែកជើង និងដុសខាត់ ត្រូវបានសិប្បករអនុវត្តផងដែរ ដើម្បីធ្វើឱ្យការផលិតកាន់តែលឿនជាង។ ខណៈពេលខ្លះ ប្រជាជនក្នុងភូមិ ប៊ិញញ៉ឹម (Binh Nham) ធ្លាប់ភ្លេចបាយភ្លេចគេង ដើម្បីធ្វើស្បែកជើងឲ្យទាន់ពេលសម្រាប់ឆ្លើយតបនឹងការបញ្ជាទិញរបស់អតិថិជន។

ស្បែកជើងឈើមានច្រើនប្រភេទដូចជា៖ ស្បែកជើងឈើសុទ្ធ ស្បែកជើងឈើលាបពណ៌ និងស្បែកជើងឈើឆ្លាក់ក្បាច់រចនា។ បន្តិចម្ដងៗ ជាមួយនឹងតម្រូវការរបស់អតិថិជន ស្បែកជើងឈើច្រើនប្រភេទកាន់តែមានភាពច្នៃ គួបផ្សំជាមួយសិប្បកម្មផ្សេងៗទៀត ដូចជាមុខរបរលាបណ៌ ការប៉ាក់ដោយដៃ និងភ្ជាប់អង្កាំ ដើម្បីធ្វើបានស្បែកជើងឈើប្រកបដោយសោភ័ណភាពខ្ពស់។

ដោយសារគុណភាព ប្រើប្រាស់បានយូរ និងការរចនាដ៏សម្បូរបែប ស្បែកជើងឈើ ប៊ិញញ៉ឹន (Binh Nham) កំពុងអះអាងកេរ្តិ៍ឈ្មោះរបស់ស្បែកជើងឈើនៅលើទីផ្សារបន្តិចម្តងៗ។ ប្រជាជនក្នុងតំបន់ក៏កែលម្អផលិតផលឥតឈប់ឈរ ដោយគួបផ្សំស្បែកជើងឈើជាមួយគំនូរម្រ័ក្សណ៍ខ្មុកប្រពៃណី បង្កើតផលិតផលរួចជាស្រេចជាមួយនឹងក្បួនរចនា និងពណ៌ដែលទាក់ទាញភ្នែក។

ស្បែកជើងឈើ ប៊ិញញ៉ឹន (Binh Nham) ទទួលការពេញនិយមពីអតិថជនជាច្រើន

ស្បែកជើងឈើនៅតែមានស្ថេរភាព និងអភិវឌ្ឍលើទីផ្សារជាច្រើន ដោយសារភាពប៉ិនប្រសប់ ភាពច្នៃប្រឌិត និងភាពស្វាហាប់របស់សិប្បករភូមិ ប៊ិញញ៉ឹម  (Binh Nham)./.

អត្ថបទ និងរូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង


Top