លោកស្រី Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំនៅប្រទេសវៀតណាម៖ “វិនិយោគចំពោះ សុខភាព គឺជាការវិនិយោគសម្រាប់អនាគត”

លោកស្រី Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំនៅប្រទេសវៀតណាម៖ “វិនិយោគចំពោះ សុខភាព គឺជាការវិនិយោគសម្រាប់អនាគត”

យោងតាមលោកស្រីបណ្ឌិត Angela Pratt ប្រធាន​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ WHO​ ប្រចាំនៅប្រទេស​វៀតណាម ប្រព័ន្ធ​សុខាភិបាលមួយ ​ដែល​យក​ប្រជាជន​ជា​ស្នូល​ មិនត្រឹមតែជួយ​លើកកម្ពស់គុណភាពជីវិត​ប៉ុណ្ណោះទេ ថែម​ទាំង​បង្កើត​មូលដ្ឋាន​គ្រឹះ សម្រាប់ការអភិវឌ្ឍចីរភាពរបស់ប្រទេស​ជាតិ​ទៀតផង។ អង្គការ WHO នឹងបន្តរួមដំណើរ​ ជាមួយប្រទេសវៀត​ណាម ក្នុង​ដំណើរ​ការ​តថូបនីយកម្ម​​​គោលដៅ​គ្របដណ្តប់ថែទាំ​​សុខភាព​​ទូទាំងប្រជាជន។
លោកស្រី Angela Pratt ប្រធាន​តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំ​នៅ​ប្រទេស​វៀត​ណាម​។ រូបថត៖ កុងដាត / VNP

ចាប់​តាំងពីបាន​ទទួល​តំណែងជាប្រធាន​តំណាង​អង្គការ WHO ប្រចាំ​នៅ​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០២២​មក លោកស្រី បណ្ឌិត Angela Pratt មាន​ឱកាស បំពេញ​ការងារជាច្រើន​ ជាមួយអ្នកឡើង​ផែនការ​​គោលនយោបាយ កងជួរ​បុគ្គលិក​ពេទ្យ និង​សហគមន៍ ​នៅតាមមូលដ្ឋាន​ជាច្រើន។ ​តាមរយៈ​ដំណើរទស្សនកិច្ច​ផ្ទាល់ លោកស្រី​បាន​មើល​ឃើញ​ កម្លាំង​នៃ​ប្រព័ន្ធសុខាភិបាល​វៀត​ណាម កកើត​ចេញ​ពី​ការ​លះបង់ របស់​ក្រុម​ពេទ្យនៅថ្នាក់មូលដ្ឋាន និង​ការប្តេជ្ញាចិត្ត​កែទម្រង់ របស់ថ្នាក់​ដឹកនាំ។

អនុស្សាវរីយ៍មួយក្នុងចំណោមអនុស្សាវរីយ៍ ដែលធ្វើឱ្យលោកស្រីរំជួលចិត្តបំផុត នោះគឺ ដំណើរ​ទស្សនកិច្ចនៅមណ្ឌលសុខភាព​ឃុំមួយ នៅតំបន់ខ្ពង់រាប តីង្វៀន​ (Tay Nguyen) ក្នុង​ខែឧសភា ឆ្នាំ​២០២៣។ លោកស្រីបណ្ឌិត Angela Pratt បាន​ចែក​រំលែក​ថា៖​ "ខ្ញុំមាន​ឱកាសជជែក​ជាមួយ​វេជ្ជបណ្ឌិត និង​លានុបដ្ឋាយិកា នៅមូលដ្ឋាន ពិត​ជា​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ស្មារតី​លះបង់ ក្នុង​ការ​បម្រើ​សហគមន៍ របស់​ក្រុម​គ្រូពេទ្យនៅតាម​ភូមិឃុំ​។
 

ពួកគាត់​បានផ្លាស់ប្តូរវេនគ្នា ដេកយាម​នៅ​មណ្ឌល​សុខភាព​ឃុំ ដើម្បី​ធានា​មានអ្នកប្រចាំការ​ជានិច្ច សូម្បីតែក្រៅ​ម៉ោងធ្វើការ​ក៏ដោយ បង្ការ​ក្រែង​មាន​ប្រជាជនត្រូវការជំនួយសង្គ្រោះបន្ទាន់​ផ្នែកវេជ្ជសាស្ត្រ។ ទឹកមុខ​​បុគ្គលិក​ពេទ្យថ្នាក់ឃុំ ដែលខ្ញុំបាន​ជួបនៅថ្ងៃ​នោះ បាន​បន្សល់​ទុក​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅចំពោះ​រូបខ្ញុំ"។​ យោងតាម​លោកស្រី បុគ្គលស្ងៀមស្ងាត់ទាំងនេះ បាន​បង្កើត​មូលដ្ឋាន​គ្រឹះ នៃប្រព័ន្ធថែទាំ​សុខភាព​បឋម ជួយ​ឱ្យប្រជាជនទទួល​បាន​សេវា​សុខាភិបាល​ភ្លាមៗ នៅក្នុង​សហគមន៍។

ចំណុចលេចធ្លោមួយទៀត ដែលលោកស្រីប្រធាន​តំណាងអង្គការ WHO តែងតែចង​ចាំ គឺ​សម័យ​ប្រជុំពិភាក្សារបស់​រដ្ឋសភាវៀតណាម ស្តីពី​ការហាម​ជក់​បារីអេឡិចត្រូនិក និង​បារីដុត​កម្ដៅ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤​។ នោះគឺជាកាលៈ​ទេសៈ​ ដែលបង្ហាញ​ពីភាពក្លាហាន ការប្តេជ្ញា​ចិត្ត និង​ភាព​ច្បាស់​លាស់ ក្នុង​គោលដៅ​ការពារសុខភាព​សហគមន៍"។ យោងតាម​លោកស្រី បណ្ឌិត Angela Pratt បទពិសោធន៍​​ទាំង​នោះ ជួយ​ឱ្យ​លោក​ស្រីកាន់​តែ​មាន​ទំនុក​ចិត្តលើ​អនាគត នៃវិស័យ​សុខាភិបាល​វៀតណាម ពីព្រោះ​ប្រទេសនេះ មាន​ទាំង​ក្រុម​គ្រូពេទ្យ ដែល​យក​ចិត្ត​ទុក​ដាក់ និងថ្នាក់ដឹកនាំ ដែលមាន​ភាពម៉ឺង​ម៉ាត់។

សេចក្តី​សម្រេចចិត្តលេខ 72-NQ/TW ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០២៥ នៃ​ការិយាល័យ​នយោបាយ ស្តីពី​ដំណោះស្រាយរបកគំហើញ​មួយ​ចំនួន ដើម្បី​ពង្រឹង​ការ​ការ​ពារ ថែទាំ និងលើកកម្ពស់​សុខភាព​ប្រជាជន កំណត់​វិធីសាស្រ្ត​របក​គំហើញ​នានា​ ដើម្បី​កសាង​ប្រព័ន្ធសុខាភិបាល​ទំនើប ដោយ​យកប្រជាជន​ជាស្នូល លើក​កម្ពស់​គុណភាព ថែទាំសុខភាព និង​អនុវត្តគោលដៅគ្រប​ដណ្តប់​ថែទាំ​សុខភាពទូទាំង​ប្រជាជន។

លោកស្រីបណ្ឌិត Angela Pratt នៅទីស្នាក់ការនៃអង្គការ WHO ប្រចាំប្រទេសវៀតណាម។  រូបថត៖ កុង​ដាត / VNP

វាយ​តម្លៃលើទិសដៅអភិវឌ្ឍន៍ នៃវិស័យសុខាភិបាល លោកស្រី​បានយល់ឃើញ​ថា សេចក្តី​សម្រេចចិត្ត​លេខ ៧២ នៃការិយាល័យ​នយោបាយ បាន​ដាក់​ចេញ​​ចក្ខុវិស័យ​ច្បាស់​លាស់​ ក្នុងការ​កសាង​ប្រព័ន្ធ​សុខាភិបាល​ឆ្ពោះ​ទៅ​រក​ការ​គ្រប​ដណ្តប់​ថែទាំ​សុខភាព​ទូទាំង​ប្រជា​ជន​  ធានា​ប្រជាជន​គ្រប់រូប អាច​ទទួល​បាន​សេវា​កម្មថែទាំ​សុខភាព​បាន​គ្រប់ជ្រុង​ជ្រោយ ជាមួយនឹង​តម្លៃសមរម្យ ដែលពួកគាត់​អាចបង់​បាន។

លោកស្រី​បានកត់សម្គាល់​ពីការផ្លាស់ប្តូរជាវិជ្ជមានរបស់វៀត​ណាម ក្នុង​ការ​ប្តូរ​ពី​ការ​ព្យាបាល ទៅ​ជាម្ចាស់​ការ​ការពារ និង​ទប់​ស្កាត់​ជំងឺ ព្រមទាំង​ពង្រឹង​សមត្ថភាព សម្រាប់​បណ្តាញ​សុខាភិបាល​ថ្នាក់មូលដ្ឋាន​។ យោងតាម អង្គការ WHO ប្រព័ន្ធ​ថែទាំ​សុខភាព​បឋម ដែល​ដំណើរការ​មាន​ប្រសិទ្ធភាព អាច​ឆ្លើយតបបាន​ដល់​ទៅ ៩០% នៃតម្រូវកា​រថែទាំ​សុខភាព​របស់​ប្រជាជន រួមចំណែក​អនុវត្ត​គោល​ដៅ​គ្រប​ដណ្តប់​សុខភាពទូទាំង​ប្រជាជន​ ជាមួយ​នឹងតម្លៃ​សមរម្យ។
លោកស្រី Angela Pratt ប្រធាន​តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំ​នៅ​ប្រទេស​វៀត​ណាម​។ រូបថត៖ កុង​ដាត / VNP

ដើម្បីជួយគាំទ្រដំណើរការកែទម្រង់វិស័យសុខាភិបាលរបស់ប្រទេសវៀតណាម អង្គការ WHO កំពុងសហការជាមួយក្រសួងសុខាភិបាល ដើម្បីអនុវត្តវិស័យអាទិភាពជាច្រើន ដូចជាកែទម្រង់ហិរញ្ញប្បទានសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ថ្នាក់មូលដ្ឋាន ជំរុញបរិវត្តកម្មឌីជីថល ពង្រឹងការគ្រប់គ្រងឱសថ វ៉ាក់សាំង សម្ភារៈបរិក្ខារ និងឧបករណ៍វេជ្ជសាស្ត្រ ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍផលិតកម្មផលិតផលវេជ្ជសាស្ត្រក្នុងស្រុក។

 

លោកស្រី​ បណ្ឌិត Angela Pratt សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងដំណើរការងារនៅខេត្តដាក់ឡាក់។ រូបថត៖ ឯកសារ
លោកស្រី​ បណ្ឌិត Angela Pratt អញ្ជើញទៅទស្សនាមណ្ឌលសុខភាពមួយ នៅខេត្តឡាវកាយ។ រូបថត៖ ឯកសារ

ទន្ទឹមនឹងនោះ ប្រទេសវៀតណាម ក៏សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន ក្នុងការធ្វើបរិវត្តកម្ម ឌីជីថលលើវិស័យសុខាភិបាល ជាពិសេសគឺការអភិវឌ្ឍកំណត់ត្រាសុខភាពផ្ទាល់ខ្លួនតាមប្រព័ន្ធអេឡិចត្រូនិក រួមចំណែកកសាងគំរូគ្រប់គ្រងសុខភាព ដោយយកប្រជាជនជាស្នូល។ ជាមួយនឹងនោះ អត្រានៃការគ្របដណ្តប់ធានារ៉ាប់រងសុខភាព សម្រេចបានប្រមាណ ៩៥% នៃចំនួនប្រជាជន បង្កើតបានជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព។

នៅពេលខាងមុខនេះ អង្គការ WHO នឹងបន្តរួមដំណើរជាមួយប្រទេសវៀតណាម ពង្រាយអនុវត្តកម្មវិធីគោលដៅជាតិ ពង្រឹងការថែទាំសុខភាពបឋម ការថែទាំសុខភាពមនុស្សចាស់ កសាងប្រព័ន្ធសុខាភិបាលបញ្ចេញកាបូនទាប និងផ្តល់អនុសាសន៍គោលនយោបាយផ្អែកលើភស្តុតាង ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

លោកស្រី បណ្ឌិត Angela Pratt បានមានប្រសាសន៍ថា៖ "ការវិនិយោគចំពោះសុខភាព មិនមែនគ្រាន់តែជាការវិនិយោគសម្រាប់ប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ តែវាក៏ជាការវិនិយោគ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លទ្ធផលការងារ និងអនាគត របស់ប្រទេសជាតិនីមួយៗផងដែរ។ ជាមួយនឹងមូលដ្ឋានគ្រឹះ បានកសាងឡើង រួមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសវៀតណាម និងអង្គការ WHO ខ្ញុំជឿជាក់ថា គោលដៅគ្របដណ្តប់ការថែទាំសុខភាពទូទាំងប្រជាជន នឹងបានក្លាយជាការពិតក្នុងពេលឆាប់ៗនេះ"។ សារនោះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែង របស់អង្គការ WHO ក្នុងការរួមដំណើរជាមួយប្រទេស វៀតណាម ដើម្បីកសាងប្រព័ន្ធសុខាភិបាលមួយ ប្រកបដោយសមធម៌ ប្រសិទ្ធភាព និងយកប្រជាជនជាស្នូល ដើម្បីអនាគតរឹងមាំ និងអភិវឌ្ឍចីរភាព៕


  • អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ កុង​ដាត / VNP

Top