លោក ហូ ក្វាងគួ (Ho Quang Cua) - អ្នកបញ្ជូនគ្រាប់អង្ករវៀតណាម ចេញទៅកាន់ពិភពលោក
ពីវាលស្រែជ្រាបទឹកប្រៃ នៅតំបន់វាលទំនាបទន្លេគឺវឡុង វិស្វករ ហូ ក្វាងគួ បានចំណាយពេលជាងបួនទសវត្សរ៍ ខិតខំប្រឹងប្រែងបង្កាត់ពូជស្រូវ ដែលមានគុណភាពខ្ពស់។ លទ្ធផលគឺ ST25 ដែលជាប្រភេទអង្ករធ្លាប់ទទួលបានពានរង្វាន់ “ឆ្ងាញ់បំផុតនៅលើពិភពលោក” បានក្លាយជានិមិត្តរូបនៃទិសដៅថ្មីរបស់កសិកម្មវៀតណាម៖ លើកកម្ពស់តម្លៃតាមរយៈគុណភាព ផ្លាស់ប្តូរថ្មីដោយវិទ្យាសាស្ត្រអនុវត្ត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ពីវាលស្រែជ្រាបទឹកប្រៃ ឆ្ពោះទៅកាន់ពាណិជ្ជសញ្ញាអង្ករនៅលើសកលលោក
ខណៈពេលដែលកន្លែងជាច្រើន នៅតែផ្តល់អាទិភាពលើការបង្កើនទិន្នផល វិស្វករ លោក ហូ ក្វាងគួ និងសហការី បានព្យាយាមយ៉ាងប្តូរផ្តាច់ ដេញតាមគោលដៅលើកកម្ពស់តម្លៃគ្រាប់អង្ករ។ ខ្សែស្រឡាយពូជស្រូវ ដែលមាននិមិត្តសញ្ញា ST (Soc Trang - សុកត្រាំង) បានចាប់កំណើតជាបន្តបន្ទាប់ បន្ទាប់ពីការបង្កាត់ពូជរបស់ក្រុមជំនាញរាប់រយក្រុម តាមរយៈការសម្រាំង និងកែលម្អ ជាច្រើនរដូវកាល។ បន្ទាប់ការស្រាវជ្រាវអស់រយៈពេលជាងពីរទសវត្សរ៍ ខ្សែស្រឡាយពូជស្រូវ ST25 បានក្លាយជាសមិទ្ធផលដ៏លេចធ្លោបំផុត៖ គ្រាប់វែង ពណ៌ស ទន់ស្អិត មានក្លិនក្រអូបធម្មជាតិ និងសមស្របសម្រាប់តំបន់ដីជ្រាបទឹកប្រៃ។
នៅឆ្នាំ២០១៩ ST25 ទទួលបានការផ្តល់កិត្តិយសជា “អង្ករឆ្ងាញ់បំផុតនៅលើពិភពលោក” ដែលជាចំណុចរបត់ដ៏សំខាន់ នៃវិស័យស្រូវអង្ករវៀតណាម។ ជោគជ័យនោះ បានបញ្ជាក់ពីគំនិតបែបថ្មីមួយ៖ ជំនួសឱ្យការដេញតាមបរិមាណ វៀតណាមអាចដណ្តើមយកទីផ្សារអន្តរជាតិបាន តាមរយៈគុណភាព និងអត្តសញ្ញាណផ្ទាល់ខ្លួន។
ចំណុចលេចធ្លោក្នុងរបៀបធ្វើការរបស់វិស្វករ ហូ ក្វាងគួ គឺផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងការអនុវត្តជាក់ស្តែងនៅលើវាលស្រែ។ លោកបានតាមដានដោយផ្ទាល់នូវរាល់ដំណាក់កាល នៃការលូតលាស់របស់ដើមស្រូវ និងតែងតែពិភាក្សាជាមួយកសិករ ដើម្បីកែសម្រួលបច្ចេកទេសដាំដុះ។ សម្រាប់លោក ជោគជ័យនៃពូជស្រូវមួយយ៉ាងពេញលេញ លុះត្រាតែកសិករទទួលបានផលប្រយោជន៍ពីវា។
បណ្តុះទំនុកចិត្ត សម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព
នៅដើមឆ្នាំ២០២៤ ទម្រង់ផលិតកម្មស្រូវសុវត្ថិភាព ដែលបង្កើតឡើងដោយវិស្វករ លោក ហូ ក្វាងគួ បានរីកចម្រើនយ៉ាងឆាប់រហ័ស។ ពីផ្ទៃដីវាលស្រែដំបូងត្រឹម ៥០០ហិកតា នៅតំបន់ ង៉ាណាំ (Nga Nam) បច្ចុប្បន្នតំបន់វត្ថុធាតុដើម បានពង្រីកដល់ប្រហែល ៣.០០០ ហិកតា នៅតាមមូលដ្ឋានជាច្រើន ដោយមានគ្រួសារកសិករជិត ២.០០០គ្រួសារចូលរួម។ ជារៀងរាល់ឆ្នាំ តំបន់នេះបានផ្គត់ផ្គង់ស្រូវសុវត្ថិភាពប្រហែល ១៨.០០០តោន ទៅកាន់ទីផ្សារ។
ជាង៤០ឆ្នាំ ផ្សារភ្ជាប់ជីវិតជាមួយវាលស្រែ វិស្វករ លោក ហូ ក្វាងគួ បានចាត់ទុកជាអ្នកលេចធ្លោមួយរូប ក្នុងចំណោមអ្នកលេចធ្លោនៃវិស័យកសិកម្មវៀតណាមនាសម័យទំនើប។ លោកមិនបានជ្រើសរើសផ្លូវស្រាវជ្រាវបិទជិតនៅក្នុងបន្ទប់ពិសោធន៍នោះទេ ប៉ុន្តែលោកបានចំណាយពេលជាច្រើននៃជីវិតរបស់លោក នៅលើវាលស្រែតំបន់ភាគនិរតីស្ងាត់ស្ងៀមបង្កាត់ពូជថ្មី និងស្វែងរកចម្លើយសម្រាប់បញ្ហាប្រឈមនានា នៃការផលិតស្រូវអង្ករ។
យោងតាមការផលិតជាក់ស្តែង ទិន្នផលស្រូវ ST25 មានស្ថិរភាពក្នុងកម្រិតប្រហែល ៦ តោនក្នុងមួយហិកតា តម្លៃលក់ខ្ពស់ជាងពី ២.០០០ ដល់ ៣.០០០ដុងក្នុងមួយគីឡូក្រាម បើធៀបនឹងស្រូវធម្មតា។ ប្រការដែលសំខាន់ជាងនេះ ទម្រង់រូបភាពបានជួយកាត់បន្ថយថ្លៃដើមផលិតកម្ម កែលម្អគុណភាពដី និងកាត់បន្ថយការប្រើប្រាស់សារធាតុគីមី។
វិស្វករ លោក ហូ ក្វាងគួ បានសង្កត់ធ្ងន់ថា៖ “បម្លាស់ប្ដូរវប្បកម្មមិនអាចអនុវត្តតាមបែបងាប់ក្រឡាបានទេ។ ខ្ញុំជ្រើសរើសវិធីសាស្ត្រ ដែលអាចបត់បែនបាន បង្កើតទំនុកចិត្តជាមួយកសិករ តាមរយៈការចុះសួរសុខទុក្ខនៅវាលស្រែ ពិភាក្សាដោយផ្ទាល់ និងដំណើរការផ្ទេរបច្ចេកទេសជាជំហាននីមួយៗ”។
បន្ទាប់ពីទទួលបានជោគជ័យអន្តរជាតិ ST25 ក៏បានឈានចូលដំណាក់កាលថ្មីមួយ ដែលមានការប្រកួតប្រជែង ក្នុងការកសាង ការពារ និងពង្រឹងជំហរពាណិជ្ជសញ្ញានៅលើទីផ្សារ។ ដើម្បីការពារកេរ្តិ៍ឈ្មោះ លោកបានបង្កើតពាណិជ្ជសញ្ញា “អង្ករលោកគួ ST25” ដែលបានការពារសិទ្ធិ នៅទីផ្សារអន្តរជាតិជាច្រើន។ សម្រាប់លោក គុណភាពដែលមានស្ថិរភាព គឺជាវិធីដ៏ល្អបំផុត ដើម្បីរក្សាទំនុកចិត្តនៃអ្នកប្រើប្រាស់។
នៅវ័យជាង៧០ឆ្នាំ វិស្វករ លោក ហូ ក្វាងគួ នៅតែមានវត្តមាននៅលើវាលស្រែជាប្រចាំ។ ដំណើររបស់លោក ជាភស្តុតាងនៃថាមពលវិទ្យាសាស្ត្រអនុវត្ត និងការស៊ូទ្រាំរបស់មនុស្សម្នាក់ ដែលបានលះបង់មួយជីវិត សម្រាប់គ្រាប់អង្ករវៀតណាម ដើម្បីឱ្យរសជាតិវៀតណាម បន្តឈានទៅមុខកាន់តែឆ្ងាយ នៅលើផែនទីកសិកម្មពិភពលោក ដែលចេញពីវាលស្រែភាគនិរតី នៃភូមិភាគខាងត្បូងវៀតណាម៕
អត្ថបទ៖ ឡេមិញ - រូបថត៖ ឡេមិញ/VNPនិង ឯកសារ
ប្រែសម្រួល៖ រីកើង













