លោក Hiroaki និងការស្តារនីតិសម្បទាអ្នកជំងឺនៅខេត្ត ក្វាងទ្រី (Quang Tri)
ជាអ្នកបច្ចេកទេសខាងស្តារនីតិសម្បទា លោក Kawamura Hiroaki បានស្ម័គ្រចិត្តមកនិងធ្វើការនៅមន្ទីរពេទ្យពហុព្យាបាលក្វាងទ្រី (Quang Tri)។ ជំនះឧបសគ្គភាសា ជីវភាពរស់នៅ ជំងឺរាតត្បាត លោកចង់ជួយអ្នកជំងឺជាច្រើននាក់ និងចែករំលែកបទពិសោធជាច្រើនដល់គ្រូពេទ្យវៀតណាម។
ក្នុងបន្ទប់ដេកសម្រាកនៅផ្នែកស្តារនីតិសម្បទានៃមន្ទីរពេទ្យពហុព្យាបាលខេត្ត ក្វាងទ្រី(Quang Tri) អ្នកស្ម័គ្រចិត្ត Kawamura Hiroaki បានជួយអ្នកជំងឺ ផាមធីង៉ា (Pham Thi Nga) យកអាវធំ ដើម្បីត្រៀមខ្លួនសម្រាប់ការហាត់ដើរ។ កំពុងធ្វើការផង កំពុងនិយាយផង លោក Hiro លុតជង្គង់មួយជើង ដើម្បីជួយលោកស្រី ង៉ា (Nga) ពាក់អាវរបស់គាត់ បន្ទាប់មកយកដំបងដើរឲ្យលោកស្រី ង៉ា (Nga)។ គាត់ធ្វើអ្វីៗទាំងអស់ដោយភាពសប្បាយរីករាយ ស្ទាត់ អ្នកនៅក្រៅប្រហែលគិតថា ពួកគេជាម្តាយនិងកូនប្រុស។ ប៉ុន្តែ លោក Hiro - ក៏ដូចជារបៀបដែលបុគ្គលិកពេទ្យ និងអ្នកជំងឺទាំងអស់នៅទីនេះហៅគាត់ - គឺជាអ្នកស្ម័គ្រចិត្តមកពីប្រទេសជប៉ុនដែលបានចាត់ពីកម្មវិធី JICA ។
“ខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ និងអ្នកជំងឺនៅទីនេះ។ ពេលជួបគេ ខ្ញុំមានភាពសប្បាយចិត្តណាស់ មនុស្សគ្រប់គ្នាញញឹមដែលធ្វើឱ្យខ្ញុំរំភើបចិត្តពេលមកធ្វើការ។ ការគាំទ្រពីថ្នាក់ដឹកនាំនិងសហការីរបស់ខ្ញុំ ពីមនុស្សគ្រប់គ្នា…ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំឱ្យបានច្រើន»។
អ្នកស្ម័គ្រចិត្ត Kawamura Hiroaki បានចែករំលែក
លោក Hiro បានជួយលោកស្រី ង៉ា (Nga) ទៅកន្លែងហាត់ដើរ។ លោកស្រីរូបនេះមាន អាយុ ៧០ ឆ្នាំ មកពីខេត្ត ថាញហ័រ (Thanh Hoa) ប៉ុន្តែ សព្វថ្ងៃនេះគាត់រស់នៅក្នុង ខេត្ត ក្វាងទ្រី (Quang Tri) និងបានដាច់សរសៃឈាមខួរក្បាលចំនួន ២ ដងហើយ លើកទី ២ គឺនៅក្នុងខែឧសភា ២០២១ ។ ក្នុងឆ្នាំ២០២៣នេះ លោកស្រី ង៉ា (Nga) បានទទួលការព្យាបាល និងស្តារនីតិសម្បទាចំនួន ៣ ដង នៅមន្ទីរពេទ្យ ក្វាងទ្រី ( Quang Tri) ជាមួយអ្នកស្ម័គ្រចិត្ត Hiro អាយុ ៣៤ ឆ្នាំមកពីទីក្រុង Sapporo ខេត្ត Hokkaido ប្រទេសជប៉ុន។
ម៉ាស្សាដៃនិងបាតដៃឱ្យលោកស្រី ង៉ា (Nga) បន្ទាប់មក លោក Hiro ណែនាំគាត់ឱ្យធ្វើចលនាដៃជាច្រើនរបៀប។ លោក Hiro បាននិយាយជាភាសាវៀតណាមថា "មីងត្រូវសម្រួលសាច់ដុំ" ទោះបីជាគាត់និយាយមិនសូវច្បាស់ក៏ដោយ។ ចំពោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដែលមកទីនេះដើម្បីហាត់និងស្តារនីតិសម្បទាដែលក្លាយទៅជាដូចកូនក្មេង ពួកគេត្រូវហាត់និយាយម្តងទៀតឬហាត់ចលនាយ៉ាងសាមញ្ញបំផុត សម្រាប់អវយវៈ។ “វិធីដែលលោក Hiro តែងតែព្យាបាលគឺការម៉ាស្សាជីពចរ ការហាត់ដើរសម្រាប់ម្តាយរបស់ខ្ញុំ ដែលបានជួយគាត់ឱ្យប្រសើរឡើងបន្ថែមទៀត។ គ្រួសារខ្ញុំចាត់ទុកលោក Hiro ដូចជាសមាជិកម្នាក់ក្នុងគ្រួសារខ្ញុំ»។ កូនស្រីរបស់លោកស្រី ង៉ា (Nga) បានចែករំលែក
បន្ទាប់ពីហាត់ឱ្យលោកស្រី ង៉ា (Nga) លោក Hiro បានណែនាំអ្នកជំងឺផ្សេងអំពីរបៀបជិះកង់។ ជើងរបស់អ្នកជំងឺបានរអិលចេញពីឈ្នាន់ ហើយគាត់ហាក់ដូចជាអស់សង្ឃឹមជាមួយនឹងជើងដែលខ្វិននោះ លោក Hiro បានលើកជើងនាង ដើម្បីដាក់លើឈ្នាន់វិញ។ ជាមួយអ្នកជំងឺគ្រប់រូប លោកHiro មានការយកចិត្តទុកដាក់និងកំប្លែង។ លោក Hiro គឺជាអ្នកស្ម័គ្រចិត្តដំបូងបង្អស់នៃកម្មវិធី JICA ដែលមកប្រទេសវៀតណាម បន្ទាប់ពីកម្មវិធីអ្នកស្ម័គ្រចិត្តត្រូវបានផ្អាកក្នុងរយៈពេលជិតមួយឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត Covid- ១៩ ។
លោក Hiro បាននិយាយថា “នេះជាលើកដំបូង ដែលខ្ញុំរស់នៅ និងធ្វើការបរទេស ប៉ុន្តែភាពរួសរាយរាក់ទាក់របស់ប្រជាជនក្នុងប្រទេសវៀតណាម ក៏ដូចជាការគាំទ្រក្នុងការងារពីសហការីវៀតណាមរបស់ខ្ញុំ ធ្វើអោយខ្ញុំមានអារម្មណ៍លើកទឹកចិត្តខ្លាំងណាស់ និងពិតជារីករាយណាស់”។ បន្ទាប់ពីរយៈពេល ១១ ឆ្នាំដែលធ្វើការក្នុងផ្នែកស្តារនីតិសម្បទានៅប្រទេសជប៉ុន ពេលមកដល់មន្ទីរពេទ្យក្វាងទ្រី (Quang Tri) លោក Hiro មិនត្រឹមតែបានពិនិត្យ និងស្តារីតិសម្បទាសម្រាប់អ្នកជំងឺ នៅផ្នែកស្តារនីតិសម្បទា ឬនៅផ្នែកស្តារកម្លាំងឡើងវិញ នៅនឹងកន្លែងសម្រាប់អ្នកជំងឺធ្ងន់ធ្ងរនោះទេ លោក Hiro ក៏បានចែករំលែកជាមួយសហការីវៀតណាមនូវបទពិសោធន៍ជាច្រើនពីប្រទេសជប៉ុនដូចជា បច្ចេកទេសស្តារនីតិសម្បទាសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាលបន្ទាន់ សារៈសំខាន់នៃការចលនាយ៉ាងឆាប់រហ័ស របៀបអនុវត្តដែលប្រព័ន្ធធានារ៉ាប់រងសុខាភិបាលជប៉ុន។
លោកគ្រូពេទ្យ ផានស្វឹនណាម (Phan Xuan Nam) - នាយករងនៃមន្ទីរពេទ្យ ក្វាងទ្រី (Quang Tri) បានកត់សម្គាល់ថា លោក Hiro បាននាំយកចំណេះដឹងរបស់គាត់ពីសុខាភិបាលទំនើបរបស់ប្រទេសជប៉ុន ការចែករំលែកនូវបទដ្ឋានថែទាំ និងចំណេះដឹងពិសេសសម្រាប់អ្នកជំងឺឱ្យជាសះស្បើយឡើងវិញឱ្យបានឆាប់ ដែលគាត់អាចធ្វើទៅបាន។ លោកបន្តថា នេះជាលើកទី ២ ហើយដែលមន្ទីរពេទ្យស្វាគមន៍អ្នកស្ម័គ្រចិត្ត មកពីកម្មវិធី JICA។ “អ្នកជំងឺចូលចិត្តណាស់ នៅពេលអ្នកស្ម័គ្រចិត្តមក ហើយទន្ទឹងរង់ចាំថា ពួកគេនឹងហាត់និងស្តារនិតិសម្បទាដោយអ្នកស្ម័គ្រចិត្ត។ អាស្រ័យហេតុនេះ គ្រូពេទ្យ និងអ្នកបច្ចេកទេសវៀតណាមក៏បានរៀនសូត្របទពិសោធន៍ជាច្រើនផងដែរ។ "- លោកគ្រូពេទ្យ ណាម (Nam) បាននិយាយ។
កម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្តរបស់ JICA ត្រូវបានចាប់ផ្តើម នៅប្រទេសវៀតណាមក្នុងឆ្នាំ ១៩៩៥។ រហូតមកដល់បច្ចុប្បន្ន អ្នកស្ម័គ្រចិត្តជប៉ុនជាង ៧០០ នាក់បានមកប្រទេសវៀតណាម រួមទាំងអ្នកស្ម័គ្រចិត្តវ័យក្មេង និងអ្នកស្ម័គ្រចិត្តជាន់ខ្ពស់ផងដែរ។ ពួកគេធ្វើការនៅក្នុងខេត្ត និងទីក្រុងរាប់សិបកន្លែង រួមទាំងតំបន់ដាច់ស្រយាល ក្នុងវិស័យជាច្រើន ដូចជា៖ ការបង្រៀនភាសាជប៉ុន ការថែទាំសុខភាព កីឡា វប្បធម៌ និងការអប់រំ ទេសចរណ៍ ការអភិវឌ្ឍក្នុងតំបន់ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការគាំទ្រឧស្សាហកម្ម គាំទ្រអភិបាលសហគ្រាស.... រួមចំណែកអភិវឌ្ឍមនុស្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម។
ការយកចិត្តទុកដាក់ និងការព្យាយាមរបស់លោក Hiro បានធ្វើឲ្យអ្នកជំងឺចូលចិត្តគាត់យ៉ាងខ្លាំង។ សាច់ញាតិម្នាក់របស់អ្នកជំងឺមួយរូបដែលបានឆ្លងកាត់វគ្គព្យាបាលចំនួន ៣ ដងជាមួយ លោក Hiro បានសារភាពថា៖ ក្រៅពីកាលវិភាគហាត់និងស្តារនីតិសម្បទា លោក Hiro ក៏បាននិយាយសំណេះសំណាលជាមួយអ្នកជំងឺ ក្រៅម៉ោងធ្វើការផងដែរ សង្កេតមើលពីរបៀបដែលអ្នកជំងឺហាត់ ក្នុងបន្ទប់ស្តារនីតិសម្បទា ឬមកដល់គ្រែរបស់អ្នកជំងឺ ដើម្បីផ្លាស់ប្តូរ ណែនាំពួកគេអំពីវិធីហាត់និងនីតិសម្បទា។ អ្នកមានជំងឺសរសៃប្រសាទមួយចំនួន ដែលប្រតិកម្មមិនអាចគ្រប់គ្រងបាន ប៉ុន្តែ លោក Hiro នៅតែបន្តព្យាយាមជាមួយពួកគេ។
ផ្ទុយទៅវិញ លោក Hiro ក៏បានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងពីមនុស្សគ្រប់គ្នាចំពោះគាត់។ “ខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ និងអ្នកជំងឺនៅទីនេះ។ គ្រប់គ្នាញញឹម ពេលជួបខ្ញុំ ហើយធ្វើឱ្យខ្ញុំរំភើបចិត្ត នៅពេលមកធ្វើការ។ ខ្ញុំក៏ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ ដល់សហការី ពីមនុស្សគ្រន់គ្នាក្នុង និងក្រៅមន្ទីរពេទ្យ ដូច្នេះខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំឱ្យបានច្រើន ដែលខ្ញុំអាចធ្វើបានសម្រាប់ការងារនៅទីនេះ»។
លោក Hiroយល់ឃើញថា មិនដូចនៅប្រទេសជប៉ុនទេ ក្រុមគ្រួសារបានចូលរួមយ៉ាងសកម្មក្នុងការស្តារនីតិសម្បទារបស់អ្នកជំងឺ ដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះជីវិតអ្នកជំងឺ បន្ទាប់ពីចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសជប៉ុន អ្នកជំងឺត្រូវបានការធានារ៉ាប់រងទូទាត់ប្រាក់ចំណាយក្នុងរយៈពេលច្រើនថ្ងៃជាងនៅប្រទេសវៀតណាម។ អាស្រ័យហេតុនេះ លោក Hiro បានផ្តល់យោបល់ថា អ្នកបច្ចេកទេសកាយសម្បទាអាចណែនាំគ្រួសារឱ្យផ្លាស់ប្តូររបៀបហាត់ដោយខ្លួនឯង របៀបថែទាំនៅពេលអ្នកជំងឺមានការផ្លាស់ប្តូរ ចាប់ពីនោះប្រព័ន្ធសុខាភិបាលវៀតណាមទទួលបានលទ្ធផលល្អប្រសើរ។
មិនត្រឹមតែសម្របខ្លួនក្នុងការងារនៅប្រទេសវៀតណាមយ៉ាងឆាប់រហ័សនោះទេ លោក Hiro ក៏ចូលចិត្តជីវិតនៅទីនេះដែរ។ មុនពេលមកវៀតណាម គាត់បានរៀនភាសាវៀតណាមនៅជប៉ុនក្នុងរយៈពេលប្រហែលមួយខែ។ គាត់ក៏បានភ្លក់ម្ហូបវៀតណាមនៅប្រទេសជប៉ុន ដើម្បីត្រៀមខ្លួនរួចជាសម្រេច។ លោកបានមានប្រសាសន៍ថា “ភាសាវៀតណាមពិបាក ប៉ុន្តែខ្ញុំនៅតែព្យាយាមរៀន និងនិយាយភាសាវៀតណាមជាមួយមិត្តរួមការងារ និងអ្នកជំងឺ”។ "វាមិនពិបាកទេសម្រាប់ខ្ញុំក្នុងការសម្របខ្លួនក្នុងជីវភាពរស់នៅ នៅវៀតណាម នៅពេលដែលមិត្តរួមការងារ មិត្តភក្តិ និងអ្នកជិតខាងមានភាពរួសរាយរាក់ទាក់"។
លោក Hiro មិនមានពេលវេលាទំនេរច្រើនសម្រាប់នឹកផ្ទះឡើយ។ មានអ្នកជំងឺដែលចេញពីមន្ទីពេទ្យ នៅតែទាក់ទងជាមួយគាត់ ផ្ញើរសារសួរសុខទុក្ខ អរគុណគាត់ ជូនដំណឹងអំពីភាពជឿនលឿន នៅពេលគេហាត់និងស្តារនីតិសម្បទាដោយខ្លួនឯង។ មានអ្នកជំងឺមួយចំនួនបានថតវីដេអូ និងថតរូបនៅពេលដែលពួកគេកំពុងហាត់នៅផ្ទះ ហើយផ្ញើវាទៅកាន់លោក Hiro មើល និងណែនាំពួកគេឱ្យកែតម្រូវចលនា។ អ្វីដែល លោក Hiro កំពុងធ្វើ មិនត្រឹមតែជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់បុគ្គលិកពេទ្យប៉ុណ្ណោះទេ ថែមទាំងជាក្តីស្រលាញ់ដ៏ស្មោះត្រង់ ដែលជាការតភ្ជាប់ពីបេះដូងទៅបេះដូង./.
“ជាមួយនឹងកម្មវិធីអ្នកស្ម័គ្រចិត្ត យើងទទួលការគាំទ្រពីមនុស្សដែលមានទឹកចិត្តក្នុងការជួយ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំជាង។ កម្មវិធីស្ម័គ្រចិត្តទទួលបានលទ្ធផលល្អណាស់ ជាពិសេសនៅថ្នាក់តំបន់ មូលដ្ឋាន ពួកគេជួយកសាងសហគមន៍នៅទីនោះ ហើយសហគមន៍ជាច្រើនចង់ស្វាគមន៍អ្នកស្ម័គ្រចិត្ត។ វៀតណាមជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេដែលជប៉ុននាំអ្នកស្ម័គ្រចិត្តត្រឡប់មកវិញ ក្រោយជំងឺរាតត្បាត Covid -១៩។ ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ កម្មវិធីស្ម័គ្រចិត្តនៅវៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំង។ ឥឡូវនេះ ជនជាតិវៀតណាមជាច្រើនមកធ្វើការនៅប្រទេសជប៉ុន។ អ្នកស្ម័គ្រចិត្ដដែលត្រឡប់មកពីវៀតណាមបន្តជួយពួកគាត់ខាងភាសា ឬសម្របខ្លួនក្នុងជីវភាពប្រចាំថ្ងៃ។
(លោក Shimizu Akira - ប្រធានតំណាង JICA នៅវៀតណាម)