របាំម៉ុងសាយមុខឆ្មា - របាំបេតិកភណ្ឌ នៅតំបន់ព្រំដែនឡាងសឺន (Lang Son)
ក្នុងលំហវប្បធម៌នៃតំបន់ព្រំដែន របាំម៉ុងសាយមុខឆ្មានៃជនជាតិតៃ (Tay) និង នុង (Nung) នៅខេត្តឡាងសឺន (Lang Son) មិនត្រឹមតែជាការសម្តែងសម្រាប់ពិធីបុណ្យនិទាឃរដូវប៉ុណ្ណោះទេ នៅទាំងជានិមិត្តរូបនៃជំនឿ ក្តីសង្ឃឹម និងអត្តសញ្ញាណផងដែរ។ ត្រូវបានទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ របាំនេះកំពុងបានថែរក្សា និងបន្តវេនយ៉ាងរស់រវើក នាពេលបច្ចុប្បន្ន។
កាលពីឆ្នាំ២០១៧ របាំម៉ុងសាយមុខឆ្មា បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ យោងតាមលោកបណ្ឌិតហ្វាង វ៉ាន់ផៅ (Hoang Van Pao) ប្រធានសមាគមបេតិកភណ្ឌវប្បធម៌ខេត្តឡាងសឺន (Lang Son) ប្រភេទរូបភាពនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំនឿ និងអត្តសញ្ញាណនៃសហគមន៍ជនជាតិតៃ (Tay) នុង (Nung) ដែលជាជនជាតិភាគច្រើននៅតំបន់នោះ។ រូបភាពម៉ុងសាយមុខឆ្មាត្រូវបានចាត់ទុកជានិមិត្តរូបនៃសំណាងល្អ ភាពអង់អាច និងភាពចម្រុងចម្រើន។ នាឱកាសបុណ្យចូលឆ្នាំថ្មី គ្រួសារគ្រប់គ្នា តែងតែអញ្ជើញក្រុមរបាំមកសម្តែង ដោយមានជំនឿថា អាចបណ្តេញវិញ្ញាណអាក្រក់ និងនាំមកនូវឆ្នាំថ្មីប្រកបដោយសេចក្តីសុខសាន្ត។
របាំម៉ុងសាយមុខឆ្មាគួបផ្សំនឹងកក្តាជាច្រើនដូចជា៖ តន្ត្រី របាំ និងសិល្បៈ។ សំឡេងស្គរ គង និងជុំចៀវ បន្លឺឡើងយ៉ាងកងរំពង សម្របនឹងក្បាច់រាំខ្លាំងៗ និងទន់ភ្លន់។ សម្ភារៈសម្រាប់សម្តែងរួមមាន ក្បាលម៉ុងសាយមុខឆ្មាស្រស់ស្អាត របាំងមុខស្វា ដំបង ដាវ និងត្រីសូល៍។ ការសម្តែងនីមួយៗ មានអត្ថន័យផ្ទាល់ខ្លួន៖ សូមសំណាងល្អ គោរពបុព្វការីជន សម្តែងឡើងវិញនូវការងារផលិតកម្ម ឬក្បាច់លោតឆ្លងភ្លើងដ៏គួរឱ្យទាក់ទាញចិត្ត។
ប្រឈមនឹងសម្ពាធនៃជីវភាពសម័យទំនើប ខេត្តឡាងសឺន (Lang Son) បានអនុវត្តសកម្មភាពជាច្រើន ដើម្បីថែរក្សាបេតិកភណ្ឌនេះ។ ចាប់ពីឆ្នាំ២០២១មក ថ្នាក់បង្រៀនជាង ៣០ថ្នាក់បានបើកបង្រៀន ដោយទាក់ទាញសិស្សជិត ២០០នាក់ ដែលភាគច្រើនជាយុវជន និងក្មេងជំទង់។ សាលារៀននៅតាមឃុំ និងភូមិ បានបញ្ចូលរបាំម៉ុងសាយមុខឆ្មាទៅក្នុងកម្មវិធីក្រៅម៉ោងសិក្សា ព្រមទាំងបង្កើតកន្លែងដាក់តាំងរបាំងមុខ និងក្បាលម៉ុងសាយមុខឆ្មា ដើម្បីឱ្យសិស្សានុសិស្សកាន់តែផ្សារភ្ជាប់នឹងបេតិកភណ្ឌ។
យោងតាមរបាយការណ៍នៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តឡាងសឺន (Lang Son) បច្ចុប្បន្នទូទាំងខេត្តមានក្រុមរបាំជិត១០០ក្រុម ដែលមានសមាជិកប្រហែល ១.០០០ នាក់ កើនឡើង ២០% បើធៀបនឹងឆ្នាំ២០២០។ ក្លឹបថ្មីៗជាច្រើន បានបង្កើតឡើង នៅតាមឃុំដូចជា៖ ហុងផុង (Hong Phuc) អៀនភុក (Yen Phuc)។ល។ ដែលបង្ហាញឱ្យឃើញពីការរីករាលដាលយ៉ាងទូលំទូលាយនៃចលនានេះ។
មិនត្រឹមតែអាជ្ញាធរទេ សិល្បករក៏ចូលរួមយ៉ាងសកម្មក្នុងការបង្រៀនផងដែរ។ នៅឃុំ អៀងភុក (Yen Phuc) ក្រុមរបាំម៉ុងសាយមុខឆ្មា ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ឥឡូវនេះបានបើកថ្នាក់បង្រៀន និងទទួលសិស្សថ្មីៗជាច្រើន ដោយមានអាយុពី១១ - ១២ឆ្នាំ។ ការបន្តវេននេះ ជួយឱ្យបេតិកភណ្ឌមិនបាត់បង់ ហើយផ្ទុយទៅវិញកាន់តែផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់សហគមន៍ផង។
នៅក្នុងពិធីបុណ្យនានានៅខេត្តឡាងសឺនថ្ងៃនេះ របាំម៉ុងសាយមុខឆ្មាបានបន្លឺឡើងយ៉ាងកងរំពង ដោយទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរ។ ជាមួយនឹងការចូលរួមនៃអាជ្ញាធរ សិល្បករ និងយុវជនជំនាន់ក្រោយ របាំនេះ មិនត្រឹមតែបានថែរក្សាប៉ុណ្ណោះទេ នៅទាំងបន្តរីកចម្រើន ជាភស្តុតាងរស់រវើក សម្រាប់កម្លាំងរឹងមាំ នៃវប្បធម៌ប្រជាប្រិយវៀតណាម៕
អត្ថបទ និង រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង













