របរធ្វើផ្កា​ក្រណាត់នៅដែនដីរដ្ឋធានីហាណូយ

របរធ្វើផ្កា​ក្រណាត់នៅដែនដីរដ្ឋធានីហាណូយ

របរធ្វើ​ផ្កាក្រណាត់​នៅ​ដែនដីរដ្ឋធានី​​ហាណូយ​ មកដល់​សព្វថ្ងៃ​បាន​​ក្លាយ​ជា​វិស័យ​ពេញនិយម​មួយ​នៅលើទី​ផ្សារ​វៀតណាម​។ នៅរដ្ឋធានី​​​​គ្រប់ទិសទី​​​សុទ្ធតែ​មាន​ហាង​ផ្កាជ័រ ជាពិភព​នៃ​​ផ្កា​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​តាំង​ តុបតែង​ផ្ទះ​សម្បែង​ និង​ធ្វើ​ជា​អំណោយ​ការទូត​។ ផ្កាក្រណាត់​ក៏ជា​ផលិត​ផល​ពោរពេញទៅ​ដោយ​លក្ខណៈ​វប្បធម៌​វៀតណាម​ បាន​មិត្តភក្តិ​អន្តរជាតិ​ស្រឡាញ់ពេញ​ចិត្ត​ និង​កក់ទំនិញ​។​

សិប្បការិនី​​ ម៉ាយ​ ហាញ​ (Mai Hanh) កំពុង​ណែនាំ​យុវវ័យ​ ដំណាក់កាល​បង្កើត​ផលិតផល​ផ្កាក្រណាត់​ប្រពៃណី​។​

សំណេះសំណាល​ជាមួយនឹង​សិប្បការិនី​​ ម៉ា​យ ហាញ (Mai Hanh) អ្នក​ដែលមាន​អាយុកាល​៥០ឆ្នាំ​ ប្រកប​មុខរបរធ្វើ​ផ្កាក្រណាត់​នៅ​ហាណូយ​ យើង​ខ្ញុំ​បាន​ដឹង​ប្រភព​មុខរបរ​ធ្វើ​ផ្កាក្រណាត់មាន​វត្តមាន​នៅ​សតវត្សរ៍​ទី​១៤ នៅ​ប្រទេសបារាំង បន្ទាប់មក​លំហូរ​ចូល​ប្រទេសអង់គ្លេស និង​ទ្វីប​អាមេរិក​។ ផ្កាក្រណាត់​រីកចម្រើន​លូតលាស់​នៅ​ចុង​សតវត្សរ៍​ទី​១៩ ចំពោះ​មុខ គឺ​តម្រូវការ​សម្រាប់ជីវភាព​រស់នៅ​ តុប​តែង​ផ្ទះសម្បែង​ របស់ជនជាតិ​បរទេស​។​

នៅរដ្ឋធានី​​ហាណូយ​ មុខរបរ​ធ្វើ​ផ្កាក្រណាត់​​ចាប់​កំណើតចេញពី​​​សម្រស់​ប្រពៃណី​នៃអ្នក​​ហាណូយ​។ ឪពុកម្តាយ​បង្រៀន​កូន​ស្រី​ត្រូវ​ចេះ​វិជ្ជាមេផ្ទះ​ ត្រូវចេះ​ដេរប៉ាក់ គូរគំនូរ​ ដូច្នេះ​ស្ទើរទាំង​អស់​នៅ​ក្រុង​បុរាណ​ហាណូយ​ គ្រួសារ​ណា​ក៏បង្រៀន​កូនស្រីៗ ឱ្យ​ចេះ​ធ្វើផ្កាក្រណាត់ទាំងអស់​។ តាំងពីផ្កា​ក្រដាស​ច្នៃជា​ផ្កាក្រណាត់​ ដោយ​ទាញ​យក​ពីក្រណាត់​ដែលកាត់​ដេរ​​នៅសេសសល់​។ សិប្បការិនី​​ ម៉ាយ​ហាញ​ (Mai Hanh) រៀប​រាប់​៖ លោក​យាយ​ចាប់​ផ្តើម​ប្រកប​មុខរបរ​ធ្វើផ្កាក្រណាត់​តាម​ប្រពៃណី​គ្រួសារ​ខ្លួន​។​ កុមារ​អាយុ​១៣ឆ្នាំ បាន​ម្តាយ​បង្រៀន​មុខរបរ​ធ្វើ​ផ្កាក្រណាត់។ បង្កើត​បានជាមុខរបរ​ រហូតដល់សព្វថ្ងៃ​ ផ្កាក្រណាត់លោក​យាយ​ម៉ាយ​ហាញ​ (Mai Hanh) បានក្លាយ​ជា​ពាណិជ្ជសញ្ញា​ល្បី​ឈ្មោះ​នៅ​វៀតណាម​ ដោយ​មាន​ផ្ការាប់​រយ​ប្រភេទ​ លោក​យាយ​ម៉ាយ​ហាញ​ (Mai Hanh) មាន​ប្រសិទ្ធនាម​សិប្បការិនី​​ផ្កា​ក្រណាត់ ​នៅ​អាយុ​៣៥ឆ្នាំ​។​

របរ​ធ្វើ​ផ្កាក្រណាត់​​នៅរដ្ឋធានី​​ហាណូយ​ ក៏មាន​ការ​លំបាក​ ដោយមាន​​ការ​ប្រកួត​ប្រជែង​នៃ​ប្រភេទ​​ផ្កា​បរទេស​ នាំចូល​ពី​ប្រទេស​ចិន​។ ហេតុនេះ ដើម្បី​មុខរប​របាន​ឈរលំនឹង​ ទាមទារ​ជាង​ត្រូវ​មានលក្ខណៈ​ចរិត​វិចិត្រសិល្បៈ​ ពីព្រោះ​របៀប​ធ្វើ​ផ្កា​សុទ្ធតែបាន​ធ្វើ​ដោយ​ដៃ​ទាំងស្រុង​។ ឧបករណ៍​សម្រាប់​ធ្វើ​រួមមាន​កន្ត្រៃ ក្រណាត់ នៅ​មក​សិប្បករ​រៀប​ដាក់ ពឹង​លើ​ថ្វី​ដៃ​ដ៏ប៉ិប្រសប់​របស់ជាង​។​

សិប្បការិនី​ ម៉ាយ​ហាញ​ (Mai Hanh) ជាអ្នក​​មាន​គំនិត​ចង់​អភិរក្ស​សិល្បៈ​ផ្កា ក្រណាត់ទៅអនាគត​។ ចំពោះ​លោក​យាយ​ រក្សា​បាន​របរ​និង​ទុក​របរ​ឱ្យ​មាន​ការ​លូតលាស់​ ត្រូវ​ផ្សព្វផ្សាយ​ និង​បណ្តុះបណ្តាល​យុវវ័យ​ជំនាន់​ក្រោយ​ រៀន​របរ​និងរស់បាន​​ជាមួយនឹង​របរ​។ ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​ សិប្បការិនី ម៉ាយហាញ​ (Mai Hanh) បាន​ធ្វើ​ដំណើរ​ទៅ​សាលារៀននិង​​ភូមិ​របរជាច្រើន ដើម្បី​បង្រៀន​ជូន​សិស្ស​​ បង្កើត​ការ​ងារធ្វើ​សម្រាប់កូនកំព្រា​ និង​ជនពិការ។ ជួនកាល​លោកយាយ​នៅ​បង្រៀន​ទាំង​ជនជាតិ​បរទេស​ទៀតផង​ ឱ្យ​មាន​ចំណូលចិត្ត​ស្រឡាញ់​សិល្បៈ​ផ្កាក្រណាត់។ សិស្ស​​​របស់​លោក​យាយ​ ក្រោយ​ពី​រៀន​ចេះ​ចាំ​ធ្វើ​បាន​ ក៏បាន​បង្កើត​មូលដ្ឋាន​ផលិត​​​ដោយ​ឡែក​ បើកទូលាយ​ទម្រង់​ធ្វើ​ផ្កាក្រណាត់​ នៅ​រដ្ឋធានី​​ហាណូយ​។ សព្វថ្ងៃ បងស្រី ​មិញ​ហាំង (Minh Hang) កូនស្រី​របស់​លោក​យាយ​ បាន​ស្នង​បន្ត​របរ​គ្រួសារ និង​អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​ផ្កាក្រណាត់​ល្បី​រន្ទឺគ្រប់ទិស​ទី​។​

ក្រៅពី​ពាណិជ្ជសញ្ញា​ម៉ាហាញ​ (Mai Hanh) ​រដ្ឋធានី​ហាណូយ​ នៅមាន​មូលដ្ឋាន​ប្រកបមុខរបរ​ធ្វើ​ផ្កាក្រណាត់​ផ្សេង​ជាច្រើន​៖ ផ្កាក្រណាត់ដឹក​ហាយ (Duc Hai) ផ្កាក្រណាត់​ក្វីញ​លិញ (Quynh Linh) ផ្កាក្រណាត់​ញឹក​ផឿង​ (Nhat Phuong)​ ។ល។ ផលិតផល​ផ្កាក្រណាត់​រដ្ឋធានី​ហាណូយ ​បាន​ប្រមូល​ផ្តុំ​តាំង​លក់​នៅ​តាម​ផ្លូវ​ហាម​ឡុង​ (Ham Long) ផ្លូវ​បុរាណ​ និង​លក់​នៅតាម​បណ្តាញ​ឌីជីថល​។

ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ ផ្កាក្រណាត់បាន​ក្លាយ​ជា​ជម្រើសថ្មី​មួយ​ សម្រាប់​អ្នក​ស្រឡាញ់​ផ្កា​។ ផ្កា​សំពត់​មាន​គុណប្រយោជន៍​ គឺរក្សា​ពណ៌បាន​យូរ​ សម្រស់ស្រស់​ជានិច្ច​ ងាយ​ប្រើប្រាស់​នៅ​រាល់​បរិយាកាស​ ព្រមទាំង​​សមស្រប​​ជាមួយនឹង​អ្នក​មមាញឹក​នឹងការ​ងារ​ ចង់​រក្សា​ផ្កា​ស្រស់​បាន​យូរ​។ ទន្ទឹមនោះ​ ថ្វី​ដៃធ្វើ​ផ្កា​ក្រណាត់​នៃ​អ្នករដ្ឋធានី​​ហាណូយ​ មួយថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​បាន​លើកកម្ពស់​ ពួកគាត់​ធ្វើ​ផ្កាក្រណាត់​ដូចជាផ្កា​ស្រស់​ពិត​ ដូចនេះ​ផ្កាមិនត្រឹម​តែ​បង្កើត​បាន​សម្រស់​សម្រប់នឹង​បរិយាកាស​រស់នៅ​ នៅទាំង​បង្កើតបាន​អារម្មណ៍​ស្រស់ថ្លា​ ធ្វើ​ឱ្យជីវិត​រស់​បែប​ធម្មជាតិ​។ ផ្កាក្រណាត់​​ធ្វើ​ចេញពី​សំពត់​ប្រណីត​ ផ្កាទុក​បាន​យូរ​អាច​រក្សាបាន​ពី​១០​ ទៅ​ដល់​១៥ឆ្នាំ​។ លក្ខណៈ​ងាយ​ស្រួល​និង​ភា​ពសំចៃ​នៃ​ផ្កាក្រណាត់​ ទោះបី​ទុក​យូរនៅ​បរិស្ថាន​ក្តៅ​សំណើម​ មានធូលី​ បន្ទាប់ពី​លាង​ជម្រះ​ស្អាត​យកទៅ​សម្ងួត​ រួចប្រើដូចជា​ផ្កាថ្មី​។​

ផលិត​ផល​ផ្កាក្រណាត់​​​បាន​អតិថិជន​ទុកចិត្ត​និង​ប្រើប្រាស់។​

រៀង​រាល់​ខែ​ជា​មធ្យម​ មូលដ្ឋាន​ផលិត​ផ្កា​ក្រណាត់​ម៉ាយ​ហាញ​ (Mai Hanh) ផ្គត់ផ្គង់​ចេញទីផ្សារ​ តាម​លិខិត​កក់​ទំនិញ​ចំនួន​៣០០​ លក់​ផ្ទាល់និង​លក់​អនឡាយ​ មូលដ្ឋាន​ផ្កា​ក្រណាត់​ផ្សេង​ៗ ក៏បា​ន​ផ្គត់​ផ្គង់​បន្ត​តាម​លិខិត​កក់​ទំនិញ​លើ​ទីផ្សារ​ ច្រើន​បំផុត ​នៅ​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ ថ្ងៃបុណ្យ​ទាន​ផ្សេងៗ។ តម្លៃ​លក់​សម្រាប់​ថូ​ផ្កា​នីមួយ​ៗ ពី​២០០.០០០ដុង​ រហូតដល់​១លាន​ដុង​។ ជាង​ធ្វើ​ផ្កាក្រណាត់ម្នាក់ៗរក​បាន​ប្រាក់​ចំណូល​មធ្យម​ពី​៨ទៅ​ដល់​១៥លាន​ដុង​ ក្នុងមួយ​ខែ​។ មុខរបរ​ធ្វើ​ផ្កា​ក្រណាត់ ក៏នាំមកនូវ​​ជី​វភាព​រស់នៅ​លំនឹង​សេ្ថរភាព​ ជូន​ពលករ​ និង​កំពុង​រូម​ចំណែក​តុបតែង​លម្អរបរិយាកាស​រស់នៅ​ផ្ទះ​នីមួយ​ៗ ​ក៏ដូចជា​អំណោយ​សម្រាប់​ផ្សារភ្ជាប់​ទឹក​ចិត្ត​មិត្តភក្តិ​ និង​គ្រួសារនៅ​​គ្រប់ទិសទី​៕​

 

អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ ត្រឹន​ថាញ​យ៉ាង​

ប្រែសម្រួល៖ រីកើង​


Top