របរតម្បាញសង្កិមរបស់ជនជាតិប៉ាថែន (Pa Then)

របរតម្បាញសង្កិមរបស់ជនជាតិប៉ាថែន (Pa Then)

ជនជាតិ​ប៉ាថែន​ (Pa Then) ជា​ជនជាតិមួយ​ក្នុង​ចំណោម​ជនជាតិ​​វៀតណាម​ ទាំង​៥៤​ជនជាតិ​​​ ពួកគាត់​​រស់នៅ​ប្រមូលផ្តុំ​គ្នា​នៅ​តាម​​​ខេត្ត​ហាយ៉ាង​ (Ha Giang) និង​ខេត្ត​ត្វៀន​ក្វាង​(Tuyen Quang)​។ ឆ្លង​កាត់​​ពី​ជំនាន់មួយទៅ​ជំនាន់មួយ ជនជាតិ​ប៉ាថែន (Pa Then) ​បង្កើតនិង​រក្សាបាន​ខឿន​​វប្បធម៌​សម្បូរ​បែប​មួយ​ ក្នុងនោះ​​គួរនិយាយដល់​ គឺ​មុខ​របរ​តម្បាញ​សង្កិម​។ នេះ​ជា​ខឿន​​វប្បធម៌​មួយ​ឆ្លុះបញ្ចាំង​​អំពី​ជីវភាព​រស់នៅ​ស្មារតី​ ហើយ​នេះ​ក៏​ជា​មោទនភាព​មួយ​​របស់ជនជាតិ​ប៉ាថែន (Pa Then)​។​

នារី​ជនជាតិ​ប៉ាថែន​ (Pa Then) នៅ​កៀក​ក្បែរ​ក្តារ​តម្បាញ ​ដែល​បង្កើត​បាន​ផលិតផល​ដ៏ស្រស់​ស្អាត​ វិចិត្រ​។​

សម្លៀក​បំពាក់​ប្រណីត​នេះ បាន​ឆ្លងកាត់​ដំណាក់កាល​តម្បាញ ដេរ​ប៉ាក់​រចនា ​ ទាំងអស់​សុទ្ធតែបាន​​ធ្វើ​​ដោយ​សិប្បកម្ម​ប្រពៃណី​​​​នៃ​​ជនជាតិ​ប៉ាថែន (Pa Then)។ កាល​ដើម​​ឡើយ​ វត្ថុធាតុ​សម្រាប់​តម្បាញ​ គឺយក​ពី​ដើម​កប្បាស ដើមឡាញ​ បច្ចុប្បន្ន​​ប្រើតែ​សូត្រ​ឡែន​។ បន្ទាប់ពី​​ជ្រលក់ពណ៌​ ដុំ​សូត្រ​ នឹង​​បាន​​​រ​វៃ​ជា​សសៃ​ ​​តម្បាញ​ជា​សំពត់រាង​បួនជ្រុង​ សំពត់​​ខ្នាតតូច ឬ​ស្បៃ​អាវ​ កន្សែង រ៉ុប។​ ផ្នែក​ក្បាច់​​រចនា​ ​ជានិច្ចកាលតែង​បាន​រំលេច​ឡើង ដែល​​ប្រកបដោយ​ពណ៌ក្រហម​ ជា​ពណ៌​មួយ​​សម្រាប់​តែ​សម្លៀក​បំពាក់​នារី​។ ពណ៌ក្រហម​​ក្នុងសម្លៀកបំពាក់​នៃ​ជនជាតិ​ប៉ាថែន​ (Pa Then) បាន​ប្រៀប​ដូច​ជា​​​ពណ៌​នៃ​​សត្វ​ហង្សភ្លើង​។​


បរិយាយចំណាប់​អារម្មណ៍​អំពីពណ៌សម្បុរ​ផ្សេងៗ​គ្នា លាយ​ចម្រុះ​នៅ​លើ​សម្លៀក​បំពាក់​នៃជន​ជាតិ​ប៉ាថែន (Pa Then) ដែល​បាន​ធ្វើឱ្យពួកគាត់​លេចធ្លោ ដូចជាស្លាបមេអំបៅពណ៌សម្បុរ​ឆើតឆាយ។ ដើម្បី​ធ្វើបាន​សម្លៀកបំពាក់​ស្អាត នារីជនជាតិ​ប៉ាថែន (Pa Then) ត្រូវ​​ធ្វើការ​ងារ​​មមាញឹក​​នៅ​ក្បែរ​​ក្តារ​តម្បាញ​​រាប់សិប​​ខែ ពីព្រោះ​​សម្លៀកបំពាក់​របស់ពួកគាត់​ប្រណីត​ណាស់ ផ្ចិតផ្ចង់​​រាល់​សសៃ​សូត្រ​នីមួយៗ ឱ្យ​ក្លាយជាក្បាច់​រចនាដាំ​លើសម្លៀកបំពាក់។ ដើម្បី​ធ្វើបាន​សម្លៀក​បំពាក់​មួយ​ឈុត ពួកគាត់​ត្រូវធ្វើ​​ដោយភាពអត់ធ្មត់ និង​ផ្ចិតផ្ចង់។ បងស្រី លី ធីត្វ័ន (Ly Thi Toan) ​ជនជាតិប៉ាថែន (Pa Then) ឃុំហុងក្វាង (Hong Quang) ស្រុកលឹមប៊ិញ (Lam Binh) ខេត្តត្វៀនក្វាង (Tuyen Quang) រៀបរាប់ថា​ នៅ​លើសម្លៀកបំពាក់​តែងមានរូបភាពស្ពាន ផ្ទះ កូនសុនក និង​រូបផ្លែ​រំដេញ ​ដោយ​មាន​រឿង​ដំណាល​ថា មាននារីជនជាតិប៉ាថែន (Pa Then) ម្នាក់ កំព្រា​ឯកោ​ធ្វើ​ដំណើរ​ទៅផ្សារ​នា​រដូវបុណ្យ​ចូល​ឆ្នាំថ្មី នៅ​ពេលនោះ​ឃើញ​​ជន​ជាតិ​ដទៃ ​មាន​សម្លៀក​បំពាក់​ដោយឡែក​របស់ខ្លួន កញ្ញា​រូបនេះ សង្វេក​ អនាថា ហើយ​គិតក្នុងចិត្តថាត្រូវមានសម្លៀកបំពាក់មួយ​សម្រាប់ជនជាតិ​ខ្លួន ថ្ងៃមួយ​កញ្ញាចៃដន្យ​​បាន​ប្រទះ​ឃើញ​​បក្សីមួយ​​ហ្វូងហើរឆ្លងកាត់រុក្ខមានពណ៌សម្បុរ​ឆើត ពណ៌ខៀវ ក្រហម ពណ៌ស្វាយ នៅ​ពេលនោះ​​កញ្ញាក៏នឹង​ឃើញ​​ប្រើ​ពណ៌សម្បុរទាំងនេះ​ សម្រាប់​សម្លៀកបំពាក់​ជនជាតិ​​ខ្លួន។ ក្នុង​ពេល​​​ដេរប៉ាក់​​សម្លៀកបំពាក់ កញ្ញាក៏​បាន​​យក​​រូបភាពទាំងនេះ ប្រឌិត​លើ​សម្លៀក​បំពាក់​​។ ដោយ​​សភាព​ឯកោ កញ្ញា​តែង​​​ប្រាថ្នា​ចង់​មានគូស្នេហ៍  ផ្ទះ និងកូនសុនកមួយ ការពារខ្លួន ព្រៃឈើ​​​ដែល​កញ្ញារស់​នៅក៏​​មានដើម​​រំដេញ​ស ដុះដាល​​យ៉ាងច្រើន ដូច្នេះ កញ្ញាក៏បាន​បញ្ចូល​រូបភាព​ផ្លែរំដេញ សត្វ រុក្ខជាតិ ទៅ​​លើ​សម្លៀក​បំពាក់​ឱ្យ​មានភាព​រស់រវើក  បែបនេះ​​ជីវភាព​នឹង​បាន​ល្អ​ប្រសើរ ស្រស់ថ្លាជាង​។ ហេតុនេះហើយ​ នៅ​លើ​សម្លៀក​បំពាក់ជន​ជាតិប៉ាថែន (Pa Then) តែង​មាន​រូបស្ពាន បង្ហាញ​​ពីមនោសញ្ចេតនា  ផ្ទះបង្ហាញ​ពី​សុភមង្គល​និង​​ការ​លះបង់ កូន​សុនក​ជានិមិត្តរូប​​នៃភាពការពារ រូប​ផ្លែ​រំដេញ​បង្ហាញ​ពី​បំណង​​ចង់​មាន​​ជីវភាពរស់​នៅបាន​ល្អប្រសើរ​។



ក្បាច់​រចនា​ដ៏សម្បូរបែប​នេះ បាន​ជនជាតិ​ប៉ាថែន​ (Pa Then) បង្កើត​ដោយ​ក្តារ​​​តម្បាញ​បុរាណ​​បាន​រក្សា​​ទុក​​​​ពី​ជំនាន់មួយទៅ​ជំនាន់មួយ​​។ ដំបូង​​បង្អស់​ នោះគឺ​​ប្រព័ន្ធ​ក្បាច់​​រចនា​​ដាំ​ពង្រាយ​​ទទឹង​ នៅ​លើ​កន្សែង​​ ទ្រូង​អាវ ចង្កេះ ជាយ​​អាវ​ខាងក្រោម កែង​ដៃអាវ និង​ស្បៃ​។ ចំពោះ​ក្បាច់​​រចនា​រូប​មនុស្ស​ ជើង​សុនក​ ភ្នែក​ក្តាម កូន​ក្របី ស្នែង​ក្របី មានការ​​ពិបាក​ធ្វើ​ជាង នឹង​បាន​ដាំ​​​រំលេច​នៅ​លើ​​ទ្រូង​អាវ ចង្កេះ​អាវ និង​​ចំហៀង​អាវ​សងខាងតែប៉ុណ្ណោះ​។ ក្រៅ​ពីនោះ ក្បាច់រចនា​ដើម​ស្រល់​ ស្មៅ និង​ប្រភេទ​រុក្ខជាតិ​ឱសថ​ដែល​ធ្លាប់​ជួបប្រទះ​​ ជារូបភាព​ពិសេស​លើកស្ទួយ​ បន្ថែម​សម្រស់​នៃ​សម្លៀក​បំពាក់​។​


ដោយ​ការ​ផ្ចិត​ផ្ចង់​ ឧស្សាហ៍ នារី​ជនជាតិ​ប៉ាថែន​ (Pa Then) បង្កើត​បាន​សម្លៀកបំពាក់​ប្រកបដោយ​ពណ៌ឆើត​ឆាយ​ ពណ៌ឆ្លាស់​សម្រាប់​បុរស​ កុមារ​ចំណាប់​អារម្មណ៍​ដោយ​មួក​ពោរពេញទៅ​ដោយ​ពណ៌​សម្បុរ​ ដោយ​ឡែក​មួក​កុមារី​មាន​កញ្ចុំផ្កា​ឡែន​ក្រហម​។ នារី​ជនជាតិ​ប៉ាថែន​ (Pa Then) តែង​មាន​មោទនភាព​ទៅលើ​សម្លៀកបំពាក់​ប្រពៃណី​របស់​ខ្លួន​។ ដោយ​ថ្វីដៃ​ដ៏ប៉ិនប្រសប់​ ចរិត​ឧស្សាហ៍​ព្យាយាម​ ផ្ចិត​ផ្ចង់​ នៅលើ​ក្តារតម្បាញ​ លោក​យាយ​ បងៗជនជាតិ​ប៉ាថែន​ (Pa Then) បង្កើត​បាន​សម្លៀកបំពាក់​ពិសេស​ មិនត្រឹមតែ​លើកស្ទួយ​សម្រស់​វប្បធម៌​ជនជាតិ​ខ្លួន​ជា​ដោយ​ឡែក​ នៅទាំង​លើកស្ទូយ​ទាំង​សម្រស់​នារី​វៀតណាម​និយាយ​រួម​ទៀត​ផង​៕​

ភ្ញៀវ​ទេសចរ​ទស្សនា​និង​ស្វែងយល់​អំពី​សម្លៀក​បំពាក់​ជនជាតិ​ប៉ាថែន​ (Pa Then)។

អត្ថបទ៖ វី​ថាវ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​ កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល៖ រីកើង​



Top