រថភ្លើងតភ្ជាប់បេតិកភណ្ឌនៃភាគកណ្តាល
នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត ធឿធៀនហ្វេ (Thua Thien Hue) អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង (Da Nang) បានសម្របសម្រួលរៀបចំពីធីដាក់ឲ្យដំណើរការរថភ្លើងទេសចរណ៍ទៅវិញទៅមកពី ហ្វេ (Hue) - ទីក្រុង ដាណាំង (Da Nang) ដោយមានឈ្មោះថា “តភ្ជាប់បេតិកភណ្ឌនៃភាគកណ្តាល”។ នេះជាប្រភេទទេសចរណ៍ថ្មីមួយ ដែលជួយឱ្យភ្ញៀវទេសចរមានឱកាសកាន់តែច្រើនក្នុងការស្វែងយល់ផ្លូវដ៏ស្រស់ស្អាត ហ្វេ (Hue) - ទីក្រុង ដាណាំង (Da Nang) តាមរថភ្លើង។
ក្នុងអំឡុងពេលដាក់ឲ្យដំណើរការជាដំបូង រថភ្លើងមានទូកៅអីទន់ និងម៉ាស៊ីនត្រជាក់ចំនួន ០៥ គ្រឿង និងទូសហគមន៍ចំនួន ០១ គ្រឿង។ រថភ្លើងដែលបានដាក់ឱ្យដំណើរការបាននាំមកជូនភ្ញៀវនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន ព្រោះថា ក្រៅពីការហូបម្ហូបអាហារពិសេសរបស់ ហ្វេ (Hue) និង ដាណាំង (Da Nang) ភ្ញៀវទេសចរក៏អាចជួបប្រាស្រ័យជាមួយសិល្បករ សិល្បការិនី តាមរយៈការសម្តែងសិល្បៈពិសេសៗ ផងដែរ។ លើសពីនេះ នៅស្ថានីយ៍រថភ្លើង ដាណាំង (Da Nang) និងស្ថានីយ៍រថភ្លើង ហ្វេ (Hue) ឧស្សាហកម្មផ្លូវដែកក៏រៀបចំបន្ទប់រង់ចាំ VIP ដើម្បីបម្រើអ្នកដំណើរផងដែរ។
ដោយពេលវេលាធ្វើដំណើរប្រហែល ៣ ម៉ោង រថភ្លើងនឹងដឹកភ្ញៀវទេសចរតាមផ្លូវកាត់ភ្នំ ហាយវ៉ឹន (Hai Van) ។ ពីរក្នុងថភ្លើង ភ្ញៀវអាចគយគន់ទេសភាពធម្មជាតិដ៏អស្ចារ្យ និងស្រស់បំព្រងដែលជាទីកន្លែងតភ្ជាប់រវាងភាគខាងត្បូង និងខាងជើង ដោយម្ខាងជាជួរភ្នំទ្រឿងសើន (Truong Son) រកេតរកូត និងម្ខាងទៀតជាសមុទ្រដ៏ធំល្វឹងល្វើយ។ នៅស្ថានីយ៍រថភ្លើង ហ្វេ (Hue) និង ដាណាំង (Da Nang) ជារៀងរាល់ថ្ងៃ នឹងមានរថភ្លើងពីរជើងចេញដំណើរនៅពេលព្រឹក និងពេលរសៀល ដូច្នេះភ្ញៀវអាចគយគន់ថ្ងៃរះ និងថ្ងៃលិចនៅលើឈូងសមុទ្រ ឡាំងកូ (Lang Co) ដែលជាឈូងសមុទ្រដ៏ស្រស់ស្អាតបំផុតមួយលើពិភពលោក។
បន្ទាប់ពីបញ្ចប់ការធ្វើដំណើរនីមួយៗនៅលើរថភ្លើង ទល់មុខស្ថានីយរថភ្លើងទាំងពីរ មូលដ្ឋានបានរៀបចំប្រព័ន្ធជួលកង់ដោយស្វ័យប្រវត្តិ ដោយស្កែន QR កូដ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទស្សនាតំបន់ទេសចរណ៍នានា។ ជាពិសេសខេត្ត ធឿធៀនហ្វេ (Thua Thien Hue) ក៏អនុវត្តគោលនយោបាយការបញ្ចុះតម្លៃសម្រាប់អង្គការ និងបុគ្គលនៅពេលទៅទស្សនាតំបន់ទេសចរណ៍នៅទីក្រុង ហ្វេ (Hue) (អនុវត្តម្តងសម្រាប់សំបុត្ររថភ្លើងនីមួយ ៗ)។
ការដាក់ឱ្យប្រើប្រាស់រថភ្លើង “តភ្ជាប់បេតិកភណ្ឌកណ្តាល” គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការតភ្ជាប់តំបន់ ផ្សព្វផ្សាយទេសចរណ៍របស់គណៈកម្មាធិការប្រជាជននៃទីក្រុងទាំងពីរ និងជាផលិតផលទេសចរណ៍ថ្មីមួយ បើកឱកាសសម្រាប់ផលិតផលធ្វើអាជីវកម្មរួមបញ្ចូលគ្នានូវសេវាកម្មដឹកជញ្ជូន និងទេសចរណ៍តាមផ្លូវដែក ដែលនឹងដាក់ពង្រាយក្នុងពេលដ៏ខ្លីខាងមុខនេះ។
លើសពីនេះ ដំណើរទេសចរណ៍នេះមិនត្រឹមតែរួមចំណែកធានាតភ្ជាប់ចរាចរណ៍របស់ប្រជាជនរវាងទីក្រុងទាំងពីរ ហ្វេ (Hue) និង ដាណាំង (Da Nang) ប៉ុណ្ណោះទេ ថែមទាំងជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស នៅពេលមកទស្សនាទីក្រុងទេសចរណ៍ទាំងបុរាណ ទាំងទំនើបបំផុតក្នុងប្រទេស./.
ពេលវេលាចេញដំណើររបស់រថភ្លើង "ភ្ជាប់បេតកភណ្ឌភាគកណ្តាល"៖
នៅទីក្រុង ហ្វេ (Hue) រថភ្លើងមានផ្លាកលេខ HD១ ចេញដំណើរពីស្ថានីយ៍រថភ្លើង ហ្វេ (Hue) នៅម៉ោង៧ និង ៤៥នាទីព្រឹក ហើយមកដល់ស្ថានីយ៍រថភ្លើង ដាំណាំង (Da Nang) នៅម៉ោង១០ និង ៣៥នាទីព្រឹក មានផ្លាកលេខ HD៣ ចេញដំណើរពីស្ថានីយ៍រថភ្លើង ហ្វេ (Hue) នៅម៉ោង១៤ និង ២៥នាទីរសៀល ហើយមកដល់ទីក្រុង ដាណាំង (Da Nang) នៅម៉ោង១៧ និង ៤០នាទីល្ងាច។
ស្ថានីយ៍រថភ្លើង ដាំណាំង (Da Nang) រថភ្លើងមានផ្លាកលេខHD២ ចេញដំណើរពីស្ថានីយ៍រថភ្លើង ដាណាំង (Da Nang) នៅម៉ោង៧ និង ៥០នាទីព្រឹក ហើយមកដល់ស្ថានីយ៍រថភ្លើង ហ្វេ (Hue) នៅម៉ោង១១ និង ០៥នាទីថ្ងៃត្រង់។ រថភ្លើងមានផ្លាកលេខ HD៤ ចេញដំណើរពីស្ថានីយ៍រថភ្លើង ដាំណាំង (Da Nang) នៅម៉ោង១៥ និង ០០នាទី រសៀល ហើយមកដល់ស្ថានីយ៍រថភ្លើង ហ្វេ (Hue) នៅម៉ោង១៧ និង ៤៥នាទីល្ងាច។
តម្លៃសំបុត្រ៖ ១៥០០០០/សំបុត្រ/ម្នាក់
- អត្ថបទនិងរូបថត៖ ថាញយ៉ាង ប្រែសម្រួលដោយង្វៀនយ៉ាង