រដ្ឋសភាវៀតណាមបន្តប្រកៀកស្មាជាមួយ AIPA កម្លាយចក្ខុវិស័យ និងបំណងប្រាថ្នារបស់អាស៊ានទៅជាការពិត
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ក្នុងក្របខណ្ឌនៃមហាសន្និបាតលើកទី ៤៦ អន្តរសភាអាស៊ាន (AIPA-៤៦) លោកប្រធានរដ្ឋសភា លោក ត្រឹន ថាញមិន (Tran Thanh Man) បានអញ្ជើញចូលរួម ក្នុងសម័យប្រជុំពេញអង្គលើកដំបូង។ នៅទីនេះ លោកប្រធានរដ្ឋសភា បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ និងបញ្ជាក់យ៉ាងមុតមាំនូវសារមួយថា រដ្ឋសភាវៀតណាមបន្ត
ប្រកៀកស្មាជាមួយ AIPA ដើម្បីកម្លាយចក្ខុវិស័យ និងបំណងប្រាថ្នារបស់អាស៊ានទៅជាការពិត…
ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី១ លោកប្រធានរដ្ឋសភា ត្រឹន ថាញមិន (Tran Thanh Man) បានអះអាងនូវការគាំទ្រចំពោះប្រធានបទនៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦ (AIPA) ៖ "រដ្ឋសភានៅជួរមុខសម្រាប់អាស៊ានមានកំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព"។ លោកប្រធានរដ្ឋសភា ត្រឹន ថាញមិន (Tran Thanh Man) បានសង្កត់ធ្ងន់ថា AIPA និងរដ្ឋសភា/សភាសមាជិករបស់អាស៊ាន កំពុងលើកកម្ពស់តួនាទីជួរមុខ ក្នុងការកសាងអនាគតនៃឱកាសអភិវឌ្ឍប្រកបដោយស្មើភាព និងវិបុលភាពរួមសម្រាប់ទូទាំងប្រជាជនអាស៊ាន។
ក្នុងបរិបទស្ថានភាពពិភពលោក និងតំបន់ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដើម្បីបន្តពង្រីកតួនាទី ភាពប្រៀបពិសេស នៃការទូតសភា លោកប្រធានរដ្ឋសភាវៀតណាម ត្រឹន ថាញមិន (Tran Thanh Man) បានស្នើនូវវិស័យអាទិភាពសំខាន់ៗចំនួន ៣ ដែល AIPA ត្រូវយកចិត្តទុកដាក់ នាពេលខាងមុខ។
ទីមួយ AIPA ត្រូវលើកកម្ពស់តួនាទីរបស់ខ្លួន ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឱ្យកាន់តែមានប្រសិទ្ធភាព រួមទាំងបង្កើនតួនាទីជាស្ពានតភ្ជាប់ លើកទឹកចិត្ត និងបង្កលក្ខខ័ណ្ឌអំណោយផលសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងសង្គម និងអង្គភាពនានាឱ្យចូលរួម និងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥; នាំមុខក្នុងស្ថាបនាកម្ម និងគោលនយោបាយ ដើម្បីជួយឱ្យការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងក្នុងតំបន់ត្រូវបានអនុវត្តយ៉ាងជាក់ស្តែង ជាពិសេសក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល ជាដើម។
ទីពីរ AIPA ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសង្គមឱ្យរឹងមាំបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈការលើកទឹកចិត្ត កសាង និងអនុវត្តសកម្មភាព ដើម្បីចិញ្ចឹមបីបាច់ និងផ្សព្វផ្សាយនូវការយល់ដឹង និងអត្តសញ្ញាណសហគមន៍ លើកកម្ពស់ការផ្សព្វផ្សាយ កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ ទេសចរណ៍ រៀបចំសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរ។ល។
ទីបី AIPA គួរសកម្មក្នុងការពង្រីក និងធ្វើឱ្យទំនាក់ទំនងការបរទេសកាន់តែស៊ីជម្រៅ តាមរយៈនោះជួយពង្រឹងតួនាទីរបស់អាស៊ានជាមជ្ឈមណ្ឌលមួយក្នុងបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាសកលលោក។លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យជាច្រើន រួមទាំងខួបអនុស្សាវរីយ៍លើកទី៣០ ដែលវៀតណាមបានចូលជាសមាជិកអាស៊ាន និងចូលរួម AIPA លោកប្រធានរដ្ឋសភាវៀតណាម ត្រឹន ថាញមិន (Tran Thanh Man) បានអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តប្រកៀកស្មាជាមួយ AIPA ដើម្បីកម្លាយចក្ខុវិស័យ និងបំណងប្រាថ្នារបស់អាស៊ាន ឱ្យក្លាយទៅជាការពិតកសាងសហគមន៍អាស៊ានមួយប្រកបដោយបរិយាប័ន្ន និរន្តរភាព ខ្លួនទីពឹងខ្លួន នវានុត្តន៍ និងយកប្រជាជនជាជាមជ្ឈមណ្ឌលដោយពិត៕
អនុវត្ត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង






