រដ្ឋធានីហាណូយនិទានរឿងអំពីអរិយធម៌ជាងមួយពាន់ឆ្នាំ បន្ទាប់ពីអស្តង្គត
សេដ្ឋកិច្ចនាពេលរាត្រី កំពុងបើកឱកាសអភិវឌ្ឍន៍ថ្មីមួយ សម្រាប់ទីក្រុងហាណូយ - ជាកន្លែងដែលបេតិកភណ្ឌ ម្ហូបអាហារ សិល្បៈ ច្នៃប្រឌិត និងជីវភាពទីក្រុង អាចរួមបង្កើតតម្លៃ បន្ទាប់ពីព្រះអាទិត្យលិច។ ជំនួសឱ្យការប្រជែង ដោយពេលវេលាសកម្មភាព ឬទំហំការកម្សាន្ត ទីក្រុងហាណូយមានឱកាសកសាងទម្រង់រូបភាពដោយឡែក ដោយទាញយកជម្រៅវប្បធម៌ និងសមត្ថភាពនិទានអំពីរឿងរ៉ាវរាប់ពាន់ឆ្នាំគឺជាប្រៀបខ្លាំង។
* ដាស់ពញ្ញាក់តម្លៃដែលមានស្រាប់
សេដ្ឋកិច្ចនាពេលរាត្រី បាននិងកំពុងក្លាយជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចទីក្រុង ដោយមិនមែនគ្រាន់តែជាការអូសបន្លាយពេលវេលាបើកទ្វារនៃគ្រឹះស្ថានអាជីវកម្ម។ តាមលោកបណ្ឌិត ផាម មិញក្វឹន (Pham Minh Quan) គ្រូបង្រៀននៃមហាវិទ្យាល័យវិទ្យាសាស្ត្រអន្តរវិស័យ និងសិល្បៈ នៃសាកលវិទ្យាល័យជាតិហាណូយ (Ha Noi) នេះគឺជាប្រព័ន្ធនៃសកម្មភាពវប្បធម៌ កម្សាន្ត លំហែកាយ ទទួលទាន ទិញទំនិញ និងទេសចរណ៍ ដែលប្រព្រឹត្តទៅ ចាប់ពីម៉ោង១៨ និង ០០នាទី ល្ងាចថ្ងៃមុន រហូតដល់ម៉ោង ៦ និង ០០នាទី ព្រឹកថ្ងៃបន្ទាប់។
សម្រាប់ទីក្រុងហាណូយ ប្រភពធនធាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចពេលរាត្រី តែងបានបង្ហាញវត្តមាន ក្នុងជីវភាពរបស់ទីក្រុងទៅហើយ។ តំបន់រាជវាំងបុរាណ ថាំងឡុង (Hoang Thanh Thang Long) តំបន់វិថីបុរាណ មហាវិទ្យាល័យដំបូងគេបង្អស់នៃប្រទេសវៀតណាម វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) កេរដំណែលប្រវត្តិសាស្ត្រពន្ធនាគារ ហ្វ័រឡូ (Hoa Lo) បណ្តាភូមិសិប្បកម្ម រោងមហោស្រព លំហច្នៃប្រឌិត រួមជាមួយប្រព័ន្ធផ្លូវថ្មើរជើង ទីលាន សួនច្បារ និងបឹងទឹក សុទ្ធតែអាចក្លាយជាគោលដៅមកដល់ នាពេលរាត្រី។
ជាពិសេស ទីក្រុងហាណូយមានប្រៀខ្លាំងមួយ ដែលមិនងាយចម្លងបាន៖ បេតិកភណ្ឌនៅតែបង្ហាញវត្តមាន ក្នុងជីវភាពសម័យទំនើប។ តំបន់រាជវាំងបុរាណ ថាំងឡុង (Hoang Thanh Thang Long) ស្ថិតនៅចំកណ្តាលទីក្រុងកំពុងដំណើរការ តំបន់វិថីបុរាណជាលំហបេតិកភណ្ឌផង និងជាកន្លែងដែលប្រជាជនរស់នៅ និងលក់ដូរផង; ភូមិសិប្បកម្មកុលាភាជន៍ បាតត្រាង (Bat Trang) នៅតែបន្តដុតភ្លើងផលិតយ៉ាងសកម្ម ខណៈពេលទទួលភ្ញៀវមកទស្សនា។ អតីតកាលនៅទីនេះ មិនត្រឹមតែត្រូវបានអភិរក្ស ដើម្បីទស្សនា ថែមទាំងបន្តស្ថិតនៅ និងបង្កើតតម្លៃ នាបច្ចុប្បន្ន។
ផលិតផលពេលរាត្រីមួយចំនួន បានបង្កើតឡើង ដូចជា tour រាត្រី នៅតំបន់រាជវាំងបុរាណ ថាំងឡុង (Hoang Thanh Thang Long) កម្មវិធី «រាត្រីពិសិដ្ឋ» នៅពន្ធនាគារ ហ្វ័រឡូ (Hoa Lo) សកម្មភាពទទួលបទពិសោធន៍ នៅ វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) និងតំបន់ផ្លូវថ្មើរជើងជុំវិញបឹង ហ្វ័នគៀម (Hoan Kiem)។
ម្ហូបអាហារក៏ជាប្រភពធនធានធំមួយ។ បច្ចុប្បន្ន ទីក្រុងហាណូយមានគ្រឹះស្ថានអាជីវកម្មម្ហូបអាហារប្រមាណ ១៥.០០០ ដល់ ១៨.០០០ កន្លែង ដែលក្នុងនោះប្រហែល ៣៥-៤០% នៅតែបើកលក់ បន្ទាប់ពីម៉ោង ២០:០០នាទី។ ជាមួយគ្នានោះ គឺប្រព័ន្ធរោងមហោស្រព រោងកុន លំហសិល្បៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្សាន្តផ្សេងៗ។ ប្រសិនបើបានតភ្ជាប់គ្នា ប្រភពធនធានទាំងនេះ អាចបង្កើតបានជាបណ្តាញឆ្លងបទពិសោធន៍ ជំនួសឱ្យសកម្មភាពដោយឡែកពីគ្នា។
ទីផ្សារទេសចរណ៍រឹតតែបង្កើនលទ្ធភាពរីកចម្រើន។ ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៦ ទីក្រុងហាណូយបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៤,៥ លានលើកនាក់ កើនឡើង ១១,៧% ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការផ្លាស់ប្តូរផ្នែកខ្លះនៃតម្រូវការរបស់ភ្ញៀវទេសចរ និងប្រជាជនទីក្រុង ទៅជាបទពិសោធន៍ ការទិញទំនិញ ម្ហូបអាហារ និងការកម្សាន្ត ពេលរាត្រី នឹងបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច។
* គំរូមួយពេញលេញដោយអត្តសញ្ញាណទីក្រុងហាណូយ
ចំណុចសំខាន់សម្រាប់ទីក្រុងហាណូយ គឺមិនមែនចម្លងគំរូសេដ្ឋកិច្ចពេលរាត្រី ដែលទទួលបានជោគជ័យពីទីក្រុងផ្សេង។ លោកស្រីបណ្ឌិត ង្វៀន ធូ ធុយ (Nguyen Thu Thuy) ប្រធានដេប៉ាតឺម៉ង់សិល្បៈ និងរចនា សាកលវិទ្យាល័យជាតិហាណូយ បានចាត់ទុកថា រដ្ឋធានីត្រូវកំណត់ច្បាស់នូវលក្ខណៈពិសេសរបស់ខ្លួន ក្នុងនោះកិត្តិនាមទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO ជាប្រៀបខ្លាំងមួយ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចពេលរាត្រី តាមទិសដៅច្នៃប្រឌិត វប្បធម៌ កម្សាន្ត និងពិសោធ។
យោងតាមលោកបណ្ឌិត ប៊ុយ វ៉ាន់ ទួន (Bui Van Tuan) អនុប្រធាន វិទ្យាស្ថានហាណូយ និងបណ្តុះបណ្តាលអន្តរជាតិនៃ សាកលវិទ្យាល័យរដ្ឋធានីហាណូយ ទីក្រុងហាណូយនៅតែមានឱកាសច្រើន ដើម្បីបង្កើតបណ្តាញបទពិសោធន៍ពេលរាត្រី ការតភ្ជាប់ម្ហូបអាហារ សិល្បៈ ទិញទំនិញ កម្សាន្តជាមួយនឹងលំហវប្បធម៌ និងទេសភាពទីក្រុង។ នេះគឺជាឱកាសទាំងអូសបន្លាយបទពិសោធន៍របស់ភ្ញៀវទេសចរ ព្រមទាំងទាញយកផលប្រយោជន៍កាន់តែមានប្រសិទ្ធភាពជាង បណ្ដាប្រភពធនធានវប្បធម៌ និងសេវាកម្មដែលមានស្រាប់ក្នុងទីក្រុង។
ទីក្រុងហាណូយអភិវឌ្ឍផលិតផលច្រើនស្រទាប់៖ បេតិកភណ្ឌរួមផ្សំជាមួយការសម្តែង ម្ហូបអាហារភ្ជាប់ជាមួយសិល្បៈ ការទិញទំនិញរួមផ្សំជាមួយបទពិសោធន៍ លំហសាធារណៈភ្ជាប់ជាមួយសេវាកម្មឌីជីថល។ tour មួយ នាពេលរាត្រី នៅ តំបន់ ហ្វ័ងថាញថាំងឡុង (Hoang Thanh Thang Long) ប្រសិនបើបានរចនាសមហេតុសមផល អាចជួយឱ្យបេតិកភណ្ឌកាន់តែជិតស្និទ្ធនឹងសាធារណជនផង និងបង្កើតបន្ថែមធនធានអភិរក្សផង។
ថ្មីៗនេះ ទីក្រុងហាណូយ បានប្រកាសសេចក្តីសម្រេចលេខ 34/2026/NQ-HĐND ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចពេលរាត្រី និងបានអនុម័តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចពេលរាត្រី ក្នុងដំណាក់កាល ២០២៦ - ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥។ នេះគឺជាគ្រឹះមូលដ្ឋាន សម្រាប់ទីក្រុងរៀបចំលំហឡើងវិញ កែលម្អយន្តការគ្រប់គ្រង និងប្រើប្រាស់ដោយប្រសិទ្ធភាពជាងមុននូវធនធានដែលមានស្រាប់។
ទីក្រុងហាណូយមិនចាំបាច់ក្លាយជា "ទីក្រុងមិនដេក" ឡើយ។ តម្លៃពិសេសរបស់រដ្ឋធានី អាចស្ថិតនៅក្នុងប្រការផ្សេង៖ ខណៈពេលស្បៃរាត្រីគ្រប់ដណ្ដប់ បណ្ដាបេតិកភណ្ឌ ម្ហូបអាហារ ភូមិសិប្បកម្ម ឆាកសម្តែង និងរឿងរ៉ាវវប្បធម៌ ដែលធ្លាប់ជាផ្នែកមួយនៃជីវភាពទីក្រុងហាណូយ បានបើកចេញតាមរបៀបថ្មី។ ខណៈនោះ សេដ្ឋកិច្ចពេលរាត្រី មិនត្រឹមតែបង្កើតចំណូលបន្ថែម ការងារធ្វើ ឬពេលវេលាប្រើប្រាស់ប៉ុណ្ណោះ ប៉ុន្តែថែមទាំងក្លាយជាវិធីសាស្ត្រមួយ ដើម្បីទីក្រុងហាណូយនិទានអំពីរឿងពាន់ឆ្នាំរបស់ខ្លួនជាមួយពិភពលោកទៀតផង៕
អត្ថបទ៖ ហ្វង ទ្វេ ញី - រូបថត៖ VNA















