រចនាសម្ពន្ធគមនាគមន៍ - “ជំហានរបកគំហើញ” ដើម្បីទីក្រុងហូជីមិញ ឈានចូលយុគសម័យ

រចនាសម្ពន្ធគមនាគមន៍ - “ជំហានរបកគំហើញ” ដើម្បីទីក្រុងហូជីមិញ ឈានចូលយុគសម័យ


ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍​របស់ទីក្រុងហូជីមិញ ក្រោយឆ្នាំ១៩៧៥ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង បំពេញ​តម្រូវ​ការ​ដឹក​ជញ្ជូន ​មិន​ត្រឹម​តែ​ក្នុងទីក្រុង​ប៉ុណ្ណោះ ថែម​ទាំង​ជាតំបន់​សេដ្ឋកិច្ចសំខាន់នៃភាគខាងត្បូង ក្នុង​ដំណើរការ​អភិវឌ្ឍ និង​សមាហរណកម្ម ​ផងដែរ។ ក្នុងនោះ អាច​រៀប​រាប់​​សំណង់​សំខាន់ៗ មួយចំនួន ដូចជា​ ផ្លូវ​រូង​ក្រោម​ដីធូធីម (Thu Thiem) មហាវិថី ម៉ាយ​ ជីថ័រ (Mai Chi Tho) ផ្លូវផាម វ៉ាន់​ដុង (Pham Van Dong) ផ្លូវវ៉ វ៉ាន់គៀត​ (Vo Van Kiet) ផ្លូវល្បឿនលឿន​សាយ​ស្គន - ទ្រុង​ឡឿង​ (Sai gon - Trung Luong) ផ្លូវល្បឿនលឿនឡុង​ថាញ​ - យូវ​យៃ (Long Thanh - Dau Giay)។ល។​

លោក​អគ្គលេខាបក្ស ​តូ​ឡឹម (To Lam) ​ជិះ​រថភ្លើងមេត្រូ​​លេខ ​១ ​បេនថាញ​-​សួយតៀន​ (Ben Thanh – Suoi Tien) ​និង​និយាយ សំណេះសំណាល​ជាមួយ​ប្រជាជន។ រូបថត៖ ថុងញ៉ឹត/ VNA 

ខ្សែ​រថភ្លើងមេត្រូ​​លេខ​១ ​ដាក់ឱ្យ​​ដំណើរការ​បង្កើត​ជម្រើស​ធ្វើ​ដំណើរ​បន្ថែម​ទៀត ​សម្រាប់​ប្រជាជន​ទីក្រុង។ រូបថត៖ ថុងហាយ/ VNP

ជាពិសេស ផ្លូវរថភ្លើងមេត្រូលេខ​១ (បេន​ថាញ - សួយ​តៀន) (Ben Thanh - Suoi Tien) ទើប​បាន​ដាក់ឲ្យ​ដំណើរការ​នៅដើមខែមីនា ឆ្នាំ២០២៥​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ជំហាន​ដ៏ធំមួយ នៅ​ក្នុងគមនាគមន៍​​ដឹកជញ្ជូនទំនើប នៃ​ទីក្រុង។

លោក ង្វៀន​ វ៉ាន់ដឿក (Nguyen Van Duoc) ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ បាន​សង្កត់ធ្ងន់​ថា នេះ​ជា​គម្រោង​គមនាគមន៍​ទំនើប មាន​សារៈសំខាន់​ ចំពោះការអភិវឌ្ឍ​សេដ្ឋកិច្ច -សង្គមនៃមូលដ្ឋាន  បើក​ឱកាសថ្មី​សម្រាប់​​ការអភិវឌ្ឍ​ទីក្រុង ប្រកបដោយចីរភាព។

ថ្នាក់​ដឹក​នាំ​ទីក្រុង​បាន​សង្កត់ធ្ងន់​ថា "ព្រឹត្តិការណ៍​ដាក់ឲ្យ​ដំណើរការ​ផ្លូវ​​រថភ្លើងមេត្រូ​លេខ ១ គឺ​ជាការ​ចាប់​ផ្តើម​នៃកម្មវិធី​ថ្មី​ លើ​ដំណើរ​ការអភិវឌ្ឍ​គមនាគមន៍​ដឹកជញ្ជូន​​ទំនើប នៃ​ទីក្រុង​ហូជីមិញ"។

ខ្សែ​រថភ្លើង​មេត្រូ​​ដំបូង​របស់​ទីក្រុង​ហូជីមិញ​ គ្រោងនឹង​​បម្រើ​ភ្ញៀវ​ប្រមាណ​ ៤០.០០០​លើក​នាក់ ​​ក្នុង​​មួយ​ថ្ងៃ។​ រូបថត៖ ង្វៀន​ឡឹន ​/ VNP

ភ្ញៀវ​ទេសចរ​តម្រង់​ជួរ​ ដើម្បី​ជិះ​សាកល្បង​ខ្សែ​រថភ្លើងមេត្រូ​លេខ​១។
រូបថត៖ ង្វៀន​ឡឹន ​/
 VNP

មិន​ត្រឹម​​តែ​​ជា​​គម្រោង​ ដែលមានលក្ខណៈ​ជា​និមិត្តរូប​ ​នៃ​​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​​​​ប៉ុណ្ណោះ​ទេ ផ្លូវ​​រថភ្លើងមេត្រូ​លេខ ១​ នៅ​​បាន​គេ​ចាត់​ទុក​​ជា​គ្រឹះធា​​ដ៏​សំខាន់​សម្រាប់​​​ទីក្រុង​​ហូជីមិញ ជំរុញទេសចរណ៍បៃតង​ប្រកបដោយនិរន្តរភាព តភ្ជាប់​នឹង​​​តំបន់​​វប្បធម៌ ប្រវត្តិសាស្ត្រ និងកម្សាន្តពិសេស​នៃ​ទីក្រុង។

លោកស្រី ង្វៀន​ ធី​អាញ​ហ្វ័រ (Nguyen Thi Anh Hoa) នាយក​មន្ទីរ​ទេសចរណ៍​ទីក្រុង​ហូជីមិញ រៀបរាប់ថា ​ផ្លូវ​រថភ្លើង​មេត្រូលេខ​១ ទៅ​អនាគត​ជា​គម្នាស់ សម្រាប់​កា​រ​អភិវឌ្ឍ​វិស័យ​​ទេសចរណ៍​ទីក្រុង។ តាម​រយៈ​ការតភ្ជាប់​ដ៏​ងាយ​ស្រួល ភ្ញៀវទេសចរ​អាចចូលទៅកាន់​តំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និង​កម្សាន្ត​បាន​ដោយ​​​ងាយ ផ្តល់នូវការធ្វើដំណើរពេញលេញ​ សម្រាប់ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

បើ​តាម​​មន្ទីរ​ទេសចរណ៍​​ទីក្រុង​ហូជីមិញ ផ្លូវ​រថភ្លើង​មេត្រូលេខ​១នេះ ​តភ្ជាប់​មជ្ឈមណ្ឌល​ និងតំបន់ភាគខាង​កើត​ទី​ក្រុង តាម​រយៈនោះ​ នាំ​ភ្ញៀវទេសចរ​ខិត​ជិត​ជាង​ អាសយដ្ឋាន​​ទាក់ទាញល្បីៗជាច្រើន ដោយ​ពេល​វេលា​ធ្វើ​ដំណើរ​ឆាប់រហ័ស​ និង​​​ប្រាក់ចំណាយ​​ទាប​​សន្សំសំចៃ​​ រួមជាមួយ​បទពិសោធន៍​សម្បុរបែប​ជា​ច្រើ​ន។ ឧទាហរណ៍ ពីស្ថានីយ៍បេនថាញ​ (Ben Thanh) (ខណ្ឌទី១) ដែល​ស្ថិត​នៅ​ចំកណ្តាល​ទីក្រុង ក៏ជា​ច្រកផ្លូវ​ដ៏ល្អមួយសម្រាប់​ភ្ញៀវទេសចរ​អាចទៅស្វែងយល់​សំណង់​ និមិត្តសញ្ញាជាច្រើន​នៃ​ទីក្រុង ដូច​ជាផ្សារបេន​ថាញ​ (Ben Thanh) រោង​មហោស្រព​ទីក្រុង ទីស្តីការ​ក្រុមប្រឹក្សា​ប្រជាជន - ​គណៈ កម្មាធិការ​ប្រជាជន​ទីក្រុង​ ផ្លូវថ្មើរ​ជើង ​ង្វៀន​ហ្វេ (Nguyen Hue) សារមន្ទីរ​វិចិត្រសិល្បៈ​។ល ។​​ 

ផ្លូវ ​វ៉ វ៉ាន់គៀត ​(Vo Van Kiet) ជា​ផ្លូវ​សំខាន់មួy ដែល​តភ្ជាប់​ទៅនឹង​តំបន់ តៃណាមបូ ភាគខាងលិចនៃតំបន់ ណាមបូ (Nam Bo)នៃប្រទេស​វៀតណាម​។ រូបថត៖ ថុងហាយ/ VNP

ផ្លូវ​រថភ្លើងមេត្រូបេនថាញ - សួយ​តៀន (Ben Thanh - Suoi Tien) ក៏មានការ​តភ្ជាប់​តំបន់​ទេសចរណ៍​ជាច្រើននៅលើភូមិសាស្រ្ត​ រួមមាន​មណ្ឌល​ទេសចរណ៍​វប្បធម៌ សួយ​តៀន (Suoi Tien)​។ ប្រាសាទរំលឹក​ស្តេចហ៊ុង​ (Hung)​ និងទីសក្ការៈបូជា​មន្រ្តី​មេទ័ព ង្វៀន ហូវកាញ​ (Nguyen Huu Canhជាសំណង់វប្បធម៌ - ប្រវត្តិសាស្ត្រ​ដ៏​លេច​​ធ្លោទាំងពី​រ នៅទីក្រុងធូឌឹក (Thu Duc) (ស្ថិតនៅ​​ក្នុង​ឧទ្យាន​ប្រវត្តិ​វប្បធម៌​ប្រជា​ជាតិ​) ជាអាសយដ្ឋាន​ទស្សនា​ មិនអាច​បង់​រំលង​ ពេលមក​ស្វែង​យល់ភាគ​ខាង​ត្បូងនៃប្រទេស​វៀតណាម​។

ផ្តើម​ពីភាព​ជោគជ័យ​ដំបូងនៃផ្លូវ​រថភ្លើង​មេត្រូលេ ខ​១ បណ្តាញមេត្រូ​នៃទីក្រុង​កំពុង​​បាន​​ស្រាវ​ជ្រាវ​​សិក្សា​ និង​ពង្រីក​ផ្លូវ​រថភ្លើង​មេត្រូ​ឡើង​ដល់ ​១០ ​ខ្សែ ដោយ​មាន​ប្រវែង ៥១០ ​គីឡូម៉ែត្រ វែងជាងផែនការចាស់​ពីរ​​ដង ​បំពេញ​តម្រូវសេវា​ដឹកជញ្ជូន​​សាធារណៈ ៥០ - ៦០%។ 

ទន្ទឹម​នឹង​ផ្លូវ​​រថភ្លើងមេត្រូ​ បណ្តាញ​ផ្លូវ​រថ​ភ្លើង​ជាតិ​ ឆ្លងកាត់​​ទីក្រុង​ហូជីមិញ ក៏ត្រូវ​បានរៀបចំផែនការ និងធ្វើ​ឱ្យប្រសើរ​ឡើង​  ដើម្បី​ធានា​ការ​តភ្ជាប់​ជាមួយ​តំបន់​សេដ្ឋកិច្ច​សំខាន់​ នៃភាគខាងត្បូងនសប្រទេសវៀតណាម​។ តាមរយៈ​នោះ ផ្លូវរថភ្លើង​ហាណូយ - ទីក្រុង​ហូជីមិញ  (Ha Noi – Ho Chi Minh) នឹងបាន​ពង្រីក​ជា​ផ្លូវ​ភ្លោះ​ ទំហំ​ខ្នាត ១.៤៣៥ ម៉ែត្រ​។​ កំណាត់​ផ្លូវ​ខ្លះ​​ក៏បានរៀបចំ​ឱ្យរថភ្លើង​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​មជ្ឈមណ្ឌល​ ឬធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង ដោយ​មាន​លក្ខណៈ​​ដឹកជញ្ជូភ្ញៀវក្នុងទីក្រុងតែ​ប៉ុណ្ណោះ​។

លើសពីនេះ ទីក្រុងនឹងបង្កើតផ្លូវរថភ្លើងថ្មីចំនួន ៦ ខ្សែ តភ្ជាប់តំបន់ និងមណ្ឌល ​រួម​មាន៖​ ផ្លូវ​រថភ្លើង​ល្បឿនលឿន នៅលើអ័ក្សខាងជើងទៅ​​ខាងត្បូងប្រទេស​ ផ្លូវ​រថភ្លើង​​ទីក្រុង​ហូជីមិញ - កឹន​ធើ​ (Can Tho) (តភ្ជាប់​បណ្តា​ខេត្តនៅ​វាលទំនាប​ទន្លេ​គឺឡុង​) ផ្លូវទីក្រុង​ហូជីមិញ - តីនិញ (Tay Ninh) (បើកឱកាសតភ្ជាប់ពាណិជ្ជកម្ម​អន្តរជាតិ) ផ្លូវរថភ្លើង ធូធីម - ឡុង​ថាញ (Thu Thiem - Long Thanh) (តភ្ជាប់​ជាមួយ​អាកាស​យានដ្ឋាន​អន្តរជាតិឡុងថាញ​​) ផ្លូវរថភ្លើងទីក្រុងហូជីមិញ - ឡុកនិញ (Loc Ninh) (តភ្ជាប់​ប្រទេសកម្ពុជា រួមចំណែក​អភិវឌ្ឍ​ប្រព័ន្ធផ្លូវរថភ្លើង​អន្តរ​​ទ្វីបអាស៊ី) ផ្លូវ​រថភ្លើង​ឯកទេស​​តភ្ជាប់​កំពង់ផែហ៊ីប​ផឿក​ (Hiep Phuoc) ស្រុកញ៉ា​ប៊ែ (Nha Be)​។


ឆ្នាំ២០២៥ ត្រូវបានកំណត់ថា ជាឆ្នាំគន្លឹះសំខាន់ សម្រាប់ទីក្រុង​ហូជីមិញ បើក​ផ្លូវ​ច្រក​​សំខាន់ៗ។ ទីក្រុង​រំពឹងថា នឹង​ចាប់ផ្តើម​សាងសង់​នូវគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និងផ្លូវគមនាគមន៍​សំខាន់ៗ ជាច្រើន ដែល​តភ្ជាប់​ជាមួយ​ខេត្ត និងក្រុងផ្សេងទៀត នៅក្នុង​តំបន់​សេដ្ឋកិច្ច​សំខាន់​នៃ​ភាគខាង​ត្បូងនៃប្រទេស​វៀត​ណាម​។

 

ស្ពាន បាសន (Ba Son) បាន​កសាងដែល បានផ្លាស់ប្តូររូបរាងនៃខណ្ឌទី ១ ទីក្រុង ធូដឹក (Thu Duc)   ដោយកាត់បន្ថយចម្ងាយធ្វើដំណើររវាងទីក្រុង ធូដឹក (Thu Duc)  និងកណ្តាលទីក្រុងហូជីមិញ។ រូបថត៖ ឡេលីញ​​ ​

ទីក្រុងហូជីមិញ កំណត់​សាងសង់គម្រោងសំខាន់ៗចំនួន​៧០។ ក្នុង​នោះ ​មាន​គម្រោងសំណង់​គំរូ​ជា​ច្រើន ​​​ដូច​ជា៖ ផ្លូវល្បឿន​លឿន​​​ក្រុង​ហូជីមិញ - ម៉ុកបៃ (Moc Bai) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី ៣ ផ្លូវក្រវាត់ក្រុងទី៤ ស្ពាន កឹន​យើ​ (Can Gio)​ ស្ពានធូធីម (Thu Thiem) ទី៤ ស្ពានដុងណាយ​ (Dong Nai) ទី២ ស្ពានភូមី​ (Phu My) ទី២។ល។​

ក្នុងនោះ​ គម្រោងផ្លូវក្រវាត់ក្រុង​ទី៣ តភ្ជាប់តំបន់​ក្រុងរណប កាត់​បន្ថយ​សម្ពាធ​ចរាចរណ៍​ទីក្រុង។ ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - ឡុងថាញ - យ៉ូវ​យ៉ី ផ្លូវល្បឿនលឿនទីក្រុង​ហូជីមិញ - (ម៉ុក​បៃ) Moc Bai និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ទី​ក្រុង​ហូជីមិញ - ញ៉ាត្រាង (Nha Trang)  កំពុង​ត្រូវ​បាន​ពន្លឿន​ ដើម្បី​កែលម្អ​ការ​តភ្ជាប់​អន្តរ​តំបន់។ ផ្លូវ​គមនាគមន៍​ដឹកជញ្ជូន​ទាំងនេះ មិន​ត្រឹម​តែ​កាត់​បន្ថយ​ពេល​វេលា​ធ្វើដំណើរ​ប៉ុណ្ណោះ ថែមទាំង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ទាក់ទាញ​ការ​វិនិយោគ និង​ពង្រីកពាណិជ្ជកម្ម រវាងទីក្រុង​ហូជីមិញ និងខេត្តជិតខាងទៀតផង។ 

ក៏​តាម​លោក លឿង​ មិញ​ភុក​ (Luong Minh Phuc)​ នាយកគណៈកម្មការគ្រប់គ្រងនៃគម្រោង​​វិនិយោគ​​សំណង់​គមនាគមន៍​​​ទីក្រុង​​ហូជីមិញ (គណៈ​ចរាចរណ៍) បានឱ្យ​ដឹង​ថា ឆ្នាំ​២០២៥ ត្រូវបាន​កំណត់ថា ជាឆ្នាំនៃគម្រោង​តភ្ជាប់​អន្តរតំបន់។ ដូច្នោះ គម្រោង​ជាបន្តបន្ទាប់នឹងត្រូវបាន​ធ្វើ​សម្រេច​ ដាក់​ឱ្យដំណើរ​ការ ដូចជា​កែលម្អគម្រោងទាំងមូល ពង្រីកផ្លូវជាតិលេខ៥០ ដើម្បី​ជួយ​តភ្ជាប់​ទីក្រុង​ហូជីមិញ ជាមួយ​ខេត្ត​តៀន​យ៉ាង​ (Tien Giang)។ គម្រោងផ្លូវ​ប្រសព្វ​ អាន​ភូ (An Phu) នឹង​បើកលំហូរ​ច្រកទ្វារខាងកើត តភ្ជាប់ផ្លូវល្បឿនលឿន​ទីក្រុងហូជីមិញ​ - ឡុង​ថាញ (Long Thanh) នឹង​អាកាសយានដ្ឋាន​​ឡុងថាញ (Long Thanh) ។ល។

គេរំពឹងថា "ផ្លូវប្រសព្វអានភូ (An Phu) នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ចរាចរណ៍នៅភាគខាងកើតនៃទីក្រុងហូជីមិញ នៅពេលដែលវាត្រូវបានសម្រេច​ការកសាង ។ រូបថត៖ ឡេលីញ​​

កម្មករ​កំពុង​ធ្វើ​ការ​បន្ថែម​ម៉ោង ​ធ្វើទាំងយប់ទាំងថ្ងៃ ​ដើម្បី​បញ្ចប់​ការសាងសង់​​តាម​ផែនការ។ រូបថត៖ ឡេលីញ​

លើសពីនេះ គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ ​៥០ ក៏​មាន​តួនាទី​សំខាន់​ដូចគ្នា​ដែរ​។ ការ​​កែលម្អ​​ផ្លូវនេះ នឹង​ធ្វើឱ្យ​សមត្ថភាពដឹកជញ្ជូន​ តភ្ជាប់ រវាងទីក្រុង​ហូជីមិញ ជាមួយតំបន់ដីសណ្តទន្លេ គឺវឡុង (Cuu Long) ​បាន​ប្រសើរ​ឡើង​។ គម្រោងនេះ​ នឹងជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច - សង្គម​នៃតំបន់ដីសណ្តទន្លេ ​គឺវឡុង (Cuu Long)  ​ទាំងមូល ព្រមទាំង​រួមចំណែក​កាត់បន្ថយការកក​ស្ទះ​ចរាចរណ៍ផងដែរ។

ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - ម៉ុកបៃ (Moc Bai) នឹង​តភ្ជាប់​​ជាមួយ​ខេត្តតីនិញ (Tay Ninh) ​ព្រមទាំង​បើក​ទូលាយ​ពាណិជ្ជកម្មជាមួយប្រទេស​កម្ពុជាទៀត​។ នេះ​ជា​គម្រោងដែល​មានលក្ខណៈ​​យុទ្ធសាស្ត្រ ​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នៅ​​តាម​តំបន់​ព្រំដែន និង​បង្កើត​អ័ក្ស​គមនាគមន៍​​​អន្តរជាតិ​​ដ៏​សំខាន់។

ទន្ទឹមនោះ​ ផ្លូវក្រវាត់ក្រុងលេខ ​៤ នឹង​បន្ថែម​ច្រក​របៀង​គមនាគមន៍​​ដ៏​សំខាន់​មួយ តភ្ជាប់​នឹង​ទីក្រុង​​ហូជីមិញ ជាមួយ​ខេត្តជិត​ខាង ដូចជាខេត្ត​ឡុង​អាន​ (Long An), ខេត្ត​ប៊ិញ​យឿង (Binh Duong) ខេត្ត​ដុង​ណាយ (Dong Nai) និង ខេត្ត​បារៀ - វូងតាវ (Ba Ria - Vung Tau)។​ ផ្លូវមួយ​នេះ​នឹង​កាត់​បន្ថយ​ការ​ផ្ទុក​យ៉ាង​ច្រើន​សម្រាប់​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ ជួយ​សម្រួល​ចរាចរទំនិញ និងអ្នក​ដំណើរ មានភាព​ងាយស្រួល ម្យ៉ាង​ទៀតនឹងបង្កើន​ការ​តភ្ជាប់​តំបន់​ រវាង​ទីក្រុង​ហូជីមិញ និង ភាគខាងកើតនៃ​ភូមិភាគខាងត្បូង​ (ដុង​ណាមបូ)។

ផ្លូវថ្នល់នៅកណ្តាលទីក្រុងជាច្រើន កំពុង​ត្រូវបានកែលម្អឱ្យកាន់តែទំនើប និងធំទូលាយ។ រូបថត៖ ថុងហាយ / VNP

គម្រោង​គមនាគមន៍​ដឹកជញ្ជូន​សំខាន់​ៗ​ទាំង​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ដ៏ធំធេង​  ​មិនត្រឹមតែ​ពង្រឹងការ​តភ្ជាប់​​រវាង​​ទីក្រុងហូជីមិញ នឹង តំបន់ជិតខាង​ប៉ុណ្ណោះ​ នៅទាំង​ជំរុញ​ការអភិវឌ្ឍវិស័យ​​ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ផងដែរ។ ទន្ទឹមនឹង​នោះ នឹង​ចូល​រួម​ចំណែក​ដល់​ការ​លើកកម្ពស់​គុណភាពជីវភាព​​​ប្រជាជន បង្កើត​រូបរាងថ្មី​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​ក្រុង ព្រមទាំង​ជំរុញ​ទីក្រុង​ហូជីមិញ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​​ នាពេល​អនាគត៕​

អត្ថបទ៖ ថុ​ងហាយ រូបថត៖ ង្វៀន​ឡឹន​ - ថុងហាយ​ និង ឯកសារ​

ប្រែសម្រួលដោយរីកើង


Top