មកដាណាំងសាកអារម្មណ៍រន្ធត់ជាមួយល្បែងឆត្រយោង

មកដាណាំងសាកអារម្មណ៍រន្ធត់ជាមួយល្បែងឆត្រយោង

ប្រសិនបើ ​អ្នកធ្លាប់​សាកល្បង​ជាមួយ​មុខកីឡា​ជា​ច្រើន ​ដែល​មាន​លក្ខណៈ​គ្រោះ​ថ្នាក់​ ប៉ុន្តែ​មិនទាន់អស់ពីចិត្តនូវ​អារម្មណ៍​ដែល​ខ្លួនចង់ទទួលបាន​​ ដូចនេះ​ចូរ​អ្នក​ទៅ​កាន់​ទីក្រុង​ដាណាំង​ស្វែងយល់​ភ្លាមចុះ​ ល្បែង​​លោត​ឆត្រ​យោង​លើ​ឧបទ្វីប​កោះ​សឺន​ត្រា​ (Son Tra) ដើម្បី​គយ​គន់​ផ្ទៃមេឃ​ ផ្ទៃ​ទឹក​ ព្រៃភ្នំ​មហិមា សមុទ្រ​បៃតង​ ខ្សាច់​ស ពន្លឺ​ថ្ងៃ​ពណ៌មាស​ ទិដ្ឋភាព​ទូក​នាវា​ និង​ដ​ងផ្លូវ​ស្រស់ស្អាត កំពុង​រង់​ចំាំ​អ្នក​។​

ក្រុមហោះ​ឆត្រ​យោងវៀតណាម​ និង​ ឡាវ ​​ហោះ​សម្តែ​ង​នៅលើ​លំហអាកាស​ទីក្រុង​ដាណាំង​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ឆត្រ​យោង​ (មាន​ម៉ាស៊ីន​ និងគ្មាន​ម៉ាស៊ីន​) ជា​មុខ​កីឡា​គ្រោះថ្នាក់ ​តែង​នាំមក​អារម្មណ​រន្ធត់ក្តុកក្តួរ​ ផុតភ័យ​ ប៉ុន្តែពោរពេញទៅ​​​ដោយ​អារម្មណ៍​រំភើប​ចំពោះអ្នកលេង​។ ចំពោះ​នរណា​ដែល​ចូល​រួម​សាក​លើកដំបូង ក្រោយ​ពេល​ឆ្លង​កាត់​ព្រំដែន​​កំណត់​របស់​ខ្លួន​ អ្នកនឹង​យកជំនះបាន​លំហអាកាស​ដ៏ធំល្វឹង​ល្វើយ​ គយ​គន់​ពិភព​​ជុំវិញ​ ពី​ទីកម្ពស់​ហូស​ប្រមាណ​ ព្រម​ជាមួយ​អារម្មណ៍​ស្រើប​ស្រាល​ ខុសប្លែក​ទាំង​ស្រុង ​បើប្រៀប​នឹង​ការ​គយ​គន់​សំឡឹង​តាម​បង្អួច​តូច​នៃ​យន្តហោះ​មួយគ្រឿង​​។​

ហោះ​ហើរ​លើ​លំហ​សមុទ្រ​ទីក្រុង​ដាណាំង​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

ពី​ឧបទ្វីបកោះ​​សឺន​ត្រា​ (Son Tra) នៅ​កម្ពស់​ជិត​៧០០ម៉ែត្រ​ បើ​ប្រៀប​នឹង​កម្រិត​ទឹក​សមុទ្រ​ ក្នុង​លក្ខណៈ​ខ្យល់​​អាកាសធាតុ​អំណោយ​ផល អ្នក​នឹង​ហោះ​ដោយ​ឆត្រ​យោង​គ្មាន​ម៉ាស៊ីន​ ​ឆ្វៀលឆ្វាត់​នៅលើ​លំហ​អាកាស​ ដើម្បី​អាច​ឃើញបាន​​ទីក្រុង​ដាណាំមួយ​យ៉ាងប្លែក​។ ខាងក្រោមឆត្រ​​ហោះហើរ​ លេច​ធ្លោ​ដោយ​ព្រំ​ព្រៃ​បៃតង​លោតរលក​ អោប​ខ្នង​ភ្នំខ្ពស់​ នៃ​ឧបទ្វីប​កោះសឺន​ត្រា​ (Son Tra) ខាងក្រោម​បន្តិច​ គឺ​វត្ត​ឡិញ​អ៊ឺង​ (Linh Ung) មានបដិមាពោធិសត្វ​ បែ​រព្រះភត្រ​ទៅ​ទិស​សមុទ្រ​ ខាងក្រោម​ទៀត​ជា​ឆ្នេរ​សមុទ្រ​ម៉ឹន​ថៃ (Man Thai) ឆ្នេរសមុទ្រ​មីខេ (My Khe) ជាមួយ​ទូក​នេសាទ​ពោរពេញ​ទៅ​ដោយ​ពណ៌សម្បុរ​ ផ្លូវខ្នាន់ខ្នាប់​ រួម​នឹង​ទិដ្ឋភាព​ខ្នង​ភ្នំ​ហាយ​វឹន​ (Hai Van) កោះ​គូឡាវ​ចាម (Cu Lao Cham) ដ៏មហិមា​ពីចម្ងាយ​។​

ឆ្នេរ​សមុទ្រ​ទីក្រុង​ដាណាំ​ ជា​ទីកន្លែង​ប្រពៃ សម្រាប់​សកម្មភាព​ហោះ​ឆត្រ​យោង​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ហេតុដែល​ជ្រើសរើស​ឧបទ្វីប​កោះ​សឺន​ត្រា​ (Son Tra) ដើម្បី​ហោះឆត្រ​យោង​ ដោយសារ​​​ទី​នេះមាន​កម្ពស់​ជិត​៧០០ម៉ែត្រ​ បើប្រៀប​នឹង​កម្រិត​ទឹក​សមុទ្រ​ អាកាសធាតុ​ល្អ​ ជាពិសេស​ទៀតគឺ​មាន​ខ្យល់​ច្រើន​ ងាយ​ស្រួល​សម្រាប់​អាកាសយានិក​ហោះ​ហើរ​ លើសពីនោះទៀត​ខាងក្រោមគឺ​មាន​ឆ្នេរ​ចត់​​ម៉ឺន​ថៃ (Man Thai) មី​ខេ (My Khe) សុវត្ថិភាព​ រាបស្មើ ទំហំទេសភាព​ហោះហើរ​ស្រស់ស្អាតផង​​។ ហេតុនេះ កោះ​សឺន​ត្រា (Son Tra) ​ជា​ទីតាំង​ប្រសើរ​សម្រាប់​ហោះ​ឆត្រ​យោង​។​

ក្រៅ​ពី​ការ​ហោះ​ឆត្រ​យោង​គ្មាន​ម៉ាស៊ីន​ នៅ​​លើឧបទ្វីបកោះ​សឺន​ត្រា​ (Son Tra) អ្នក​ក៏អាច​សាកកម្លាំង​ជាមួយ​ប្រភេទ​ឆត្រ​យោង​មាន​ម៉ាស៊ីន​ហោះពី​ឆ្នេរ​សមុទ្រ​ម៉ឺន​ថៃ ដែល​នៅត្រង់​​ក្រោម​ជើង​​ឧបទ្វីប​មិនឆ្ងាយ​នោះ ក៏ទទួលបាន​​អាម្មរណ៍​មិនចាញ់ប្រៀប​​ផង​ដែរ​។ ឆត្រយោង​មានម៉ាស៊ីន​រោទិ៍​ បង្កើន​ល្បឿន​រត់​យក​កម្លាំង​ផ្លោះ​នៅលើឆ្នេរ​ខ្សាច់​​រាបស្មើ នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​បៃតង​ ស្លាបឆត្រ​បើក​សំកាំង​​ទទួលខ្យល់​ រួច​​ហោះ​ហើរ​ចេញទៅ​កាន់​លំហសមុទ្រ​។​

ហោះឆត្រ​យោង​គ្មាន​ម៉ាស៊ីន​នៅលើ​កំពូល​ភ្នំ​សឺន​ត្រា​ (Son Tra) ទីតាំង​មានកម្ពស់ជិត​៧០០ម៉ែត្រ​ បើប្រៀប​នឹង​កម្រិត​ទឹកសមុទ្រ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​

ដើម្បី​លេង​បាន​មុខ​កីឡាគ្រោះថ្នាក់នេះ ធម្មតា​មានតែ​អាកាសយានិក ​ដែល​បាន​ហ្វឹក​ហាត់​តាម​ក្បួន​ខ្នាត​។ ក៏ប៉ុន្តែ​ ភ្ញៀវ​ទេសចរដែល​​មិនទាន់​ឆ្លង​កាត់​វគ្គ​ហ្វឹក​ហាត់​ ក៏អាច​សាក​អារម្មណ៍រន្ធត់​​​​នេះបាន ដោយ​​ហោះហើរជា​គូ ​ជាមួយ​​​អាកាសយានិក​ចំណាស់​ៗ។​

ជាមួយភាពប្រៀប​ខាង​​ទីតាំង​​ចុះចត់​ លក្ខណៈ​អាកាសធាតុ​ខ្យល់​អំណោយ​ផល​ ហាក់ដូច​ជា​​អាច​លេង​ពេញ​មួយ​ឆ្នាំ ក្រោម​ទេសភាព​ស្រស់​ស្អាត​។ល។ ទីក្រុង​ដាណាំង​ កំពុង​ក្លាយខ្លួនជា​មជ្ឈមណ្ឌល​ហោះ​ឆត្រ​យោង​​មួយ​ល្បី​ឈ្មោះ​នៅទូទាំង​ប្រទេស​។ រៀង​រាល់ឆ្នាំ ទីក្រុង​តែង​រៀប​ចំ​ការ​ប្រឡង​ហោះ​ឆត្រយោង​ទាក់​ទាញ​ចំនួន​មនុស្សក្នុង​ស្រុកនិង​អន្តរជាតិ​​ចូល​រួម​សម្តែង​កុះករ​។​ ក្រៅ​ពីនោះ សេវាកម្ម​ឆត្រយោង​បម្រើ​ភ្ញៀវ​ទេសចរ​ ក៏កំពុង​បាន​ក្លឹប​មួយ​ចំនួនបានបង្ហាញខ្លួនដើម្បី​រៀប​ចំ​ឡើង​។​ ឧទារហណ៍​ដូច​ក្លឹប​ឆត្រយោង​ទីក្រុង​ដាណាំង​ - Danang Paragliding នៅ​ទីក្រុង​ដាណាំង​​មាន​កម្មវិធី​បម្រើ​ការ​ហោះ​ហើរ​ ជាមួយ​តម្លៃ​ឡើង​ចុះ​ពី​១លាន​៨រយពាន់ដុង​ ​ដល់​២លាន​ដុង​ក្នុងម្នាក់​ ​ក្នុងរយៈពេលពី១៥​នាទី​ ដល់​២០នាទី​ /១លើក។​

ផ្សងព្រេង​​នឹង​ស្លាប​ហោះហើរ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ដើម្បី​​អាចចូល​រួម​ដំណើរ​ហោះហើរ​នេះ ភ្ញៀវទេសចរ​ត្រូវមាន​ផែនការ​ចុះបញ្ជី​ហោះហើរ​មុន​​ពីរ​បី​ថ្ងៃ​ ឬ​​ពីរ​បី​អាទិត្យ​ ដើម្បី​​គណៈ​កម្មការ​​រៀប​ចំ​គិតមើល ​ពេលវេលា​ដែល​អាច​​ហោះ​ហើរ​​បានដោយ​សុវត្ថិភាព​។ ជាមួយ​​ចំណូល​ចិត្ត​ខាង​អារម្មណ៍រន្ធត់​​​​ខ្លាំង ​នឹង​ការ​ត្រៀម​បម្រុងដ៏​ហ្មត់ចត់​ អ្នក​នៅ​អែរអង់​ដល់​អង្កាល​ទៀត​ ម៉េចមិន​សម្ពាយ​កាតាប់​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ដាណាំង​ ដើម្បី​រំសាយ​អារម្មណ៍​​ តាម​ដំណើរ​ហោះហើរ ដែល​​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ ​នៅលើ​រលក​សមុទ្របៃតង​៕

កំពូល​សឺន​ត្រា​ (Son Tra)ស្ថិតនៅ​កម្ពស់​ជិត​​៧០០ម៉ែត្រ បើប្រៀប​នឹង​កម្រិត​ទឹក​សមុទ្រ​ អាច​​គយ​គន់​ពេញ​កែ​វភ្នែក​ ដោយលក្ខណៈ​ខ្យល់អំ​ណោយ​ផល​ ដូចនេះ​សមស្រប់​នឹង​ការហោះឆត្រ​យោង​គ្មាន​ម៉ាស៊ីន​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

អត្ថបទ​៖ តឹតសើន​ - រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top