ពីផ្ទះតូចមួយខ្នង រហូតដល់សេចក្តីប្រកាសដ៏ អស្ចារ្យ
រយៈពេល ៨០ ឆ្នាំកន្លង ផ្ទះលេខ៤៨ ផ្លូវ ហាងង៉ាង (Hang Ngang) សង្កាត់ ហ័នគៀម (Hoan Kiem) គឺជា “អាសយដ្ឋានក្រហម” នៅកណ្តាលរដ្ឋធានីហាណូយ ( Ha Noi)។ នេះជាកន្លែង ដែលលោកប្រធាន ហូជីមិញ (Ho Chi Minh) បានសរសេរសេចក្តីប្រកាសឯករាជ្យ ចាប់បដិសន្ធិប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម) នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
ត្រឡប់ទៅរកអតីតកាល ក្នុងប៉ុន្មានឆ្នាំ នៃទស្សវត្សរ៍ឆ្នាំ១៩៤០ ផ្ទះនេះមានច្រកចេញចូលពីរ មួយនៅលេខ៤៨ ផ្លូវហាងង៉ាង (Hang Ngang) និង មួយនៅលេខ៣៥ ផ្លូវហាងកឹន (Hang Can) ជាហាង ភុកឡើយ (Phuc Loi) ដែលជាហាងលក់សូត្រធំបំផុត នៅទីក្រុងហាណូយ (Ha Noi) ជាកម្មសិទ្ធិរបស់ប្តីប្រពន្ធពាណិជ្ជករ លោកទ្រីញវ៉ាន់បូ (Trinh Van Bo) និង លោកស្រី ហ័្វង ធិមិញហូ (Hoang Thi Minh Ho) ។ កន្លែងនេះមិនត្រឹមតែលេចធ្លោដោយទីតាំងសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាមូលដ្ឋានបដិវត្តន៍ ដែលអាចទុកចិត្តបាន ចាប់តាំងពីដើមបដិវត្តន៍។
នៅខែសីហា ឆ្នាំ១៩៤៥ ក្នុងបរិបទនៃឱកាសបដិវត្តន៍អាចធ្វើបាន គ្រួសាររបស់លោក ទ្រីញ
វ៉ាន់បូ (Trinh Van Bo) បានបរិច្ចាកផ្ទះនេះជូនគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីប្រើប្រាស់ជាកន្លែងរស់នៅ និងធ្វើការរបស់លោកប្រធាន ហូជីមិញ (Ho Chi Minh) បន្ទាប់ពីលោកប្រធាន ហូជីមិញ (Ho Chi Minh) ត្រឡប់ពីមូលដ្ឋានតស៊ូ វៀតបាក់ (Viet Bac) មកទីក្រុងហាណូយ ។
ចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ដើមខែកញ្ញា ឆ្នាំ១៩៤៥ លោកប្រធាន ហូជីមិញ (Ho Chi Minh) បានធ្វើការនៅទីនេះ រួមជាមួយនឹងគណ:អចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស ដោយសម្រេចចិត្តលើគោលនយោបាយសំខាន់ៗ ជាច្រើន ស្តីពីកិច្ចការក្នុងស្រុក និងកិច្ចការបរទេស ក្នុងស្ថានភាពថ្មី អំពីស្ថាប័ន និងសមាសភាពនៃរដ្ឋាភិបាលបណ្តោះអាសន្ន អំពីការរៀបចំបុណ្យឯករាជ្យជាតិ...
ជាពិសេសនៅក្នុងបន្ទប់តូច នៅជាន់ទី២ នៃផ្ទះលេខ៤៨ ផ្លូវហាងង៉ាង (Hang Ngang) លោកប្រធាន ហូជីមិញ (Ho Chi Minh) បានសរសេរសេចក្តីប្រកាសឯករាជ្យ ចាប់បដិសន្ធិប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ក្លាយជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រជាតិ។
អំឡុងពេល ៨០ឆ្នាំកន្លងមក ផ្ទះលេខ ៤៨ ហាងង៉ាង (Hang Ngang) ត្រូវបានអភិរក្សស្ទើរតែនៅដដែល។ ជាន់ទីមួយបច្ចុប្បន្នជាកន្លែងតាំងពិព័រណ៍ បង្កើតឡើងវិញយ៉ាងរស់រវើកនូវបរិបទប្រវត្តិសាស្ត្រនៃបដិវត្តន៍ខែសីហា រូបថតថាក់ដឹកនាំបដិវត្តន៍ និងវត្ថុអនុស្សវរីយ៍ដ៏សាមញ្ញរបស់លោកប្រធាន ហូជីមិញ ( Ho Chi Minh)។
ចែករំលែកអំពីតម្លៃនៃកេរដំណែលប្រវត្តិសាស្ត្រផ្ទះ លេខ៤៨ ផ្លូវហាងង៉ាង (Hang Ngang) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក វូ ធូហា (Vu Thu Ha) បានសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាកន្លែងដែលលោកប្រធាន ហូជីមិញ (Ho Chi Minh) បានសរសេរសេចក្តីប្រកាសឯករាជ្យប៉ុណ្ណោះទេ ថែមនេះជានិមិត្តរូបដ៏ពិសិដ្ឋនៃក្តីស្នេហាជាតិ ស្មារតីស្វ័យភាព និងបំណងប្រាថ្នាសេរីភាពរបស់ប្រជាជនវៀតណាមទាំងមូលផងដែរ៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ កុងដាត/ VNP ប្រែសម្រួលដោយង្វៀនយ៉ាង