ពិសេសភាពសិល្បករបែលហ្ស៊ិក ដើរជើងទោម មកសម្តែង នៅប្រទេសវៀតណាម

ពិសេសភាពសិល្បករបែលហ្ស៊ិក ដើរជើងទោម មកសម្តែង នៅប្រទេសវៀតណាម

សិល្បករនៃ​ក្រុម​សិល្បៈដើរជើង​ទោម​បែលហ្ស៊ិក​ បាន​មក​ប្រទេស​វៀតណាម​ជា​ច្រើន​លើក​ ដោយ​នាំម​ក​នូវ​ការ​សម្តែង​ចម្រុះ​ពណ៌​ រួម​ចំណែក​ពង្រឹង​ទំ​នាក់​ទំ​នង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។

សិល្បករ​​បែលហ្ស៊ិកដើរ​ជើង​ទោម បក់ដៃទៅ​កាន់​ប្រជាជនឈរអមសងខាង​ផ្លូវ​​ក្នុង​​ទី​ក្រុង​ ហ្វេ (Hue)​។

សិល្បៈ​ដើរជើងទោម​ក្នុង​ប្រទេស​បែលហ្ស៊ិក​ មាន​ប្រវត្តិ​​ដ៏​យូរ​លង់​ណាស់​មក​ហើយ​ មានវត្តមានតាំងពី​សតវត្ស​ទី​ ១៤ នៅ​តំបន់​ Merchtemដែល​ជា​តំបន់​តែង​តែមាន​​ទឹក​ជំនន់​កើត​ឡើង​។ ប្រជាជន​​នៅ​ទី​នេះ​បាន​ច្នៃប្រតិដ្ឋ គេ​​ដើរ​លើ​ដំបង​ខ្ពស់​ ដើម្បី​បន្សាំខ្លួននឹងអាកាសធាតុ​។ ជាយូរទៅ ការ​ដើរ​​ជើង​ទោម​ មិន​ត្រឹម​តែជា​​មធ្យោបាយ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​ថែម​ទាំង​ក្លាយ​ជា​ទម្រង់​សិល្បៈ​អន្លើ​ពិសេសមួយ បានសម្តែងដោយ​ក្រុម​សិល្បៈ​ល្បីៗជាច្រើនលើ​ពិភពលោក​ ដូចជា ក្រុមដើរជើង​ទោមនៃទីក្រុង Namur City Stilt Troupeឬក្រុមដើរ​ជើង​ទោម "De Steltenlopers van Merchtem" ជាដើម​។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​  កិច្ច​សហប្រតិបត្តិការ​រវាង​វៀតណាម​ និង​បែលហ្សិក ​បាន​ពង្រីក​កាន់​តែ​ខ្លាំង​ ជំរុញ​សកម្មភាពផ្លាស់ប្តូរវប្បធម៌​។ ដោយ​យល់ដឹង​ពី​ភាព​ស្រដៀង​គ្នា​រវាង​វប្បធម៌​ដើរជើងទោមនៃ​ប្រទេស​ទាំង​ពីរ​ សិល្បករ​បែលហ្ស៊ិក​ បាន​នាំ​យកសិល្បៈនេះ ​មក​សម្តែង ​នៅ​ Festival ហ្វ (Hue) ។ ការ​សម្តែង​តាម​ដង​ផ្លូវ​ដ៏អស្ចារ្យ​ បាន​បន្សល់​ទុក​នូវ​ចំណាប់អារម្មណ៍​​យ៉ាង​​ជ្រាល​ជ្រៅ​ ចំពោះសាធារណជន​វៀតណាម​ និង​ភ្ញៀវទេសចរ​អន្តរជាតិ​។

នៅឆ្នាំ២០២៤ ក្រុម​ដើរជើង​ទោមនៃតំបន់ Merchtem បាន​ចូលរួម​​ក្នុង Festivalហ្វ (Hue)  នៅ​វៀតណាម​ ជាលើក​ទី​ ៥។ សម្រាប់​ប្រជាជន​ទី​ក្រុង​ ហ្វ (Hue)  រូបភាព​របស់​សិល្បករ​បែលហ្ស៊ិក​ ដើរ​ជើង​ទោម គឺក្លាយជាភាព​ស្និទ្ធស្នាល ​និង​ធ្លាប់​ស្គាល់​ជាយូរហើយ ។ បន្ទាប់​ពី​ការ​សម្តែង​ សិល្បករ​ក៏​បាន​ចំណាយ​ពេល​ដើម្បី​ស្វែងយល់នូវវប្បធម៌​ និង​ម្ហូប​ហ្វេ (Hue)ទស្សនា​បេតិកភណ្ឌ​ល្បី​ៗ ដូចជា​ ស្ពាន​ ត្រាង​ទៀន (Trang Tien) ព្រះបរមរាជវាំង​ស្តេច ខាយ​ឌិញ (Khai Dinh) ទន្លេ ហឿង (Huong) ជាដើម។

ជើងទោមពិសេស​​មាន​​កម្ពស់​​ដល់​​ទៅ​ ៥​ម៉ែត្រ ត្រូវ​​បាន​​​សិល្បករ​សម្តែង​​យ៉ាង​​ប៉ិន​ប្រសប់​។

លោក Johan Vrijders សមាជិកម្នាក់នៃក្រុមសិល្បៈដើរជើងទោម បានចែករំលែក ពីក្តីរំភើបរបស់គាត់ នៅពេលមកប្រទេសវៀតណាមសម្តែងជាលើកដំបូងថា៖ ខ្ញុំពិតជាទន្ទឹងរង់ចាំ  Festival មិនត្រឹមតែសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្ញុំចង់ស្វែងយល់អំពីប្រទេស ប្រជាជន និងវប្បធម៌នៅទីនេះផងដែរ

លោក Roger Daelemans ប្រធានក្រុមសិល្បៈដើរជើងទោម នៃតំបន់ Merchtem បាននិយាយថា យើងខ្ញុំ បានចូលរួមក្នុង Festival ហ្វេ (Hue) ជាច្រើនលើក ប៉ុន្តែរាល់លើក ដែលយើងមកទីនេះ គឺជាបទពិសោធន៍ពិសេសមួយ។ ប្រជាជន ហ្វ (Hue) មានភាពកក់ក្តៅ រួសរាយរាក់ទាក់  និងស្រលាញ់សិល្បៈដើរជើងទោម

មិន​ត្រឹម​តែ​​សម្ដែងបង្ហាញប៉ុណ្ណោះ​​ទេ​ សិល្បករ​​បែលហ្សិក​​ក៏​​ចង់​​ជួយ​​ប្រជាជន​​វៀតណាម​ ​ដោយ​ការ​​ណែ​នាំ​​​​ពី​​របៀប​​ដើរ​​​ជើងទោម​ ​ដើម្បី​​ទប់​ទល់​​នឹង​​ទឹក​ជំនន់​។ ក្នុង​កំ​ឡុង​ពេល​មក​ទស្សនានៅ​វៀត​ណាម​ លោក Roger Daelemansនិង​ក្រុម​របស់​គាត់​ បាន​មកកាន់​តំបន់មួយ​ចំនួន​ និងបង្រៀន​យុវជន​វៀតណាម​ពី​របៀប​ដើរជើងទោម​ធ្វើពីឫស្សី ដើម្បីងាយស្រួល​ធ្វើ​ដំណើរ​ក្នុង​តំបន់​លិចទឹក​។ លោក​​បាន​​ចែក​រំលែក​​ថា​៖ «​​ភាគ​កណ្តាលនៃប្រទេស​វៀតណាម តែងតែ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​​គ្រោះ​ធម្មជាតិ និង​ទឹក​ជំនន់​។ យើង​ខ្ញុំ​​សង្ឃឹម​​ថា​ ​នឹង​​ជួយពួកគេបាន​​ទទួល​​ចំណេះដឹង​ដ៏​​មាន​​ប្រយោជន៍​​​មួយ​​ទៀ​ត ​ដើម្បី​​សម្រប​​ខ្លួន​​ទៅ​​នឹង​​ស្ថានភាព​​លំ​បាក​​»។ សិល្បករ​បែលហ្ស៊ិក​មិន​ត្រឹមតែ​នាំ​សិល្បៈ​មក​វៀតណាម​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បានផ្សព្វ​ផ្សាយ​ស្មារតី​មនុស្សធម៌​ និង​ការ​ចែក​រំ​លែកទៀត​ផង​។ ទឹក​ចិត្ត​​របស់​ពួក​គេ​ពិត​ជា​មាន​តម្លៃ​ណាស់​។

ការ​​ប្រកួត​​ប្រជែងនៃក្រុមទាំងពីរ ក្នុង​​សម្លេងនៃ​ស្គរកញ្ជ្រៀវអឹងកង​​។

ជើងទោមមួយគូរបស់សិល្បករដែលលាបពណ៌ដូចទង់ជាតិបែលហ្ស៊ិក - លឿង ក្រហម ខ្មៅ - ជាមួយកម្ពស់ប្រហែល ៥ម៉ែត្រ និងមានបង់លេខដោយប្រុងប្រយ័ត្ន។ សម្ភារៈសម្តែងទាំងអស់ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ប្រទេសវៀតណាម មុន Festival ហ្វេ (Hue) នីមួយៗ។

បន្ទាប់ពីការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ម្ដងៗ មួកដួនវៀតណាមត្រូវបានប្រគល់ជូនសិល្បករ ទុកដូចជាជាកាដូមិត្តភាព ហើយពួកគេតែងតែនាំមួកនេះត្រឡប់ទៅប្រទេសបែលហ្ស៊ិកវិញ ដើម្បីទុកជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។

កុមារ និងមនុស្ស​ពេញ​វ័យ​រីក​រាយ​ខណៈពេល​ក្រុម​សិល្បៈដើរ​​ជើង​ទោមបែលហ្ស៊ិកដង្ហែរកាត់តាមដងផ្លូវ​។

ការសម្តែងដើរ​ជើង​ទោម បាន​ជួយ​ពង្រឹង​ទំ​នាក់​ទំ​នង​មិត្តភាព​ រវាង​សិល្បករ បែលហ្ស៊ិក និង​ប្រជាជន​វៀតណាម​។ នោះគឺ​ជា​ចំណង​ដ៏​កក់​ក្តៅ ​និង​ស្មោះស្ម័គ្រ​ដែលត្រូវបាន​ពង្រីក ដើម្បីសិល្បៈ​នេះមិន​ត្រឹមតែសម្រាប់​សម្តែងប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នេះក៏​ជា​ស្ពាន​តភ្ជាប់​រវាងបណ្ដាខឿន​វប្បធម៌ទៀត​ផង​៕

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញ​យ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង


Top