ពិសេសភាពពិធីបុណ្យនាងហាយ នៃជនជាតិតៃ (Tay) នៅខេត្តកាវបាំង (Cao Bang)

ពិសេសភាពពិធីបុណ្យនាងហាយ នៃជនជាតិតៃ (Tay) នៅខេត្តកាវបាំង (Cao Bang)


នៅ​ភូមិ​ភាគ​ខាង​ជើ​ងវៀតណាម​ ខេត្តកាវ​បាំង​ (Cao Bang) មាន​មោទនភាពជា​តំបន់ដី​រក្សា​តម្លៃវប្បធម៌​ប្រពៃណី​ពិសេស​ជាច្រើន​ នៃ​សហគមន៍​ជនជាតិ​ភាគតិច​។ ក្នុងចំណោម​នោះ ពិធីបុណ្យ​នាងហា​យ​ នៅ​ឃុំ​តៀន​ថាញ (Tien Thanh) ខេត្ត​កាវ​បាំង​(Cao Bang) ជា​អាសយដ្ឋាន​លេចធ្លោ​ ពីព្រោះ​វា​បង្កប់​លក្ខណៈ​វប្បធម៌​ពិសេស​នៃ​ជនជាតិ​តៃ​ (Tay)។ ពិធី​បុណ្យ​ប្រព្រឹត្តទៅ​ដើម្បី​បង្ហាញ​​ទឹក​ចិត្ត​ដឹង​គុណ​ និងការគោរព​ចំពោះ​ធម្មជាតិ​ ព្រមទាំងបួងសួង​សូម​រដូវ​ដំណាំ​អំណោយ​ផល​។​

តាម​ជំនឿ​ប្រជាប្រិយ​ជនជាតិ​តៃ​ (Tay) នៅលើ​ព្រះចន្ទ​មាន​មាតាចន្ទ និងទេពធីតា​។ មាតា​ចន្ទ​រួមនឹង​ទេពធីតា​ រៀង​រាល់​ឆ្នាំ​តែង​យាង​ចុះ​ឃុំគ្រង​ការ​ពារ​ដំណាំ​ជូន​ប្រជា​កសិករ​។ ពិធី​បុណ្យ​នាងហាយ​ បាន​រៀប​ចំ​ដោយ​អត្ថន័យ​តំណាង​ឱ្យ​ដំណើរ​ទៅកាន់​ព្រះចន្ទ​ទទួល​មាតា​ចន្ទ​ និងទេពធីតា​ យាង​ចុះមក​កម្សាន្ត​បុណ្យ​ស្ថាន​លោកីយ៍​  និង ជួយ​ប្រជា​ពល​រដ្ឋ​ធ្វើ​ការ​រកស៊ីរស់នៅ​​ ប្រោះព្រំ​ភ្លៀង​​អំណោយ​ផល​ ដំណាំ​លូតលាស់ល្អ​។ លើទស្សនាទាន​នោះ ឱ្យ​តែដល់ថ្ងៃ​២២ ខែ​៣ចន្ទគតិ​ នៅឆ្នាំ​គត់ ប្រជាជន​នៅទីនេះ​ តែង​រៀបចំ​ពិធីបុណ្យ​នាង​ហាយ​។​

គ្រឿង​បូជា​ត្រៀម​សម្រាប់ពិធី​កិច្ច​នៃ​ពិធីបុណ្យ​នាង​ហាយ​។​

ពិធីបុណ្យនាងហាយ​ប្រព្រឹត្តទៅ​​ច្រើន​ថ្ងៃ ដោយមាន​ពិធីកិច្ច​សែនព្រេនជាច្រើន​​។ ចាប់ពី​ពិធី​សែន​ព្រះភូមិទេវតា​ ពិធី​រំសាយ​ផ្ទះ​នាង​ហាយ​ ជាពិធីសំខាន់​​។ល។ ពិធីកិច្ចទាំង​នេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​ប្រុង​ប្រយត្ន​ និង​​ភាពគោរពខ្ពង់ខ្ពស់​។ ជាពិសេស​គឺ ការ​គួ​បផ្សំ​ស៊ី​ចង្វាក់ រវាង​បទ​ភ្លេង​ បទ​ចម្រៀង​ នឹងរបាំ​ប្រពៃណី​នៃ​ជនជាតិ​តៃ​ (Tay) នៅ​រាល់​​សកម្មភាព​ចេតភាព ​​បង្កើត​បរិយាកាស​យ៉ាងទាក់ទាញ។ មានទំនុក​របាំ​ផ្លិត​ជាច្រើន នៅ​ក្នុងពិធី​បុណ្យ​នាង​ហាយ ដូចនេះ​ជនជាតិតៃ (Tay) តែង​ប្រើផ្លិត​ជាចម្បង​នៅពេល​រាំរបាំ។ រាំ​បង្វិល​ជុំ​ពី​​ស្តាំទៅ​ឆ្វេង ដើម្បី​ចាប់ផ្តើម​ពិធីកិច្ច​មួយ​។ របាំ​បួងសួង​សូមផល​ដំណាំ​ បង្វិល​ផ្លិត​​ផ្ទុយ​មក​វិញ​។ របាំ​ចែវទូក​បង្វិល​ផ្លិត​ត្រង់ទៅទិសខាងមុខ​។ល។ រាល់​ការ​រាំរបាំ​ផ្លិត​ សុទ្ធតែ​មានការកំណត់រួម​ អ្នក​រាំ​ត្រូវ​ដើរ​ជុំវិញមណ្ឌល​ធ្វើ​ពិធីកិច្ច​៣ជុំ​​​។ ទោះបី​រូបភាព​របាំ​សាមញ្ញ​ ប៉ុន្តែ​មានលក្ខណៈ​ឆ្លុះបញ្ចាំង​ខ្ពស់​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ ស្រមៃឃើញ​ទេពធីតា​លើ​មេឃ​  យាង​ចុះ​ដោយ​​ស្លាបទាំងគូ ដូច​ក្នុង​​រឿង​ព្រេង​។​

របាំផ្លិត​ពិសេស​នៅពិធីបុណ្យ​។​
 

ដើម្បី​មានពិធី​បុណ្យ​ខ្នាតធំ ពិធីបុណ្យ​នាង​ហាយ​ទាមទារ​ការ​ខិតខំ​ សាមគ្គី​នៃ​សហគមន៍​ជនជាតិ​តៃ (Tay) ​ទាំងមូល​ នៅឃុំ​​តៀន​ថាញ​ (Tien Thanh)។ នេះ​ជាឱកាស​មួយ​សម្រាប់មនុស្ស​គ្រប់គ្នា​ ជំនួប​ជុំ រួម​ប្រាស្រ័យ​បង្កើត​មិត្តភាព​ជិតស្និទ្ធ​។ មិនត្រឹមតែ​ជា​ព្រឹត្តិការណ៍​វប្បធម៌​ នៅ​ថ្ងៃបុណ្យទាន​ជា​រៀង​រាល់​ឆ្នាំ​ បន្សល់ទុក​អនុស្សាវរីយ៍​ជា​ទីនឹក​រលឹកជាច្រើន​។ មនុស្សគ្រប់គ្នា​ គ្រប់​វ័យ​ សុទ្ធតែ​សហការ​ ចូល​រួម​រៀប​ចំ​ និងធ្វើ​ការ​ងារ​គ្រប់​ជំពូក​។ ជាពិសេស​ តាមរយៈ​សកម្មភាព​ពោរពេញ​ដោយ​មនោសញ្ចេតនា​ ពិធីបុណ្យ​បង្កប់​សារ​ចម្បង​ នោះគឺ​ចូរ​ស្រឡាញ់ មនុស្សធម៌ មេត្តា​ ដើម្បី​ទាំង​អស់​បាន​ផ្សារភ្ជាប់​ក្នុង​មនោសញ្ចេតនា​។​

ពិធីបុណ្យ​នាង​ហាយ​ ជា​ចំណែកមួយ​ដែលមិនអាច​ខ្វះ​នៅ​ក្នុង​ខឿនវប្បធម៌​នៃ​ជនជាតិ​តៃ​ (Tay) ឃុំ​​តៀន​ថាញ​ (Tien Thanh) ទន្ទឹមនោះ​ក៏ជា​ចំណុច​លេចធ្លោ​ ក្នុង​កេរដំណែល​វប្បធម៌​នៅ​ខេត្ត​កាវ​បាំង​ (Cao Bang)។ ការ​គួបផ្សំ​រវាង​ពិធី​កិច្ច​ប្រពៃណី​ សិល្បៈ​ និងស្មារតី​សាមគ្គី​ បង្កើតបាន​ព្រឹត្តិការណ៍មួយ​យ៉ាងពិសេស ​ដែល​ពោរពេញ​ដោយ​អត្ថន័យ ទាក់ទាញ​ការ​យកចិត្តទុកដាក់​ និងទឹក​ចិត្ត​ស្រឡាញ់​រាប់អាន​នៃមនុស្សគ្រប់​រូប​​។ ជាមួយ​តម្លៃ​វិសេសវិសាល​នោះ ពិធីបុណ្យ​នាងហាយ​មានកិត្តិយស​បាន​ទទួល​ស្គាល់ជា​កេរដំណែល​វប្បធម៌​អរូបីថ្នាក់​ជាតិកាលពី​ឆ្នាំ​២០១៧៕​

អត្ថបទ​៖ Nguyen Giang -Thach Ricon - Son Nghia -Viet Cuong

 


Top