ពិសេសភាព "ក្រមួនឃ្មុំ - ពណ៌ឆ្លុះ"

ពិសេសភាព "ក្រមួនឃ្មុំ - ពណ៌ឆ្លុះ"

នាពេលថ្មីៗនេះ នៅសារមន្ទីរនារីវៀតណាម (រដ្ឋធានីហាណូយ) ព្រឹត្តិការណ៍ ក្រមួន​ឃ្មុំ- ពណ៌ឆ្លុះបានប្រព្រឹត្តទៅដោយមានការចូលរួមរបស់សិប្បករ សិល្បការិនីជនជាតិ ម៉ុង (Mong)(ខេត្ត ហ័រ​ប៊ិញ (Hoa Binh)) និងជនជាតិ យ៉ាវ (Dao) (ខេត្ត កាវបាំង (Cao Bang) បានទាក់ទាញការយកចិត្តទុកដាក់របស់សាធារណជនច្រើននាក់។ ព្រឹត្តិការណ៍នេះ គឺជាសកម្មភាពមួយក្នុងចំណោមបណ្តា​សកម្មភាព​ផ្សព្វផ្សាយ​ក្នុងក្របខ័ណ្ឌនៃគម្រោងទី ៨ ដែលរៀបចំដោយសារមន្ទីរនារីវៀតណាម ហើយ​មាន​គោល​បំណង​រាល​ដាលតម្លៃវប្បធម៌ និងទំនៀមទម្លាប់ល្អរបស់ស្ត្រីជនជាតិភាគតិចឆ្ពោះទៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍ជនជាតិ។

ព្រឹត្តិការណ៍ “ក្រមួន​ឃ្មុំ - ពណ៌ឆ្លុះ ​” បានរៀបចំ នៅសារមន្ទីរនារីវៀតណាម

ក្រមួន​ឃ្មុំ និងពណ៌ឆ្លុះ​ត្រូវបានគេស្គាល់ជាវត្ថុ​ធាតុ​ដើមធម្មជាតិទាំងពីរ។ តាមរយៈដៃដ៏ប៉ិនប្រសប់ និងការស្រមើស្រមៃដ៏សម្បូរបែប ស្ត្រីជនជាតិភាគតិចបានបង្កើតនូវសោភណ្ឌភាពវប្បធម៌ប្លែក និងច្នៃប្រឌិត ដែលជាសិល្បៈនៃការគូរដោយ​ក្រមួន​ឃ្មុំនៅលើក្រណាត់​។ បច្ចេកទេសនេះត្រូវបានប្រើប្រាស់ជាទូទៅលើសម្លៀកបំពាក់របស់ស្ត្រីជនជាតិ ម៉ុង (Mong) និង​ស្ត្រីជនជាតិ យ៉ាវ (Dao) (ក្រុម យ៉ាវ​តៀន ( Dao Tien)) នេះគឺជាជំនាញសិប្បកម្មប្រពៃណីមួយដែលត្រូវបានរក្សារហូតមកដល់សព្វថ្ងៃនេះ។ ​ក្បាច់រចនា ក្រមួន​ឃ្មុំត្រូវបានគូរនៅលើក្រណាត់។ មុនពេលគូរ ក្រណាត់​ត្រូវបានអ៊ុតឲ្យរាបស្មើ ដើម្បីឱ្យក្រមួនឃ្មុំជ្រាប​ឲ្យ​ស្មើនិងស្រស់ស្អាត មិន​ដាមក្នុងអំឡុងពេលគូរ​។ ឧបករណ៍សម្រាប់ការអ៊ុតក្រណាត់អាចជាថ្មមានផ្ទៃមុខទាំងពីររាបស្មើ ដើម្បីអ៊ុត​ឲ្យ​ក្រណាត់រលោងនិងរាបស្មើ។ បច្ចេកទេសនៃការគូរដោយ​ក្រមួន​ឃ្មុំលើក្រណាត់ទាមទារភាពប៉ិនប្រសប់ ភាពល្អិតល្អន់ និងភាពជាក់លាក់របស់ស្ត្រីជនជាតិ ដូច្នោះទើប​ក្បាច់​រចនាមានភាពស្រស់ស្អាត និងត្រចះត្រចង់។

តាំងពីយូរលង់ណាស់មកហើយ ជនជាតិ ម៉ុង (Mong) តែងតែយល់ដឹងយ៉ាងច្បាស់លាស់អំពីការការពារវប្បធម៌ប្រពៃណី រួមទាំងបច្ចេកទេសគូរក្បាច់​រចនាដោយក្រមួនឃ្មុំនៅលើក្រណាត់។ ក្បាច់​រចនាលើក្រណាត់របស់ជនជាតិ ម៉ុង (Mong) គឺជាទំព័រប្រវត្តិសាស្ត្រ រឿងរ៉ាវអំពីទស្សនៈពិភពលោក និងធម្មជាតិដ៏រស់រវើកនៃតំបន់ភ្នំព្រៃ។ ស្ត្រីគូរក្បាច់រចនាលើក្រណាត់ដោយក្រមួនឃ្មុំបាន​ដុតកម្ដៅ​ឲ្យ​​រលាយ។ សម្រាប់​ស្ត្រី​ជនជាតិ​ម៉ុង​ (Mong) ​ឧបករ​ណ៍គូរ​គឺប៊ិចពិសេសដែលមានបណ្ដូលកោងធ្វើ​ពី​ស្ពាន់​។ ចំពោះស្ត្រីជនជាតិ យ៉ាវ (Dao) ពួកគេប្រើស៊ុមបោះរាងត្រីកោណ ដើម្បីបង្កើតជាបន្ទាត់ត្រង់ ឬប្រើប្រាស់បំពង់ឬស្សីតូចៗ សម្រាប់ការបង្កើតរាងជារង្វង់។ បន្ទាប់ពីគូររួចរាល់ ត្រូវរង់ចាំឱ្យក្រមួនឃ្មុំស្ងួត។ នៅពេលដែលក្រមួនស្ងួត ក្រណាត់ត្រូវបានលាបពណ៌ពណ៌ឆ្លុះ ជាច្រើនដង បន្ទាប់មកជ្រលក់ក្នុងទឹកពុះរហូតដល់ក្រមួនរលាយ។ ក្បាច់រចនាត្រូវបានគ្របដោយក្រមួនឃ្មុំ ដើម្បីការពារមុនពេលជ្រលក់ពណ៌នឹងលេចចេញនៅលើផ្ទៃក្រណាត់នូវពណ៌ឆ្លុះងងឹត។ ហើយទាំងនេះគឺជាដំណាក់កាលទាំងមូល​សម្រាប់ផលិតក្រណាត់គូរក្បាច់​រចនាដោយ​ក្រមួន​ឃ្មុំ។

 

លោកស្រី ង្វៀន​ ធីទៀត (Nguyen Thi Tuyet) នាយិកានៃសារមន្ទីរនារីវៀតណាមបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ ក្រមួន​ឃ្មុំ - ពណ៌ឆ្លុះ ​ គឺជាសកម្មភាពមួយក្នុងចំណោមបណ្តាសកម្មភាពរាល​ដាល​តម្លៃវប្បធម៌របស់ស្ត្រីនៅទូទាំង​ប្រទេស ហើយខ្ញុំសង្ឃឹមថា នឹងបង្កើតតម្លៃប្រកបដោយនិរន្តរភាពពីផលិតផលធ្វើដោយដៃនារីវៀតណាម។

មកចូលរួមព្រឹត្តិការណ៍នេះ សាធារណជនក៏អាចជួប​ជុំ ពិភាក្សានិងស្វែងយល់ពិសោធពី​របៀប​គូរដោយ​ក្រមួន​ឃ្មុំជាមួយសិប្បករ សិប្បការិនីជនជាតិ ម៉ុង (Mong) និង ជនជាតិ​ យ៉ាវ (Dao) ស្តាប់ពីកង្វល់ ក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផល ការអភិវឌ្ឍនសេដ្ឋកិច្ចពីអត្តសញ្ញាណវប្បធម៌ពិសេសរបស់បងប្អូនជនជាតិ​។ លើសពីនេះ សាធារណជនក៏នឹងមានឱកាសស្វែងយល់ពីភាពស្រស់ស្អាតនៃបច្ចេកទេសគូរក្បាច់​រចនាដោយ​ក្រមួនឃ្មុំ តាមរយៈការតាំងពិពណ៌រូបភាព "ក្រមួន​ឃ្មុំ - ពណ៌ឆ្លុះ" សាកល្បងគ្រងសម្លៀកបំពាក់ប្រពៃណី និងថតរូប​និងទុក​ជាអនុស្សាវរីយ៍អំពីបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងលំហរដែល​ពោរពេញដោយវប្បធម៌តំបន់ព្រៃ​ភ្នំ។ ប្រឈមមុខនឹងនិន្នាការសមាហរណកម្ម ម៉ូដសម្លៀក​បំពាក់ទាន់សម័យកាន់តែខ្លាំងឡើង លោកស្រី បាន​ធីលៀន (Ban Thi Lien) នៅតែជឿជាក់ថា៖ សម្លៀកបំពាក់រនៃជនជាតិភាគតិចរបស់យើងនឹងមិនរលាយសូន្យបានឡើយ ព្រោះអាវ និងសំពត់នោះនៅជិត​ស្និទ្ធនឹង​ជនជាតិ​យ៉ាវ (Dao) ពេញមួយជីវិត។ កូនចៅជំនាន់ក្រោយបន្តជំនាន់មុន ទទួលមរតក ថែរក្សា និងអភិវឌ្ឍ។ លោកស្រី លៀន (Lien) ​ក៏​សង្ឃឹម​ដែរ​ថា ប្រពៃណី​ជនជាតិភាគតិច​របស់​នាង​នឹង​រីក​រាលដាល​ទៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ./.

 

 


Top