ពិសេសនៃសិល្បៈគូរក្បាច់រចនាដោយក្រមួនឃ្មុំរបស់ជនជាតិ ម៉ុង (Mong)

ពិសេសនៃសិល្បៈគូរក្បាច់រចនាដោយក្រមួនឃ្មុំរបស់ជនជាតិ ម៉ុង (Mong)

សិល្បៈ​គូរ​ដោយ​ក្រមួន​ឃ្មុំ​​លើ​ក្រណាត់​គឺជា​បច្ចេកទេសមួយដ៏ពេញនិយម និងពិសេសរបស់ជនជាតិ ម៉ុង (Mong) (H'Mong) នៅឃុំ ចេគូញ៉ា ( Che Cu Nha) ស្រុក មូកាំង​ចាយ (Mu Cang Chai) ខេត្ត អៀនបាយ (Yen Bai)។ ដោយថ្វីដៃទាំងពីរដ៏ប៉ិនប្រសប់ រួម​ផ្សំនឹងគំនិត​ដ៏សម្បូរបែប ស្ត្រីជនជាតិម៉ុង (Mong) បាន​ប្រើប្រាស់ក្រមួនឃ្មុំ ដើម្បីបង្កើតក្បាច់​រចនាប្លែកៗ ដើម្បីបង្កើនសោភ័ណភាពនៃផលិតផលប្រពៃណី ដូចជាកាបូបយួរ កាបូប កន្សែង សម្លៀកបំពាក់...។

ឃុំ ចេគូញ៉ា ( Che Cu Nha) ស្រុក មូកាំង​ចាយ (Mu Cang Chai) ខេត្ត អៀនបាយ (Yen Bai)  ជាភូមិ​សិប្បកម្ម​ប៉ាក់ និង​ត្បាញ​​ក្រណាត់​ជនជាតិ​ភាគ​តិច។ ​ប្រជាជន​ភាគច្រើននៅទីនេះ ​បានស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី​ដែល​បាន​ប៉ាក់​លើ​ក្រណាត់ rayon ដែល​មាន​ក្បាច់​​រចនា​​បានគូរ​ដោយ​ក្រមួន​ឃ្មុំ ​ការជ្រលក់ត្រុំរួមផ្សំ ជាមួយនឹងការប៉ាក់ និងការតភ្ជាប់ក្រណាត់។



ក្នុងដំណាក់កាលទាំងអស់នេះ វិធីសាស្ត្រគូរដោយក្រមួន​ឃ្មុំតែងតែបង្កើតនូវភាពពិសេស ព្រោះនេះគឺជាលក្ខណៈពិសេសមួយដែលត្រូវបានផ្ទេរបន្តដល់ជំនាន់ក្រោយ ៗ  ក្នុងគ្រួសារជនជាតិម៉ុង (Mong)។ ជនជាតិម៉ុង (Mong) ប្រើក្រមួនឃ្មុំរលាយ ដើម្បីគូរលើផ្ទៃក្រណាត់ សំដៅចង់បិទបាំងទីតាំងមួយ​ចំនួនលើក្រណាត់។ បន្ទាប់ពី គូររួច ក្រណាត់នេះនឹងត្រូវជ្រលក់ពណ៌ ហើយស្ងោរ​ក្នង​ទឹកពុះ។ ខណៈពេល​ស្ងោរ​ ក្រមួន​ឃ្មុំ​នឹង​រលាយក្នុង​ទឹក​ពុះ ហើយ​បង្ហាញក្បាច់​រចនា។ ក្រណាត់មានក្បាច់​រចនាដែលត្រូវបានប៉ាក់ដោយដៃ និងក្លាយទៅជាផលិតផលផ្សេងៗ ជាច្រើន ដែលលក់នៅក្នុងទីផ្សារ។

លោកស្រី លីធីនីញ (Ly Thi Ninh) គឺជាស្រ្តីម្នាក់ក្នុងចំណោមបណ្តាស្ត្រីមានបច្ចេកទេសប៉ាក់ ត្បាញ់ និងគូរក្បាច់​រចនា​ដោយ​ក្រមួនឃ្មុំបានល្អបំផុត នៅភូមិ ត្រុងតុង (Trong Tong) ឃុំ ចេគូញ៉ា (Che Cu Nha) ស្រុក មូកាំង​ចាយ (Mu Cang Chai) ខេត្ត អៀនបាយ (Yen Bai)។ លោកស្រី នីញ (Ninh) បានចាប់ផ្តើមរៀននូវ​របៀបគូរក្បាច់​រចនា​លើ​ក្រណាត់​ដោយ​ក្រមួនឃ្មុំពីជីដូន និងម្តាយរបស់គាត់ នៅពេលនោះគាត់​ទើបមានអាយុ ៥ ឆ្នាំ ដូច្នេះ​លោកស្រី​ នីញ (Ninh) មានជំនាញល្អ។ គាត់បានចែករំលែកថា៖ ក្បាច់​​រចនា​គូរ​ដោយ​ក្រមួន​ឃ្មុំ​លើ​សំពត់ អាវ និងសម្ពាយ​ស្ពាយ​ទារករបស់ជនជាតិ ម៉ុង (Mong) មិនត្រឹមតែបង្ហាញជីវភាពរស់នៅតែប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាមោទនភាព និងសេចក្តីស្រឡាញ់របស់ជនជាតិ ម៉ុង (Mong) នៅទីនេះផងដែរ។

លោកស្រី នីញ (Ninh) បានបន្ថែមថា៖ ក្រណាត់ដែលជ្រើសរើសគឺក្រណាត់​ cotton ឬក្រណាត់ rayon បានបោកគត់ស្អាត ធ្វើឲ្យត្រង់រហូន ហើយបានក្រាល​លើ​ក្តាររាបស្មើរ រួចច្បូតឲ្យ​រាប​ស្មើដោយចង្កូមជ្រូកព្រៃ។ ប៊ិចគូរ​មានដងធ្វើពីឫស្សី និងក្បាលស្រួច​ធ្វើពីស្ពាន់តូចៗពីរបន្ទះដែលមានគែមមូល និងរលោង ទល់​មុខចូលគ្នា ដើម្បី​ផ្ទុកក្រមួនឃ្មុំក្តៅនៅខាងក្នុង។ ក្រមួន​ឃ្មុំត្រូវបាន​យកនៅក្នុងព្រៃ។ គេ​បានទុកក្រមួន​ឃ្មុំក្នុង​ស្ថាន​ភាព​រលាយ​និង​ក្តៅ​ ដើម្បីគូរក្បាច់​រចនា។ ដូច្នេះហើយ នៅពេល​គូរដោយក្រមួនឃ្មុំ សិប្បករត្រូវអង្គុយក្បែរចង្ក្រានធ្យូង។ ស្នាម​គូរ​នឹង​បាន​សិប្បករ​គូរ​តាម​​គំនិត​របស់ខ្លួន។ បន្ទាប់ពីគូរ​រួច ​ផ្ទាំង​ក្រណាត់​មើល​ទៅ​ដូច​ជា​ស្នាដៃ​ដ៏​ស្មុគ្រ​ស្មាញដែល​មានក្បាច់​រចនាគូរ​ដោយ​ក្រមួនឃ្មុំមាន​ពណ៌​មាស ​ពណ៌​ត្នោត ​នៅ​លើ​ផ្ទៃ​ផ្ទាំង​ក្រណាត់​ពណ៌​ស។

ផលិត​ផលធ្វើ​ពី​ក្រណាត់​របស់ជនជាតិ​របស់​ជនជាតិ​ម៉ុង (Mong)។ រូបថត៖ វៀតគឿង/កាសែតរូបភាព​វៀតណាម

ដើម្បី​មាន​ពណ៌ខៀវ​ត្រុំ​​ទុំ និងរក្សាបានពណ៌ ​ក្នុង​រយៈពេល​យូរ ក្រណាត់​នេះបានជ្រលក់ពណ៌ជាច្រើនដង។ ត្រាំ​ក្រណាត់​ក្នុង​ទឹក​ត្រុំ បន្ទាប់មកហាលកម្ដៅឲ្យស្ងួត បន្ទាប់មកត្រាំ និងហាលបន្តជាច្រើនលើកច្រើនសារ... ក្នុងដំណើរ​ការជ្រលក់ពណ៌ ត្រូវប្រុងប្រយ័ត្នធ្វើយ៉ាងស្រាល និងហ្មត់​ចត់ ដើម្បីកុំឱ្យក្រមួន​ឃ្មុំប្រេះដើម្បីរក្សាក្បួន​រចនា។ជាពិសេសនាពេលថ្មីៗនេះ ដោយមានបំណងចង់ណែនាំបច្ចេកទេសពិសេសរបស់ជនជាតិ​ម៉ុង (Mong) ដល់មនុស្សគ្រប់គ្នា លោកស្រី លីធីនីញ (Ly Thi Ninh) បានបង្ហាញពីការគូរក្បាច់​រចនា​ដោយ​ក្រមួនឃ្មុំលើក្រណាត់ និងការងារជ្រលក់ពណ៌ត្រុំរបស់ជនជាតិម៉ុង  (Mong) នៅទីស្ថាន Craft Link លេខ ៥១ ផ្លូវ​​ វ៉ាន់​មៀវ (Van Mieu)  រដ្ឋធានី ហាណូយ (Ha Noi)។ ការតាំងពិព័រណ៌ និងការណែនាំបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងប្រជាជន​ជាច្រើន​នៃរដ្ឋធានីហាណូយ (Ha Noi) បានចូលរួម និង​ទទួលបទពិសោធន៍។

ក្រណាត់ទាំងនេះត្រូវបានក្រុមសហករណ៍​ប៉ាក់​ និង​ត្បាញ​ក្រណាត់​ជនជាតិ​ភាគ​តិច​ប្រពៃណី​របស់ជនជាតិ​ម៉ុង (Mong) របស់​ភូមិ ចេគូញ៉ា (Che Cu Nha) ធ្វើ​ទៅជាផលិតផលជាច្រើន ដូចជា កាបូបស្ពាយ ខ្សែក្រវាត់ កម្រាលតុ អាវ... ហើយត្រូវបានដាក់លក់នៅតាមហាងជាច្រើននៃ Craft Link លេខ ៥១ ផ្លូវ​​ វ៉ាន់​មៀវ (Van Mieu)  រដ្ឋធានី ហាណូយ (Ha Noi)

លោកស្រី ត្រឹន​ទៀត​ឡាន (Tran Tuyet Lan) នាយិកា Craft Link បានឲ្យដឹងថា៖ បន្ទាប់ពីរយៈពេល​ ៣ ឆ្នាំនៃការអនុវត្តគម្រោង អភិវឌ្ឍផលិតផលទេសចរណ៌ពិសេសនៅភាគខាងលិច ខេត្ត អៀន​បាយ (Yen Bai) ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ភាពស្រស់ស្អាតនៃវប្បធម៌ក្រណាត់ជនជាតិ​ភាកតិចប្រពៃណីរបស់ជនជាតិ ម៉ុង (Mong) ក្នុងឃុំ​ ចេគូញ៉ា (Che Cu Nha) បាន​និង​កំពុងអភិរក្ស អភិវឌ្ឍ និងណែនាំយ៉ាងទូលំទូលាយដល់សហគមន៍អន្តរជាតិ។ Workshop ស្តីពីសិល្បៈ​គូរ​ដោយ​ក្រមួនឃ្មុំលើ​ក្រណាត់ត្រូវបាន​សិប្បការិនី លីធីនីញ (Ly Thi Ninh)  បង្ហាញ នៅ​រដ្ឋធានីហាណូយ (Ha Noi) គឺជាសកម្មភាពតភ្ជាប់សហគមន៍ ដើម្បីឧទ្ទេសនាមអំពីភាពស្រស់ស្អាតនៃវប្បធម៌ជនជាតិដើមភាគតិចដល់ភ្ញៀវទេសចរអន្តរជាតិកំពុង​ធ្វើដំណើរ ឬរស់នៅ និងធ្វើការនៅរដ្ឋធានីហាណូយ (Ha Noi) ។/.

លោកស្រី លីធីនីញ (Ly Thi Ninh)  បង្រៀនអំពីរបៀបរគូរក្បាច់រចនា​ដោយក្រមួន​ឃ្មុំ​ នៅលើក្រណាត់​ rayon ប្រពៃណីរបស់ជនជាតិម៉ុង (Mong) នៅឃុំ​ ចេគូញ៉ា (Che Cu Nha) នៅលំហរ Craft Link space លេខ ៥១ ផ្លូវ​វ៉ាន់​មៀវ (Van Mieu) រដ្ឋធានី ហាណូយ (Ha Noi)។ រូបថត៖ វៀតគឿង /កាសែតរូបភាពវៀតណាម

អត្ថបទ៖ ប៊ិច​វ៉ឹន  រូបថត៖ វៀតគឿង ឯកសារ​របស់​  Craft link/កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀន​យ៉ាង


Top