ពិធីសែនព្រេនត្រី - បទចម្រៀងវីរភាពនៃរបរនេសាទ

ពិធីសែនព្រេនត្រី - បទចម្រៀងវីរភាពនៃរបរនេសាទ

មិនត្រឹមត្រែជាពិធីការបួងសួង​សុំសមុទ្រ​ស្ងប់ស្ងាត់តែប៉ុណ្ណោះទេ  ពិធីសែនព្រេនត្រី នៅទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ រវាងមនុស្សនិងមហាសមុទ្រ និងសេចក្តីប្រាថ្នាយកឈ្នះលើសមុទ្ររបស់ប្រជានេសាទ តាមឆ្នេរសមុទ្រវៀតណាមទៀតផង។ ចាប់ពីជំនឿគោរពបូជាត្រីបាឡែន រហូតដល់ពិធីទទួលស្វាគមន៍ត្រីបាឡែន បទចម្រៀង​ប្រជាប្រិយ និងពិធីប្រណាំងទូក។ ពិធីបុណ្យទាំងឡាយបានក្លាយជាបេតិកភណ្ឌវប្បធម៌ពិសេសមួយ ដែលរក្សាបានក្នុងការចងចាំ ព្រលឹង និងភាពអង់អាចក្លាហាន របស់ប្រជាជនវៀតណាម​ ចំពោះមុខមហាសមុទ្រ។

ប្រជាជននៅតំបន់ឆ្នេរសមុទ្រ ដាណាំង (Da Nang) អុជធូបនៅក្បែរសាកសពត្រីបាឡែនមួយក្បាល ដែលបានអណ្តែតមកលើឆ្នេរសមុទ្រ ង្វៀនតាតថាញ់ (Nguyen Tat Thanh)។ រូបថត៖ ថាញ់ហ័្វរ/ VNP
ពិធីបុណ្យ​បញ្ចុះ​សពត្រីបាឡែន របស់​ប្រជាជន​រស់នៅឆ្នេរសមុទ្រ។ រូបថត៖ ថាញ់ហ្វ័រ /VNP

ជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាង ៣,២៦០ គីឡូម៉ែត្រ ប្រទេសវៀតណាមបង្កើតទំនៀមទម្លាប់ និងជំនឿ​សាសនាជាច្រើន ដែលផ្សារភ្ជាប់ជាមួយនឹងសមុទ្រ​។ លេចធ្លោបំផុត ក្នុងចំណោមនោះ គឺទំនៀមទម្លាប់គោរពបូជាត្រីបាឡែន - ជំនឿសាសនាពិសេសរបស់ប្រជានេសាទរស់នៅបណ្ដោយឆ្នេរសមុទ្រភាគកណ្តាល​ និងភាគខាងត្បូង។

ត្រីបាឡែនជាប្រភេទត្រីរស់នៅមហាសមុទ្រ ដែលអ្នកនេសាទគោរពដូចជាអាទិទេពមួយអង្គការពារ នៅលើសមុទ្រ។​ តាមទស្សនៈប្រជា​ប្រិយ រាល់ពេលដែលទូកជួបព្យុះភ្លៀង ឬគ្រោះថ្នាក់ ត្រីបាឡែនតែងតែបង្ហាញខ្លួន ដើម្បីជួយសង្គ្រោះ​អ្នកនេសាទ។ ដូច្នេះហើយ នៅពេលដែលត្រីបាឡែន​​ស្លាប់ ប្រជាជនតែងរៀបចំពិធីបុណ្យសព កសាងផ្នូរ ឬនាំយកអដ្ឋិធាតុត្រីបាឡែនទៅតម្កល់នៅបូជនិយដ្ឋាន ដោយ​សម្គាល់ថា ជាការដឹងគុណចំពោះ "អ្នកសង្គ្រោះ" នៃមហា​សមុទ្រ​។

ព្រឹទ្ធាចារ្យនៃភូមិ ធួនអាន (Thuan An) ឃុំកោះតាមហាយ (Tam Hai) (ទីក្រុង ដាណាំង (Da Nang))  រៀបចំពិធីសែន ព្រេន នៅបូជនិយដ្ឋានត្រីបាឡែន ។ រូបថត៖ ថាញ់ហ័្វរ/ VNP

នាពេលបច្ចុប្បន្ន តាមបណ្តោយតំបន់ឆ្នេរសមុទ្រភាគកណ្តាល និងភាគខាងត្បូង នៅតែមានផ្នូរ បូជនិយដ្ឋានត្រីបាឡែនជាច្រើន ដែលក្នុងនោះមានកន្លែងខ្លះមានផ្នូរតូចធំរាប់រយ។ ជាពិសេស គឺតំបន់ផ្នូរត្រីបាឡែន​ នៅឃុំកោះ តាម​ហាយ (Tam Hai)(ក្រុង ដាណាំង (Da Nang)) និងភូមិនេសាទ ភឿកហាយ (Phuoc Hai)(ខេត្ត បារៀ -វូងតាវ ទីក្រុងហូជីមិញ (Ba Ria - Vung Tau))។ កន្លែងទាំងនេះ មិនត្រឹមតែជាកន្លែងរៀបចំ​សកម្មភាពគោរពបូជាតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាទុកនូវតម្លៃវប្បធម៌ពិសេសជាច្រើនរបស់សហគមន៍អ្នកនេសាទវៀតណាមផងដែរ។

គូសែនបួងសួងព្រះបាឡែន ក្នុងពិធីស្វាគមន៍ នៃពិធីបុណ្យសែនព្រែនត្រី នៅភូមិនេសាទថាញ់ឃេ (Thanh Khe) (ទីក្រុង ដាណាំង)។ រូបថត៖ ថាញ់ហ័្វរ/ VNP
ពិធីសែនត្រីរបស់ប្រជាជនរស់នៅឆ្នេរសមុទ្រនៃទីក្រុង ដាណាំង។ រូបថត៖ ថាញ់ហ្វ័រ /VNP

ចេញពីជំនឿគោរពបូជាត្រីបាឡែន​ ពិធីបុណ្យសែនព្រេនត្រី បានបង្កើតឡើងជាបណ្តើរៗ ហើយក្លាយជាពិធីបុណ្យសំខាន់ សម្រាប់ប្រជាជននៅតំបន់សមុទ្រ។ ទោះបីជារបៀបរៀបចំ​នៅតាមតំបន់នីមួយៗ មានលក្ខណៈខុសគ្នាក៏ដោយ ប៉ុន្តែពិធីបុណ្យនេះសុទ្ធតែឆ្ពោះទៅរកបំណងប្រាថ្នារួម៖ ថ្លែងអំណរគុណមហាសមុទ្រ រំលឹកគុណត្រីបាឡែន​ និងបួងសួងសុំឱ្យប្រទេសជាតិមានសុខសន្តិភាព ធាតុអាកាសអំណោយផល ការចេញទៅនេសាទមានសុវត្ថិភាព និងទទួលបាន​ផលច្រើន។

ពិធីបុណ្យសែនព្រេន​ត្រីភាគច្រើនប្រព្រឹត្តទៅនៅរដូវផ្ការីក ចាប់​ពីខែទី ១  ដល់ខែទី ២ (តាមចន្ទគតិ)។ ពិធីបុណ្យ​រួមមាន ពិធីដង្ហែត្រី បាឡែន អុជធូប និងពិធីសែនព្រេននៅតាមផ្នូរត្រី ឬបូជនិយដ្ឋានត្រី។ បន្ទាប់ពីពិធីបុណ្យដ៏អធិកអធម គឺការលេងកម្សាន្តយ៉ាងអ៊ូអរ ជាមួយនឹងសកម្មភាពវប្បធម៌ប្រជាប្រិយជាច្រើន ដូចជា ការច្រៀងបទចម្រៀង​ប្រជាប្រិយ ច្រៀងប៊ុយ (Boi)សម្តែងល្ខោន និងប្រណាំងទូក​។ សកម្មភាពទាំងនោះ បានបង្កើតនូវបរិយាកាសសាមគ្គីភាព និងភាពជិតស្និទ្ធរវាងគ្រួសារ និងសហគមន៍អ្នកនេសាទតាមឆ្នេរសមុទ្រ។

សម្រាប់ប្រជាជននៅតាមឆ្នេរសមុទ្រ មហាសមុទ្រមិនត្រឹមតែជាទីដែលសម្រាប់ការរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងជាពិភពដ៏ពិសិដ្ឋ និងអាថ៌កំបាំងផង។ នៅក្នុងពិភពលោកនោះ ពិធីបុណ្យសែនព្រេនត្រីក្លាយជាស្ពានតភ្ជាប់រវាងមនុស្ស និងធម្មជាតិ រវាងជីវិតប្រចាំថ្ងៃ និងជីវិតខាងវិញ្ញាណ បង្កើតជាតម្លៃវប្បធម៌ ដែលពិបាករកឃើញនៅកន្លែងផ្សេងទៀត។

ពិធីសែនត្រី ត្រូវបាន​រៀបចំ ក្នុង​តំបន់​ផ្សេងៗ ដែលមាន​ភាព​ខុសគ្នា ប៉ុន្តែពិធីបុណ្យនេះ​មានអត្ថន័យរួម។
ក្រុមនាវានេសាទមកពីឃុំកោះតាមហាយ (Tam Hai) (ទីក្រុង ដាណាំង (Da Nang)) ឆ្លងកាត់រលក ដើម្បីចេញទៅលំហសមុទ្រ ដើម្បីរៀបចំពិធីស្វាគមន៍ព្រះត្រីបាឡែនមកចូលរួមក្នុងពិធីបុណ្យសែនត្រី។ រូបថត៖ ថាញ់ហ័្វរ/ VNP

ជាមួយនឹងតម្លៃមនុស្សធម៌ និងវប្បធម៌ដ៏ពិសេសទាំងនោះ ពិធីបុណ្យសែនព្រេនត្រី ត្រូវបានទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌​អរូបីថ្នាក់​ជាតិ។ ឆ្លងកាត់ច្រើនជំនាន់ ពិធីបុណ្យនេះត្រូវបានរក្សាទុកជាផ្នែកមួយ ដែលមិនអាចខ្វះបាននៃជីវិតខាងវិញ្ញាណរបស់ប្រជានេសាទរស់នៅតាមឆ្នេរសមុទ្រ ព្រមទាំងរួមចំណែកណែនាំជូនមិត្តភក្តិអន្តរជាតិ​ អំពីសម្រស់ពិសេសនៃវប្បធម៌សមុទ្ររបស់វៀតណាម៕

 

អត្ថបទ ៖ថាញ់ហ័្វរ រូបថត៖ ថាញ់ហ័្វរ / VNPហុងដាត / VNA


Top