ពិធីបុណ្យលោតភ្លើងជនជាតិប៉ាថែន
ជាយូរលង់ណាស់មកហើយ ពិធីបុណ្យលោតភ្លើងបានក្លាយជាសោភ័ណនៃសកម្មភាពក្នុងការរស់នៅ វប្បធម៌ ចេតភាព នៃជនជាតិប៉ាថែន (នៅខេត្តចំនួន២ គឺខេត្តហាយ៉ាង (Ha Giang) និង ស្រុកឡឹមបិញ (Lam Binh) ខេត្តត្វៀនក្វាង- Tuyen Quang)។ ពិធីបុណ្យលោតភ្លើង ស្តែងពីទំនុកចិត្តរបស់ពួកគេ ទៅលើពិភពអាទិទេព និងកម្លាំងអភិនីហា អស្ចារ្យរបស់មនុស្ស ដើម្បីឆ្លងកាត់រាល់ឧបសគ្គក្នុងជីវភាពរស់នៅ។
តាមទស្សនាទានរបស់ជនជាតិប៉ាថែន ការរៀបចំពិធីបុណ្យលោតភ្លើង គឺដើម្បីអំណរគុណមេឃ ធរណី អាទិទេព ដែលបានប្រទានរដូវដំណាំលូតលាស់ល្អ ព្រមទាំងបួងសួងសូមសំណាង ភ្លៀងខ្យល់ រដូវអំណោយផល ទន្ទឹមនោះ កម្ចាត់អ្វីដែលមិនបានល្អ គំនរភ្លើងនឹងនាំមកនូវភាពសុខដុមរមនា សំណាងល្អ កម្ចាត់ភាពចង្រៃលំបាក នារដូវរងាមកដល់។ នេះជាលក្ខណៈសកម្មភាពវប្បធម៌ប្រពៃណី នៅសហគមន៍ជនជាតិប៉ាថែន និងជាសក្ខីភាពនៃកម្លាំងក្នុងដំណើរពលកម្ម គ្រប់គ្រងធម្មជាតិ ដើម្បីជីវភាពរស់នៅ និងអភិវឌ្ឍន៍។ មិនត្រឹមតែមានអត្ថន័យផ្សារភ្ជាប់នឹងសហគមន៍ប៉ុណ្ណោះទេ នៅទាំងអភិរក្ស រក្សាតម្លៃវប្បធម៌ប្រពៃណីជនជាតិប៉ាថែន ពីជំនាន់មួយទៅជំនាន់មួយ បង្កើតបានលក្ខណៈពិសេសដោយឡែករបស់ជនជាតិទៀតផង។
ពិធីបុណ្យលោតភ្លើងជនជាតិប៉ាថែន (នៅខេត្តចំនួន២ គឺខេត្តហាយ៉ាង (Ha Giang) និង ស្រុកឡឹមប៊ិញ (Lam Binh) ខេត្តត្វៀនក្វាង - Tuyen Quang) តែងបានរៀបចំជារៀងរាល់ឆ្នាំ នៅពេលបណ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ចូលរដូវប្រមូលផល (ចាប់ផ្ដើពីថ្ងៃទី១០រហូតដល់ថ្ងៃពេញបូណ៌មីខែទី១នៃចន្ទគតិ)។ ពិធីកិច្ចបានរៀបចំនៅទីលានជាកន្លែងសកម្មភាពវប្បធម៌សហគមន៍ សម្រាប់ភូមិ ឃុំ ព្រមទាំងបានបែងចែកជាពីរផ្នែក៖ ពិធីសែនព្រេងមុនពេលព្រះអាទិត្យលិចទៅ ប្រព្រឹត្តទៅប្រហែលជា៣ទៅដល់៤ម៉ោង និងលោតភ្លើងបន្ទាប់ពីមេឃបង្អោនស្បៃរាត្រី ប្រព្រឹត្តទៅប្រហែល១ម៉ោង។
ពេលរាត្រីមកដល់ អាចារ្យនឹងធ្វើពិធីអញ្ជើញអាទិទេព “ព្រលឹងវិញ្ញាណ” ចូលរួមពិធីបុណ្យ និងចូលមកលេងល្បែងផង។ អាចារ្យអង្គុយលើកៅអីវែង សម្រាប់បូជាអាទិទេព ដៃកាន់បន្ទះឈើ គោះលើបន្ទះដែកនៅខាងក្រោមកៅអី បញ្ចេញសំឡេងញាប់ៗជាប់គ្នាប្រហែល៤ម៉ោង។ មុនពិធីកិច្ចនីមួយៗ អាចារ្យបួងសួងអាទិទេព សូមលោកចូលមកឃុំគ្រង ផ្តល់កម្លាំងជូនបុរសជនជាតិប៉ាថែន ឱ្យមានកម្លាំងខ្លាំងពូកែ ដើម្បី “រាំលោត” លើគំនរភ្លើង។
បន្ទាប់ពីការសែនថ្វាយ និងអញ្ជើញអាទិទេពរួចស្រេច គឺពិធីលោតភ្លើង។ គំនរភ្លើងធំ បានដុតឆេះសន្ធោសន្ធៅមានល្ងើកក្រហមឆ្អៅ យុវជនចូលរួមលោតភ្លើង ប្តូរវេនគ្នាលោតចូលគំនរភ្លើងក្រហម ដោយដៃជើងទទេ ដើម្បីពន្លត់ភ្លើងរលត់ទៅ។ ប្រការពិសេស គឺបន្ទាប់ពីលោតចូលភ្លើងរួច ជើងដៃពួកគាត់ មិនត្រូវរលាក់ ឈឺ ឬសើស្បែកឡើយ។
បងភូ វ៉ាន់ក្វី (Phu Van Quy) អ្នកចូលរួមលោតភ្លើងរៀបរាប់ថា៖ “ពេលលោតចូលភ្លើង ខ្ញុំធ្មេចភ្នែក រាងកាយត្រជាក់ និងញ័រឡើង ខ្ញុំមិនដឹងអ្វីទៀតទេ ហាក់ដូចបានអាទិទេពនាំផ្លូវ ដូច្នេះរាងកាយខ្ញុំមិនដឹងថា ខ្លួនកំពុងលោតចូលគំនរភ្លើង រហូតដល់ពេលមានអារម្មណ៍ក្តៅៗ ត្រូវតែចាកចេញពីគំនរភ្លើង ខ្ញុំក៏រត់ចេញទៅ ពេលដែលចេញមកដល់ខាងក្រៅ ខ្ញុំឃើញខ្លួនឯងត្រជាក់ ខ្លួនញ័រទទ្រើត ខ្ញុំលោតចូលភ្លើងម្តងទៀត។ ធ្វើយ៉ាងនេះទៅមកៗជាច្រើនលើកច្រើនសា រហូតដល់គំនរភ្លើងក្រហមរលត់ទៅ។ ពេលខ្ញុំរត់ចេញមកខាងក្រៅ ខ្ញុំនៅតែឃើញអ្នកមើល ប៉ុន្តែឃើញពួកគាត់មានមាឌតូចៗណាស់”។
ក្រោយពេលគំនរភ្លើងរលត់ អាចារ្យកោះហៅសិស្សគណត្រឡប់ ឈររៀបជួរនៅលើកន្ទេលខាងក្រោយ ដើម្បីបញ្ចប់ពិធីបុណ្យ។ ពួកគាត់អរគុណអាទិទេពដែលបានអញ្ជើញមកចូលរួមលេងសប្បាយនឹងអ្នកភូមិ ហើយបានបួងសួងសូមអាទិទេពជួយឃុំគ្រងអ្នកភូមិ បានសុខដុមរមនា សុខភាពមាំមួន ណាត់ពេលលោតភ្លើងគ្រាក្រោយ នឹងអញ្ជើញអាទិទេពចុះមកចូលរួមទៀត។
ពិធីបុណ្យលោតភ្លើងជនជាតិប៉ាថែន ប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយអភិរក្សតម្លៃវប្បធម៌ប្រពៃណី ជំរុញធ្វើអាជីវកម្មសក្តានុពលបេតិកភណ្ឌវប្បធម៌ដើមកំណើត បម្រើអភិវឌ្ឍទេសចរណ៍មូលដ្ឋាន៕