ពិធីជួបជុំសហគមន៍នៃជនជាតិភូនង
កន្លងថ្មីៗនេះ នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ - Dong Mo សឺនតី - Son Tay ហាណូយ) មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តប៊ិញភឿក (Binh Phuoc) បានសហការរៀបចំពិធីជួបជុំ សហគមន៍ (R'Nglap bon) នៃជនជាតិភូនង ឡើងវិញ។ នេះគឺជាពិធីសំខាន់ ពិសេស និងមានអត្ថន័យមនុស្សធម៌ជ្រាលជ្រៅ បង្ហាញពីបម្រួបបម្រួមសហគមន៍រឹងមាំនៃជនជាតិនេះ។
ពិធីជួបជុំសហគមន៍ មានអត្ថន័យសំខាន់ក្នុងជីវស្មារតី នៃជនជាតិភូនង។ នេះគឺជាឱកាសមួយ ដែលសហគមន៍រួមគ្នាបួងសួងសូមទឹកភ្លៀងអំណោយផល ផលដំណាំល្អ ទន្ទឹមនោះបង្កើនសាមគ្គីភាព រវាងភូមិនិងភូមិ។ ពិធីជួបជុំសហគមន៍តែងតែបានរៀបចំឡើងនៅដើមរដូវវស្សា នៅពេលដែលអ្វីៗគ្រប់យ៉ាងកំពុងតែលូតលាស់ និងពោរពេញដោយជីវិត។
ពេលភ្ញៀវមកពីភូមិនានា ដែលអញ្ជើញមកចូលរួមពិធីនេះ បងប្អូនជនជាតិភូនង បានប្រព្រឹត្តនូវពិធីទទួលភ្ញៀវយ៉ាងកក់ក្ដៅនៅច្រកចូលភូមិ។ ក្រោមសំឡេងគងឃ្មោះ និងបទចម្រៀងប្រជាប្រិយ ភ្ញៀវកិត្តិយសបានជួបជុំគ្នាដូចជាគ្រួសារធំមួយ មុនពេលបើកពិធីសំខាន់។
ផ្នែកពិធីសំខាន់ប្រព្រឹត្តទៅនៅជុំវិញបង្គោលនេវ (Neu) ដែលបានដាំឡើងតាំងពីព្រឹកព្រលឹមក្នុងបរិយាកាសឧឡារិក។ គ្រឿងសំណែនបានរៀបចំទៅតាមលក្ខខណ្ឌនៃភូមិស្រុក រួមមាន ជ្រូក មាន់ បាយក្រឡាន នំចេក ស្រាពាង។ល។ បានដាក់តាំងយ៉ាងថ្លៃថ្នូរ។ មេភូមិរួមនឹងនារី ដែលមានកេរ្តិ៍ឈ្មោះល្អម្នាក់ត្រូវបានជ្រើសតាំងធ្វើជាម្ចាស់ពិធី ជាមួយនឹងពិធីកិច្ចបូជាយញ្ញ លាបឈាមសត្វបូជាទៅលើបង្គោលនេវ ជានិមិត្តរូបតំណាងនៃការតភ្ជាប់ជាមួយពិភពព្រលឹង។
បន្ទាប់មក មេភូមិបានប្រព្រឹត្តនូវពិធីបួងសួងសូមសេចក្ដីសុខដុមរមនា ដោយសង្កត់ធ្ងន់លើពាក្យបម្រួបបម្រួម រំសាយជម្លោះ បញ្ជាក់អំពីសាមគ្គីភាព រវាងភូមិ និងសហគមន៍ជនជាតិជាបងប្អូន។ ក្រោយមក ម្ចាស់ពិធីទាំងពីរនាក់ក៏អញ្ជើញអ្នកទាំងឡាយផឹកស្រាពាង ចែកបាយក្រឡាន ដូចជាពាក្យជូនពរសូមឱ្យទទួលបានសេចក្ដីសុខសាន្ត និងវិបុលភាព។
ក្រោយពិធីកិច្ច ពិធីបុណ្យនឹងបានប្រព្រឹត្តទៅយ៉ាងអធិកអធម ជាមួយនឹងសំឡេងគងឃ្មោះ និងសំឡេងសំណើចក្អាកក្អាយ។ មនុស្សទាំងឡាយបានចាប់ដៃគ្នា រាំច្រៀងជុំវិញបង្គោលនេវ (Neu) សម្រប់ខ្លួនចូលក្នុងឈុតរបាំប្រពៃណី និងពិសាម្ហូបអាហារជនបទ ដែលមានរសជាតិព្រៃភ្នំ។
ការរៀបចំពិធីជួបជុំសហគមន៍ឡើងវិញនេះ មិនត្រឹមតែជាការខិតខំប្រឹងប្រែង ដើម្បីអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិភូនង ប៉ុណ្ណោះទេ នៅទាំងជាស្ពានតភ្ជាប់ដើម្បីផ្សព្វផ្សាយស្មារតីសាមគ្គីភាពអស្ចារ្យ រវាងជនជាតិជាបងប្អូនផងដែរ។ ក្នុងបរិយាកាសពោរពេញដោយអត្តសញ្ញាណវប្បធម៌ តាមរយៈពិធីពិសិដ្ឋ និងកាលៈទេសៈនៃការជួបជុំដោយស្មោះត្រង់ ជនជាតិភូនង បានបញ្ញើសារដោយជ្រាលជ្រៅមួយគឺ៖ សាមគ្គីភាព ការចែករំលែក និងការគោរពឫសគល់ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតរឹងមាំ និងការអភិវឌ្ឍ៕
អនុវត្តដោយ៖ វៀតគឿង
ប្រែសម្រួល៖ រីកើង