ពិធីចម្រើនវ័យនៃជនជាតិយ៉ាវឆ្នួតការេ

ពិធីចម្រើនវ័យនៃជនជាតិយ៉ាវឆ្នួតការេ


ពិធី​ចម្រើន​វ័យ​ នៃជនជាតិ​យ៉ាវ​ឆ្នួត​ការេ​​ នៅឃុំ​ហូ​ថូវ​ (Ho Thau) ស្រុក​តាម​ដឿង​ (Tam Duong) ខេត្ត​ឡាយ​ចូវ​ (Lai Chau) តែងបាន​ប្រារព្ភក្នុងបណ្ដាខែចុងឆ្នាំ​​។ នេះ​ជាពិធី​ពិសេសសំខាន់​​​នៅ​ក្នុង​ជីវិត​នៃបុរសជនជាតិ​យ៉ាវ​ម្នាក់ៗ ពីព្រោះពួកគាត់មានទស្សនាទាន​ថា​ ពេលណាទទួល​បាន​ចម្រើន​វ័យហើយ​ បុរសនោះ​ទើបបានចាត់ទុក​ជាមនុស្សពេញ​វ័យ​​ អាច​ចូល​រួម​រំលែក​ការងារ​ផ្ទះ​ សហគមន៍ ពេលស្លាប់ទៅ​ទើប​អាច​ជួប​បុព្វការី​ជនបាន​​។​

កាលពីដើម​​ ពិធី​ចម្រើនវ័យ​តែងបាន​ប្រារព្ភឡើងជាច្រើនថ្ងៃតាមការកំណត់របស់តា​អាចារ្យ​​ ប៉ុន្តែបច្ចុប្បន្ន ​ពិធីនេះតែង​អូសបន្លាយ​ក្នុង​អំឡុង​ពេល​ប្រហែល​៣ថ្ងៃ​។ ក្នុង​អំឡុងពេល​ប្រព្រឹត្តទៅ​ពិ​ធីកិច្ច​ អ្នក​​ចម្រើន​វ័យ​នឹង​បាន​សិក្សា​ និងឆ្លងកាត់​សកម្មភាព​ចេតភាព​ អម​ដោយ​អាចារ្យ​ដែលមាន​បទពិសោធន៍​ប្រតិបត្តិ​ ឬ​ណែនាំអ្នក​ចម្រើន​វ័យ​ធ្វើ​ត្រាប់តាម​។ តាម​រយៈ​សកម្មភាពនេះ អាចារ្យ​នឹង​បង្រៀន​សិស្ស​ ប្រតិបត្តិ​ពិធីកិច្ច​ រៀន​រាំ​ រៀន​ឧបករណ៍តន្រ្តី​។ល។​ ពិសេស​ សិស្ស​នឹង​បានស្តាប់​ទ្រឹស្តី​អំពី​ករណីយកិច្ច​ និងបដិសណ្ឋារកិច្ច​ចំពោះគ្រួសារ​ និង សហគមន៍​។

អាចារ្យ​ប្រព្រឹត្តពិធីកិច្ច​ ត្រៀម​សម្រាប់កូនសិស្ស​ “ធ្លាក់​ពីវេទិកា”។​

ពិធីកិច្ច​ដ៏​សំខាន់​បំផុត​ក្នុង​ពិធី​ចម្រើន​វ័យ​របស់​ជនជាតិ​យ៉ាវ​ឆ្នួត​ការេ​ គឺ​ខណៈ​ពេល​កូនសិស្ស​ប្រព្រឹត្ត​កិច្ចការ​ ធ្លាក់ពី​វេទិកា។ នៅ​ខណៈ​ពេល​សំខាន់មួយនេះ ក្រោម​សក្ខីភាព​នៃ​អាចារ្យ​ និងសហគមន៍​ អ្នក​ចម្រើនវ័យ​ត្រូវ​វារ​ឡើង​លើ​វេទិកាខ្ពស់​ រួចផ្ងាខ្លួន​​ ​ទំលាក់​ខ្លួន​ចុះ​ជា​ធម្មតាពីលើចុះក្រោមដោយមាន អាចារ្យ​ពី​៦ ដល់​៧នាក់​កាន់អង្រឹងចាំទ្រពីក្រោម​​​។​ នៅលើ​អង្រឹង​​មាន​ទ្រាប់​ភួយ​ផ្កា​ អ្នកលោត​ត្រូវ​លោត​ដោយ​កាយ​វិការ​​ឱប​ជង្គង់​​ ដូចពេល​នៅក្នុងផ្ទៃម្តាយ​។ នៅពេល​ធ្លាក់ចុះដល់អង្រឹង​​ អាចារ្យ​​នឹង​ដាក់អ្នកលោត​ចុះផ្ទាល់​ដី​  រួចឃ្លុំ​ភួយ​ជិត​ក្បាល​ជិតជើង​​។ ម្ចាស់ពិធី​កិច្ច​ជាមនុស្សតែមួយ​គត់​ ដែល​មានសិទ្ធិ​បើក​ភួយ​ ទទួលកូន​សិស្ស​ចេញ​មកក្រៅ​។ ចំពោះជនជាតិ​​យ៉ាវ​ឆ្នួ​ការេ​ ពិធីកិច្ចនេះ​ មិនត្រឹមតែ​សាកល្បង​​​ចិត្ត​ក្លាហាន​ នៅទាំងបានចាត់ទុក​​កូនសិស្សដូចជាបាន​ប្រសូត​ចេញ​ម្តងទៀត​ ក្រោយពេល​ប្រព្រឹត្តពិធី​កិច្ច​ទម្លាក់ខ្លួន​ពី​លើវេទិកាចុះរួច​​ ខណៈ​នោះ​អ្នកចម្រើនវ័យ​បាន​ក្លាយ​ខ្លួន​ជាមនុស្សពេញវ័យ​ជាផ្លូវការ​។​

អាចារ្យ​ប្រព្រឹត្តពីធី​កិច្ច​ នៅមុខ​វេទិកាទម្លាក់ខ្លួនក្នុងពិធី​ចម្រើន​វ័យ​។​

ពិធី​ចម្រើនវ័យ​ជា​ចំណុច​សំខាន់មួយ​នៃ​ជីវិតមនុស្សម្នាក់ៗ​ ក៏ជា​សកម្មភាពមួយ​ដ៏សំខាន់​នៃសហគមន៍​ជនជាតិ​យ៉ាវ​។ មិនត្រឹមតែ​ជា​ឱកាស​លើកស្ទួយ​អ្នក​ប្រព្រឹត្ត​ពិធីកិច្ច អ្នក​ចម្រើន​វ័យប៉ុណ្ណោះ នៅទាំង​ជា​ឱកាស​សម្រាប់ប្រជាជន​ អ្នកភូមិ អ្នកស្រុក​ផ្សារភ្ជាប់​នឹង​សហគមន៍​។ ប្រការនេះ បានធ្វើ​ឱ្យ​​ពិធីប្រពៃណី​ពិសេសបំផុត ជា​និមិត្តរូប​នៃ​សាមគ្គីភាព រុង​រឿង​ នៃ​សហគមន៍​ជនជាតិ​យ៉ាវ​ឆ្នួត​ការេ​នៅឃុំ​ហូវ​ថូវ (Ho Thau)​​​។​

 

អត្ថបទ និង រូបថត៖ វៀតគឿង​/កាសែតរូបភាពវៀតណាម

​ប្រែសម្រួលដោយរីកើង 

 


Top