ផ្សារ ដុងបា (Dong Ba)

ផ្សារ ដុងបា (Dong Ba)

សម្រស់របស់អាជីវករផ្សារ ដុងបា (Dong Ba) នៅទីក្រុង ហ្វេ (Hue)។ រូបថត៖ សហការី ឡេ ហ៊ុយហ័ងហាយ

ផ្សារ ដុងបា (Dong Ba)  (ទី​ក្រុង​ ហ្វេ (Hue)) បច្ចុប្បន្ន​មាន​អាយុ​កាល​ ១២៥ ឆ្នាំ​ ដែល​ជា​ផ្សារ​ធំ​ជាង​គេ​ និង​ចំ​ណាស់​ជាង​គេ​នៅ​ទី​ក្រុង​ ហ្វេ (Hue) ។ ផ្សារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ​ ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេ​ ហឿង​ (Huong) ដ៏​​រ៉ូមែនទិច​ ដែល​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​លក់​ដូរ​ និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​រាប់​ម៉ឺន​នាក់​អាច​រកស៊ី​ និង​ចិញ្ចឹម​ជីវភាព​រស់នៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទី​នេះ​ក៏​ជា​កន្លែង​ប្រមូលផ្តុំ​ និង​ឆ្លុះបញ្ចាំង​យ៉ាង​ពេញលេញ​នូវ​ភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​នៃ​ជីវិត​រស់នៅ​ និង​វប្បធម៌​ទី​ក្រុង​ ហ្វេ (Hue) ទៀត​ផង​។

ភ្ញៀវ​ទេសចរ​មក​ផ្សារ​ ដុងបា (Dong Ba) រដូវ​ណា​ តែង​មាន​អាហារ​ប្រចាំ​រដូវ​នោះ​ គ្រាន់តែ​មើល​ទៅ​មុខ​ម្ហូប​ ដូចជា​ បង្គារជូរ ស្ករល្ង មួកស្លឹក បង្អែម​ចាប់​ឆាយ​ ឬ​នំ​បញ្ចុក​សាច់​គោ​ហ្វេ​ (Hue) ... ហើយ​រហូត​ដល់​សូរសម្លេង​ទន់​ភ្លន់​ គួរ​ឲ្យ​ស្រឡាញ់​របស់​បង​ប្អូន​ស្រី​ៗ​ មីង​ៗ និង​អាជីវករ​ ហ្វេ​ (Hue) គឺ​គ្រប់​គ្រាន់​ ដើម្បី​កំណត់​អត្តសញ្ញាណ​ថា​ ជីវិត​វប្បធម៌​របស់​ ហ្វេ​ (Hue)​ មាន​ភាព​សម្បូរ​បែប​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុន​ណា​ហើយ​។


មកទល់នឹងពេលនេះ ផ្សារ ដុងបា (Dong Ba)  បានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន ហ្វេ (Hue) អស់រយៈពេល ១២៥ឆ្នាំមកហើយ។ រូបថត៖ ថាញហ្វ័រ/VNP

តិច​មាន​ផ្សារ​ណា​ មាន​ការ​ឆ្លុះបញ្ចាំង​ពី​លក្ខណៈ​វប្បធម៌​​ក្នុង​តំ​បន់​យ៉ាង​​ច្បាស់​លាស់​ដូច​ផ្សារ​ ដុងបា (Dong Ba) ឡើយ​។ ភ្ញៀវ​ទេសចរ​ ទោះ​បី​នៅ​ទី​ឆ្ងាយ​ទើប​មក​ដល់​ គ្រាន់តែ​មើល​ទៅ​បណ្ដា​តូប​លក់​អាហារ​ និង​ភេសជ្ជៈ​ ដែល​មាន​គ្រប់​មុខ​ ដូចជា​ ផ្អក បង្គា ម្ទេស ខ្ទឹម​ស​ ក្រូច​ឆ្មា​ ផ្លែ​ល្វា​ធំ​ គ្រាប់​ឈូក​ ត្របែក​ ណែម នំ​​ធ្វើ​ពី​ម្សោ​ដំឡូង​មី​ នំ​បញ្ចុក​សាច់​គោ​ … គឺដឹង​ច្បាស់​អំពី​ និយម​ម្ហូប​អា​ហារ​នៃ​ទី​ក្រុង​ហ្វេ​ (Hue) គឺ​​ចូល​ចិត្ត​រសជាតិ​ហឹរ​ រសជាតិ​សម្បូរ​បែប​ សាមញ្ញ​ពិត​ ប៉ុន្តែ​មាន​អស្ចារ្យ​ណាស់។ 

ដើរកាត់​ហាង​លក់​ក្រណាត់​ អ្នក​នឹង​ឃើញ​ក្រណាត់​ជា​ច្រើន​ប្រភេទ​ សម្រាប់​កាត់​ដេរ​អាវ​ផាយ​ អ្នក​ក៏​យល់​ថា​ សម្លៀក​បំ​ពាក់​នៅ​ក្នុង​តំ​បន់​នេះ​ដូច​​ម្តេច​ដែរ​។​ ឬ​គ្រាន់​តែ​ស្តាប់​ការ​សាក​សួរ​ពីរ​បូ​ឃ្លា​​ជា​គ្រាម​ភាសា​ដ៏​ផ្អែម​ល្ហែម​ យឺត​ៗ​ ដោយ​សម្លេង​អ្នក​តំ​បន់​នោះ​ដូច​ "រាំង​ រី​, មោ​ រឿ​" ក៏​យល់​អំពី​ បុគ្គលិក​លក្ខណៈ​​របស់​ប្រជាជន​ហ្វេ​ (Hue) មាន​ភាព​រួសរាយ​រាក់ទាក់​យ៉ាង​ណា​ដែរ​។

ផ្សារ ដុងបា (Dong Ba)  ជាកន្លែងលក់ផលិតផលពិសេស និងល្បីឈ្មោះរបស់ទីក្រុង ហ្វេ (Hue) និងទំនិញជាច្រើនប្រភេទទៀត។ រូបថត៖ ថាញហ្វ័រ/VNP

ផ្សារ​ ដុង​បា​ (Dong​ Ba​) នៅ​ទី​​ក្រុង​ ហ្វេ​ (Hue)​ ឥឡូវ​នេះ​មិន​ត្រឹម​តែ​ជា​កន្លែង​លក់​ដូរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​ទេសចរណ៍​ដ៏​ល្បី​ល្បាញ​នៃ​រាជ​ធា​នី​បុរាណ​ទៀត​ផង​។ ដំ​​ណឹង​ល្អ​បង្ហោះ​ឆ្ងាយ​ ភ្ញៀវ​ទេសចរ​ណា​ម​​ក​កាន់​ទី​ក្រុង​ ហ្វេ​ (Hue) បន្ទាប់​ពី​បាន​ទស្សនា​កន្លែង​ស្រស់​ស្អាត​នៃ​តំ​បន់​នេះ​  គេ​ក៏​ចង់​ឆ្លៀត​ឱកាស​ទៅ​ផ្សារ​ ដុង​បា​ (Dong Ba) ដើម្បី​កម្សាន្ត​ និង​ទិញ​ទំ​និញ​ពិសេស​មួយ​ចំ​នួន​ សម្រាប់​ជា​កាដូ​ជូន​សាច់​ញាតិ​​ អ្នក​ខ្លះ​ទៅ​ផ្សារ​មិន​ទិញ​អ្វី​ទេ​ គ្រាន់​តែ​មើល​កម្សាន្ត​ និង​ស្តាប់​ ដើម្បី​បំ​ពេញ​ចិត្ត​ ខណៈ​ពេល​បាន​ទៅ​ដល់​ទី​ក្រុង​ ហ្វេ​ (Hue)  ម្ដង​ៗ។

 

និយាយអំពីប្រវត្តិនៃផ្សារដ៏ល្បីល្បាញនេះ។ នៅដើមរាជកាល យ៉ាឡុង (Gia Long) (ឆ្នាំ១៨០២) នៅរាជធានីបុរាណ ហ្វើ (Hue) មានផ្សារមួយត្រូវបានសាងសង់នៅខាងក្រៅទ្វារ ចាញដុង (Chanh Dong) (ធម្មតាគេហៅថា ទ្វារ ដុងបា (Dong Ba)) មិនឆ្ងាយពីផ្សារ ដុងបា (Dong Ba) បច្ចុប្បន្នប៉ុន្មានឡើយ។ 

 

ផ្សារ ដុងបា (Dong Ba)  ជាកន្លែងលក់ផលិតផលពិសេស និងល្បីឈ្មោះរបស់ទីក្រុង ហ្វេ (Hue) និងទំនិញជាច្រើនប្រភេទទៀត។ រូបថត៖ ថាញហ្វ័រ/VNP

 

នាពេលនោះ ផ្សារនេះមានឈ្មោះថា គ្វីយ៉ាធី (Quy Gia Thi) តាមភាសាបារាំងគឺ "le Marché de ceux qui revienment" ដែលមានន័យថា "ផ្សាររបស់អ្នកវិលត្រឡប់" បានន័យថាជាផ្សាររបស់អ្នកដែលវិលត្រឡប់មកវិញ បន្ទាប់ពីសង្រ្គាមស៊ីវិលរវាងរាជការ ង្វៀន (Nguyen) និង ស្ដេចក្រាញ់តីសើន (Tay Son)។

ជិតមួយសតវត្សក្រោយមក នៅរដូវប្រាំងឆ្នាំ ១៨៨៥ រាជធានីហ្វេត្រូវបរាជ័យ ផ្សារ គ្វីយ៉ា (Qui Gia) ត្រូវទ័ពបារាំងដុតបំផ្លាញ។ នៅឆ្នាំ១៨៨៧ ស្តេច ដុងខាញ (Dong Khanh) បានសាងសង់ផ្សារឡើងវិញ ហើយដាក់ឈ្មោះថា ផ្សារ ដុងបា (Dong Ba)។ រហូតដល់ ១៨៩៩ ស្តេច ថាញថាយ (Thanh Thai) បានរើផ្សារ ដុងបា (Dong Ba) ទៅដាក់នៅមាត់ទន្លេ ហឿង (Huong) ចំទីតាំងបច្ចុប្បន្ន ហើយឆ្នាំនោះក៏ត្រូវបានចាត់ទុកថាជាឆ្នាំនៃការបង្កើតផ្សារ ដុងបា (Dong Ba) ជាផ្លូវការ ផងដែរ។ ដូច្នេះ បើគិតពីឆ្នាំ១៨៩៩ ដល់បច្ចុប្បន្ន ផ្សារ ដុងបា (Dong Ba) ទើបតែមានអាយុកាល ១២៥ឆ្នាំ។ 

នៅដើមសតវត្សទី២០ ផ្សារ ដុងបា (Dong Ba) ត្រូវបានជួសជុលជាច្រើនដង ប៉ុន្តែនៅរក្សារចនាសម្ព័ន្ធដើមដដែល។ ក្នុងអំឡុងយុទ្ធនាការ ក្នុងឆ្នាំ១៩៦៨  ផ្សារ ដុងបា (Dong Ba) ត្រូវបានបំផ្លាញទាំងស្រុងដោយគ្រាប់បែក និងកាំភ្លើងធំរបស់អាមេរិក។ នៅឆ្នាំ១៩៨៧ ផ្សារត្រូវបានជួសជុល និងបន្លាស់ទីទៅដាក់នៅតំបន់ខាងក្រៅបង្គោលទង់ជាបណ្តោះអាសន្ន បន្ទាប់មកទើបបានកសាងឡើងនៅទីតាំងដើមវិញ។

ផ្អកពិសេសនៃទីក្រុង ហ្វេ (Hue) មានលក់នៅផ្សារ ដុងបា (Dong Ba)  ។ រូបថត៖ ថាញហ្វ័រ/VNP

សព្វ​ថ្ងៃ​នេះ​ ផ្សារ​ដុងបា​ (Dong Ba) មាន​ផ្ទៃ​ដី​ជាង​ ២២.៧០០ ម ដោយ​មាន​តូប​តូច​ធំ​ជាង​ ២៧០០ ខ្នង។ ផ្សារ​​នេះ​​មាន​​ទី​តាំង​​នៅ​​ខាង​​ជើង​​នៃ​​មាត់​ទន្លេ​​ ហឿង (Huong) ​លាតសន្ធឹង​​ពី​​ស្ពាន​ យ៉ាហុយ (Gia Hoi) ដល់​​ស្ពាន​ ទ្រឿង​​ទៀន​ (Truong Tien)។ នៅ​ខាង​មុខ​គឺ​ផ្លូវ​ ត្រឹន​ ហ៊ឹង​ដាវ​ (Tran Hung Dao) ដែល​ជា​ផ្លូវ​ពាណិជ្ជកម្ម​សំ​ខាន់​នៃ​ទី​ក្រុង​ ហ្វេ (Hue) ​។ ផ្សារ​​នេះ​​ លក់​​ផលិតផល​​ប្រមាណ​​ជាង​ ៦០មុខ​​ទំ​និញ​ ​តាំង​ពី​​ទំ​និញ​​មាន​តម្លៃ​​ខ្ពស់​ ទំ​និញ​​ប្រណិត​ ​ដល់​​ទំ​និញ​​ពេញ​​និយម​។ ​ក្នុង​​មួយ​​ថ្ងៃ​ៗ​ ​ចំ​នួន​​ភ្ញៀវ​​ទេសចរ​ និង​​អ្នក​​ទិញ​​មក​កាន់​ផ្សារ​​មាន​​ប្រមាណ​​ពី​ ៧.០០០ ទៅ​ ១០.០០០ នាក់។

ផ្សារលក់អ្វីៗគ្រប់យ៉ាង តាំងពីទំនិញប្រណីត រហូតដល់ទំនិញសាមញ្ញ។ រូបថត៖ ថាញហ្វ័រ/VNP

ឆ្លង​កាត់​​ជាង​មួយ​​សតវត្សរ៍​ ដោយ​វិវត្ត​ជា​ច្រើន​ជំ​នាន់​ ផ្សារ​ ដុងបា (Dong Ba) បាន​ក្លាយ​ជា​កន្លែង​ជិត​ស្និទ្ធ​របស់​ប្រជាជន​ ហ្វេ (Hue) ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​ដ៏​សំខាន់​នៃ​ទី​ក្រុង​ ហ្វេ (Hue) ខេត្ត​ ធឿ​ធៀន​ហ្វេ​ (Thua Thien Hue) និង​ភាគ​កណ្តាល​  ហើយ​ជា​ផ្សារ​ប្រពៃណី​ដ៏​ល្បី​ល្បាញ​មួយ​ ក្នុង​ចំ​ណោម​ផ្សារ​ប្រពៃណី​និង​ល្បី​ៗ​ ទាំង​បី​ក្នុង​ទូ​ទាំង​ប្រទេស​ រួម​ជាមួយ​នឹង​ផ្សារ​ បែន​​ថាញ​ (Ben Thanh) នៅ​ទី​ក្រុង​ ហូ​ជី​មិញ​ (Ho Chi Minh) និង​ផ្សារ​ ដុង​​ស្វឹន​ (Dong Xuan​) ក្នុង​រដ្ឋ​ធា​នី​ហា​ណូយ​ (Ha Noi)

ភ្ញៀវទេសចរបរទេសមកទស្សនា និងស្វែងយល់អំពីផ្សារ ដុងបា (Dong Ba)  ។ រូបថត៖ ថាញហ្វ័រ/VNP

  • អត្ថបទ និងរូបថត៖ ថាញហ្វ័រ/ VNP
  • ប្រែសម្រួលដោយង្វៀនយ៉ាង

Top