ផ្សព្វផ្សាយ "សោភណភាពចម្រៀងបូយ (Boi)" តាមរយៈការថតរូបរបស់អ្នកថតរូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga)
រូបថតចំនួន ៦៥សន្លឹក ក្រោមប្រធានបទ “សោភណភាពចម្រៀងបូយ (Boi)” ត្រូវបានរៀបចំ និងតាំងពិព័រណ៍ដោយអ្នកថតរូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga) នៅទីក្រុងហូជីមិញ នាខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានបំណងចង់នាំយកទម្រង់សិល្បៈ ចម្រៀងបូយ (Boi) ខិតជិតជាមួយសហគមន៍ជាង ជាពិសេសគឺយុវជន។ ម៉្យាងទៀត អង្គពិព័រណ៍នេះ ដើម្បីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះ ភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (១៩៧៥ - ២០២០)។ នេះក៏ជាពិធីពិព័រណ៍លើកទី៧ របស់អ្នកថតរូប លោកស្រី ង៉ា (Nga) ដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ក្នុងអាជីពថតរូបរបស់គាត់ ។
ចម្រៀងបូយ (Boi) (ត្រូវបានគេហៅថាចម្រៀងបូ (Bo) ល្ខោន) គឺជាទម្រង់សិល្បៈប្រជាប្រិយពិសេសតែមួយគត់ ដែលមានអាយុកាលរាប់រយឆ្នាំនៅប្រទេសវៀតណាម។ ចម្រៀងបូយ (Boi) តែងបានរៀបចំសម្ដែងក្នុងពិធីបុណ្យទានក្នុងភូមិស្រុក ឬក្នុងពិធីបួងសួង នៅភូមិនេសាទតាមឆ្នេរសមុទ្រ។
របៀបសម្ដែងរបស់ចម្រៀងបូយ (Boi) មានលក្ខណៈនិមិត្តសញ្ញា និងការបំប៉ោង ដោយផ្តោត លើការបង្កើតតួអង្គ និងកាយវិការ ក្នុងអំឡុងពេលសម្តែង។ ហេតុដូច្នេះ បច្ចេកទេសនៃការបង្កើតតួអង្គ សម្លៀកបំពាក់ ការតុបតែងខ្លួន និងការតុបតែងមុខ តាក់តែងតួអង្គ កាយវិការបានបង្ហាញលើឆាកសម្តែង រួមជាមួយនឹងប្រធានបទនៃក្តីស្រឡាញ់ចំពោះមាតុភូមិ គំរូបុព្វបុរស តួអង្គប្រវត្តិសាស្ត្រ សម័យកាលប្រវត្តិសាស្ត្រជាដើម… គឺជាលក្ខណៈពិសេសរបស់ ចម្រៀងបូយ (Boi) ។អ្នកសារព័ត៌មាន និងជាអ្នកថតរូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga) បានធ្វើការអស់រយៈពេលជាច្រើនឆ្នាំ ក្នុងវិស័យវប្បធម៌ និងសិល្បៈ ដោយបានចូលរួមក្នុងការសម្តែងជាច្រើនរបស់សិល្បករ សិល្បការិនី នៃចម្រៀងបូយ (Boi) នៅទីក្រុង ហូជីមិញ (Ho Chi Minh) បានផ្តល់ឱកាសឱ្យគាត់ថតរូបភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៃទម្រង់សិល្បៈនេះ។
ការតាំងពិព័រណ៍ “សោភណភាពចម្រៀងបូយ (Boi)” រួមមានរូបថតចំនួន ៦៥សន្លឹក បានបោះពុម្ពលើក្រដាស canvas មានទំហំ ៥០x៧៥សង់ទីម៉ែត្រ និង ៤០x៦០សង់ទីម៉ែត្រ បង្ហាញអំពីការសម្តែង ចម្រៀងបូយ (Boi) ដ៏ល្បីល្បាញ សិល្បករ សិល្បការិនីចម្រៀងបូយ (Boi) និងរូបភាពនៃការសម្តែងលើឆាក និងលក្ខណៈពិសេសនៃទម្រង់សិល្បៈនេះ។ ក្រៅពីនោះ មានរូបភាពបង្ហាញពីក្រោយឆាកសម្តែង ដូចជា៖ ការតុបតែងមុខយ៉ាងល្អិតល្អន់ បង្កើតរូបភាពតួអង្គ តាក់តែងខ្លួន និងសម្លៀកបំពាក់របស់តួអង្គនីមួយៗ មុនពេលបង្ហាញវត្តមាននៅលើឆាកសម្តែង។ រូបភាពសិល្បករ សិល្បការិនីចម្រៀងបូយ (Boi) ជួបប្រាស្រ័យជាមួយទស្សនិកជន និងការសម្តែងចម្រៀងបូយ (Boi) នៅតាមដងផ្លូវ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពដ៏ល្បីនៃទីក្រុង ដែលទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរជាច្រើនមកទស្សនា។ វិធីសាស្រ្តឧបគមសម្បូរបែប និងទស្សនៈគ្រប់ជ្រុងជ្រោយដូច្នោះ តាមអ្នកថតរូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga) សង្ឃឹមថា នឹងរួមចំណែកក្នុងការបង្ហាញនូវភាពស្រស់ស្អាត និងលក្ខណៈពិសេសឱ្យកាន់តែស្មោះត្រង់ និងលម្អិតបំផុត នៃទម្រង់សិល្បៈនេះ ដើម្បីមនុស្សជាច្រើននាក់អាចស្វែងយល់អំពីចម្រៀងបូយ (Boi) យ៉ាងងាយស្រួល បង្កើតចំណាប់អារម្មណ៍ចំពោះសាធារណជន។ គេបានដឹងថា រូបថតទាំង ៦៥ សន្លឹក ដែលមានប្រធានបទ ចម្រៀងបូយ (Boi) បានដាក់បង្ហាញ ក្នុងអង្គពិព័រណ៍នេះ រួមមានរូបថតដែលលោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga) បានថតដោយប្រើម៉ាស៊ីនថតកុន ក្នុងប៉ុន្មានថ្ងៃទើបប្រកបមុខរបរថតរូប និងកាមេរ៉ាឌីជីថលទំនើប នាពេលបច្ចុប្បន្ននេះ បានប្រមូលផ្តុំ និងជ្រើសរើសក្នុងចំណោមរូបថតរាប់ពាន់សន្លឹកមានប្រធានបទដូចគ្នា ដែលអ្នកថតរូប លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga) បានថត នៅទីក្រុងហូជីមិញ (Ho Chi Minh) ក្នុងអំឡុង
ពលេជាង ៣០ ឆ្នាំកន្លង។
អ្នកថតរូប លោកស្រី ង៉ា (Nga) ក៏បានស្នើឱ្យសិល្បករ សិល្បការិនីសម្ដែងចម្រៀងបូយ (Boi) ក្នុងរយៈពេលច្រើនឆ្នាំ និងអ្នកជំនាញក្នុងទម្រង់សិល្បៈនេះ ណែនាំ និងពិនិត្យរូបថតនីមួយៗ ដើម្បីសរសេរពាក្យពន្យល់បន្ថែមឱ្យបានច្បាស់លាស់ និងលម្អិត ដើម្បីជួយទស្សនិកជនអាចយល់កាន់តែច្បាស់អំពីឈ្មោះតួអង្គ ឈ្មោះរឿង ទីតាំងសម្តែងជាដើម… តាមរយៈនេះបានបង្ហាញឱ្យយើងឃើញភាពល្អិតល្អន់ និងចំណង់ចិត្តប្តូរផ្តាច់របស់អ្នកថតរូប លោកស្រីង៉ា (Nga) ក្នុង ការពិព័រណ៍លើកនេះ។ លោកស្រី ង្វៀន ហុងង៉ា (Nguyen Hong Nga) បានមានប្រសាសន៍ថា នាពេលខាងមុខ លោកស្រីនឹងរៀបចំពិធីពិព័រណ៍កម្រងរូបថត នៅទីសាធារណៈនានាក្នុងទីក្រុង ហូជីមិញ (Ho Chi Minh) ដូចជា ផ្លូវសៀវភៅ ផ្លូវថ្មើរជើង សាលារៀន អគារវប្បធម៌។ល។ ជាដើម ដោយមានបំណងចង់នាំយកទម្រង់សិល្បៈចម្រៀងបូយ (Boi) ឱ្យកាន់តែជិតស្និទ្ធជាមួយសហគមន៍ ជាពិសេសគឺជំនាន់យុវជន សិស្ស និស្សិត និងអ្នកដែលស្រឡាញ់ ស្វែងយល់ និងស្រាវជ្រាវសិល្បៈចម្រៀងបូយ (Boi) របស់វៀតណាម ក៏ដូចជាសិល្បៈថតរូបផងដែរ៕
អ្នកថតរូប លោកស្រី ង្វៀន ហ៊ុងង៉ា (Nguyen Hong Nga) បច្ចុប្បន្នជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមន៍អ្នកថតរូបវៀតណាម អនុប្រធានសមាគមថតរូបទីក្រុងហូជីមិញ (Ho Chi Minh) អនុប្រធានក្លឹបអ្នកថតរូបស្ត្រី ហាយអូវ (Hai Au) ។ លោកស្រីទទួលបានកិត្តិនាមដ៏ថ្លៃថ្នូរបំផុតក្នុងអាជីពថតរូបរបស់គាត់ដូចជា៖ E.VAPA/G, ES.VAPA, E.FLAP; ក្នុងឆ្នាំ២០0៦ លោកស្រីត្រូវបានអង្គការឯកទគ្គកម្មវៀតណាម – Vietkings ទទួលស្គាល់ថា "អ្នកថតរូបសិល្បៈសម្ដែងលើឆាកច្រើនបំផុត ក្នុងប្រទេសវៀតណាម" ។
អត្ថបទ៖ សើនងៀ / VNP។ រូបថត៖ ហុងង៉ា - ង្វៀន វ៉ាន់ភូង
ប្រែសម្រួលដោយង្វៀនយ៉ាង