ប្រាង្គខិមឡាំង (Khiem Lang) - សម្រស់ស្រស់ត្រកាលនៃប្រាង្គរាជវង្សហ្វេ

ប្រាង្គខិមឡាំង (Khiem Lang) - សម្រស់ស្រស់ត្រកាលនៃប្រាង្គរាជវង្សហ្វេ

ទិដ្ឋភាព​ប្រាង្គ​ស្តេច​ទឺឌឺក (Tu Duc) សំឡឹង​ពីទីខ្ពស់​។ រូបថត៖ ហ្វាង​ហារ/កាសែតរូបភាពវៀតណាម​

ប្រាង្គសេ្តច​ទឺឌឺក​ (Tu Duc) ជា​ឈ្មោះធ្លាប់​​ហៅ​នៃ​ប្រាង្គ​ខិម​ឡាំង​ (Khiem Lang) ជា​សំណង់​​ប្រាង្គ​រាជវង្ស​​​ស្អាតបំផុត​ គំរូ​បំផុតនៃ​​ស្ថាបត្យ​កម្ម​​ប្រាង្គ ​នៃ​រាជការង្វៀន​​ដោយ​ឡែក​ និងជាទូទៅនៃស្ថាបត្យកម្ម​ប្រាង្គ​ប្រពៃណី​វៀតណាម​នាសម័យ​សក្តិភូមិ​។​

ស្តេច​ទឺឌឺក​ (Tu Duc) (១៨២៩ - ​១៨៨៣) ជា​ស្តេច​ជំនាន់ទី​៤ នៃ​រាជការ​ង្វៀន​ សោយ​​រាជ្យ​បាន​​៣៦ឆ្នាំ​ (១៨៤៨ - ​១៨៨៣)។ ព្រះអង្គ​​ជា​ស្តេចមាន​​ទោពកោសល្យ​ថ្វី​ដៃ​ ចេះស្ទាត់​អក្សរសាស្រ្ត​ យល់ជ្រៅ​​អក្សរហាន​។ ក្នុង​ចំណោម​កេរដំណែល​​ដែល​ស្តេចទឺឌឺក​ (Tu Duc) ​បន្សល់​ទុក​មក​ ហាក់ដូច​ជា​មានតែ​​ប្រាង្គ​ខិម​ឡាំង (Khiem Lang) ​នេះ ដែលជា​​សំណង់​ពិសេស ​និងមានតម្លៃ​បំផុត។​

 

សម្រស់បឹងលឺវ​​ខិម​ (Luu Khiem) ​នៅ​ខាងមុខ​វិមាន​​ខិមគុង​ម៉ូន​ (Khiem Cung Mon)​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

នៅ​ឆ្នាំ​១៩៩៣ ខណៈពេល​ប្រជុំ​កេរដំណែល​ក្រុង​បុរាណ​ហ្វេ​ បាន​អង្គការ​ UNESCO ​លើកស្ទួយ​ជា​​បេតិកភណ្ឌ​ពិភពលោក​ ប្រាង្គ​ខិម​ឡាំង (Khiem Lang) ​ជា​សំណង់មួយ​ក្នុង​ចំណោម​សំណង់​​គំរូ​ល្បី​ឈ្មោះ​​ទាំង​១៥​​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​​ប្រជុំ​សំណង់​​កេរដំណែល​នេះ។ មណ្ឌល​ប្រាង្គ​​នេះ ពិតជា​​ស្នាដៃ​​ស្ថាបត្យកម្មវិចិត្រ​សិល្បៈ​​រាជវាំង​ង្វៀន​ ពីព្រោះ​​វា​មាន​សម្រស់​​ឆើត​ឆាយ​ មនោរម្យ​បំផុត​ ដែល​ភ្ញៀវទេសចរ​​គ្រប់រូប ​ពេល​ដែលធ្វើ​ដំណើរ​មកដល់​​ក្រុង​​​ហ្វេ នរណាក៏ចង់​​ទៅ​​ទស្សនា​បាន​ម្តងដែរ​។​

ស្តេច​ទឺឌឺក (Tu Duc) ​​ឡើង​សោយ​រាជ្យ​អាយុ​១៩ឆ្នាំ (១៨៤៨) ១៦ឆ្នាំក្រោយ​ នៅ​​ឆ្នាំ​ជូត​ (១៨៦៤) ព្រះអង្គ​ចាប់​ផ្តើម​​កសាង​ប្រាង្គខិមឡាំង​ (Khiem Lang) នៅ​តំបន់ដី​​ដែល​បាន​ចាត់ទុក​ថា​ជា​ វ៉ាន​ណៀន​កាត​ដៀ​ - Van nien cat dia (មាន​ន័យ​ថា​តំបន់ដី​​ដែលមាន​ទីតាំង​​​សំណាងល្អ​​ម៉ឺន​ឆ្នាំ​) នៅ​ភូមិយឿង​ស្វឹន​ថឿង​ (Duong Xuan Thuong) ​ឃុំ​តុង​គឺចាញ (Tong Cu Chanh) (ចាស់) ឥឡូវ​ជា​​ភូមិ​ថឿង​បា​ (Thuong Ba) សង្កាត់​ធ្វី​ស្វឹន​ (Thuy Xuan) ទីក្រុង​ហ្វេ​។​

នៅក្បែរ​ទីមនោរម្យ​ ប្រាង្គខិម​ឡាំង (Khiem Lang) ​នៅ​ជាសំណង់ស្ថាបត្យកម្ម​ស្កឹមស្កៃមួយ​ ដោយមាន​សំណង់​ស្ថាបត្យកម្ម​តូចធំ​ផ្សេង​គ្នា​ជិត​៥០។​ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

តំបន់​​ឡើង​ផែនការ​កសាង​ប្រាង្គ​ខិម​ឡាំង​ (Khiem Lang) មានទំហំ​ជាង​២២០ហិកតា​ បណ្តោយ​ពី​ខ្ពង់រាប​ វង់​កាញ​ (Vong Canh) ​រហូតដល់​កំពូល​ភ្នំ​ឡាវ​ខិម​សឺន​ (Lao Khiem Son) ក៏ប៉ុន្តែ​តំបន់​​ខាងក្នុង​ប្រាង្គ​ មានផ្ទៃទូលាយ​ប្រហែល​១៣,៥​ហិកតា​​ប៉ុណ្ណោះ បាន​ហ៊ុំ​ព័ទ​ដោយ​ជញ្ជាំងថ្ម​​មានប្រវែង​១.៨២៣ម៉ែត្រ​។​

ការកសាង​ប្រាង្គ​ខិមឡាំង (Khiem Lang) ​អូសអន្លាយជា​ច្រើន​ដំណាក់កាល​ ទើបបាន​សម្រេច​ជា​ស្ថាពរ​​នៅ​ខែ​កញ្ញា ឆ្នាំ​១៨៦៧ តែ​តាម​ការពិត​ដល់ឆ្នាំ​១៩០២​ ទើប​សម្រេចបាន​ទាំងស្រុង​ ហើយ​បញ្ចប់ការ​សាងសង់។ ហេតុនេះ ពេលវេលា​​សាងសង់​ប្រាង្គ​ខិម​ឡាំង​(Khiem Lang) អស់រយៈពេលសរុប​ចំនួន​៣៨ឆ្នាំ​ ហើយត្រូវការ​ទាហាន​ ជាង​ ទូក​ចូល​រួម​ធ្វើ​ការ​​ជាង​៣០០០នាក់​។​

ភាគច្រើនស្តេច​ង្វៀនគ្រប់​ជំនាន់ ​សុទ្ធតែ​មាន​គំនិត​រចនា​កសាង​ប្រាង្គដោយ​ខ្លួន​ឯង ​សម្រាប់​ព្រះអង្គ​។ ហេតុនេះ មណ្ឌល​ប្រាង្គ​នីមួយ​ៗ តែង​មាន​​លក្ខណៈ​ឯកត្តភាព​ ចំណង់ចំណួល​ចិត្ត​​នៃ​​ព្រះអង្គនោះ​។​ ប្រៀប​ដូចប្រាង្គ​យ៉ាឡុង​ (Gia Long) មាន​លក្ខណៈ​ធំសម្បើម​ ស្រស់​ស្រាយ​ ប្រាង្គ​មិញ​ម៉ាង (Ming Mang) ​​មានលក្ខណៈ​សមល្មម​ ស្ញប់​ស្ញែង​ ប្រាង្គ​ទឺឌឺក (Tu Duc) ​​មានលក្ខណៈ​មនោរម្យ​​ ប្រាង្គ​ខាយ​ឌិញ​ (Khai Dinh) ​ស្រស់ឆើតឆាយ​ ត្រចះត្រចង់​។ល។​

តំបន់អគារសិលាចារិក​ និងទីតាំងតម្កល់​សព​ស្តេច​ទឺឌឺក​ (Tu Duc)​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែត​រូបភាព​វៀតណាម​

អំពី​ទ្រង់ទ្រាយ​ ប្រាង្គខិម​ឡាំង (Khiem Lang) ​បាន​បែង​ចែកជា​ពីរ​​ចំណែក​ ទីតម្កល់​​សព​ស្តេច និង ទី​ស្ការបូជា​។ ក្រៅ​ពីមណ្ឌល​​តម្កល់សព ​និងទីស្ការបូជា​ ប្រាង្គខិន​ឡាំង (Khiem Lang) ​នៅ​​មាន​សំណង់​តូចធំ​​ផ្សេង​ៗ​​ចំនួន​៥០​ខ្នង ដូចជា​​សួន​ច្បារ​ ស្រះទឹក​ និងសំណង់​​បម្រើ​ស្តេច​ រួម​នឹង​​អ្នក​បម្រើ​​ហូបចុក​ ធ្វើការ​ សម្រាកលំហែ​ និង​លេង​កម្សាន្ត​។​ 

សម្រស់ត្រចះត្រចង់​នៃប្រាង្គខិម​ឡាំង​ (Khiem Lang)។ ​រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាពវៀតណាម​ 

ក្នុង​អត្ថបទ​ សាវតា​ខិមឡាំង​ (Khiem Lang) និពន្ធ​​ដោយ​ស្តេច​ទឺឌឺក​ (Tu Duc) ឱ្យ​ចារិក​នៅ​​លើ​ផែន​ថ្ម​ធំ​ ​តម្កល់នៅមុខ​ប្រាង្គខិម​ឡាំង​ (Khiem Lang) ​​មានកត់ត្រាច្បាស់​​​​ការកសាង​​សំណង់​ប្រាង្គ​ដូច​តទៅ​៖ វិមាន​ខាងមុខ​ហៅ​ថា​វិមាន ​ហ្វ័រខិម​ (Hoa Khiem) ​ជា​ទីកន្លែង​​គោរពបូជា​​ទៅ​អនាគត​ ខាងក្រោយ​​ហៅថា​វិមាន ​ឡឿង​ខិម​ (Luong Khiem) ​ជាទី​កន្លែង​​ឈប់សម្រាក និង​​លេង​កម្សាន្ត​។ ខាងកើត​គឺ​វិមាន​ មិញ​ខិម​ដឿង​ (Minh Khiem Duong) ​​ប្រើ​សម្រាប់​​ប្រគំ​​​​តន្រ្តី ខាងលិច​​គឺ​វិមាន​ អោន​ខិម​ដឿង​ (On Khiem Duong) ​ប្រើសម្រាប់​​ទុកប្រដាប់​គ្រឿង​​ប្រើប្រាស់​។ ខាងក្នុង​ និងក្រៅ​​វិមាន ​មាន​ផ្ទះល្វែង​ទទឹង​​៤ខ្នង​ ហៅ​​ថា​​កុង​ខិម (Cong Khiem) គុង​ខិម (Cung Khiem) លែខិម (Le Khiem) និង​ផាប​ខិម​ (Phap Khiem) ​ជា​​កន្លែង​សម្រាប់​មន្រ្តី​យាម​ល្បាត​​។ ខាងក្រោយ​​វិមាន​នោះ ​មាន​វិទ្យាស្ថាន​៤ខ្នង​ ហៅថា​​ទុង​ខិម​ (Tung Khiem) យុង​ខិម​ (Dung Khiem) អ៊ី​ខិម​ (Y Khiem) និងទ្រីខិម​ (Tri Khiem)​ ជា​ទីកន្លែង​​សម្រាប់​ស្នំ ស្នំឯក ​​​​តាម​បម្រើ​។ ខាងក្រោយ​​វិមាននោះទៀត ​មានខ្ទមតូច​មួយ​​ហៅ​ថា ​អ៊ិចខិម​ (Ich Khiem) ​ទោះបីទាប​​ក៏ប៉ុន្តែ​អាច​គយ​គន់​ទេសភាព​ជិត​នោះបាន​​។ ខាងក្រៅ​​ខ្លោងទ្វា​រ មាន​​របៀង​មួយ​​ហៅ​ថា​ ជីខិម​ (Chi Khiem) ​ចង្អៀត​​ប៉ុន្តែ​គ្រប់​គ្រាន់​សម្រាប់​បូជា​ស្នំ ស្នំឯក ​​អ្នកបម្រើ​ដែល​ស្លាប់"។​​

 

ខិម​ឡាំង (Khiem Lang) ​ជា​ទីកន្លែង​​ទស្សនា​ល្បី​ឈ្មោះ​ នៃប្រជុំ​កេរដំណែល​ក្រុងបុរាណ​ហ្វេ​​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

ដូច​នេះ អាចឃើញ​ថា​ ទោះបីជា​ទីកន្លែង​តម្កល់​សព​អ្នកស្លាប់​ ប៉ុន្តែ​​ជាក់ស្តែង​ប្រាង្គខិមឡាំង (Khiem Lang) ​ដូចជា​រាជវាំង​មួយ​​សម្រាប់ស្តេចទឺឌឺក​ (Tu Duc)​។ ពីព្រោះ​​ទីនេះ មាន​​សំណង់​ស្ថាបត្យកម្ម​ និងការ​រចនា​​ពាក់ព័ន្ធ​គ្រប់គ្រាន់​ ដើម្បី​​បម្រើ​ជីវភាពរស់នៅ​ ធ្វើការ​ ឈប់សម្រាក នៃ​ព្រះមហាក្សត្រ​ និងរាជវង្ស​។​ 

 

ភ្ញៀវទេស​ចរ​ក្នុងស្រុក​ និង​បរទេស​ទស្សនា​ប្រាង្គ​ស្តេច​ទឺឌឺក​ (Tu Duc)​។ រូបថត៖ ថាញហ្វ័រ​/កា​សែត​រូបភាពវៀតណាម​ 

ប្រាង្គស្តេច​ទឺឌឺក​ (Tu Duc) ​ជា​កំពូល​​នៃស្ថាបត្យកម្ម​ប្រាង្គតម្កល់សព​​រាជវង្ស​ ក៏ជា​​កំពូល​នៃស្ថាបត្យកម្ម​ប្រាង្គ​តម្កល់សព​វៀតណាមនា​​សម័យ​រាជានិយម​ មណ្ឌល​​សួនឧទ្យាន​​សួគ៌​គំរូ​​នៃរាជការ​​ង្វៀន​។ រហូតដល់សព្វថ្ងៃ​ ប្រាង្គស្តេចទឺឌឺក (Tu Duc) ​​មិនត្រឹមតែ​បាន​​លើកស្ទួយ​​ដោយ​កិត្តិនាម​ខ្ពង់ខ្ពស់​ នៅទាំងជា​ទីកន្លែង​ទាក់ទាញ​​ភ្ញៀវ​ទេសចរមកទស្សនា​​កុះករ​បំផុត ​ក្នុងចំណោម​មណ្ឌល​ប្រាង្គរាជការង្វៀន​នៅ​ក្រុងហ្វេ​ ជាទីកន្លែង​​ទស្សនា​ដែលទាក់ទាញ​​​ភ្ញៀវ​ទេសចរ​លំដាប់ទី​២ ​ក្រោយ​វិមាន​​ខាងក្នុង​រាជវាំង​ - ជា​កន្លែង​រស់នៅ​ និង ​ធ្វើការ​​ប្រចាំថ្ងៃ​ ​នៃ​ស្តេចរាជការ​​ង្វៀន​​៕​

  • អត្ថបទ​​៖ ថាញហ្វ័រ
  • រូបថត៖ ថាញហ្វ័រ ហ្វាង​ហា/​កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

Top