ប្រធានរដ្ឋសភា លោក ត្រឹន ថាញម៉ឹន៖ ការកសាងក្របខ័ណ្ឌគតិយុត្តិ សម្រាប់ការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក ត្រឹន ថាញម៉ឹន៖ ការកសាងក្របខ័ណ្ឌគតិយុត្តិ សម្រាប់ការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍ

ក្នុងឱកាសឆ្នាំថ្មី២០២៦ រំលឹកខួបអនុស្សាវរីយ៍​ ៨០ ឆ្នាំ នៃទិវាបោះឆ្នោតជាសកលលើកដំបូង ដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម ការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២៦ - ២០៣១ ហើយក៏ជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា លោក ត្រឹន​ ថាញម៉ឹន​ បានចំណាយពេលវេលាផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ខាងក្រោមនេះគឺជាខ្លឹមសារនៃកិច្ចសម្ភាសន៍៖

តំបន់បោះឆ្នោតក្នុងថ្ងៃបោះឆ្នោតសកល ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦។ រូបថត៖ ឯកសារ VNA
ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៤៦ ប្រជាជនរាប់ម៉ឺននាក់នៃរដ្ឋធានី បានចូលរួមក្នុងពិធីមីទ្ទីញនៅមណ្ឌលសិក្សាធិការមជ្ឈិម (បច្ចុប្បន្នជាសាកលវិទ្យាល័យពហុផ្នែក​ហាណូយ) ដើម្បីអបអរសាទរលោក​ប្រធាន ហូជីមិញ និងសមាជិកដែលទើបជាប់ឆ្នោតក្នុងរដ្ឋសភា នីតិកាលទី១។ រូបថត៖ ឯកសារ VNA
ទិដ្ឋភាពពិធីបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី១ ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៤៦។ រូបថត៖ ឯកសារ VNA

អ្នកសារព័ត៌មាន៖ ជម្រាបសួរលោកប្រធានរដ្ឋសភា ក្នុងឆ្នាំ២០២៥ រដ្ឋសភាបានបន្តផ្លាស់ប្តូរថ្មីនូវផ្នត់គំនិត​យ៉ាងខ្លាំងក្លា បញ្ចេញតួនាទីក្នុងការបំពេញកែលម្អស្ថាប័ន ដោះស្រាយ "ចំណុចរាំងស្ទះ" បើកចំហរាល់ប្រភពកម្លាំង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ សកម្មភាពត្រួតពិនិត្យក៏ត្រូវបានកែលម្អ ដោយផ្តោតលើចំណុចសំខាន់ៗ ប្រកប​ដោយ​ប្រសិទ្ធភាពជាក់ស្តែង រួមចំណែកក្នុងការកែលម្អគោលនយោបាយ ច្បាប់ និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ តើលោកប្រធានរដ្ឋសភា វាយតម្លៃយ៉ាងណាចំពោះលទ្ធផលទាំងនេះ?

ប្រធានរដ្ឋសភា លោក ត្រឹន ថាញម៉ឹន​៖ អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ 66-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការផ្លាស់ប្តូរថ្មីការងារកសាង និងការអនុវត្តច្បាប់ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសក្នុងយុគសម័យថ្មី ក្នុងឆ្នាំ២០២៥ រដ្ឋសភាបានបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវផ្នត់គំនិត និងបទដ្ឋាន​នីតិកម្ម។ រដ្ឋសភាបានពិនិត្យ ផ្តល់មតិ និងសម្រេចលើបរិមាណការងារយ៉ាងច្រើនដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្តូរថ្មី កែលម្អស្ថាប័ន និងការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ។ ដោះស្រាយការលំបាក និងបញ្ហានានា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទាំងឆ្លើយតបទាន់ពេលវេលានូវតម្រូវការជាក់ស្តែងផង និងកសាងក្របខ័ណ្ឌគតិយុត្តិសម្រាប់ដំណាក់កាលថ្មីផង។

ជាក់ស្តែង ក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភាបានអនុម័តច្បាប់ចំនួន ៣៤ និងសេចក្តីសម្រេចចិត្ត​នៃ​បទដ្ឋានគតិយុត្តិចំនួន១៤។ លុះដល់សម័យប្រជុំលើកទី១០ រដ្ឋសភាបន្តបង្កើតនូវចំណុចរបកគំហើញជាប្រវត្តិសាស្ត្រ នៅពេលពិនិត្យ និងអនុម័តច្បាប់ចំនួន ៥១ និងសេចក្តីសម្រេចចិត្ត​នៃ​បទដ្ឋានគតិយុត្តិចំនួន ៨ ដែលស្មើនឹងជិត ៣០% នៃចំនួនច្បាប់ និងសេចក្តីសម្រេចចិត្ត​សរុបដែលត្រូវបានចេញផ្សាយក្នុងអាណត្តិទាំងមូល។ នេះគឺជាសក្ខីភាពដ៏រស់រវើកសម្រាប់ស្មារតីដែលថា ច្បាប់ត្រូវតែដើរមុនមួយជំហាន បើកផ្លូវសម្រាប់ការច្នៃប្រតិដ្ឋ​ ដោយយកជីវភាព និងផលប្រយោជន៍របស់ប្រជាជន ជាខ្នាតវាស់វែងនៃគោលនយោបាយ។

ច្បាប់ទាំងនេះគ្របដណ្តប់លើវិស័យសំខាន់ៗស្ទើរតែទាំងអស់ និងបញ្ហាថ្មីៗដែលប្រែប្រួលជាបន្តបន្ទាប់។ ធ្វើស្ថាបនូបនីយកម្មទាន់ពេលវេលានូវគោលការណ៍ និងសេចក្តីសម្រេចចិត្ត​ថ្មីៗរបស់បក្ស ដោយផ្តោតលើការដោះស្រាយចំណុចរាំងស្ទះស្ថាប័ន ជាពិសេសក្នុងវិស័យដីធ្លី ការវិនិយោគ ផែនការ ការសាងសង់ ថាមពល វប្បធម៌-សង្គម សុខាភិបាល - អប់រំ ធនធាន - បរិស្ថាន វិទ្យាសាស្ត្រ - បច្គេកវិទ្យា។ នវានុវត្តន៍​ ការបំប្លែងឌីជីថល។ ការពារជាតិ - សន្តិសុខ កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ។ ធ្វើឱ្យទីផ្សារ​សញ្ញាប័ណ្ណសាជីវកម្ម និងអចលនទ្រព្យមានភាពល្អប្រសើរ។ល។ ស្មារតីនៃការផ្លាស់ប្តូរថ្មីនូវ​ផ្នត់គំនិត​ក្នុងការកសាងច្បាប់ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅពេលដែលច្បាប់នានាគ្រាន់តែចែងពីបញ្ហាដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋសភា ដោយផ្តល់សិទ្ធិម្ចាស់ការ និងភាពបត់បែនដល់រដ្ឋាភិបាលក្នុងការរៀបចំអនុវត្តច្បាប់។ តាមរយៈនោះ ទាំងធានាបាននូវតម្រូវការគ្រប់គ្រង និងទាំងលើកទឹកចិត្តដល់ការច្នៃប្រតិដ្ឋ​ បញ្ចេញកម្លាំងផលិតកម្មទាំងស្រុង និងបើកចំហរាល់ប្រភពធនធានដើម្បីអភិវឌ្ឍ។

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសដោយរដ្ឋសភា នីតិកាលទី១ ក្នុងសម័យប្រជុំលើកទីពីរ (ថ្ងៃទី២៨ ខែតុលា ដល់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៤៦)។ រូបថត៖ ឯកសារ VNA
អ្នក​បោះឆ្នោត​នៅរដ្ឋធានី មើលបញ្ជីឈ្មោះ និងជីវប្រវត្តិនៃបេក្ខជនឈរឈ្មោះបោះឆ្នោត (ឆ្នាំ១៩៤៦)។ រូបថត៖ ឯកសារ VNA
កម្មករនៃរោងចក្រផូត - ផាត​ណាម​ផាត​ ស្តាប់ការផ្សព្វផ្សាយអំពីបទប្បញ្ញត្តិបោះឆ្នោតជ្រើសរើសសមាជិកររដ្ឋសភានីតិកាលទី២ តាមរយៈវិទ្យុសម្លេងវៀតណាម (ឆ្នាំ១៩៦០)​។ រូបថត៖ ឌិញម៉ឹន – VNA

ជាពិសេស សេចក្តីសម្រេចចិត្តស្តីពីការកែសម្រួល និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣​ ច្បាប់ស្តីពីការរៀបចំរដ្ឋបាលមូលដ្ឋាន (កែសម្រួល) និងសេចក្តីសម្រេចចិត្ត ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តក្នុងឆ្នាំ២០២៥ ដែលត្រូវបានរដ្ឋសភា​អនុម័តក្នុងសម័យប្រជុំលើកទី ៩ គឺជាសេចក្តីសម្រេចដ៏សំខាន់ និងមានលក្ខណៈ​ជារបកគំហើញប្រវត្តិសាស្ត្រ រួមចំណែកបង្កើតលក្ខខណ្ឌឱ្យក្បាលម៉ាស៊ីនថ្មីនៅទូទាំងប្រទេស ចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០២៥។ តាមរយៈការផ្លាស់ប្តូរមតិ តំណាងរាស្ត្រ និងម្ចាស់ឆ្នោតជាច្រើន ជាពិសេសគឺកម្មាភិបាលជើងចាស់ បានសម្តែងការសប្បាយរីករាយជាខ្លាំង ចំពោះសមត្ថភាពឆ្លើយតបយ៉ាងរហ័ស និងបត់បែនរបស់រដ្ឋសភា ចំពោះតម្រូវការបន្ទាន់នៃជាក់ស្តែង ជាពិសេសក្នុងដំណាក់កាល ដែលប្រទេសជាតិ កំពុងអភិវឌ្ឍ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅដូចបច្ចុប្បន្ន។

វេទិកាកសាងច្បាប់ក្រោមប្រធានបទ "ការកែលម្អស្ថាប័ន និងច្បាប់ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសក្នុងយុគសម័យថ្មី" ត្រូវបានរៀបចំឡើងដោយជោគជ័យជាលើកដំបូង ដែលបន្តបញ្ជាក់ពីការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានៃផ្នត់គំនិត​កសាងច្បាប់ ដោយប្តូរ​ការផ្តោតអារម្មណ៍ពីផ្នត់គំនិត​បែបគ្រប់គ្រង មកជាផ្នត់គំនិត​បែបកសាងការអភិវឌ្ឍ។ ខ្លឹមសារនៃការផ្លាស់ប្តូរមតិក្នុងវេទិកានេះ មិនត្រឹមតែបូកសរុបជាក់ស្តែងក្នុងការងារកសាង និងអនុវត្តច្បាប់ក្នុងអាណត្តិកន្លងមក ដកស្រង់បទពិសោធន៍ប៉ុណ្ណោះទេ នៅថែមទាំង​បានស្នើឡើង​នូវអនុសាសន៍ និងដំណោះស្រាយសំខាន់ៗ ប្រកបដោយលក្ខណៈច្បាស់លាស់ បម្រើដល់ការងារកសាងច្បាប់ និងការរៀបចំគោលនយោបាយ រួមចំណែកមិនតូចឡើយដល់ការងារបូកសរុបអាណត្តិរដ្ឋសភានីតិកាល​ទី១៥ ក៏ដូចជាកសាងទិសដៅនីតិកម្មសម្រាប់រដ្ឋសភានីតិកាល​ទី១៦ ផ្សារភ្ជាប់នឹងការផ្លាស់ប្តូរថ្មីរចនាសម្ព័ន្ធច្បាប់​វៀត​ណាម។ល។

ថ្ងៃទី១ ខែមករា ឆ្នាំ១៩៦០ លោក​ប្រធានហូជីមិញ បានចុះហត្ថលេខាលើក្រឹត្យប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៦០។ រូបថត៖ VNA
 

អាចបញ្ជាក់បានថា ដំណើរការកសាងច្បាប់ក្នុងរយៈពេលកន្លងមក បានឆ្លុះបញ្ចាំងពីសមត្ថភាពការងារក្នុងកម្រិតអាំងតង់ស៊ីតេខ្ពស់បំផុត របស់តំណាងរាស្ត្រ ក្នុងបំណងចង់កែលម្អស្ថាប័ន សម្រាប់ការអភិវឌ្ឍប្រទេសនាពេលខាងមុខ តាមស្មារតីដឹកនាំរបស់សមមិត្តអគ្គលេខាធិការ តូឡឹម​ អំពីការជំរុញរបកគំហើញយុទ្ធសាស្ត្រទាំង ៣ ជាពិសេសគឺរបកគំហើញស្ថាប័ន ព្រោះនោះគឺជា "របកគំហើញនៃរបកគំហើញ"។

សកម្មភាពត្រួតពិនិត្យត្រូវបានពង្រឹង ដោយផ្តោតលើចំណុចសំខាន់ៗ ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង និងមានការផ្លាស់ប្តូរថ្មីជាច្រើន។ ផ្តោតលើវិស័យ និងបញ្ហាដែលមានលក្ខណៈបច្ចុប្បន្នភាព និងមានឥទ្ធិពលយ៉ាងទូលំទូលាយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងសម័យប្រជុំលើកទី ១០ រដ្ឋសភាបានពិនិត្យរបាយការណ៍លទ្ធផលត្រួតពិនិត្យ និងអនុម័តសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីការការពារបរិស្ថាន ចាប់តាំងពីច្បាប់ការពារបរិស្ថានឆ្នាំ២០២០ ចូលជាធរមាន ដែលក្នុងនោះតម្រូវឱ្យផ្តោតលើការអនុវត្តភារកិច្ច និងដំណោះស្រាយរបកគំហើញមួយចំនួន ដើម្បីកែលម្អគុណភាពបរិស្ថាន ការពារសុខភាពប្រជាជន សន្តិសុខបរិស្ថាន និងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ សម័យប្រជុំលើកទី ១០ ក៏បានបង្កើតចំណាប់អារម្មណ៍​យ៉ាងច្បាស់ក្នុងការងារត្រួតពិនិត្យកំពូល នៅពេលដែលរដ្ឋសភាបានពិនិត្យយ៉ាងទូលំទូលាយនូវរបាយការណ៍របស់រដ្ឋាភិបាល តុលាការប្រជាជនកំពូល វិទ្យាស្ថានអយ្យការប្រជាជនកំពូល និងសវនកម្មរដ្ឋ ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនានារបស់រដ្ឋសភាទី១៤ និង ទី១៥ ពាក់ព័ន្ធនឹងការត្រួតពិនិត្យតាមប្រធាន​បទ​ និងការដេញដោលសួរដីកា។

ជាលើកដំបូងដែលវេទិកាត្រួតពិនិត្យរបស់រដ្ឋសភាត្រូវបានរៀបចំឡើងដោយជោគជ័យ។ រួម​ជាមួយការពិភាក្សាអំពីលទ្ធផលត្រួតពិនិត្យការដោះស្រាយអនុសាសន៍របស់ម្ចាស់ឆ្នោត។ លទ្ធផលនៃការទទួលប្រជាពលរដ្ឋ ការដោះស្រាយលិខិតស្នាម និងការត្រួតពិនិត្យការដោះស្រាយពាក្យបណ្តឹង តវ៉ារបស់ប្រជាពលរដ្ឋ ផ្ញើមកកាន់រដ្ឋសភា។ល។ បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកែលម្អច្បាប់ សម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ លើកកម្ពស់សក្តានុពល និងប្រសិទ្ធភាពនៃការគ្រប់គ្រងអំណាចរដ្ឋ សកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ដែលត្រូវបានម្ចាស់ឆ្នោត ប្រជាជនឯកភាព និងវាយតម្លៃខ្ពស់។

 

លោកតាវ៉ូ ឌិញយ៉ា និងលោកយាយ ង៉ូ ធីមឿយ ដែលមានជន្មាយុ ១០០ឆ្នាំ បានចូលរួមបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី១២ នៅមណ្ឌលបោះឆ្នោតលេខ៥ តំបន់បោះឆ្នោតលេខ៧ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧។ រូបថត៖ យឿងង៉ុក - VNA
 
អ្នក​បោះឆ្នោតនៅភូមិ Say San 3 ឃុំ Nung Nang ស្រុក Tam Duong ខេត្ត Lai Chau អនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន នៅការិយាល័យបោះឆ្នោតលេខ២ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកររដ្ឋសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦ - ២០២១។ រូបថត៖ គ្វីត្រុង​ – VNA

អ្នកសារព័ត៌មាន៖ ឆ្នាំ២០២៦ គឺជាខួបអនុស្សារីយ៍​លើកទី ៨០ នៃការកសាង និងអភិវឌ្ឍន៍រដ្ឋសភា​វៀតណាម។ តើរដ្ឋសភានឹងបន្តមានការផ្លាស់ប្តូរថ្មីយ៉ាងដូចម្តេច ដើម្បីលើកកម្ពស់សក្តានុពល និងប្រសិទ្ធភាពនៃសកម្មភាព បំពេញបេសកកម្មឱ្យកាន់តែល្អប្រសើរក្នុងនាមជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន និងជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តស៊ូដើម្បីឈានទៅសម្រេចបាននូវគោលដៅ៖ ប្រជាជនមានបាន ប្រទេសជាតិខ្លាំងក្លា ប្រជាធិបតេយ្យ យុត្តិធម៌ និងមានភាពស៊ីវិល័យ?

ប្រធានរដ្ឋសភា លោក ត្រឹន​ ថាញម៉ឹន​៖ ក្រឡេកមើលទៅក្រោយក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ចាប់ពីប្រជា​ជាតិ​មហាសន្និបាត​តឹន​ត្រាវ (Tan Trao) ដែលជាបុព្វការីនៃរដ្ឋសភា​វៀតណាម រហូតដល់ការបង្កើតរដ្ឋសភានីតិកាលទី ១ និងឆ្លងកាត់ ១៥ អាណត្តិ រដ្ឋសភាតែងតែរួមដំណើរជាមួយប្រជាជាតិ សម្រេចលើបញ្ហាធំៗ តាមឆន្ទៈ និងបំណងប្រាថ្នារបស់​ប្រជាជន; បំពេញបានយ៉ាងល្អនូវមុខងាររដ្ឋធម្មនុញ្ញ នីតិកម្ម ត្រួតពិនិត្យកំពូល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។

ជាក់ស្តែង ប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយ ប្រជាជនកំពុងរង់ចាំ និងរំពឹងទុកលើរាល់សេចក្តីសម្រេចរបស់បក្ស និងរដ្ឋ ដែលតម្រូវឱ្យរដ្ឋសភាត្រូវតែបន្តផ្លាស់ប្តូរថ្មីនូវផ្នត់គំនិត របៀបគិត និងរបៀបធ្វើការ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភាបានបោះឆ្នោតជ្រើសរើសសមមិត្ត ត្រឹង ថាញម៉ឹន សមាជិកការិយាល័យនយោបាយ និងជាអនុប្រធាន​អចិន្ត្រៃយ៍រដ្ឋសភា ឱ្យកាន់តំណែងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នីតិកាលទី១៥ អាណត្តិ ២០២១ - ២០២៦។ រូបថត៖ VNA

តាម​នោះ សកម្មភាព​នីតិកម្ម ​ចាំបាច់ត្រូវកំណត់ថាជាការងារ "របកគំហើញនៃរបកគំហើញ" ត្រូវតែដើរមុន បើកផ្លូវ លើកទឹកចិត្តដល់ការច្នៃប្រតិដ្ឋ​ បញ្ចេញកម្លាំងពលកម្មទាំងស្រុង និងបើកចំហរាល់ប្រភពធនធានដើម្បីអភិវឌ្ឍ។ ធានាការប្រកួតប្រជែងប្រកបដោយតម្លាភាព លើកកម្ពស់សមត្ថភាពសមាហរណកម្ម។ យកចិត្តទុកដាក់លើវិស័យថ្មីៗដូចជា អភិបាលកិច្ចឌីជីថល សេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ កំណើនបៃតង សេដ្ឋកិច្ចវិលជុំ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងបញ្ហាការពារជាតិ សន្តិសុខក្រៅពីប្រពៃណី។

សកម្មភាពត្រួតពិនិត្យ ចាំបាច់ត្រូវផ្តោតលើបញ្ហានានាដូចជា ការគ្រប់គ្រងដីធ្លី ធនធាន បរិស្ថាន ការបង្ការ និងប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ ការការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ល។​ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយភាពជាក់ស្តែង និងមតិឆ្លុះបញ្ចាំងរបស់ប្រជាជន បង្កើនការក្តាប់យកបញ្ហាដែលកើតឡើងក្នុងជាក់ស្តែង ស្តាប់មតិពីមូលដ្ឋាន ពីម្ចាស់ឆ្នោត និងសហគមន៍អាជីវកម្ម ដើម្បីកំណត់ឱ្យបានត្រឹមត្រូវនូវចំណុចរាំងស្ទះរបស់សង្គម ពីនោះមានការឆ្លើយតបគោលនយោបាយដោយភាពបត់បែន ទាន់ពេលវេលា និងស្របតាមជាក់ស្តែង។

ការសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ត្រូវធានានូវភាពសត្យានុម័ត និងសុចរិតភាព រាល់សេចក្តីសម្រេចទាំងអស់ត្រូវដាក់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជនជាចម្បង និងខ្ពស់បំផុត ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់រាល់ការគ្រប់គ្រងពីផលប្រយោជន៍ក្រុម និងរាល់ឥទ្ធិពលអវិជ្ជមានពីខាងក្រៅ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋសភាបានលើកកម្ពស់យ៉ាងខ្លាំងនូវលក្ខណៈពិសេស ដែលទាំងមានលក្ខណៈការទូតរដ្ឋផង និងមានលក្ខណៈប្រជាជនយ៉ាងស៊ីជម្រៅផង។ ក្នុងរូបថត៖ តំណាងកុមារចូលរួមក្នុងសម័យប្រជុំសិប្បនិម្មិត "រដ្ឋសភាកុមារ" លើកទីពីរ (ខែកញ្ញា ឆ្នាំ២០២៤)។ រូបថត៖ មិញឌឹក – VNA

បន្តសិក្សាស្រាវជ្រាវកែលម្អ និងផ្លាស់ប្តូរថ្មីរបៀបធ្វើការរបស់រដ្ឋសភា និងស្ថាប័ននៃរដ្ឋសភា ធានាឱ្យមានប្រសិទ្ធភាព កាត់បន្ថយលក្ខណៈរូបភាព និងបង្កើនលក្ខណៈខ្លឹមសារជាក់ស្តែង។ ចំណុចសំខាន់គឺបន្តកែលម្អការកសាងកម្មវិធីសម័យប្រជុំ របៀបពិភាក្សា ដេញដោលសួរដីកា និងការឆ្លើយសំណួរ បទដ្ឋាន​នៃការពិនិត្យនិងវាយតម្លៃ ការរៀបចំការត្រួតពិនិត្យ និងការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត។ល។

ពង្រឹងការបំប្លែងឌីជីថលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងសកម្មភាពរបស់រដ្ឋសភា កសាង "រដ្ឋសភាឌីជីថល" អនុវត្តបញ្ញាសិប្បនិម្មិត (AI) ដោយចាត់ទុកភារកិច្ចនវានុវត្តន៍ និងការបំប្លែងឌីជីថល ជាជំហានរបកគំហើញក្នុងការរៀបចំអនុវត្តមុខងារ និងភារកិច្ចរបស់រដ្ឋសភា ស្ថាប័ននៃរដ្ឋសភា និងតំណាងរាស្ត្រ។

តំណាងរាស្ត្រកាន់តួនាទីជាមជ្ឈមណ្ឌលក្នុងសកម្មភាពរបស់រដ្ឋសភា ហេតុនេះចាំបាច់ត្រូវបន្តបញ្ចេញតួនាទី លើកកម្ពស់ការទទួលខុសត្រូវរបស់តំណាងរាស្ត្រម្នាក់ៗ បង្ហាញពីសេចក្តីប្រាថ្នាក្នុងការលះបង់ ហ៊ានគិត ហ៊ានធ្វើ ហ៊ានផ្លាស់ប្តូរថ្មី និងច្នៃប្រតិដ្ឋ​ ហ៊ានទទួលខុសត្រូវ និងបំពេញឱ្យបានល្អបំផុតនូវតួនាទីជាអ្នកតំណាងដ៏ស្មោះត្រង់ សម្រាប់ឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។

ទិដ្ឋភាពសម័យប្រជុំបើកនៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ យ័នតឹន – VNA
នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ បានបោះឆ្នោតជ្រើសរើសសមមិត្ត លឿង គឿង សមាជិកការិយាល័យនយោបាយ លេខាប្រចាំការនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាសមាជិករដ្ឋសភានីតិកាលទី១៥ ឱ្យកាន់តំណែងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិ ២០២១ - ២០២៦។ រូបថត៖ VNA

អ្នកសារព័ត៌មាន៖ សូមជម្រាប​លោកប្រធានរដ្ឋសភា តើបទពិសោធន៍នៃការកែលម្អការងារនីតិកម្មក្នុងរយៈពេលកន្លងមក បានបន្សល់ទុកនូវមេរៀន និងបុព្វបទយ៉ាងដូចម្តេចខ្លះ សម្រាប់ការងាររបស់រដ្ឋសភានាពេលខាងមុខ?

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ​ម៉ឹន៖ ក្នុងរយៈពេលកន្លងមក (ជាពិសេសគឺក្នុងអាណត្តិរដ្ឋសភានីតិកាលទី១៥) ការងារនីតិកម្មរបស់រដ្ឋសភាមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា ដោយផ្ទេរពីផ្នត់គំនិត "គ្រប់គ្រង" ទៅជា "ការកសាង​​អភិវឌ្ឍ" ​មិនត្រឹមតែដោះស្រាយបញ្ហា ចំពោះមុខ ដែលកំពុងបន្ទាន់ប៉ុណ្ណោះទេ ​ថែមទាំងបានបន្សល់ទុកនូវមេរៀនបទពិសោធន៍ដ៏មានតម្លៃ រួមចំណែកក្នុងការកែលម្អស្ថាប័ន និងច្បាប់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ។ មេរៀនបទពិសោធន៍ទាំងនោះរួមមាន៖

ទីមួយ៖ ការដឹកនាំរបស់បក្ស គឺជាកត្តាគន្លឹះ ដើម្បីធានានូវជោគជ័យនៃសកម្មភាព​រដ្ឋធម្មនុញ្ញ និងនីតិកម្ម។ ក្នុងគ្រប់កាលៈទេសៈ ការរក្សាតួនាទីដឹកនាំរបស់បក្ស ធានាឱ្យសកម្មភាពរដ្ឋធម្មនុញ្ញ និងនីតិកម្ម តែងតែបម្រើផលប្រយោជន៍របស់ប្រជាជន និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ក្នុងនាមជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន រដ្ឋសភាត្រូវធ្វើស្ថាបនូបនីយកម្មទាន់ពេលវេលានូវគោលការណ៍ និងផ្លូវច្បាប់របស់បក្ស ឱ្យទៅជាច្បាប់របស់រដ្ឋ ដែលបង្ហាញពីការឯកភាពគ្នាយ៉ាងខ្ពស់រវាង ឆន្ទៈរបស់បក្ស និងចិត្តរបស់ប្រជាជន បង្កើតជាគ្រឹះគតិយុត្តិសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព។

ទីពីរ៖ ធានានូវការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងច្បាប់ និងការពិតជាក់ស្តែងនៃជីវភាពសង្គម។ រដ្ឋសភាបានពិនិត្យ និងអនុម័តច្បាប់ និងសេចក្តីសម្រេចចិត្ត​ក្នុងចំនួនយ៉ាងច្រើន ជាមួយនឹងគោលនយោបាយជាច្រើនដែលមានលក្ខណៈប្រវត្តិសាស្ត្រ ឆ្លើយតបទាន់ពេលវេលាចំពោះស្ថានភាពថ្មីៗ និងតម្រូវការជាក់ស្តែងនៃជីវិត។ គោលនយោបាយនានាតែងតែយកប្រជាជន និងសហគ្រាស​ជាមជ្ឈមណ្ឌល ដោយសកម្មក្នុងការដោះស្រាយការលំបាក និងបញ្ហានានា រួមចំណែកក្នុងការរំដោះកម្លាំងផលិតកម្ម ក៏ដូចជាកៀរគរ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ធនធានទាំងអស់ សម្រាប់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។

ទីបី៖ ធានានូវកិច្ចសហការយ៉ាងជិតស្និទ្ធរវាងបណ្តាអង្គភាពក្នុងសកម្មភាពនីតិកម្ម។ ការងារសម្របសម្រួលរវាងរដ្ឋាភិបាល និងរដ្ឋសភាកាន់តែមានភាពស៊ីចង្វាក់គ្នា និងមានប្រសិទ្ធភាពជាងមុន ក្នុងការរៀបចំគម្រោង និងផែនការតាំងពីដំណាក់កាលដំបូង និងពីចម្ងាយ។ ក៏ដូចជាក្នុងការត្រួតពិនិត្យ និងការកែលម្អគម្រោងដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងសម្រេច។ កិច្ចសហការយ៉ាងរលូន ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម តុលាការប្រជាជនកំពូល វិទ្យាស្ថានអយ្យការប្រជាជនកំពូល បណ្តាស្ថាប័នរបស់រដ្ឋសភា និងស្ថាប័នអង្គការដែលពាក់ព័ន្ធ។ រួមជាមួយការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់តំណាងរាស្ត្រ គឺជាកត្តាសម្រេចចិត្តដែលធ្វើឱ្យច្បាប់ និងសេចក្តីសម្រេចចិត្ត​នានា ត្រូវបានរដ្ឋសភាអនុម័តក្នុងអត្រាគាំទ្រយ៉ាងខ្ពស់។

ទីបួន៖ វិជ្ជាជីវៈ និងវិទ្យាសាស្ត្រ គឺជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាពច្បាប់។ ស្មារតីទទួលខុសត្រូវ និងការលះបង់អស់ពីកម្លាំងកាយចិត្តរបស់កម្មាភិបាល មន្ត្រី បុគ្គលិកនៃខុទ្ទកាល័យរដ្ឋសភា ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការនានារបស់រដ្ឋសភា ខុទ្ទកាល័យគណៈប្រតិភូតំណាងរាស្ត្រ និងក្រុមប្រឹក្សាប្រជាជន បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្នាក់ងារសារព័ត៌មាន និងមូលដ្ឋាននានា។ សកម្មភាពនីតិកម្មត្រូវបានអនុវត្តតាមបទដ្ឋាន​យ៉ាងតឹងរ៉ឹង រួមជាមួយនឹងការជំរុញការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាកត្តាគាំទ្រយ៉ាងខ្លាំងក្លា រួមចំណែកក្នុងការពន្លឿនវឌ្ឍនភាព និងលើកកម្ពស់គុណភាពនៃសកម្មភាពនីតិកម្មរបស់រដ្ឋសភា។

រដ្ឋសភាបោះឆ្នោតអនុម័តច្បាប់ស្តីពីការបម្រុងទុកជាតិ (វិសោធនកម្ម) ក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥។ រូបថត៖ យ័នតឹន - VNA

អ្នកសារព័ត៌មាន៖ ព្រាងឯកសារមហាសន្និបាតបក្សលើកទី១៤ បានកំណត់ថា៖ បន្តកសាង និងកែលម្អឱ្យបានសមកាល​​នូវស្ថាប័នអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព។ តើភារកិច្ចនេះដាក់ចេញនូវតម្រូវការយ៉ាងដូចម្តេចខ្លះសម្រាប់រដ្ឋសភានាពេលខាងមុខ ជម្រាប​លោកប្រធានរដ្ឋសភា?

ប្រធានរដ្ឋសភា លោក ត្រឹន ថាញម៉ឹន៖ ព្រាងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាតបក្សលើកទី១៤ បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យសម្រេចបានតួលេខពីរខ្ទង់ក្នុងអាណត្តិខាងមុខ។ ព្រមទាំងដាក់ចេញនូវតម្រូវការផ្តោតលើការកែលម្អឱ្យបានទូលំទូលាយ និងសមកាល​នូវស្ថាប័នអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានឆាប់រហ័ស និងចីរភាព​។ល។ ដើម្បីសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានដាក់ចេញ ការងារនីតិកម្មរបស់រដ្ឋសភា ចាំបាច់ត្រូវបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា លើកកម្ពស់គុណភាព និងប្រសិទ្ធភាព។ រដ្ឋសភានឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៦៦-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការផ្លាស់ប្តូរថ្មីការងារកសាង និងការអនុវត្តច្បាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី។ អនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទដ្ឋាន​នីតិកម្ម ជម្រុញការបង្ការ និងប្រឆាំងអំពើអវិជ្ជមាន និងផលប្រយោជន៍ក្រុម។ បង្កើនបន្ថែមទៀតនូវកិច្ចសហការទាន់ពេលវេលា និងមានប្រសិទ្ធភាពរវាងស្ថាប័នរបស់រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម តុលាការប្រជាជនកំពូល វិទ្យាស្ថានអយ្យការប្រជាជនកំពូល និងស្ថាប័នពាក់ព័ន្ធនានា។ ធានាថាគ្រប់ច្បាប់ទាំងអស់សុទ្ធតែចេញពីផលប្រយោជន៍ជាតិ ជនជាតិ​ និងបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជន។

បន្តអនុវត្តតម្រូវការផ្លាស់ប្តូរថ្មីផ្នត់គំនិតក្នុងការងារកសាងច្បាប់ ធ្វើឱ្យស្ថាប័នច្បាប់ក្លាយជាឧត្តមភាពប្រកួតប្រជែង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ត្រួតពិនិត្យរាល់ចន្លោះប្រហោង ការខ្វះខាត ការរាំងស្ទះនៃច្បាប់ ដើម្បីកែសម្រួល បំពេញបន្ថែម និងកែលម្អឱ្យបានទាន់ពេលវេលា។ ធានានូវភាពស៊ីចង្វាក់គ្នា ស្ថិរភាព និងលទ្ធភាពអនុវត្តបាន ដែលទាំងឆ្លើយតបនឹងតម្រូវការបន្ទាន់ចំពោះមុខផង និងទាំងបង្កើតក្របខ័ណ្ឌគតិយុត្តិយូរអង្វែង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការធ្វើសមាហរណកម្មអន្តរជាតិ ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលជាតិ។

ទន្ទឹមនឹងនោះ ចាំបាច់ត្រូវលើកកម្ពស់គុណភាព និងពង្រីកបន្ថែមទៀតនូវតួនាទីរបស់តំណាងរាស្ត្រ បង្កើនសមាមាត្រតំណាងរាស្ត្រជំនាញ ដើម្បីឱ្យរដ្ឋសភាមិនត្រឹមតែជាស្ថាប័ន​តំណាងខ្ពស់បំផុតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបញ្ញារបស់ប្រជាជនទាំងមូលផងដែរ។

រដ្ឋាភិបាល បណ្តាវិស័យ និងស្ថាប័ន អង្គភាពពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ច ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ត្រូវប្រញាប់ប្រញាល់រៀបចំការអនុវត្តច្បាប់ និងសេចក្តីសម្រេចចិត្ត​ ដែលរដ្ឋសភាបានអនុម័តនៅក្នុងសម័យប្រជុំលើកទី ១០។​ ប្រកាសឱ្យប្រើប្រាស់ឯកសារ​សេចក្តី​កំណត់​លម្អិតឱ្យទាន់ពេលវេលា។ ជម្រុញការងារឃោសនា និងផ្សព្វផ្សាយច្បាប់ ជាពិសេសច្បាប់ និងសេចក្តីសម្រេចចិត្ត​ ដែលប៉ះពាល់ផ្ទាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន និងសហគ្រាស​។ ទន្ទឹមនឹងនេះ ត្រូវត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាព និងគុណភាពគោលនយោបាយជាប្រចាំ ក្រោយពេលប្រកាសឱ្យប្រើ ដើម្បីកែសម្រួល បំពេញ​បន្ថែម និងកែប្រែឱ្យទាន់ពេលវេលា។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តដឹកនាំយ៉ាងម៉ឺងម៉ាត់នូវការអនុវត្តសមកាលកម្មនៃបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងសកម្មភាពរបស់រដ្ឋសភា និងស្ថាប័នរបស់រដ្ឋសភា។ បន្តសិក្សាស្រាវជ្រាវ និងស្នើដំណោះស្រាយនានាដើម្បីផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសម័យប្រជុំរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។

សមជិករដ្ឋសភា បោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្ត​ ស្តីពីគោលនយោបាយវិនិយោគគម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សជើង-ត្បូង ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ (ខែវិច្ឆិកា ឆ្នាំ២០២៤)។ រូបថត៖ វ៉ាន់ឌៀប – VNA

អ្នកសារព័ត៌មាន៖ ភារកិច្ចសំខាន់បំផុតរបស់រដ្ឋសភា មិនត្រឹមតែសម្រាប់ឆ្នាំ២០២៦ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អាណត្តិខាងមុខទាំងមូលផងដែរ គឺការរៀបចំឱ្យបានជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២៦ - ២០៣១។ ក្រៅពីអំណោយផលជាមូលដ្ឋានដូចជា ស្ថានភាពនយោបាយមានស្ថិរភាព ជីវភាព និងការយល់ដឹងរបស់ម្ចាស់​ឆ្នោតត្រូវបានលើកកម្ពស់ជាលំដាប់ វៀតណាមក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោក កំពុងប្រឈមមុខនឹងផលប៉ះពាល់ពីលំហូរព័ត៌មានមិនពិតនៅលើបណ្តាញសង្គម ឬការជ្រៀតជ្រែកពីកម្លាំងអរិភាពពីខាងក្រៅ។ សូមលោកប្រធានរដ្ឋសភាជម្រាបជូនអំពីតម្រូវការ និងការផ្លាស់ប្តូរថ្មីដែលបានដាក់ចេញសម្រាប់ការបោះឆ្នោតលើកនេះ?

ប្រធានរដ្ឋសភា លោក ត្រឹន ថាញម៉ឹន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ និង​តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ គឺជា ទិវា​បុណ្យនៃ​ប្រជាជន​ទាំងមូល ជា​ឱកាសសម្រាប់ម្ចាស់​ឆ្នោត​អនុវត្តសិទ្ធិជាម្ចាស់របស់ខ្លួន តាមរយៈការជ្រើសរើស និងបោះឆ្នោត​ជូនតំណាងឆ្នើមៗ ដែលតំណាងឱ្យឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិថ្មី។​ ពីនោះមក រួមចំណែកយ៉ាងសកម្មក្នុងការកសាង ពង្រឹង និងកែលម្អប្រទេសនីតិរដ្ឋ​សង្គមនិយម ដែលជារដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏ធំធេងរបស់ប្រទេសជាតិ ដែលប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់​បក្ស ដែលនឹងបន្តបង្កើតសន្ទុះថ្មីដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព។

បើប្រៀបធៀបនឹងអាណត្តិមុនៗ ការបោះឆ្នោតលើកនេះមានចំណុចថ្មីសំខាន់ៗជាច្រើនដូចជា៖ កាត់បន្ថយអាណត្តិរដ្ឋសភានីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១ - ២០២៦ ដោយកំណត់ថ្ងៃបោះឆ្នោតគឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដែល​លឿនជាង២ខែ បើធៀបនឹងការបោះឆ្នោតមុនៗ។ កាត់បន្ថយពេលវេលានៃជំហាននានាក្នុងដំណើរការ​បោះឆ្នោត៖ រយៈពេលចាប់តាំងពីបញ្ចប់ការដាក់ពាក្យឈរឈ្មោះ រហូតដល់​ថ្ងៃបោះឆ្នោត ត្រូវបានកាត់បន្ថយពី៧០ថ្ងៃ មកត្រឹម៤២ថ្ងៃ។ កាលបរិច្ឆេទនៃការពិគ្រោះយោបល់ ការប្រកាសបញ្ជីឈ្មោះអ្នកឈរឈ្មោះបោះឆ្នោត និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ក៏ត្រូវបានកែសម្រួលឱ្យស្របគ្នា និងសមស្របតាមការអនុវត្តជាក់ស្តែង។ កែសម្រួលសមត្ថកិច្ចក្នុងការកំណត់តំបន់បោះឆ្នោត និងការរៀបចំអង្គភាពទទួលបន្ទុកបោះឆ្នោតតាមគំរូរដ្ឋបាលមូលដ្ឋានពីរថ្នាក់។ ធ្វើឱ្យមានភាពសម្បូរបែបនូវវិធីសាស្ត្រឃោសនាបោះឆ្នោត ក្រៅពីការជួបអ្នកម្ចាស់​ឆ្នោតដោយផ្ទាល់ ក៏អនុញ្ញាតឱ្យរៀបចំតាមប្រព័ន្ធអនឡាញ ឬការរួមបញ្ចូលគ្នារវាងការចុះផ្ទាល់ និងអនឡាញ ក្រោមលក្ខខណ្ឌធានាផ្នែកបច្ចេកទេស សុវត្ថិភាពព័ត៌មាន និងសន្តិសុខបណ្តាញ​។ ជាពិសេស មានយន្តការអនុញ្ញាតឱ្យក្រុមប្រឹក្សាបោះឆ្នោតជាតិ ម្ចាស់ការក្នុងការកែសម្រួលពេលវេលា និងណែនាំដល់អង្គភាពទទួលបន្ទុកបោះឆ្នោត នៅពេលមានស្ថានភាពជាក់ស្តែងកើតឡើង ដើម្បី​ធានាវឌ្ឍនភាព និងប្រសិទ្ធភាពនៃការរៀបចំបោះឆ្នោត។

ការប្តេជ្ញាចិត្តនយោបាយខ្ពស់ រួមជាមួយនឹងការដឹកនាំ និងការចង្អុលបង្ហាញយ៉ាងជិតស្និទ្ធពីគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខា ដែលផ្ទាល់បំផុតគឺសមមិត្តអគ្គលេខាធិការ តូ ឡឹម និង​គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ចំពោះការងារត្រៀមបោះឆ្នោត គឺជាកត្តាសំខាន់បំផុតដើម្បីធានាបាននូវជ័យជម្នះនៃការបោះឆ្នោត។ ទន្ទឹម​នឹងនោះ គឺភាពម៉ឺងម៉ាត់ ភាព​ម្ចាស់ការ ការច្នៃប្រឌិត និងភាពបត់បែន ដែលស្របតាម​ស្ថានភាពជាក់​ស្តែង និង​លក្ខខណ្ឌ​ភូមិសាស្ត្រនៃមូលដ្ឋាននីមួយៗ។ ការបែងចែកភារកិច្ច និងកិច្ចសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព រវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុង​ការងារបោះឆ្នោតទាំងមូល បង្កើតឱ្យមានតម្លាភាព ភាពច្បាស់លាស់ ឯកភាព និងភាព​រលូន ចាប់ពីថ្នាក់កណ្តាលរហូត​ដល់មូលដ្ឋាន។ ជាពិសេស ចាំបាច់​ត្រូវអនុវត្តឱ្យបានត្រឹម​ត្រូវតាម​តម្រូវការក្នុងសារាចរ​លេខ ៤៦-CT/TW របស់​ការិយាល័យនយោបាយ គឺប្រព័ន្ធ​នយោបាយទាំងមូល ត្រូវតែសាមគ្គីឯកភាព បង្កើន​កិច្ចសហការ ផ្ដោតកម្លាំង​កាយចិត្ត​ត្រៀមលក្ខណៈ​ចាំបាច់នានា ដើម្បីរៀបចំ​ការបោះឆ្នោតឱ្យទទួលបានជោគជ័យ ធានាឱ្យ​ការបោះឆ្នោត ប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ សមភាព ស្របតាម​ច្បាប់ សុវត្ថិភាព និង​សន្សំសំចៃ ឱ្យក្លាយ​ជាសកម្មភាព​ប្រជាធិបតេយ្យដ៏ជ្រាលជ្រៅ ក្នុងស្រទាប់​មហាជនគ្រប់ជាន់ថ្នាក់ ដើម្បីជ្រើសរើស និងបោះឆ្នោត​ជូនតំណាងឆ្នើមៗ ដែលតំណាងឱ្យបញ្ញា និងបំណងប្រាថ្នារបស់ប្រជាជនទូទាំងប្រទេស ក្នុង​រដ្ឋសភា និងក្រុមប្រឹក្សា​ប្រជាជនគ្រប់ជាន់​ថ្នាក់។

លោកអគ្គលេខាបក្ស  តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជាមួយសមាជិករដ្ឋសភា ដែលចូលរួមក្នុងពិធីបិទសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥។ រូបថត៖ យ័នតឹន​ - VNA

ខ្ញុំសង្ឃឹមថា ម្ចាស់​ឆ្នោតនិងប្រជាជន នឹងលើកកម្ពស់ស្មារតី​ទទួលខុសត្រូវ ពង្រីក​សិទ្ធិជាម្ចាស់​របស់​ខ្លួន ជ្រើសរើសតំណាងដែលមានគុណធម៌ មាន​សមត្ថភាព មានចិត្ត និងមានចក្ខុវិស័យ ដើម្បីចូលរួមក្នុងរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២៦​ - ២០៣១ ដើម្បីអនុវត្តឱ្យបានល្អនូវភារកិច្ច និងការទទួលខុសត្រូវដ៏ធ្ងន់ធ្ងររបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។

ជាមួយនឹងសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិកន្លងមក ជាមួយនឹងការគាំទ្រពីម្ចាស់​ឆ្នោត និង​ប្រជាជន ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នឹង​ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បង្កើតជាជំហាន​ចាប់ផ្តើមដ៏សំខាន់សម្រាប់​ការកសាង និងការពង្រឹង​ក្បាល​ម៉ាស៊ីន​រដ្ឋក្នុងអាណត្តិថ្មី បង្កើតគ្រឹះស្ថាននយោបាយ - សង្គមដ៏រឹងមាំ ដើម្បីអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្ត​នៃមហាសន្និបាតលើកទី១៤ របស់បក្ស។

និទាឃរដូវ​ថ្មី កំពុងខិតជិតមកដល់ ជាមួយនឹងជំនឿចិត្ត និង​មោទនភាពចំពោះប្រទេសជាតិ ដែលកំពុងស្ថិតក្នុងសន្ទុះនៃការផ្លាស់ប្តូរថ្មី ខ្ញុំសូមផ្ញើនូវពាក្យជូនពរដ៏ល្អបំផុតជូនដល់បងប្អូនរួមជាតិ ម្ចាស់​ឆ្នោតទូទាំងប្រទេស សហគមន៍ប្រជាជនវៀតណាមនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិ។

អ្នកសារព័ត៌មាន៖ សូមគោរពអរគុណលោកប្រធានរដ្ឋសភា!

រៀបរៀង៖ ផានភឿង រូបថត៖ VNA


Top