បេតិកភណ្ឌវៀតណាម - សម្រស់ឯកសម្រាប់មនុស្សជាតិ

បេតិកភណ្ឌវៀតណាម - សម្រស់ឯកសម្រាប់មនុស្សជាតិ

ចាប់ពីផ្ទាំងគំនូរដុងហូ ដែលដាក់តាំងនៅសាលពិព័រណ៍ក្នុងទីក្រុងញូវយ៉ក សំឡេងចាប៉ីដាយ បន្លឺឡើងនៅទីក្រុង ប៉ារីស រហូតដល់ចង្វាក់ទំនុកក្រាបនៃសិល្បៈចម្រៀងកាទ្រូ នៅកណ្ដាលក្រុងបុរាណនៃរដ្ឋធានីហាណូយ ឬសម្រស់កុលាលភាជន៍ចាម ដែលមានវត្តមានក្នុងលំហសហសម័យ រាល់តម្លៃទាំងនេះ សុទ្ធតែជា “ឯករដ្ឋទូតវប្បធម៌”។ បេតិកភណ្ឌវៀតណាម - សម្រស់ឯកភូតសម្រាប់មនុស្សជាតិ គឺជាដំណើរស្វែងយល់ពី “កូដហ្សែន” វប្បធម៌ពិសេសចំនួន៤៖ គំនូរដុងហូ ចម្រៀងកាទ្រូ ចម្រៀងស្វាន និងកុលាលភាជន៍ចាម ដែលជាការរួមចំណែកវិចិត្ររបស់ វៀតណាម ចូលក្នុងឃ្លាំងបេតិកភណ្ឌរួមនៃពិភពលោក។

សម្រស់​ឯកទាំងបួននៃវប្បធម៌វៀតណាម

ស្ថិតនៅតាមដងទន្លេដួង ភូមិដុងហូ សង្កាត់ធ្វឹនថាញ់ ខេត្ត​បាក់និញ​ បាន​បង្កើត​ជា​ខ្សែស្រឡាយ​​គំនូរ​ប្រជា​ប្រិយ​មួយ​ពិសេស​ ជា​ខ្លឹមសារ​ទ្រឹស្តី​ជីវចម្រុះ​រាប់​សិប​សតវត្សរ៍​មុន។ ស្រទាប់​ពណ៌ ដែលធ្វើពីម្សៅខ្យង លាយជាមួយបាយ​ម៉ាន​ដំណើប រួចលាប​លើក្រដាស​យ័រ បង្កើត​បាន​ជាពន្លឺចែងចាំង​ធម្មជាតិ។ ពណ៌ខ្មៅបានមកពីធ្យូងស្លឹកឫស្សី ពណ៌ក្រហមពីគ្រាប់ក្រួស ពណ៌លឿងពីផ្កាហួយ និងពណ៌ខៀវពីស្លឹកចាម - ដែល​ជា​តុង​ពណ៌​បរិសុទ្ធ​នៃ​មេឃដី។ មិនត្រឹមតែ​ជា​សិល្បៈ​សូន​រូប​​ប៉ុណ្ណោះទេ គំនូរដុងហូ នៅឆ្លុះបញ្ចាំងពីជីវភាពកសិកម្ម និង​ទស្សនវិជ្ជាជីវិត​នៃ​ជនជាតិវៀតណាម ទីដែលរូបភាពី​ “អាពាហ៍ពិពាហ៍សត្វ​កណ្តុរ” ឬ​ហ្វូង​មាន់​ ជ្រូក​ផ្ញើ​ក្តី​សង្ឃឹម​លើ​សង្គមមួយ​ យុត្តិធម៌​ និង សុមង្គល។​​

"គំនូរដុងហូគឺជាពាក្យជូនពរ ជាសេចក្តីប្រាថ្នា ដូច្នេះរាល់ផ្ទាំងឆ្លាក់ឈើនីមួយៗសុទ្ធតែផ្ទុកនូវព្រលឹងរបស់បុព្វបុរស ដែលបានផ្ញើទុក” - សិល្បករឆ្នើម ង្វៀន​ ដាំង​ចេ អ្នកថែរក្សានូវខ្សែស្រឡាយគំនូរប្រជាប្រិយ​ដុងហូ។

គំនូរដុងហូ បន្ទាប់ពីបោះពុម្ពរួច នឹងត្រូវយកទៅហាលថ្ងៃ ដើម្បីឱ្យពណ៌ទឹកថ្នាំជាប់បានយូរ និងដិតច្បាស់ជាងមុន។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម
សិល្បករឆ្នើម ង្វៀន​ ដាំង​ចេ (Nguyen Dang Che) បង្រៀនជំនាញដល់ជំនាន់ក្រោយ។ រូបថត៖ កុដាត​/កាសែតរូបភាពវៀតណាម​

ប្រសិនបើ គំនូ​ដុងហូ ជា​សំឡេងនៃភូមិស្រុក នោះចម្រៀង​កាទ្រូ​តំណាងឱ្យស្មារតីបញ្ញវន្ត។ ត្រូវបាន​អង្គការ​អប់រំ វិទ្យាសាស្រ្ត​ និង វប្បធម៌​ នៃ​អង្គការយូណេស្កូ ចុះ​បញ្ជី​ជា​បេតិកភណ្ឌ ដោយសារមាន​រចនា​សម្ព័ន្ធសិល្បៈ​ដ៏ល្អិតល្អន់ ចម្រៀង​កាទ្រូគឺជាការរួមបញ្ចូលគ្នា រវាងអ្នកចម្រៀងស្រី អ្នកលេងចាប៉ី និង​អ្នកវាយស្គរដែល​ជាទស្សនិកជន ។ សំឡេងច្រៀងដែលមានបច្ចេកទេសខ្ពស់ រួមជាមួយសំឡេងចាប៉ីដាយដ៏ក្រអួន និងចង្វាក់បន្ទះក្រាប​ឫស្សីដ៏រណ្តំ​។ សំឡេងស្គរកំដរ​ ដែលកាន់ដោយទស្សនិកជន បានប្រែក្លាយការសម្តែងឱ្យទៅជា​​កិច្ចសន្ទនា​សិល្បៈ ទី​ដែលអ្នកស្តាប់ចូលរួមដោយផ្ទាល់ ក្នុងការវាយតម្លៃតម្លៃសិល្បៈ។

សិល្បករគំនូរដុងហូ អនុវត្តដំណាក់កាលបោះពុម្ពគំនូរ ចេញពី​​ក្តារពុម្ព។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម
 

ត្រឡប់ទៅកាន់សម័យកាលប្រវត្តិសាស្ត្រនៃស្តេចហ៊ុង ចម្រៀង​ស្វាន​បានតភ្ជាប់​តន្ត្រី ជាមួយ​​ពិធីសក្ការបូជាបុព្វបុរស។ ចាប់ពី “ចម្រៀង​បូជា" ថ្លៃថ្នូរ “ច្រៀង​ផង​រាំផង" ​ ដែលពោរពេញដោយការអប់រំ រហូតដល់ “ចម្រៀង​បុណ្យ”  សប្បាយរីករាយ ក្បាច់រាំ “បបូ” សាមញ្ញបំផុត រាំត្រាប់តាមសកម្មភាពពលកម្មបុរាណ​ ហើយ​រំឮកឡើងវិញនូវលំហពិសិដ្ឋ​ ដោយប្រើត្រឹមតែស្គរបញ្ជា និងបន្ទះក្រាប​ឫស្សី​ប៉ុណ្ណោះ។

 

ការសម្តែងសិល្បៈចម្រៀង​កាទ្រូ​មួយ​ បម្រើដល់ភ្ញៀវទេសចរ នៅប្រាសាទក្វាង​ដេ (ហា​ណូយ​)​។ រូបថត៖ តឹតសឺន/VNP
 

ទន្ទឹមនឹងនោះ កុលាលភាជន៍​ចាម ជា “ផូស៊ីលមាន​ជីវិត​” នៃ​បច្ចេកទេស​សិប្បកម្ម​។ នារី​ចាម មិនប្រើតុបង្វិល​ទេ តែ​ដើ​រជុំវិញ​ដុំដី​ សូន​រូ​បដោយ​ដៃទទេ​។ កុលាលភាជន៍​​បានដុត​នៅទីវាល ចាប់យកពន្លឺថ្ងៃ ខ្យល់ និងផ្សែងភ្លើងធម្មជាតិ ដែល​ធ្វើឱ្យផលិតផល​នីមួយៗ មានលក្ខណៈ​ឯក​ មិនអាចចម្លងបាន​។ បង្កប់​នៅពីក្រោយបច្ចេកទេស​នោះ គឺជាទម្រង់​នៃរបប​មាតាធិបតេយ្យ និង​ភាពរស់រវើក​នៃវប្បធម៌ចម្ប៉ា​ នៅក្នុង​ផ្ទាំង​ទស្សនីយភាព​សម្បូរ​បែបនៃ​ប្រទេស​វៀតណាម​។

"នៅក្នុងចម្រៀង​កាទ្រូ សំឡេងក្រាប់​គឺជាចង្វាក់បេះដូង សំឡេងចាប៉ីដាយគឺជាគំនិត ហើយ​សំណៀង​ច្រៀង​គឺជាដង្ហើម។ អ្នកចម្រៀងស្រីមិនច្រៀងដោយបំពង់ក​ទេ ប៉ុន្តែ​ច្រៀងដោយ​ភាពស្ងប់ស្ងាត់​នៃព្រលឹង​។ នៅពេល​សំឡេងស្គរកំដរ​បន្លឺឡើង វាមិនត្រឹមតែជាការសរសើរ​ប៉ុណ្ណោះទេ វាគឺជាការយល់ចិត្តគ្នា រវាងសិល្បករ និង​អ្នកទស្សនា” - អតីត​សិល្បករប្រជាជន ក្វាច់ ធី​ហូ

សកម្មភាព នៃគ្រុប​សិល្បៈចម្រៀងស្វ័ន (Xoan)​ នៅ​តំបន់​៥ វៀតទ្រី ក្នុង​ខេត្ត​ភូថ័រ។ រូបថត៖ កុងដាត/VNP

"ឱ្យតែសាលាភូមិនៅមាន ប្រជាជននៅតែស្រឡាញ់គ្នា នោះសំឡេងចម្រៀង​ស្វាននឹង​មិនរលត់ឡើយ” - សិល្បករប្រជាជន ង្វៀន​ ធី​លិត (មេក្រុមចម្រៀង​ស្វានអាន​ថៃ ខេត្តភូថ័រ។)

 

រដ្ឋ និងសហគមន៍៖ សសរស្តម្ភពីរនៃការអភិរក្សបេតិកភណ្ឌ

វៀតណាមបានកំណត់ទម្រង់​ នៃការអភិរក្សផ្អែកលើសសរស្តម្ភពីរ៖ គោលនយោបាយរដ្ឋ និង​តួនាទីជា​ម្ចាស់នៃ​សហគមន៍។ រឿងរ៉ាវនៃចម្រៀង​ស្វាន ជាសក្ខីភាពលេចធ្លោ។ ក្នុង​ឆ្នាំ ២០១១ មរតកនេះ ​បានយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌ ដែល​ត្រូវការការការពារ​បន្ទាន់។ ប៉ុន្តែ​ ត្រឹមតែ ៦ ឆ្នាំក្រោយមក ពោលគឺក្នុងឆ្នាំ២០១៧ ចម្រៀង​ស្វាន​បានក្លាយជាបេតិកភណ្ឌវប្បធម៌​តំណាងនៃមនុស្សជាតិ​ ដែលជា​ករណីដំបូង និងមាន​តែមួយគត់ ដែលសម្រេច​បានការផ្លាស់ប្តូរនេះ។

ការអភិវឌ្ឍទេសចរណ៍ស្វែងយល់ពីភូមិរបរកុលាលភាជន៍​ នៅ Bau Truc (ខេត្ត Khanh Hoa) ក៏ជាវិធីមួយដើម្បីអភិរក្សរបរប្រពៃណីនេះផងដែរ។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម

"ខាប់ និង​ពាងនីមួយៗ សុទ្ធតែផ្ទុកនូវភាពកក់ក្តៅ​ចេញ​ពីដៃអ្នក​ម្តាយ ដែលបង្រៀន​ទៅ​ឱ្យកូនស្រី។​ កុលាល​ភាជន៍ដុតនៅទីវាល ទទួលយកពន្លឺថ្ងៃ ខ្យល់ និងផ្សែងអុស ដូច្នេះពណ៌​របស់កុលាល​ភាជន៍ ក៏ជាពណ៌នៃដីមាតា ដែលប្រឡាក់ប្រឡូសតែរឹងមាំ” - អតីត​សិប្បករ​ ​ ដាង​ ធី​ផាន​ (ភូមិកុលាលភាជន៍ បាវ​ត្រុក)

 

ជោគជ័យនេះ បានមកពីការប្តេជ្ញាចិត្តផ្នែកនយោបាយច្បាស់លាស់ និងការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាជន។ រដ្ឋបានវិនិយោគលើការស្តារឡើងវិញនូវសាលាភូមិ និងវិហារ។ គាំទ្រសិល្បករ បើកថ្នាក់បង្រៀននៅតាមភូមិដើមនៃសិល្បៈស្វាន។ បញ្ចូលមរតកទៅក្នុងសាលារៀន ដើម្បីបន្តខ្សែលោហិតនៃមរតកនេះ។

សិល្បៈចម្រៀង​ស្វ័ន​ បានសម្តែង​នៅ​តាម​ប្រាសាទ​តែប៉ុណ្ណោះ នៃខេត្ត​ភូថ័រ​។ រូបថត៖ តឹតសឺន/VNP

ផ្តើម​បទពិសោធន៍នោះ វៀតណាមបន្តអភិរក្សចម្រៀង​កាទ្រូ តាមរយៈការចងក្រង​ឯកសារូបនីយកម្ម​ ឌីជីថល​ភាវូបនីយ​កម្ម និងការគាំទ្រក្លឹបនានា ដើម្បីរក្សាការសម្តែងជាប្រចាំ។ ចំពោះគំនូរដុងហូ និងកុលាលភាជន៍​ចាម គោលនយោបាយបានភ្ជាប់ការអភិរក្សជាមួយ “សេដ្ឋកិច្ចបេតិកភណ្ឌ” កសាង​ពាណិជ្ជសញ្ញា​ OCOP (កម្មវិធី​ “ភូមិ​មួយ​ ផលិតផលមួយ​”) និង​អភិវឌ្ឍ​ទេសចរណ៍​ផ្សង​ព្រេង​។

 

សិល្បករ ង្វៀន ធី​លិច​ (Nguyen Thi Lich) ណែនាំដល់កុមារតូចៗ  អំពីប្រវត្តិ​ចម្រៀងស័ន នៅវិហារ​ភូមិ​អាន​ថៃ (An Thai) (ខេត្តភូថ័រ​)។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម

ក្នុងវិធីសាស្រ្តនោះ ការច្នៃប្រឌិតគឺជាព្រលឹងនៃការអភិរក្សសហសម័យ។ ក្បាច់រចនាគំនូរ​ដុង​ហូ បានឈានជើងចូលក្នុងវិស័យម៉ូដសម្លៀកបំពាក់។ កុលាលភាជន៍ចាម មានវត្តមានក្នុងស្ថាបត្យកម្មទំនើប។ ចម្រៀង​កាទ្រូ និងចម្រៀង​ស្វាន បង្ហាញខ្លួនលើបណ្តាញឌីជីថល។ ទស្សនៈជាប់លាប់របស់វៀតណាមគឺ៖ បេតិកភណ្ឌត្រូវតែរស់នៅក្នុងបេះដូងសហគមន៍។ កិត្តិនាម​អន្តរជាតិ គឺជាការទទួលស្គាល់ ប៉ុន្តែប្រជាជនគឺជាអ្នកធានានូវនិរន្តរភាព សម្រាប់អនាគត​នៃបេតិកភណ្ឌ៕

អត្ថបទ៖ វីថាវ- រូបថត៖ តឹត​សឺន​ កុង​ដាត​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top