សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ផាម ​មិញ​ជីញ (Pham Minh Chinh)។ ដំណើរទស្សនកិច្ច ក្នុងបំណងជំរុញយ៉ាង​ខ្លាំង​ក្លានូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា នាពេលខាងមុខ​។

ក្នុងក្របខណ្ឌ​ដំណើរ​ទស្សនកិច្ច​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញ​ដាក់​កម្រង​ផ្កា និង​គោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ (Ho Chi Minh) អញ្ជើញ​ដាក់​កម្រង​ផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី និងវីរជននៅផ្លូវ បាក់សើន (Bac Son) (រដ្ឋធានីហាណូយ) ។

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ង្វៀន ភូត្រុង (Nguyen Phu Trong) លោកប្រធានរដ្ឋ វ៉ វ៉ាន់ថឿង (Vo Van Thuong) អញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ផាម​ មិញជីញ (Pham Minh Chinh) អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានរដ្ឋសភា វឿង​​ ឌីញហ្វេ (Vuong Dinh Hue)។

ក្នុងជំនួប និងកិច្ចពិភាក្សាជាន់ខ្ពស់នានា ថ្នាក់ដឹកនាំវៀតណាមបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺមានអត្ថន័យសំខាន់ រួមចំណែកក្នុងការពង្រឹង និងបង្កើតកំណត់ត្រាថ្មីក្នុងទំនាក់ទំនងវៀតណាម -កម្ពុជា។ អបអរសាទរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសមិទ្ធិផលធំៗ និងសំខាន់ៗ ដែលកម្ពុជា​សម្រេចបាន នាពេលថ្មីៗនេះ។  ជាពិសេស ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ប្រកបដោយជោគជ័យ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះយ៉ាងធំធេង រដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីបានបង្កើតឡើង ផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី ហើយគណបក្សប្រជាជនកម្ពុជាបានរៀបចំមហាសន្និបាតវិសាមញ្ញដោយជោគជ័យ។ លទ្ធផល​ទាំង​នោះ​បង្ហាញ​ការ​គាំទ្រ​របស់​ប្រជាជន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ផាម ​មិញជីញ (Pham Minh Chinh) ពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ យឿង​យ៉ាង - VNA

ថ្នាក់ដឹកនាំវៀតណាមបានសង្កត់ធ្ងន់លើគោលនយោបាយមិន​ប្រែប្រួល​របស់វៀតណាម ជានិច្ចកាលតែងយកចិត្តទុក​ដាក់​ និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនង អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង វៀតណាម-កម្ពុជា; ក៏ដូចជាឲ្យតម្លៃចំពោះការយកចិត្តទុកដាក់លើប្រពៃណីទំនាក់ទំនងសាមគ្គីជិតស្និទ្ធ ចែក រំលែក គាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងការតស៊ូដណ្តើមឯករាជ្យជាតិនាពេលកន្លងមក និងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។

​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងរួមជាមួយវៀតណាម ដើម្បីការពារ ថែរក្សា និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យ អភិវឌ្ឍបន្តឡើងទៅកាន់កម្ពស់ថ្មី និងផ្ទេរបន្តដល់មនុស្សជំនាន់ក្រោយ។

ភាគីទាំងពីរបានឯកភាពគ្នាខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌសម្រាប់សកម្មភាពសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ ស្វាគមន៍​បណ្ដាស្ថាប័នពាក់ពន្ធទាំងសាងខាងបានសហការយ៉ាងស្អិតរមួត ដើម្បីបន្តរក្សា និងពង្រឹងខ្សែព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍ ឯកភាពបន្តសហការនិងជំរុញដំណោះស្រាយបណ្ដាតំបន់ស្ថិតក្នុង ១៦% នៃខ្សែព្រំដែនដែលមិនទាន់សម្រេចបានការឯកភាព និងបោះបង្គោល...

លោកនាយករដ្ឋមន្ត្រី ផាម​ មិញជីញ (Pham Minh Chinh) និងសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ទស្សនាសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ។ រូបថត៖ ផាមគៀន-VNA

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ផាម ​មិញជីញ (Pham Minh Chinh) និងសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនបី រួមមាន៖ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជា; អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងការិយាល័យពាណិជ្ជកម្មកម្ពុជា; អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម ។

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ផាម ​មិញជីញ (Pham Minh Chinh) និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មវៀតណាម-កម្ពុជា; អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយនិស្សិតនៃសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ។/.