បន្តភ្ជាប់ចរាចរណ៍អាស៊ានឆ្ពោះទៅកាន់ភាពចុះសម្រុងគ្នា ស្និទ្ធស្នាលនឹងបរិស្ថាន

បន្តភ្ជាប់ចរាចរណ៍អាស៊ានឆ្ពោះទៅកាន់ភាពចុះសម្រុងគ្នា ស្និទ្ធស្នាលនឹងបរិស្ថាន

ស្ថិតនៅក្នុងទីតាំងកណ្តាលនៃបណ្តាញតភ្ជាប់ចរាចរណ៍ ក្នុងតំបន់ដែលលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិកទៅកាន់មហាសមុទ្រឥណ្ឌា អាស៊ានមានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រសំខាន់ ដែលជាកន្លែងមាននាវាចរណ៍ និងអាកាសចរណ៍ដ៏សំខាន់ជាច្រើន។ បណ្តាប្រទេសនៅភាគអាគ្នេយ៍​បាន និងកំពុងខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការតភ្ជាប់ចរាចរណ៍ឆ្ពោះទៅរកប្រសិទ្ធភាព ភាពចុះសម្រុង​គ្នា និងស្និទ្ធស្នាលជាមួយបរិស្ថាន​។

ថ្មីៗនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការដឹកជញ្ជូនអាស៊ានលើកទី ២៩ (ATM) បានអនុម័តសេចក្តីប្រកាសរួមជាមួយនឹងផែនការជាច្រើន ដើម្បីបន្តលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដូចជាផែនការមេអំពីការផ្គតផ្គង់សេវាកម្មធានាប្រតិបត្តិការអាស៊ាន (ឯកសារបោះពុម្ពលើកទី ៣) ដើម្បីសម្រេចបានគោលដៅនៃការគ្រប់គ្រងអាកាសចរណ៍ដោយ​រលូន ដែលមានគោលបំណងសុវត្ថិភាព លទ្ធភាពអន្តរកម្ម ភាពចុះសម្រុង​គ្នា បរិស្ថាន សមត្ថភាព និងប្រសិទ្ធភាព ក៏ដូចជាបង្កើន ផ្ទៃមេឃអាស៊ានដ៏រលូន ដែលជាមូលដ្ឋានសម្រាប់ការបង្កើតទីផ្សារអាកាសចរណ៍អាស៊ាន រួម អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការអភិវឌ្ឍបណ្តាញផ្លូវគោកអាស៊ាន (AHN) អនុសាសន៍គោលនយោបាយ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី (EV) ក្នុងអាស៊ាន កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការសម្របសម្រួលទំនិញក្នុងការឆ្លងកាត់ (AFAFGIT)

ក្នុង​នោះ លទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាដូចជា នូវែលសេឡង់ សហភាពអឺរ៉ុប ជប៉ុន កូរ៉េ ចិន និងសហរដ្ឋអាមេរិក បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបណ្តាញដឹកជញ្ជូនតភ្ជាប់អាស៊ាន។

ផ្លូវក្រវ៉ាត់ក្រុងទី ៣ ខេត្តកណ្តាល នៃប្រទេសកម្ពុជា បាន​តភ្ជាប់ជាមួយរាជធានីភ្នំពេញ ដែលមានទុនវិនិយោគសរុប ៤៦៤លានដុល្លារអាមេរិក មានប្រវែងសរុប ៥២ គីឡូម៉ែត្រ ទទឹងអតិបរមា ២៧ ម៉ែត្រ មានស្ពាន ២ ឆ្លងកាត់ទន្លេ និងស្ពានអាកាស ២។ រូបថត៖ VNA ផ្សាយ

លើសពីនេះ នៅក្នុងអង្គសន្និសីទក្រុមការងារនាវាចរណ៍អាស៊ានលើកទី ៤៥ (MTWG) ថ្នាក់ដឹកនាំនៃនាយកដ្ឋាននាវាចរណ៍វៀតណាមបានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការ បន្ទាប់ពីផែនការយុទ្ធសាស្ត្រ​ដឹកជញ្ជូនទីក្រុង Kuala Lumpur KLTSP និងសហគមន៍អាស៊ាន ឆ្នាំ២០២៥ នឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសអាស៊ានទាំងអស់ ឆ្ពោះទៅឯកភាពកម្រិតខ្ពស់បំផុតនៃស្តង់ដារអំពីសុវត្ថិភាព និង​ការពារបរិស្ថាននាវាចរណ៍ ដោយ "ការប្តេជ្ញាចិត្តការពារបរិស្ថាន​សមុទ្រមិនឈប់ឈរ" ។ "ប្រការនេះគឺជាតម្រូវការចាំបាច់ ក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរ​យ៉ាងខ្លាំងទៅកាន់ការអនុវត្តបច្ចេកវិទ្យាទំនើប ប្រើប្រាស់ថាមពលថ្មីស្និទ្ធស្នាលនឹងបរិស្ថានលើគ្រប់វិស័យ​នៃសេដ្ឋកិច្ច និងសង្គម នាយករងនាយកដ្ឋាននាវាចរណ៍វៀតណាម លោក ហ័ងហុង​យ៉ាង (Hoang Hong Giang) បញ្ជាក់។

 

សិង្ហបុរីជាប្រទេសកោះ ជាម្ចាស់កម្មសិទ្ធិប្រព័ន្ធអាកាសចរណ៍ នាវាចរណ៍ ឈានមុខពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) បានទទួល​កិត្តនាមជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតក្នុងពិភពលោកក្នុង ឆ្នាំ២០២៣; អាកាសយានដ្ឋាន Changi - ជាអាកាសយានដ្ឋានមួយ​ក្នុង​ចំណោម​អាកាសយានដ្ឋាន​ទាំង ៣ លំដាប់ផ្កាយ ៥ នៅលើពិភពលោក យោងទៅតាមការវាយតម្លៃ និងការស្រាវជ្រាវរបស់ Skytrax គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ (អាកាសយានដ្ឋាន​ឆ្លងកាត់) និងជាច្រកទ្វារ សំខាន់បំផុតនៃអាស៊ីនិយាយរួម និងអាស៊ីអាគ្នេយ៍និយាយដោយឡែក។ នេះគឺជាអាកាសយានដ្ឋានដឹកទំនិញឈានមុខគេមួយក្នុងពិភពលោកដែលមានសមត្ថភាពផ្ទុកទំនិញប្រមាណជាង ២ លានតោន (ឆ្នាំ ២០១៩)។ ក្រៅពីនេះ យោងតាម Baltic Exchange សិង្ហបុរីបានរក្សាទីតាំងខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវទឹកឈានមុខគេរបស់ពិភពលោកសម្រាប់រយៈពេល ៨ឆ្នាំបន្តបន្ទាប់ ។

 

គម្រោងផ្លូវដែកល្បឿនលឿនដំបូងគេនៅអាស៊ាន ត្រូវបានប្រទេសឥណ្ឌូនេស៊ីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែល​មាន​ដើមទុនវិនិយោគសរុបចំនួន ៧,៣ ពាន់លានដុល្លារអាមេរិក ហើយមានប្រវែងផ្លូវដែកសរុប ១៤២ គីឡូម៉ែត្រ​​។ កត់ត្រានូវការអភិវឌ្ឍនៃការដឹកជញ្ជូនសាធារណៈ​ប្រភេទនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមទិសដៅទំនើប ប្រសិទ្ធភាព ​ហើយស្និទ្ធស្នាលនឹងបរិស្ថាន។​ ប្រទេសថៃក៏បានបញ្ចប់ដំណាក់កាលចុងក្រោយនៃគម្រោងពង្រីកផ្លូវ​ល្បឿន​លឿនលេខ ១២ ស្ថិត​ក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត-ភាគខាងលិច (EWEC) ដែលតភ្ជាប់មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។ រាជរដ្ឋាភិបាលថៃសង្ឃឹមថា ការបញ្ចប់ផ្លូវនេះនឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ចឆ្លងដែនរវាងបណ្តាប្រទេសក្នុងតំបន់​។ ក្នុងប្រវែងសរុប ១.៥៣០​ គីឡូម៉ែត្រ នៃ EWEC មានប្រវែងប្រហែល ៧៩៣ គីឡូម៉ែត្រ ស្ថិតនៅលើទឹកដីថៃ។

ជាពិសេស ការដឹកជញ្ជូននាវាចរណ៍គឺជាវិស័យមួយរបស់វៀតណាមដែលមានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និង​ស៊ី​ជម្រៅក្នុងសហគមន៍អាស៊ាន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបង្កលក្ខណៈងាយស្រួល​សម្រាប់សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹកនៃបណ្តាប្រទេសជាសមាជិក វៀតណាម​​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាវាចរណ៍/ដឹកជញ្ជូនផ្លូវទឹក ទ្វេភាគីជាមួយបណ្តាប្រទេសអាស៊ាន ដូចជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ និងមីយ៉ាន់ម៉ា។

ក្រុមហ៊ុន THACO បានរៀបចំពិធីប្រគល់រថយន្ត Bus THACO ម៉ាកវៀតណាមចំនួន ១៥គ្រឿង ដែលនាំចេញទៅកាន់ប្រទេសហ្វីលីពីនតាមផ្លូវសមុទ្រ។ រូបថត៖ VNA

អាស៊ានតែងតែចាត់ទុកថា ការតភ្ជាប់ និងសមាហរណ​កម្មជាអាទិភាពលេខមួយ ក្នុងការអនុវត្តវិធានការនានា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមចំណែកពង្រីកភាព ប្រៀបរបស់តំបន់សេដ្ឋកិច្ចអាស៊ានមួយដែលមានភាពស្វាហាប់ ជាមជ្ឈមណ្ឌល និងមានសក្តានុពលច្រើន។/.

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រែសម្រួល​ដោយង្វៀន​យ៉ាង បច្ចេកទេស និងក្រាហ្វិក៖ ត្រាង​ញុង


Top