នេសាទត្រីដោយអង្រុតសំណាញ់ - សម្រស់វប្បធម៌ដ៏ស្រស់បំព្រង នៅដងទន្លេ ទិច (Tich)

នេសាទត្រីដោយអង្រុតសំណាញ់ - សម្រស់វប្បធម៌ដ៏ស្រស់បំព្រង នៅដងទន្លេ ទិច (Tich)

នៅ​ពេលណា​ដែល​កម្ពស់​ទឹក​ទន្លេ ទិច (Tich) ហូរកាត់​តំបន់ ទិច​យ៉ាង (Tich Giang) (ឃុំភុកថរ - Phuc Tho ទីក្រុង​ហាណូយ) ស្រក​ចុះ​ទាប ទំនៀម​ទម្លាប់​ចាប់ត្រី​ដោយ​អង្រុត​​សំណាញ់​ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម។ សកម្មភាពនេះ មិន​ត្រឹម​តែ​បង្កើត​ឡើង​វិញ​នូវ​វិធីសាស្ត្រនេសាទ​បុរាណ​ប៉ុណ្ណោះទេ ថែមទាំង​រក្សាទុកអនុស្សាវរីយ៍​វប្បធម៌ និង​បង្កើន​សាមគ្គីភាព​សហគមន៍ នៃប្រជាជន​នៅ​ភូមិ​បុរាណ ទឿង​ភៀវ (Tuong Phieu) រស់នៅ​សងខាង​ដង​ទន្លេ ទិច ផង​ដែរ។

ក្រុមមនុស្សកាន់ឧបករណ៍អង្រុត​សំណាញ់​ នៅលើទន្លេ ទិច (Tich) បង្កើតបានជាទិដ្ឋភាពមួយ ដែលទាំងមានភាពអ៊ូអរ ទាំងបង្កប់នូវលក្ខណៈដិតដាម នៃភូមិឋានជនបទភាគខាងជើង។ រូបថត៖ កុង​ដាត/VNP

តាំងពីព្រលឹមស្រាងៗ ប្រជាជនបានមកជួបជុំគ្នា​កុះករនៅមាត់ទន្លេ។ ចាស់​ព្រឹទ្ធាចារ្យ​ភូមិ​បាន​ធ្វើ​ពិធី​បើក​បុណ្យ និង​អុជធូប​បន់ស្រន់​សុំឱ្យអាកាសធាតុ​អំណោយផល ភោគផល​កសិកម្ម​ ទទួលបានទិន្នផលខ្ពស់។ ពិធីការបានប្រារព្ធឡើងយ៉ាងខ្លី ប៉ុន្តែ​មាន​ភាព​អធិកអធម និង​គួរឱ្យគោរព បង្ហាញ​ពីការដឹង​គុណចំពោះ​ធម្មជាតិ និង​ដង​ទន្លេ ដែល​បាន​ចិញ្ចឹមបីបាច់​ថែរក្សា​មនុស្សជាច្រើនជំនាន់​មក​ហើយ​។

ក្រោយ​ពី​ពិធីការ នឹង​មកដល់​ឈុត​ឆាកចាប់ត្រី​ដោយ​​អង្រុត​សំណាញ់​ ដែល​​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ​បំផុត​។ បុរសៗ​ មានកម្លាំងមាំមួនបានកាន់ដងអង្រុត​ធ្វើ​ពីដើមឫស្សី​វែង​ៗ លុយ​​ចុះ​ទៅ​ទន្លេ​ ឈរតម្រៀបគ្នាជាជួរ​ទទឹង​។ នៅ​​ពេល​មាន​សញ្ញា​បញ្ជា ពួកគាត់​បានច្រត់​អង្រុត​សំណាញ់​​ចុះ​ទឹក​ព្រមៗ​គ្នា។ សំឡេងអង្រុត​សំណាញ់​ប៉ះទឹក​លាន់ឮ​គ្រហឹម  ទឹក​បាច់​សាច​ពេញ​អាកាស ក្រោម​​សំឡេង​ស្រែក​ហ៊ោល​កញ្ជ្រៀវ​ឥត​ដាច់​​ពី​អ្នក​ទស្សនា ដែល​ឈរ​ណែន​ណាន់តាន់​តាប់ នៅសងខាង​ច្រាំង​ទន្លេ។

អ្នកភូមិ ទឿងភៀវ (Tường Phiêu) បានយកតាមខ្លួននូវអង្រុត​សំណាញ់ និង​ឧបករណ៍​សម្រាប់នេសាទ​ត្រី​ ធ្វើដំណើរ​ជា​ក្បួនដង្ហែយ៉ាង​មហោឡារិក ឆ្ពោះ​ទៅ​កាន់​ផ្នែក​ទន្លេ ដែល​រៀប​ចំ​ពិធី​បុណ្យ។
នៅ​កណ្តាល​ទន្លេ មនុស្សជាជួរ បានតម្រៀបគ្នាយ៉ាង​ស្មើ ដើម្បី​ត្រៀម​​​សញ្ញា​​ចាប់​ផ្តើម​។ នៅ​ពេល​សញ្ញាបញ្ជាបន្លឺ​ឡើង ផ្ទៃ​ទឹកទន្លេ បាន​បាញ់​សាច​យ៉ាងខ្លាំង ដោយ​សារ​ចង្វាក់​វាយ​ដំបង​ឫស្សីរាប់​សិប។
ប្រជាជន​រាប់រយនាក់ បានវាយដំបងឫស្សី​ចុះទៅក្នុងទន្លេ​ទីច ( Tich) ព្រមៗគ្នា បង្កើតបានជាចង្វាក់យ៉ាង​ខ្លាំងក្លា និងពេញដោយថាមពល​នៅកណ្តាលទន្លេ។
ស្ត្រីមួយចំនួននៅភូមិ ទឿងភៀវ ក៏បានចូលរួម​ចាប់ត្រីផងដែរ។ រូបថត៖ ថាញ់យ៉ាង/VNP

យោងតាម​រឿងព្រេង ទំនៀមទម្លាប់ចាប់​ត្រី​ដោយ​អង្រុត​សំណាញ់ ​នៅទន្លេ​ ទិចយ៉ាង មាន​​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ ទន្ទឹមនឹង​នោះក៏មាន​ការ​​ផ្សារភ្ជាប់​ទៅនឹង​វិហារ​បុរាណ ទឿង​ភៀវ ដែល​ជា​កន្លែង​គោរព​បូជា​ព្រះអង្គ តឹន​វៀន (Tan Vien) ដែល​ជា​អាទិទេព​ឈាន​មុខ ក្នុង​​ចំណោម "អាទិទេព​អមតៈទាំង​បួនព្រះអង្គ​" (Tu bat tu) នៅក្នុង​​ជំនឿ​ប្រជាប្រិយ​​វៀតណាម​។ អ្នកស្រុក​មាន​​​តំណាលថា ព្រះអង្គ តឹនវៀន ផ្ទាល់ បាន​បង្រៀន​ប្រជាជន​ពី​របៀប​ត្បាញ​អួន ធ្វើអង្រុត​សំណាញ់​ និងធ្វើឧបករណ៍យោង ដើម្បី​ចាប់​ត្រី​នៅ​លើ​ដងទន្លេ ទិច។ ដើម្បី​រំលឹកដល់គុណូបការៈនោះ អ្នកភូមិបានកសាង​វិហារ​ ដើម្បីគោរពបូជា និង​ថែ​រក្សា​​ទំនៀម​ទម្លាប់​នេះ ពីមួយជំនាន់​ទៅមួយ​ជំនាន់។​

លោក ង្វៀន តៀនគឿង (Nguyen Tien Cuong) អ្នក​ភូមិ ទឿង​ភៀវ បាន​ចែក​រំលែក​ថា​៖ “រដូវកាល​ចាប់​ត្រី​ដោយ​អង្រុត​សំណាញ់​ ដែលល្អ​​បំផុតគឺចាប់ពីខែ​សីហា ដល់​ខែ​តុលា (តាម​ចន្ទគតិ)​ ពេល​​ទឹកហូរ​ពីភ្នំ បាវិ (Ba Vi) ចុះមានកម្រិតតិច បាតទន្លេ​រាក់ជាង​មុន ត្រីប្រមូល​ផ្តុំ​នៅតាម​កន្លែង​ទឹកជ្រៅ។​ ឧបករណ៍​នេសាទ​មានភាព​សាមញ្ញ​ណាស់៖ ស៊ុមឫស្សីរាងសាជី​​​ រុំ​ដោយ​សំណាញ់​ តភ្ជាប់​នឹង​ដង​ឫស្សី​វែង​។ នៅ​ពេល​ដែល​ត្រីចូល​ក្នុង​សំណាញ់ អ្នក​វាយអង្រុត​សំណាញ់​អាចដឹងតាម​រយៈ​រំញ័រ ដើម្បី​លើក​ឡើង ឬ​មុជ​ចុះ​ទៅ​ចាប់”​។

 

ការ​ចាប់ត្រី​ដោយ​អង្រុត​សំណាញ់​មួយ​លើកៗ អ្នក​ភូមិ ទឿង​ភៀវ ជាទូទៅ​ទទួល​បាន​ត្រី​ពីរ​បី​​ចង្កោម អ្នក​ខ្លះ​​ចាប់បានរហូតដល់រាប់សិប​​គីឡូក្រាម ភាគច្រើនជាត្រីឆ្ពិន។ ប៉ុន្តែ​សម្រាប់​​ប្រជាជន​នៅទី​នេះ តម្លៃ​ដ៏ធំបំផុត មិនស្ថិតនៅលើផលនេសាទ​នោះ​ទេ។ ត្រី​ចាប់​បាន​ ត្រូវ​បាន​​ចាត់​ទុក​ជា "លាភ​សំណាងពីទន្លេ​" ​បែងចែក​ជូនដល់​អ្នករាល់​គ្នា ដូចជា​សេចក្តី​រីករាយ​រួម នៃ​ភូមិទាំងមូល​។

ដោះ​ត្រីចេញពី​សំណាញ់ ដែលចងនៅខាងលើ​ ក្រោយ​ពី​រុត​ត្រី​បាន​។ រូបថត៖ កុង​​ដាត/VNP
 
 

លោក ង្វៀន វ៉ាន់កុង (Nguyen Van Cong) អនុប្រធាន​គណៈកម្មាធិការប្រជាជន ឃុំ ភុកថរ បាន​មានប្រសាសន៍ថា ទឿងភៀវ មាន​ន័យ​ថា "ជំនោខ្យល់សុខសាន្ត" ដែល​ជា​ភូមិ​បុរាណ​ដ៏​ល្បី​ល្បាញ​ មានវិហារ​​បានជាប់​​​ចំណាត់ថ្នាក់ ជាទម្រង់​កេរដំណែល​ជាតិ។ ពិធីបុណ្យ​នៅ​វិហារ​ ទឿង​ភៀវ បានទទួលស្គាល់ជាបេតិកភណ្ឌ​វប្បធម៌អរូបី​ជាតិ។ ហេតុ​ដូច្នេះ​ហើយ ទំនៀមទម្លាប់ចាប់ត្រី​ដោយ​អង្រុត​សំណាញ់ នៅលើទន្លេ ទិច មិនត្រឹម​តែ​ជា​​ទម្រង់​នៃការរស់នៅ​បែប​ប្រជាប្រិយ​ប៉ុណ្ណោះទេ នៅ​ថែម​ទាំង​ជា​លំហ​វប្បធម៌​ដ៏​វិសេស​វិសាល ​ឆ្លុះបញ្ចាំង​ពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងមនុស្ស និង​ធម្មជាតិ។

លោក កុង បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំ​មានបំណង​ចង់​អភិរក្ស និង​លើក​កម្ពស់​តម្លៃ​នៃ​ទំនៀម​ទម្លាប់ចាប់​ត្រី​ដោយ​អង្រុត​សំណាញ់​ ទុកជា​សម្រស់​វប្បធម៌មួយ ដើម្បី​ទាក់​ទាញ​ទេសចរណ៍​បែបបទ​ពិសោធន៍​ជនបទ​។ តាមរយៈ​នេះ វា​មិន​ត្រឹម​តែ​ជួយ​ប្រជាជន​បង្កើន​ប្រាក់​ចំណូល​ប៉ុណ្ណោះទេ នៅ​ថែមទាំងបំផុស​​​មោទនភាព និង​សាមគ្គីភាព​សហគមន៍ផង​ ជាពិសេស​​ជំនាន់យុវវ័យ​ ជាមួយនឹង​ប្រភពដើម​នៃ​ស្រុក​កំណើត”។

 

នៅ​ចុងបញ្ចប់នៃពិធីបុណ្យ ទិដ្ឋភាពទូទៅ នៃផ្នែកទន្លេបានលេចឡើងម្តង​ទៀត ជាមួយនឹង​ប្រជាជនជាច្រើន ដែលបានចូលរួមអង្រុតត្រី បង្កើត​បាន​ជា​រូបភាព​ដ៏រស់រវើក នៃសម្រស់វប្បធម៌ប្រពៃណី របស់ភូមិទឿងភៀវ។  
អ្នកចូលរួមយួរ​ត្រីដែល​ទើបតែ​ចាប់បាន ដើរកាត់វាល​ស្រែត្រឡប់​ទៅកាន់​ចំណុចប្រមូលផ្តុំវិញ ដើម្បីរាយការណ៍ពីចំនួនត្រី ជូនគណៈកម្មការរៀបចំ។ រូបថត៖ កុងដាត/VNP

កណ្តាល​ចង្វាក់​ជីវិតរស់នៅបែប​ទំនើប ទិដ្ឋភាពនៃការចាប់ត្រី​ដោយ​អង្រុត​សំណាញ់​នៅ​លើ​ដង​ទន្លេ ទិច នៅតែ​រក្សាបានភាពសាមញ្ញ​ដដែល។ ក្រោម​​សំឡេងអង្រុត​សំណាញ់​ប៉ះ​ទឹក និង​សំឡេងសើចក្អាកក្អាយ​លាន់ឮ​រំពង យើង​អាច​ទទួល​បាន​​​​អារម្មណ៍​យ៉ាង​ច្បាស់ ​ពី​ចរន្ត​លំហូរ​​យ៉ាង​ខ្ជាប់ខ្ជួន នៃ​ទំនៀមទម្លាប់​បុរាណ​មួយ ដែល​កំពុង​បន្ត​​បាន​ថែរក្សា​ទុក​ជាផ្នែកមួយ នៃចំណង​អនុស្សាវរីយ៍​ដ៏​រស់រវើក របស់​តំបន់​ដី​សងខាង​​ទន្លេ​នេះ៕

អត្ថបទ៖ កុងដាត រូបថត៖ កុងដាត ត្រឹង ថាញយ៉ាង

ប្រែសម្រួល៖ រីកើង​


Top