ទំនាក់ទំនងកម្ពុជា-វៀតណាមអភិវឌ្ឍឡើងដល់កម្ពស់ថ្មី

ទំនាក់ទំនងកម្ពុជា-វៀតណាមអភិវឌ្ឍឡើងដល់កម្ពស់ថ្មី


ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម លោក វឿង​ ឌិញ​ហ្វេ (Vuong Dinh Hue) និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានបញ្ចប់ដោយជោគជ័យ បង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបានអភិវឌ្ឍឡើងដល់កម្រិតកម្ពស់ថ្មីមួយ ដើម្បីភាពរុងរឿងរបស់ប្រទេសនីមួយ​ៗ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ នៅព្រះរាជាណាចក្រ​កម្ពុជា​របស់​ប្រធានរដ្ឋសភាវៀតណាម លោក វឿង​ ឌីញហ្វេ (Vuong Dinh Hue) ក្នុងតំណែងជាប្រធានរដ្ឋសភា។ ជាពិសេស ដំណើរ​ទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២៤ មិថុនា ១៩៦៧ - ថ្ងៃទី ២៤ មិថុនា ២០២២) និងស្របពេលជាមួយព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រជាជនកម្ពុជាដែលជាឱកាស​អបអរសារទខួប ១០០ ឆ្នាំនៃទិវាប្រសូតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ថ្ងៃទី ៣១ តុលា ១៩២២ - ថ្ងៃទី ៣១ តុលា ២០២២)។

ប្រធានរដ្ឋសភាវៀតណាម លោក វឿង​ ឌិញហ្វេ (Vuong Dinh Hue) បានអញ្ជើញចូល​ក្រាបថ្វាយបង្គំ​គាល់ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម​ មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រធានរដ្ឋសភាវៀតណាម លោក វឿង​ ឌីញហ្វេ (Vuong Dinh Hue) បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ យ័ន​តឹន - VNA
ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងជំនាញ ឯកទេស វិជ្ជាជីវៈ ផ្នែកនីតិបញ្ញត្តិ។ រូបថត៖ VNA

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង​ ឌិញហ្វេ (Vuong Dinh Hue)  បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន; ជួបពិភាក្សារ​ជាមួយ​សម្តេច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចវិបុល សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។  ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភា​វៀតណាម​ លោក វឿង​ ឌិញហ្វេ (Vuong Dinh Hue)  បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង​គោក​។ នៅក្នុងកិច្ចពិភាក្សា និងកិច្ចប្រជុំនីមួយៗ ភាគីទាំងពីរបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាមួយ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យរីកចម្រើនដល់កម្រិតកម្ពស់ថ្មីមួយ ដើម្បីភាពរុងរឿងរបស់ប្រទេសនីមួយៗ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាច្រើនសម្រាប់ពេលខាងមុខ ហើយបានចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកម្ពុជា អញ្ជើញធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាព្រមព្រៀង​សហប្រតិបត្តិការ រវាងអគ្គលេខា​ធិ​ការរដ្ឋសភា​វៀតណាម នឹងអគ្គលេខាធិការរដ្ឋសភារដ្ឋសភាកម្ពុជា។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា នាពេលកន្លងមក។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរ តាម​រយៈ​ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើគ្រប់ជាន់ថ្នាក់ និងការពិភាក្សាជាទៀងទាត់ តាមទម្រង់ផ្សេងៗ ព្រមទាំងពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងអភិវឌ្ឍន៍​​​បន្ថែមទៀតនូវចំណងមិត្តភាព នាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ ជំនាញ ឯកទេស វិជ្ជាជីវៈផ្នែកនីតិប្បញ្ញត្តិ សហការត្រួតពិនិត្យនូវការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; ចាត់ទុកវាជាតម្រូវការគោលដៅដែលមិនអាចខ្វះបានសម្រាប់ប្រទេសទាំងពីរ។



ក្នុងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ គ្រឿងញៀន និងការជួញដូរមនុស្ស ហើយបានបញ្ជាក់សារជាថ្មីអំពីគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសមួយទៀត និងបានប្តេជ្ញាស្វែងរកដំណោះស្រាយ ដើម្បីអាចសម្រេចបានប្រមាណ ១៦% នៃខ្សែបន្ទាត់ព្រំដែនដីគោកមិនទាន់បានបញ្ចប់ការងារបោះបង្គោលខណ្ឌសីមា  សំដៅការកសាង​ព្រំដែន​គោក​ប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​រវាង​វៀតណាម និង​កម្ពុជា។

លើសពីនេះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង​ ឌីញហ្វេ ( Vuong Dinh Hue) បានស្នើ ភាគីកម្ពុជាបន្តយកចិត្តទុកដាក់ និងដឹកនាំការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ព្រំដែន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ​ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន បង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនជាតិដើមកំណើតវៀតណាមមានស្ថិរភាពក្នុងជីវភាពរស់នៅ រួមចំណែកជាវិជ្ជមានសម្រាប់ការអភិវឌ្ឍរុងរឿងនៃព្រះរាជាណាចក្រកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាលើកដំបូងស្ដីអំពីការបង្កើតយន្តការនៃកិច្ចប្រជុំកំពូលនៃរដ្ឋសភារបស់ប្រទេសទាំងបី។ រូបថត៖ យ័ន​តឹន - VNA

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេងសំរិន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានជួយឧបត្ថម្ភសាងសង់អគាររដ្ឋបាល និងសម្ភារៈសម្រាប់រដ្ឋសភាកម្ពុជា រួមចំណែកលើកកំពស់ប្រសិទ្ធភាពការងាររបស់រដ្ឋសភាកម្ពុជា។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤។

ពិភាក្សាលើបញ្ហាអន្តរជាតិ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេស​ទាំងពីរបានមានប្រសាសន៍ថា ក្នុងបរិបទនៃស្ថានការណ៍សេដ្ឋកិច្ច និងនយោបាយពិភពលោកបាន និងកំពុងមានបម្រែបម្រួលស្មុគស្មាញ និងមិនអាចប៉ានស្មានជាមុនបាន បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរត្រូវពង្រឹងសាមគ្គីភាព និងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខិតខំ​រក្សា​សាមគ្គីភាព និង​ឯកភាព​គ្នា ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ឯកភាព និង​បញ្ជាក់​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​រចនាសម្ព័ន្ធ​សន្តិសុខ​តំបន់ លើកកម្ពស់គោលការណ៍របស់អាស៊ានលើបញ្ហាសមុទ្រខាងកើត។


ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដាក់កម្រងផ្កា នៅវិមានឯករាជ្យ​​  ដាក់កម្រងផ្កានៅរូបសំណាក់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងនៅស្តូបមិត្តភាពវៀតណាម-កម្ពុជា ដែលជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។ ព្រមទាំងបានជួបសំណេះសំណាល សួរសុខទុក្ខចំពោះកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជួបសំណះសំណាលជាមួយសហគមន៍ជនវៀតណាម ​ទស្សនា និងធ្វើការ នៅខេត្តកំពង់ធំនៃប្រទេសកម្ពុជា./.

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


Top