ទៅកាន់តំបន់ធម្មជាតិ Tanyoli ខេត្តនិញធ្វឹន (Ninh Thuan)

ទៅកាន់តំបន់ធម្មជាតិ Tanyoli ខេត្តនិញធ្វឹន (Ninh Thuan)

ដេក​ក្នុង​តង់​ម៉ុងហ្គោលី លេង​ល្បែង​ផ្សង​ព្រេង​ ​នៅលើ​ខ្ពង់រាប​ពោរពេញទៅ​​ដោយ​កម្ដៅ​ខ្យល់​ ងុត​ទឹក​​សមុទ្រ​ថ្លា​យង់​ និង​ពិសា​ម្ហូប​ពិសេស​ប្រចាំ​តំបន់​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) ជា​ការ​ពិសោធន៍​ដ៏​ចំណាប់​អារម្មណ៍​ ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​មកដល់​មណ្ឌល​ទេសចរណ៍​Tanyoli នៅ​ខេត្ត​និញ​ធ្វឹន (Ninh Thuan)​។​

ជ្រុង​មួយ​នៃ​តំបន់​ទេសចរណ៍​ Tanyoli មានផ្ទៃដី​ទូលាយ​១០ហិកតា​ ស្ថិតនៅ​ភូមិ​សឺន​ហាយ​ (Son Hai) ស្រុក​ធ្វឹន​ណាម​ (Thuan Nam) ខេត្ត​និញធ្វឹន​ (Ninh Thuan) នៅ​ឆ្ងាយៗ​​​ខាងមុខ ​គឺជា​ខ្ពង់រាប​ខ្សាច់​ណាម​គឿង​ (Nam Cuong) និង​ឆ្នេរ​សមុទ្រ​។ រូបថត៖ កុង​ដាត​/​កាសែតរូបភាព​វៀតណាម​

មណ្ឌលទេសចរណ៍​Tanyoli មាន​ផ្ទៃ​១០ហិកតា​ ស្ថិតនៅ​ភូមិ​សឺនហាយ​ (Son Hai) ស្រុក​ធ្វឹន​ណាម​ (Thuan Nam) ខេត្ត​និញធ្វឹន​ (Ninh Thuan) នៅ​ចម្ងាយ​ពី​ទីក្រុង​ផាន​រ៉ាន​ (Phan Rang) - ប្រាសាទ​ចម្ប៉ា​ ប្រហែល​៣០គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង​ កំពុង​ជា​អាសយដ្ឋាន​​ថ្មី​ ប្លែក​ ទាក់ទាញ​ភ្ញៀវទេសចរ​​មកពិសោធន៍ស្វែង​យល់​។​

Tanyoli ស្ថិត​នៅ​ក្នុង​អនុ​តំបន់​វាលខ្សាច់មួយ ​ពោរពេញ​ដោយ​កម្ដៅ​ខ្យល់​​ រួម​នឹង​ទួល​ខ្សាច់​​ស​ ខ្ពស់ទាប​​បត់​បែន​ ដងភ្នំថ្ម​​រំលេច​ពណ៌ធម្មជាតិ​ រួម​នឹង​ឆ្នេរ​សមុទ្រ​ថ្លា​ឈ្វេង​។ ដោយភាពប្រៀបយ៉ាងនោះ​ មណ្ឌល​ទេសចរណ៍ ​Tanyoli ត្រូវបាន​​កសាង​ឲ្យក្លាយ​ជា​​អាសយដ្ឋាន​មួយ​ ទាក់ទាញ​ដោយ​មាន​រចនាបទ​​ដោយ​ឡែក​ សម្រាប់​​នរណា​​ដែល​ចូល​ចិត្ត​ស្វែង​យល់​ យក​ជំនះលើ​​ធម្មជាតិ ផ្សង​ព្រេង​ និង​​ស្វែង​យល់​​វប្បធម៌​។


ភាព​ប្រណីត​របស់ ​Tanyoli គឺ​ទេសភាព​នៅ​ទីនេះ ​​ភាគច្រើនបាន​រក្សា​ដូច​សភាព​ដើម​ ជៀស​វាង​​ជាអតិបរិមា​​នូវអន្តរកម្ម​ដោយ​បាត​ដៃ​មនុស្ស​ ដោយ​គោល​បំណង​ចង់​​នាំមក​ជូន​​ភ្ញៀវទេសចរ ​មាន​ការ​ពិសោធន៍​រស់រវើក​​​។ បុគ្គលិក ​Tanyoli ​ភាគច្រើនក៏សុទ្ធតែ​ជា​​ជន​ជាតិចាមក្នុងតំបន់​​​ ក៏ជា​ចំណុច​ពិសេស​មួយ​​នៃ​មណ្ឌល​ទេសចរណ៍ផងដែរ​​។​ ឈាន​​ចូល ​Tanyoli ដូចជា​ឈាន​ចូល​​ពិភពមួយថ្មី​ ជាមួយ​នឹង​ធម្មជាតិ​​ស្រស់ថ្លា​ បាន​​សម្រប​ខ្លួន​​ក្នុ​ងបរិយាកាស​ធំល្វឹង​ល្វើយ​​នៃ​មេឃ​ សមុទ្រ​ ព្រៃភ្នំ ​និង​​វាល​ខ្សាច់​។​


មក​ជាមួយ ​Tanyoli អ្នក​នឹង​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​វាល​ខ្សាច់​ស​ ដោយ​ឡាន​ off road កម្លាំងសេះធំ​ៗ​។ ការ​យក​ជំនះ​លើ​ដង​ផ្លូវ​វាល​ខ្សាច់​បតបែន​ខ្ពស់ទាប​ ​នាំមកជូន​អ្នក​នូវ​អារម្មណ៍​រំញោច​ពិបាក​ពណ៌នា​ដូចជា​ យក​ជំនះ​បាន​លើខ្លួនឯង​​ ឆ្លងកាត់​ភាព​ភ័យ​ខ្លាច​។ អ្នក​ក៏អាច​ប្រើ​ឡាន​ off road ធ្វើ​ដំណើរ​ពី​មណ្ឌល​ទេសចរណ៍​Tanyoli ឆ្លងកាត់​វាលខ្សាច់តូច​មូយ​យ៉ិញ​ (Mui Dinh) ទៅ​កាន់​ឆ្នេរ​សមុទ្រ​នៅ​ជុំវិញ​។​

ឆ្លងកាត់​វាល​ខ្សាច់​ធំទូលាយ ​គឺទៅ​ដល់​ឆ្នេរ​សមុទ្រ​សឺន​ហាយ​ (Son Hai) ​ជាមួយ​នឹង​ឆ្នេរ​ខ្សាច់​សវែង​អន្លាយ​ ទឹក​សមុទ្រ​ថ្លា​ឈ្វេង​ បង្កើត​បាន​ជា​សម្រស់​ធម្មជាតិ​រហោស្ថាន​ដ៏ជក់​ចិត្ត​។ នៅទី​នេះ ​​ភ្ញៀវ​ទេសចរដែល​​ចូល​ចិត្ត​លេង​​សមុទ្រដូចជា ​ជិះទូក​ Kayal មុច​​​ចាប់​សត្វ​កាំ​ប្រមាសមុទ្រ ​នៅ​លំហឈូង​សមុទ្រ​​ថ្លាយង់​។ ក្រៅ​ពី​​នោះ​ ភ្ញៀវ​ទេសចរ ​ក៏អាច​ចូល​រួម​លេង​ល្បែង​ផ្សងព្រេង​ផ្សេង​ៗដូចជា ​ឡើង​ភ្នំ ជិះសេះ​ បាញ់ធ្នូ ឬ​ចូល​រួម​ប្រណាំង​ឡាន​ off road នៅលើវាល​ខ្សាច់​ ប្រណាំង​រម្អិល​លើ​ស្មៅ លេង​ល្បែង​ ទោង​ហោះ ។ល។ សែន​សប្បាយជក់ចិត្ត​។


នៅ​ក្បែរ​ខ្ពង់រាប​ខ្សាច់​ គឺជាខ្ពង់រាប​ស្មៅ​បៃតង​មួយ​ ដែល​មាន​ផ្ទះតូច​ក្រសោប​​​ក្រោម​ស្រមោលម្លប់​​ដូង​។ ទីនេះទីនោះ​ ហ្វូង​ចៀម​ស៊ី​ស្មៅ​នៅលើខ្ពង់រាប​​ស្មៅ​បៃតង​ធំ​ល្វឹង​ល្វើយ​​។​ ទាំងអស់​នេះ នាំមកជូ​ន​ភ្ញៀវ​ទេសចរ ​ឱ្យ​មានអារម្មណ៍​សុខស្ងប់​ ស្រស់ស្រាយ​ និងជាអ្វី​​ដែលមិនអាច​រំលង​ ចំពោះនរណា​​ចូល​ថតរូប​។​

មក​ជាមួយ​ Tanyoli ​អ្នក​នឹង​​បាន​​ពិសា​ម្ហូប​ពិសេស​ល្បីៗប្រចាំ​តំបន់​​ ​ដែលពោរ​ពេញ​​ដោយកម្ដៅ​ខ្យល់​​ដូចជា៖ ឆ្អឹងជំនិរ​​ចៀម​​​អាំង​ ចៀម​ចម្អិន​ទំពាំង​បាយ​ជូរ​ សាច់​ពពែ​អាំង​​ និង​​គ្រឿង​សមុទ្រ​ស្រស់​ៗ​។ល។​ ក៏ដូចជា​​​បាន​គយ​គន់​ឈុត​របាំ ​ដែល​សម្តែង​ដោយ​​ក្រមុំ​​កំលោះ​​ជនជាតិចាម​ ជាមួយ​នឹង​សម្លៀក​​បំពាក់​​សង្កិប​ស្រស់ៗ​។​


នៅពេល​រាត្រី ភ្ញៀវទេសចរ​នឹ​ងបាន​សម្រាក​នៅ​តាម​តង់​ត្រី​កោណ​ ក្រោម​ដើរ​ឈើចំណាស់​ ឬ​តង់មូល​រាង​​ធំ​ នៅ​បាន​​ហៅ​ថា​តង់​​ម៉ុងហ្គោលី​ ជា​របស់​​ជនពនេចរ​​នៅលើ​វាល​ខ្សាច់​ខ្យល់​ពោល​​រក​គ្នា​​។ មណ្ឌល​ទេសចរណ៍​មាន​​តង់​១៥គ្រឿង​ មាន​​គ្រប់ខ្នាត​ បាន​​ដំឡើង​ក្លាយ​ជា​​ភូមិឋាន​មួយ​ ដូចជា​ជនជាតិ​ម៉ុងហ្គោលី។ នេះពិតជា​ ការ​ឆ្លងកាត់​ពិសោធន៍​​មួយ​ដ៏ចំណាប់ ​សម្រាប់​អ្នក​ចូល​ចិត្ត​​ស្វែងយល់​ និង​ផ្សង​ព្រេង​។

មកដល់ Tanyoli​ ពេលព្រឹក​គយគន់​ព្រះអាទិត្យ​រះ​លើ​ផ្ទៃសមុទ្រ​ ពេល​រសៀល​គយគន់​ព្រះអាទិត្យ​អស្តង្គត​ឆ្លងកាត់​កំពូល​ភ្នំ​ ពេល​រាត្រី​ជុំគ្នា​ក្រោមពន្លឺ​ភ្លើង​ឧសឆេះសន្ធោ​សន្ធៅ​​ ក្នុង​បរិយាកាស​​មេឃត្រជាក់ ​ជីវភាព​ប្លែក​មួយ​​កំពុង​រង​ចាំ​ភ្ញៀវ​ទេសចរដែល​អញ្ជើញ​​មក​ជា​មួយ​ Tanyoli​៕

អត្ថបទ៖ សើន​ងៀ រូបថត៖ កុង​ដាត/ឯកសារ​ Tanyoli ​ផ្តល់ជូន​/កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល៖ រីកើង​ 


Top