ទេសភាពផ្សារភ្ជាប់នឹងស្ពានសតវត្សរ៍
ពិតជាពិបាកស្រមៃថារដ្ឋធានីហាណូយមានប្រវត្តិអារ្យធម៌ពាន់ឆ្នាំ បែរជាបាត់ស្រមោលស្ពានដែលមានអាយុ១២០ឆ្នាំ ដំបូងស្ពានមានឈ្មោះថា Paul Doumer បានសម្ពោធឆ្លងនៅឆ្នាំ១៩០២ នៃសតវត្សរ៍ទី២០។ ស្ពានជាសាក្សីភាពនៃការប្រែប្រួលប្រវត្តិសាស្រ្តហាណូយ នៅអំឡុងសតវត្សរ៍ទី២០ រហូតដល់សព្វថ្ងៃ ពេលស្ពានឡុងបៀន (Long Bien) ទើបសាងសង់ឡើង គឺជាស្ពានមួយស្អាត និង មានប្រវែងវែងបំផុតឥណ្ឌូចិន។ ក្នុងសង្គ្រាមវាយប្រហារលើកទី២ ស្ពានត្រូវយន្តហោះអាមេរិកទម្លាក់គ្រាប់បែក ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ នៅម្តុំកណ្តាលទន្លេទិសខាងកើត ត្រូវបំផ្លាញនៅសល់តែរនូតស្ពានមួយ។ ទឹកដីសន្តិភាព ហាណូយសាងសង់បន្ថែមស្ពានថ្មីទំនើបជាបន្តបន្ទាប់ ស្ពានឡុងបៀន (Long Bien) ឥឡូវនេះដាក់ឱ្យប្រើផ្លូវដែកសម្រាប់តែរទេះភ្លើង និង រថយន្តមូលដ្ឋានទៅវិញទៅមកប៉ុណ្ណោះ។
ទន្លេក្រហម ជាសួតរបស់ទីក្រុង រួមនឹងស្ពានដែកចំណាស់ បង្កើតបានជាផ្ទាំងគំនូរធម្មជាតិមួយដ៏ពិសេសអស្ចារ្យ ជារៀងរាល់ថ្ងៃ។ ប្រសិនបើនៅនិទាឃរដូវ ស្ពានឡុងបៀន (Long Bien) រំលេចរាងអណ្តែតក្រោមស្បៃសន្សើម រដូវប្រាំងមានពពករសាត់បក់បោក រដូវស្លឹកឈើជ្រុះ និង រដូវរងាព្រះអាទិត្យរះឡើង លិចចុះ សំឡឹងមើលស្ពានដូចជាផ្ទាំងគំនូរបៀរធៀប ស្ងប់ស្ងាត់ក្រៀមក្រំ។ ចំពោះអ្នកថតរូបមួយចំនួន នាពេលរៀបអស្តង្គត ព្រះអាទិត្យមានរាងគ្រាប់បាល់ក្រហម កំពុងតែបានបោះថ្នមៗ ធ្វើសៀកលើ “ស្ពានឯកោ” ជាកំណាត់ស្ពាននៅសេសសល់តែមួយគត នៅលើទន្លេក្រហម បន្ទាប់ពីសង្គ្រាមបានបញ្ចប់។ រសៀលនិងយប់ រូបស្ពាននៅតែឌិតជាប់នឹងផ្ទៃមេឃ ធ្វើឱ្យរលឹកដល់ទំនុកបទចម្រៀងមនោសញ្ចេតនាលន្លង់លន្លោច ក្រោមជំនោរខ្យល់រសៀកៗកៀកក្បែរមាត់ទន្លេជាយក្រុង។ បានដឹងថា នៅអនាគតមិនឆ្ងាយ នៅក្បែរស្ពានឡុងបៀន(Long Bien) នឹងមានស្ពានដែកមួយទៀតចាប់ឆ្លងទីនេះ។ ទេសភាពនឹងមានការប្រែប្រួលច្រើនទៀត នាពេលដែលរដ្ឋធានីហាណូយ កំពុងតែរេខ្លួនបង្កើតតំបន់ទីប្រជុំជន មជ្ឈមណ្ឌលពាណិជ្ជកម្មមាត់ទន្លេ។ រូបភាពបច្ចុប្បន្ននៅច្រកខាងកើតនៃទីក្រុង ផ្សារភ្ជាប់នឹងស្ពានឡុងបៀន (Long Bien) អស្ចារ្យនឹងក្លាយជាកេរដំណែលមិនអាចកាត់ថ្លៃបានក្នុងវប្បធម៌ នឹងឌិតជាប់អារម្មណ៍បច្ឆាជនជំនាន់ក្រោយ៕
អនុវត្ត៖ សិល្បការិនីឆ្នើម អ្នកថតរូប ផាម ថាញហា
ប្រែសម្រួល៖ រីកើង