ទឹកត្រី ភូគ្វឹក (Phu Quoc) - ម៉ាកយីហោវៀតណាមឈានទៅឆ្ងាយ
ចាប់ពីត្រីកាកឺមសមុទ្រស្រស់ៗ នៃដែនសមុទ្រភាគខាងលិចនៃតបន់ណាមបូ (Nam Bo) រហូតដល់ធុងឆ្នៃតាមបែបប្រពៃណី ទឹកត្រី ភូគ្វឹក (Phu Quoc) គឺជាការរួមផ្សំរវាងធម្មជាតិ ពេលវេលា និងរូបមន្តអាថ៌កំបាំងប្រពៃណី ដែលត្រូវបានបន្តវេន្តជាច្រើនជំនាន់។ មិនត្រឹមតែជាផលិតផលពិសេសដ៏ល្បីល្បាញរបស់កោះគុជប៉ុណ្ណោះទេ ទឹកត្រីក ភូគ្វឹ(Phu Quoc)ក៏បានក្លាយជាម៉ាកយីហោគំរូរបស់វៀតណាមផងដែរ ហើយបានបញ្ជាក់ជាបណ្តើរៗ នូវជំហររបស់ខ្លួននក្នុងទីផ្សារអន្តរជាតិ។
កត្តាដែលបង្កើតនូវតម្លៃពិសេសនៃទឹកត្រី ភូគ្វឹក (Phu Quoc) គឺជាពេលវេលា។ ក្នុងដំណើរការអ៊ីដ្រូលីសបែបធម្មជាតិ អូសបន្លាយពេលច្រើនខែ ប្រូតេអ៊ីននៅក្នុងត្រីត្រូវបានបំប្លែងទៅជាទឹកត្រីដើម ដែលមានកម្រិតប្រូតេអ៊ីនខ្ពស់ ជាទូទៅស្ថិតក្នុងចន្លោះពី ៣០ ដល់លើសពី ៤០ ដឺក្រេ។ ផលិតផលទឹកត្រីសម្រេចមានពណ៌ត្នោតស្រដៀងស្លាបកណ្តូប ឬពណ៌លឿងទុំថ្លា មានក្លិនឈ្ងុយស្រាល រសជាតិប្រៃល្មម និងបន្សល់ជាតិផ្អែមធម្មជាតិជាប់បំពង់ក ដែលបង្កើតភាពល្បីល្បាញនៃទឹកត្រី ភូគ្វឹក (Phu Quoc) អស់រយៈពេលជាងពីរសតវត្សរ៍កន្លង។
បច្ចុប្បន្ន រោងសិប្បកម្មផលិតទឹកត្រីប្រពៃណីរាប់សិបកន្លែង នៅតែបន្តមានវត្តមាន នៅលើកោះភូគ្វឹក (Phu Quoc) ភាគច្រើនស្ថិតក្នុងតំបន់ យឿងដុង (Duong Dong) និងអានថយ (An Thoi)។ រោងសិប្បកម្មទាំងនោះ នៅតែប្រកាន់ខ្ជាប់នូវវីធីបន្ទុំត្រី តាមបែបប្រពៃណី ព្រមទាំងអនុវត្តបទដ្ឋានគ្រប់គ្រងទំនើបៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់នៃទីផ្សារ។ក្នុងចំណោមនោះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកបុគ្គល ធិញផាត (Thinh Phat) គឺជាម៉ាកយីហោឈានមុខគេមួយ។ ជាងកន្លះសតវត្សរ៍ផ្សារភ្ជាប់នឹងរបរ និងជាង ៤០ឆ្នាំ កសាងម៉ាកយីហោ លោក ត្រឹន មីធួន (Tran My Thuan) នាយកក្រុមហ៊ុន តែងតែចាត់ទុកថា ការផលិតទឹកត្រីមិនត្រឹមតែជាសកម្មភាពផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជាទំនួលខុសត្រូវ ក្នុងការរក្សាសិប្បកម្មប្រពៃណីរបស់មាតុភូមិផង។
លោក ធួន (Thuan) បានចែករំលែកថា៖ «ទឹកត្រីមួយដំណក់ៗ គឺជាលទ្ធផលនៃការអត់ធ្មត់ និងកិត្យានុភាពដែលបានបីបាចរក្សាជាច្រើនជំនាន់។ ដូច្នេះ ទោះបីជាយើងបានវិនិយោគលើខ្សែសង្វាក់ផលិតដាក់ដប និងអនុវត្តតាមស្តង់ដារគ្រប់គ្រងគុណភាព ដូចជា HACCP ដំណាក់កាលបន្ទុំក្នុងធុងឈើ នៅតែរក្សាវិធីសាស្រ្តប្រពៃណី។ ដោយសារការរួមផ្សំរវាងបទពិសោធន៍ពីច្រើនជំនាន់ និងបច្ចេកវិទ្យាទំនើប បានជួយទឹកត្រី ធិញផាត (Thinh Phat) មានវត្តមាននៅលើទីផ្សារក្នុងស្រុកជាច្រើន និងឆ្លើយតបនឹងស្តង់ដារនាំចេញជាបណ្តើរៗ »។ ក្រៅពីផលិត រោងសិប្បកម្មផលិតទឹកត្រីជាច្រើននៅលើកោះ ភូគ្វឹក (Phu Quoc) នៅទាំងបើកទ្វារទទួលភ្ញៀវទេសចរដើម្បីណែនាំនូវដំណើរការផលិតទឹកត្រីតាមបែបប្រពៃណីផងដែរ។ ភ្ញៀវទេសចរអាចឃើញផ្ទាល់នូវធុងឈើយក្ស សិក្សាស្វែងយល់នូវដំណើរការបន្ទុំត្រីក្នុងរយៈពេលជាងមួយឆ្នាំ និងយល់ដឹងនូវក្លិនក្រអូបពិសេសដែលរាលដាលពាសពេញទីតាំងដាក់ធុងឈើទាំងនោះ។ ដោយហេតុនេះ របរផលិតទឹកត្រីបានក្លាយជាផលិតផលទេសចរណ៍ពិសេសមួយនៃកោះភូគ្វឹក (Phu Quoc)។
កេរ្តិ៍ឈ្មោះរបស់ទឹកត្រីភូគ្វឹក (Phu Quoc) មិនត្រឹមតែត្រូវបានបញ្ជាក់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើឆាកអន្តរជាតិទៀតផង។ នេះគឺជាផលិតផលវៀតណាមដំបូងគេ ដែលទទួលបានការការពារម៉ាកសម្គាល់ភូមិសាស្រ្ត (GI) ពីសហភាពអឺរ៉ុប ហើយបញ្ជាក់ពីប្រភពដើម គុណភាព និងកិត្យានុភាពនៃម៉ាកយីហោប្រពៃណីរបស់វៀតណាម ។
ដើម្បីថែរក្សា និងអភិវឌ្ឍសិប្បកម្មនេះ អាធ្ញាធរមូលដ្ឋាន និងសមាគមអ្នកផលិតទឹកត្រី ភូគ្វឹក (Phu Quoc) កំពុងលើកកម្ពស់ការអភិរក្សតំបន់វត្ថុធាតុដើម ពង្រឹងការតាមដានប្រភពដើម លើកកម្ពស់ម៉ាកយីហោរួមផ្សំនឹងទេសចរណ៍ និងម្ហូបអាហារ ថែមទាំងគាំទ្រដល់រោងជាងផលិត ក្នុងការកែលម្អគុណភាព តាមស្តង់ដារអន្តរជាតិ។
ក្នុងចង្វាក់ជីវិតនៃសម័យទំនើប រោងផលិតទឹកត្រីនៅលើកោះភូគ្វឹក (Phu Quoc) នៅតែបន្តរក្សាលំហូរនៃពេលវេលា។ ចាប់ពីត្រីកាកឺមស្រស់ ដែលទើបមកដល់កំពង់ផែ រហូតដល់ដំណក់ទឹកត្រីពណ៌លឿងថ្លា រាល់ដំណាក់កាលសុទ្ធតែបង្ហាញពីភាពអត់ធ្មត់ បទពិសោធន៍ និងសេចក្តីស្រឡាញ់ ចំពោះសិប្បកម្មរបស់ប្រជាជនលើកោះ។ ដោយសារតម្លៃទាំងនោះបានបង្កើតភាពល្បីល្បាញ និងស្ថិតស្ថេររបស់ម៉ាកយីហោវៀតណាម ដែលកំពុងឈានទៅកាន់តែឆ្ងាយលើផែនទីម្ហូបអាហារពិភពលោក៕Bài: Sơn Nghĩa - Ảnh: Lê Minh/Báo Ảnh Việt Nam, Trương Phú Quốc






