ទីដែលជីវិតត្រូវបានថែទាំដោយបេះដូង និងបច្ចេកវិទ្យា

ទីដែលជីវិតត្រូវបានថែទាំដោយបេះដូង និងបច្ចេកវិទ្យា

ពីបណ្ដាភូមិស្ថិត​នៅ​តំបន់ភ្នំខ្ពស់ប៊ិញលៀវ (Binh Lieu) រហូតដល់កោះកូតូ (Co To)  វិស័យសុខាភិបាលរបស់ខេត្ត ក្វាងនិញ (Quang Binh)  កំពុងនាំយកសេវាថែទាំសុខភាព មានគុណភាពខ្ពស់ មក​ជិតប្រជាជនជាបណ្តើរៗ។ នៅពីខាង​ក្រោយ​​ការផ្លាស់ប្តូរទាំងនោះ គឺជាស្មារតីនៃសេចក្តីសម្រេចចិត្ត​លេខ 72-NQ/TW បានចុះថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៥ របស់​ការិយាល័យនយោបាយ នឹងសម្រេចបាន​ដោយការលះបង់ និង​ការយកចិត្តទុក​ដាក់យ៉ាង​ខ្លាំង ​របស់​ក្រុម​វេជ្ជបណ្ឌិត​ បុគ្គលិក​ពេទ្យ និងសមិទ្ធផល​នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើ​បរិវត្តកម្មឌីជីថល។

បុគ្គលិកពេទ្យកុមារ នៃមន្ទីរពេទ្យវៀតណាម-ស៊ុយអែតអងប៊ី (Uong Bi) កំពុងមើលថែទារកទើបនឹងកើត។ រូបថត៖ កុងដាត/ VNP

អ្នកដែលរក្សាជីវិតនៅតំបន់ព្រំដែន និងដែនកោះ

ម៉ោង២ និង​ ០០នាទី រសៀល នៅ​ក្រោម​ពន្លឺក្ដៅខ្លាំង​នៃព្រះអាទិត្យ​នៅតំបន់ព្រំដែនប៊ិញលៀវ (Binh Lieu) លោក​វេជ្ជបណ្ឌិត វ វ៉ាន់ទៀន (Vi Van Tien) ​រួមជាមួយសហការី​នៅស្ថានីយ៍លេខ នៃមណ្ឌលសុខភាពឃុំ ប៊ិញលៀវ (Binh Lieu) បានឆ្លងកាត់ភ្នំទាបៗ ដើម្បីមកកាន់ភូមិ ខែង៉ាន (Khe Ngan) ជាគោលដៅដែលធ្លាប់ស្គាល់របស់ពួកគេ គឺផ្ទះតូច​មួយរបស់បងប្រុស ឡា អាធៅ (La A Thau) ជាជន​ជាតិសានជី​(San Chi) ម្នាក់ មានជំងឺខ្វិនពីកំណើត អស់រយៈពេល​ជាច្រើន​ឆ្នាំ គាត់ដេកតែលើ​គ្រែ​ឫស្សី​ចាស់​មួយ ហើយពឹងផ្អែកទាំងស្រុង​លើម្តាយចាស់​របស់​គាត់​។

មិនត្រឹមតែមានបញ្ហាចលនាប៉ុណ្ណោះ បងប្រុស ធៅ (Thau) ក៏មានជំងឺ​រ៉ាំរ៉ៃជាច្រើន ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម និង​សើស្បែក​ផង។ ពីមុន រាល់ពេលដែលគាត់ឈឺ ភូមិទាំងមូល​ត្រូវប្តូរវេនគ្នា  សែងគាត់នៅលើអង្រឹង ដើរឆ្លងកាត់ភ្នំ បន្ទាប់មកបន្ត​គេ​បាន​ជិះ​ម៉ូតូ និងឡាន ដើម្បីដឹក​ជញ្ជូន​គាត់ទៅ​មន្ទីរ​ពេទ្យ​មូលដ្ឋាន។ នោះពិតជាដំណើរដ៏លំបាក និង​គួរ​ឱ្យ​ព្រួយបារម្ភ។
បគ្គលិកពេទ្យ និងវេជ្ជបណ្ឌិត នៅស្ថានីយ៍លេខ២ នៃមណ្ឌលសុខភាពឃុំ ប៊ិញលៀវ (Binh Lieu) ត្រួតពិនិត្យ សុខភាព និងចែកថ្នាំនៅផ្ទះអ្នកជំងឺ  ឡា អាធៅ (La A Thau) ដែលមានជំងឺខ្វិនពីកំណើត។ រូបថត៖ ទ្រីញបូ / VNP

លោកស្រី លី ធីឡុក (Ly Thi Loc) ម្តាយរបស់បងប្រុស ធៅ (Thau) នៅតែចងចាំយ៉ាងច្បាស់អំពីបណ្ដាថ្ងៃទាំងនោះ។ ពេល ឃើញ​លោក​វេជ្ជបណ្ឌិត ទៀន (Tien) ចូលក្នុង​ផ្ទះ​ជាមួយ​កាបូបពេទ្យ អ្នក​ម្តាយរូបនេះ​បានចែករំលែក​ដោយ​ក្តីរំភើបថា   ពី​មុន រាល់​ពេល​​ដែលកូនប្រុសខ្ញុំឈឺ គ្រួសារទាំងមូល​បានត្រឹមតែ​ព្រួយបារម្ភ​។ ឥឡូវនេះ វេជ្ជបណ្ឌិតមកដល់ផ្ទះ ដើម្បីពិនិត្យ ចែក​ថ្នាំ និង​ណែនាំ​ការព្យាបាល ខ្ញុំ និងកូនប្រុសខ្ញុំ​មាន​អារម្មណ៍​ស្ងប់ចិត្តជាង

លោកវេជ្ជបណ្ឌិត ទៀន (Tien) បើកកុំព្យូទ័រ ​ស្កេន​កំណត់ត្រា​សុខភាពអេឡិចត្រូនិក​របស់អ្នកជំងឺ។ ក្នុង​រយៈ​​ពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ប្រវត្តិនៃការព្យាបាល​​ទាំងមូល លទ្ធផល​ តេស្ត សម្ពាធឈាម និងកម្រិត​ជាតិស្ករ​ក្នុង​ឈាម ​​បានលេចឡើង​នៅ​លើអេក្រង់​។ បន្ទាប់ពី​ការពិនិត្យ​ លោក​វេជ្ជបណ្ឌិត ទៀន (Tien)  ញញឹម ហើយប្រាប់ពី​សញ្ញាវិជ្ជមាន និងសម្រួល​ដូសថ្នាំ​ឲ្យសមស្រប។

បងប្អូនជនជាតិសានជី (San Chi) នៅក្នុងឃុំ ប៊ិញលៀវ (Binh Lieu) មើលកាលវិភាគចាក់វ៉ាក់សាំងនៅស្ថានីយ៍លេខ២ នៃមណ្ឌលសុខភាពឃុំ ប៊ិញលៀវ (Binh Lieu) ។ រូបថត៖ កុងដាត/VNP
លោកវេជ្ជបណ្ឌិត វី វ៉ាន់ទៀន (Vi Van Tien) រួមជាមួយសហការីនៅស្ថានីយ៍លេខ ២ នៃមណ្ឌលសុខភាពឃុំ ប៊ិញលៀវ (Binh Lieu) ពិភាក្សាអំពីការចាក់វ៉ាក់សាំង ជាមួយបងប្អូនជនជាតិសានជី (San Chi)នៅភូមិ ខេង៉ាន (Khe Ngan)។ រូបថត៖ ទ្រីញបូ / VNP
 

អ្វីដែលធ្វើឱ្យបុគ្គលិកពេទ្យនៅទីនេះ កាន់តែសប្បាយចិត្តជាង​នោះ​គឺសុខភាពរបស់បង​ប្រុស ធៅ (Thau) មានភាពធូរស្រាល​យ៉ាងច្បាស់​លាស់។ ពីភាពស្ទើរតែមិនអាចកម្រើក​បាន​ទាំងស្រុង ឥឡូវនេះគាត់អាចប្រើដៃទាំងពីទន់ខ្សោយដោយផ្ទាល់ ដើម្បី​ផ្លាស់​​ទី​ក្នុងបន្ទប់ និងធ្វើសកម្មភាព​មួយចំនួន​ដោយ​​ខ្លួនឯង​។ ការផ្លាស់ប្ដូរ​នោះ​បានមកពីការព្យាបាលដោយព្យាយាម  ធ្វើស្តារ​​នីតិ​សម្បទា​នៅនឹងផ្ទះ ថែមទាំងការរួមដំណើរខ្ជាប់ខ្ជួន​របស់​កង​ជួរ​វេជ្ជបណ្ឌិត និង​បុគ្គលិក​ពេទ្យ​​​​ថ្នាក់​មូលដ្ឋាន​។

ចាកចេញពីផ្ទះរបស់បងប្រុសធៅ (Thau) បណ្តាវេជ្ជបណ្ឌិត​បានបន្តទៅសួរសុខទុក្ខមនុស្សចាស់ជាច្រើននាក់​ ក្នុងភូមិ ដូចជា លោក ត្រាក់ អាធីន (Trac A Thin)  លោកស្រី និញ ធីកម (Ninh Thi Com) លោកស្រី ត្រឹន ធីផៅ (Tran Thi Phau) ជាដើម ដើម្បីពិនិត្យសុខភាព ចែកថ្នាំ និងណែនាំនូវ​ការ ​បង្ការជំងឺ។ នៅពេលរសៀល ពេលត្រឡប់​ទៅ​មណ្ឌល​សុខភាព ​វិញ ពួកគេក៏ចាប់ផ្តើម​ភារកិច្ច​ផ្សេងទៀត៖ ណែនាំនូវការ​ចាក់វ៉ាក់សាំង​ជូនកុមារក្នុងឃុំ។

លោកវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ផាម ទៀនយុង (Pham Tien Dung) នាយករងនៃ
មន្ទីរពេទ្យទូទៅ វ៉ឹនដុន (Van Don) ពិនិត្យសុខភាពរបស់អ្នកជំងឺនៅក្នុងតំបន់ពិសេស កូតូ (Co To)។ រូបថត៖ កុងដាត/VNP 

បងស្រី លី អា សាង (Ly A Sang)  ប្រគល់អត្តសញ្ញាណប័ណ្ណ​ មានភ្ជាប់បន្ទះឈីប​របស់​កូន​ប្រុស​ស់គាត់ជូនវេជ្ជបណ្ឌិត។ ដោយ​គ្រាន់តែ​ការស្កេនលេខកូដ ប្រវត្តិនូវ​ការចាក់វ៉ាក់សាំងទាំងមូល​របស់​កុមារ​រូបនេះ លេចឡើង​នៅលើប្រព័ន្ធ។ វេជ្ជបណ្ឌិត​បាន​រំលឹក​​គាត់​ដោយថ្នមៗ អំពី​កាលវិភាគចាក់ដូស​វ៉ាក់សាំង​ជាបន្ត​បន្ទាប់ រីឯបងស្រី សាង (Sang) វិញក៏រីករាយ​និយាយថា " ឥឡូវ​នេះ​ទៅពិនិត្យសុខភាព ពិតជាចូលចិត្តមែនណា៎លោក​មន្រ្តី​អើយ​! មិនចាំបាច់រក្សា​ទុក​កូនសៀវភៅ​ទៀត។ កុំព្យូទ័ររបស់វេជ្ជបណ្ឌិត​ចងចាំជំនួស​យើង​ហើយ​"។

សម្តីសាមញ្ញនោះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីប្រសិទ្ធភាព​នៃការធ្វើ​បរិវត្តកម្ម​ឌីជីថល​ ក្នុងវិស័យសុខភាពនៅថ្នាក់​មូលដ្ឋាន​។ នាពាក់​កណ្តាល​ឆ្នាំ២០២៦ ខេត្តក្វាងនិញ (Quang Ninh) បានរក្សាទុក​ព័ត៌មានសុខភាពរបស់​ប្រជាជនជាង ១,៤ លាន​នាក់ ក្នុង​នោះ​ទិន្នន័យភាគ​ច្រើន ត្រូវបានភ្ជាប់ទៅនឹងកម្មវិធី VNeID។ តួលេខ​ទាំងនោះ មិនត្រឹម​តែបង្ហាញពី​វឌ្ឍនភាព​បច្ចេកវិទ្យា​ប៉ុណ្ណោះ ប៉ុន្តែបង្ហាញពីរបៀប ​ដែលសេ​វាកម្ម​​​​ថែទាំសុខភាព កំពុងកាន់តែ​មក​ជិត​​ប្រជាពលរដ្ឋ​​​គ្រប់​រូប សូម្បីតែ​នៅ​តំបន់​ដាច់ស្រយាល​បំផុត​ក៏​ដោយ។
លោកវេជ្ជបណ្ឌិតឯកទេសកម្រិត ១ ផាម ទៀនយុង (Pham Tien Dung) នាយករងនៃមន្ទីរពេទ្យទូទៅ វ៉ឹនដុន (Van Don) ពិនិត្យសុខភាពរបស់អ្នកជំងឺនៅក្នុងតំបន់ពិសេស កូតូ (Co To)។ រូបថត៖ កុងដាត/VNP 
បុគ្គលិកពេទ្យនៃមន្ទីរពេទ្យទូទៅ វ៉ឹនដុន (Van Don) សាខាទី ២  ធ្វើការនៅក្នុងបន្ទប់ពិសោធន៍។ រូបថត៖ កុងដាត/VNP

ចាកចេញពី ប៊ិញលៀវ (Binh Lieu) ដំណើរ​របស់យើងបន្តឆ្ពោះ​ទៅកាន់កោះ កូតូ (Co To)។ បន្ទាប់ពីចម្ងាយផ្លូវឆ្លងកាត់ភ្នំ ដីគោក យើងបន្តជិះកប៉ាល់ល្បឿនលឿន គោលដៅ​គឺមណ្ឌល​សុខភាពតំបន់ពិសេស កូតូ (Co To) ទីដែលលោក​វេជ្ជបណ្ឌិត​ឯកទេសកម្រិត ១ ង្វៀន​ថាញ​យ៉ាង (Nguyen Thanh Giang) បាន​ផ្សារភ្ជាប់ អស់រយៈពេលជាង​ពីរទសវត្សរ៍កន្លង។

ត្រូវបាន​សហការីហៅដោយក្តីស្រលាញ់ថា "វេជ្ជបណ្ឌិតនៅតំបន់​ដែល​​ពោរពេញ​​រលកសមុទ្រ"  លោក​វេជ្ជបណ្ឌិត យ៉ាង (Giang) មិនត្រឹមតែផ្តោតលើ​ការ​ពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះ ប៉ុន្តែ​ថែមទាំង​​​ស្វែងរក​ដំណោះ​ស្រាយជាច្រើន ដើម្បីលើកកម្ពស់​គុណភាព​នៃ​ការថែទាំ​សុខភាពនៅលើកោះ។ បណ្ដាគំនិតថ្មី​អំពី​សង្គ្រោះបន្ទាន់​ផ្នែក​សម្ភព ព្យាបាលអ្នក​ជំងឺ​ពុល​អាហារ​សមុទ្រ ឬព្យាបាលជំងឺទូទៅ​ បាន​ជួយ​អ្នកជំងឺ​ជា​ច្រើន​នាក់ ដែល​បានព្យាបាល​ភ្លាមៗ នៅក្នុងតំបន់ កាត់​បន្ថយ​ករណីជាច្រើន ដែលត្រូវបញ្ជូន​ទៅកាន់​​​ដីគោក។

លោកវេជ្ជបណ្ឌិត យ៉ាង (Giang) បាន ចែករំលែកថា៖ "គម្លាត​ភូមិសាស្ត្រ​ មិនគួរធ្វើឲ្យដូចនឹងគម្លាតការថែទាំ​សុខភាព។ មណ្ឌល​​សុខភាពកូតូ (Co To) កំពុង​បង្កើនតំណភ្ជាប់ជំនាញ ជាមួយមន្ទីរពេទ្យ​មជ្ឈិម ដើម្បី​ប្រជាជន និងភ្ញៀវទេសចរ​នៅលើ​កោះ​ អាច​ទទួល​បាន​សេវាសុខាភិបាលកាន់តែ​មានគុណភាព​នៅនឹង​កន្លែងពួកគេរស់នៅ"។

ពីធនាគារទឹកដោះម្តាយ រហូតដល់​អព្ភូតហេតុ​ប្តូរសរីរាង្គ 

ចាកចេញពីកោះកូតូ ដំណើររបស់យើងបន្ត​ទៅកាន់​មន្ទីរពេទ្យ​សម្ភព និងកុមារក្វាងនិញ (Quang Ninh)។ ទី​កន្លែងស្អាត ទំនើប រួម​ជាមួយ​នឹងការ​យកចិត្តទុកដាក់​របស់កងជួរបុគ្គលិក​ពេទ្យ វេជ្ជបណ្ឌិត ​បាននាំមកនូវអា​រម្មណ៍ជិតស្និទ្ធ ជាងក្ដីបារម្ភ​ ធ្លាប់ឃើញខណៈពេលចូលមន្ទីរពេទ្យ។

ទីសំចតពិសេសមួយ គឺធនាគារទឹកដោះម្តាយ គំរូនេះដែលមន្ទីរ​ពេទ្យ​​បាន​អនុវត្ត តាំងពីឆ្នាំ២០២០ ហើយក្រោយមក បាន​ក្រសួង​​សុខាភិបាលឲ្យតម្លៃខ្ពស់ និងពង្រីកក្នុងទូទាំងប្រទេស។ ពី​ខាងក្រោយទ្វា​រ​គ្មានមេរោគជាដាច់ខាត គឺកំប៉ុងទឹកដោះម្តាយ​បាន​បរិច្ចាគ​​ពីអ្នក​ម្តាយផ្សេងៗ មិនត្រឹមតែរក្សា​នូវ​អាហារូបត្ថម្ភ​ដ៏មាន​តម្លៃ​ប៉ុណ្ណោះ ប៉ុន្តែថែមទាំង​ជា​ការ​​ចែក​រំលែក​​ ​រវាងមនុស្សនិង​មនុស្ស ដែលមិនធ្លាប់​ស្គាល់​គ្នា​សោះ​ទៀតផង​។

បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យសម្ភព និងកុមារ​ខេត្តក្វាងនិញ(Quang Ninh)  កំពុងប្រមូលទឹកដោះម្តាយ​ពីអ្នកបរិច្ចាគ។ រូបថត៖ កុងដាត/VNP 
ធនាគារទឹកដោះម្តាយនៅមន្ទីរពេទ្យសម្ភព និងកុមារខេត្តក្វាងនិញ (Quang Ninh) ត្រូវបានរក្សាទុក​ក្នុងលក្ខខណ្ឌគ្មានមេរោគជាដាច់ខាត។ រូបថត៖ កុងដាត/VNP 

រហូតមកដល់បច្ចុប្បន្ន ទឹកដោះម្តាយរាប់ពាន់លីត្រ បន្ទាប់​ពីបាន​បែងចែក ពិនិត្យ និងសម្លាប់​មេរោគ តាមដំណើរការយ៉ាងតឹងរ៉ឹង បានរួមចំណែកក្នុងការ​ចិញ្ចឹម​ទារក​មិនគ្រប់ខែ និងទារកមានជំងឺ​ពីកំណើត​ជាង ២២.០០០ រូប ក្នុងទូទាំងខេត្ត។ សម្រាប់​ទារក​ជាច្រើន​នាក់​ មានទម្ងន់ត្រឹមតែ​ពីរបីរយក្រាម ​នៅពេលកើត ដំណក់​ទឹក​ដោះទាំង​នោះគឺជាអំណោយ​ដំបូងបង្អស់​នៃជីវិត។

លោកវេជ្ជបណ្ឌិតឯកទេសកម្រិត  ប៊ុយ មីញគឿង (Bui Minh Cuong) នាយកមន្ទីរពេទ្យសម្ភព និងកុមារខេត្តក្វាងនិញ (Quang Ninh) បានមានប្រសាសន៍ថា  ការអនុវត្ត​សេចក្តីសម្រេចលេខ 72-NQ/TW រួមជាមួយនឹងតម្រង់​ទិសអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និបរិវត្តកម្ម​ឌីជីថល បានបង្កើតកម្លាំងចលករបន្ថែម ដើម្បីមន្ទីរពេទ្យ​នេះវិនិយោគ​ដោយព្រមៗគ្នាលើធនធានមនុស្ស ម៉ាស៊ីន ឧបករណ៍ និង​បច្ចេកទេស​ឯកទេស។ ដោយ​ហេតុ​នោះ បច្ចេកទេសជាច្រើន ពីមុនធ្លាប់តែបាន​អនុវត្តនៅមន្ទីរពេទ្យមជ្ឈិម ​ឥឡូវនេះ​ ត្រូវបាន​អនុវត្ត​ដោយជោគជ័យ​នៅ​​ខេត្ត ក្វាងនិញ

មន្ទីរពេទ្យសម្ភព និងកុមារខេត្តក្វាងនិញ បានធ្វើការវះកាត់យកទារក និងរក្សាស្បូនដោយជោគជ័យ លើស្ត្រីមានផ្ទៃពោះម្នាក់ ដែលមានបញ្ហា​សុកពាំងមាត់​ស្បូនកម្រិតធ្ងន់ / សុកស្អិតជាប់ស្បូន / ស្នាមវះកាត់យកទារក​លើក​មុន។ រូបថត៖ ឯកសារ
ការថែទាំទារកកើតមិនគ្រប់ខែ នៅផ្នែកកុមារ​នៃមន្ទីរពេទ្យវៀតណាម-ស៊ុយអែតអួងប៊ី (Uong Bi) ។ រូបថត៖ ថុងធៀន / VNP
ការថែទាំទារកកើតមិនគ្រប់ខែ ដែលត្រូវបានចិញ្ចឹមបីបាច់ នៅក្នុងទូភ្ញាស់ទារក នៅមន្ទីរពេទ្យសម្ភព និងកុមារខេត្ត ក្វាងនិញ ។ រូបថត៖ កុងដាត/VNP 

លទ្ធផលទាំងនោះ ត្រូវបានបង្ហាញយ៉ាង​ច្បាស់លាស់​ តាមរយៈ​ករណី​អ្នកជំងឺ​ធ្ងន់ធ្ងរជា​ច្រើន​ ត្រូវបានព្យាបាលទាន់​ពេល​វេលា​។ នៅ​ក្នុង​ឆមាសទីមួយ ​ក្នុងឆ្នាំ២០២៦  មន្ទីរពេទ្យនេះ ទទួលបាន​ភាពជោគជ័យ តាមរយៈធ្វើអន្តរាគមន៍ជំងឺ​បេះដូងពីកំណើត​ជូនកុមារ  វះ​កាត់បេះដូង​រហែកជូនទារកមាន​អាយុជាង ២០ ខែ និង​ជាពិសេស បានជួយ​សង្គ្រោះ​​ជីវិត​ទារក កើត​មិន​គ្រប់​ខែ បានត្រឹមតែ ២៤ សប្តាហ៍ និង ៥ ថ្ងៃ​ប៉ុណ្ណោះ និងមានទម្ងន់ ៦០០ក្រាម នៅពេលកើត។ ទារក​មានសុខភាព​ល្អម្នាក់ៗ ពេលចេញពីមន្ទីរពេទ្យ គឺជា​សក្ខីភាព​ជឿនលឿន​​នៃវិស័យ​សុខាភិបាល និង​សុភមង្គល​របស់អ្នកពាក់​អាវ​ពណ៌ផងដែរ

កន្លែងមកដល់ចុងក្រោយនៃដំណើររបស់យើង គឺមន្ទីរពេទ្យវៀតណាម-ស៊ុយអែត អួងប៊ី (Uong Bi) ដែលជាមន្ទីរពេទ្យមួយ​ត្រូវបានសាងសង់ឡើង ​ដោយមានការ​គាំទ្រពីរដ្ឋាភិបាល និងប្រជាជ​ន​ស៊ុយអែត​ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០​។ ជិតកន្លះសតវត្សរ៍ឆ្លងផុតទៅ មន្ទីរពេទ្យនេះ​បានអភិវឌ្ឍឥត​ឈប់​ឈរ ដើម្បីក្លាយជាមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សំខាន់មួយនៅក្នុងតំបន់​ភាគឦសាន។

 

 

បុគ្គលិកពេទ្យនៅមន្ទីរពេទ្យវៀតណាម-ស៊ុយអែតអួងប៊ី កំពុងជួយអ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រូបថត៖ ទ្រីញបូ / VNP
មន្ទីរពេទ្យវៀតណាម-ស៊ុយអែតអួងប៊ី ត្រូវបានបំពាក់​ដោយម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាច្រើន រួមជាមួយ​នឹងជំនាញកម្រិតខ្ពស់របស់ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ ដែលឆ្លើយតបនឹងតម្រូវការព្យាបាលជំងឺរុំារ៉ៃ​និងធ្ងន់ធ្ងររបស់ប្រជាជននៅក្នុងខេត្ត។ រូបថត៖ កុងដាត /VNP
ការពិនិត្យសុខភាពភ្នែកសម្រាប់អ្នកជំងឺ នៅមន្ទីរពេទ្យ​វៀតណាម-ស៊ុយអែតអួងប៊ី។ រូបថត៖ កុងដាត /VNP 

លោកបណ្ឌិត វេជ្ជបណ្ឌិត ត្រឹន អាញ់គឿង (Tran Anh Cuong) នាយកមន្ទីរពេទ្យ និងជា​ចាងហ្វាងសាលាឧត្តមសិក្សាសុខា​ភិបាល ក្វាងនិញ (Quang Ninh) ទទួលស្វាគមន៍​ពួកយើង​ ក្នុង​ការិយាល័យ​ធ្វើការ ​ដែល​ពោរពេញទៅដោយសៀវភៅ​វេជ្ជសាស្ត្រ និង​គម្រោង​ស្រាវ​ជ្រាវ​។ លោក គឿង (Cuong) បានមានប្រសាសន៍​ថា ​ អ្វីដ៏គួរមោទនៈ​បំផុត មិនត្រឹមតែ ជាទ្រង់ទ្រាយ ឬ​ចំនួន​បច្ចេកទេស​ ដែល​បាន​អនុវត្តនោះទេ ប៉ុន្តែថែមទាំង ​អត្រានៃ​អ្នកជំងឺ​ដែលត្រូវបញ្ជូនទៅមន្ទីរ ពេទ្យក ថ្នាក់លើ ឥឡូវ​នេះ​មាន​អត្រាតិចជាង១%។ ប្រការនោះ​បង្ហាញថា​ ប្រជាជន​កាន់តែច្រើន អាចទទួលបាន​សេវាកម្ម​​​សុខាភិបាល​​មាន គុណភាពខ្ពស់ នៅ​នឹងមូលដ្ឋាន”។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យបានបន្សល់​​ទុកចំណាប់ អារម្មណ៍ជាមួយនឹងបច្ចេកទេស​ឯកទេស​ស៊ីជម្រៅជា​ច្រើន ដូច​ជា ការយកជាលិកា ​សរីរាង្គ​ពី​អ្នកបរិច្ចាគ ដែលស្លាប់ខួរក្បាល ប្តូរតម្រងនោម និង​ប្តូរ​កញ្ចក់​ភ្នែក។ ការវះកាត់ និងការប្តូរនីមួយៗ​ ទទួលបាន​ជោគជ័យ មិនត្រឹមតែបើកឱកាស​រស់រាន​សម្រាប់​អ្នកជំងឺ​ប៉ុណ្ណោះ នៅទាំងជាព្រឹត្តិការណ៍​​កត់សម្គាល់វឌ្ឍន​ភាព​​នៃ​វេជ្ជសាស្ត្រ​វៀតណាម​​ ក្នុងដំណើរការ​ធ្វើម្ចាស់​បច្ចេកទេស​ទំនើប​ ទៀតផង។

ការអភិវឌ្ឍនោះ នៅទាំងបានគាំទ្របន្ថែម​ដោយ​កិច្ច​សហប្រតិបត្តិ​ការ​​អន្តរជាតិ។ កាលពីខែមេសា ឆ្នាំ២០២៦ អ្នក​ជំនាញមកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Karolinska (ស៊ុយអែត) បានធ្វើការ  ពិគ្រោះយោបល់ និង​ផ្ទេរ​បទពិសោធន៍​ ក្នុង​ការព្យាបាលករណីសម្ភព និងទារក​ទើប​កើត​ស្មុគស្មាញ ជូន​កងជួរវេជ្ជបណ្ឌិត​របស់​មន្ទីរពេទ្យ។ ការពិគ្រោះយោបល់​ពេញមួយយប់ និងវគ្គបណ្តុះបណ្តាលអនុវត្ត​ជាក់ស្តែង បានរួម​ចំណែក​លើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ ជួយឲ្យការព្យាបាល​ករណី​អ្នក​ជំងឺធ្ងន់ធ្ងរ​ជាច្រើននៅក្នុងស្រុក។

 

ទិដ្ឋភាពទូទៅនៃមន្ទីរពេទ្យវៀតណាម-ស៊ុយអែត អួងប៊ី ស្ថិតនៅលើផ្លូវទ្វៀទិញ (Tue Tinh) សង្កាត់អួងប៊ី (Uong Bi) ខេត្ត ក្វាងនិញ (Quang Ninh)។ រូបថត៖ កុងដាត /VNP
 

ក្នុងផ្នែកសម្ភព យើងបានជួបបងស្រី ង្វៀន ធី ឡើយ (Nguyen Thi Loi)  ​ជាអ្នកដែល​ទើបតែឆ្លងកាត់ណ្តាថ្ងៃវែងឆ្ងាយ និងថប់បារម្ភ ​បន្ទាប់ពីទារកត្រូវបាន​កើត​មិនគ្រប់ខែ​។ បន្ទាប់ពី​ការថែទាំពិសេសជាច្រើនសប្តាហ៍ នៅពេលដែលវេជ្ជបណ្ឌិត​បាន​ប្រគល់ទារកនោះមក​ក្នុង​ដៃរបស់គាត់វិញ ធ្វើឱ្យបន្ទប់ទាំង​មូលហាក់​បី​ដូចជា​​ស្ងប់ស្ងាត់ទៅមួយ​ភ្លែត។ ឱបកូនក្នុងទ្រូង បង​ស្រី ​​ឡើយ (Loi) ខ្សឹកខ្សួល​និយាយ​ថា៖ «ខ្ញុំធ្លាប់គិតថា ខ្លួននឹងបាត់បង់កូន។ ថ្ងៃនេះ បាន​ឱបកូន បានបំបៅកូនដោយ​ដំណក់ទឹកដោះ​​ដំបូងផ្ទាល់ នោះជាសុភមង្គលដ៏អស្ចារ្យបំផុត ​ក្នុងជីវិតខ្ញុំ»

នាទី​ដ៏រំភើប​នោះ ក៏បានបញ្ចប់ដំណើរទស្សនកិច្ច នៅ​តំបន់​ព្រំដែន កោះ និង​មន្ទីរ​ពេទ្យ​នានា ក្នុងខេត្តក្វាងនិញ (Quang Ninh) របស់យើ​ង​ខ្ញុំ ។ ចាប់ពី​ភូមិ​ស្ថិតនៅតំបន់​ភ្នំខ្ពស់ ប៊ិញលៀវ (Binh Lieu) រហូតដល់​កោះ កូតូ (Co To) ពីធនាគារទឹកដោះម្តាយ រហូតដល់​បន្ទប់វះកាត់ប្តូរសរីរាង្គ យើង មានអារម្មណ៍យ៉ាង​ច្បាស់​លាស់​នូវចំណុចរួមមួយគឺ៖ ការយកចិត្ត​ទុកដាក់​​របស់​កងជួរវេជ្ជបណ្ឌិត កំពុងត្រូវបានគាំទ្រ​ដោយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​បរិវត្តកម្ម​ឌីជីថល ដើម្បី​នាំយក​សេវាសុខាភិបាល​​គុណភាព​ខ្ពស់មកកាន់តែជិត​នឹង​ប្រជាជនរដ្ឋ​ម្នាក់ៗ​។

ហេតុនោះ សេចក្តីសម្រេចចិត្តលេខ 72-NQ/TW មិនត្រឹមតែជា​ទិសដៅអភិវឌ្ឍ​វិស័យ​សុខាភិបាល​​ប៉ុណ្ណោះ។ នៅភូមិភាគ​ឦសាន​ ស្មារតី​នៃ​សេចក្តី​សម្រេចចិត្តនេះ កំពុងតែបង្ហាញ​យ៉ាង​ច្បាស់​ តាម​រយៈ​កំណត់ត្រា​សុខភាពអេឡិចត្រូនិក រាល់​ករណី​សង្គ្រោះ​បន្ទាន់​​ត្រូវបាន​ព្យាបាល​នៅមូលដ្ឋាន ទារក​មួយរូបៗ​ត្រូវបាន​សង្គ្រោះជីវិត និងរាល់ស្នាម​ញញឹម​របស់អ្នកជំងឺ បន្ទាប់ពី​បាន​ព្យាបាល​ជាសះស្បើយឡើងវិញ។ នោះក៏ជាដំណើរការ​សម្រេច​បាននូវគោលដៅថែទាំសុខភាពប្រជាជនទាំងមូល ដោយ​​បេះដូង​ របស់កងជួរ​វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ និងឥទ្ធិពល​នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា៕

 

អត្ថបទ៖ ថុងធៀន - រូបថត៖ ទ្រិញ បូ, កុងដាត / VNP


Top