ទីដាណាំង - សម្រស់ទេសចរណ៍សហគមន៍

ទីដាណាំង - សម្រស់ទេសចរណ៍សហគមន៍

 

រាត្រីបោះជំរំ ដុត​ភ្លើង និងរាំរបាំទុង​ទុង​យ៉ាយ៉ា​ សប្បាយ​រីករាយ​នៃ​ជនជាតិកឺទូ​ ស្វាគមន៍​ភ្ញៀវ​ទេសចរ​។ រូបថត​៖ ថាញ​ហ្វ័រ ​/VNP

ក្រៅពីឆ្នេរខ្សាច់ស្រស់ស្អាត និងតំបន់​សម្រាក​លំហែកាយ​​ទំនើបៗ ទីក្រុងដាណាំង កំពុងបើកទិសដៅទេសចរណ៍ថ្មីមួយ​ពោរពេញដោយចំណាប់អារម្មណ៍៖ ទេសចរណ៍​សហគមន៍។ នៅទីនេះ ភ្ញៀវទេសចរមិនត្រឹមតែសម្របខ្លួនទៅ​នឹងសម្រស់ធម្មជាតិព្រៃភ្នំ ស្ទឹងអូរប៉ុណ្ណោះទេ ថែមទាំង​បាន​ពិសោធន៍​ជីវភាពរស់នៅ និងវប្បធម៌ពិសេសនៃ​សហគមន៍​​អ្នក​ស្រុកទៀតផង។

ភ្ញៀវទេសចរ​ពិសោធន៍​សកម្មភាព​ទេសចរ​ណ៍​សហគមន៍​ ពេលមានឱកាស​មក​ដល់​ទីក្រុង​ដាណាំង។​ រូបថត​៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម

ប៉ុន្មានឆ្នាំថ្មីៗ​​នេះ ដាណាំងមិនត្រឹមតែអភិវឌ្ឍខ្លាំងទៅលើវិស័យទេសចរណ៍តាមឆ្នេរសមុទ្រ​ ទេសចរណ៍កម្សាន្តលំហែ និងព្រឹត្តិការណ៍ផ្សេងៗនោះទេ ថែមទាំងយកចិត្តទុកដាក់លើការទាញយកសក្តានុពលទេសចរណ៍​សហគមន៍ ដែលជាទម្រង់រូបភាព​មួយជួយធ្វើឱ្យផលិតផលទេសចរណ៍កាន់តែថ្មីប្លែក និងផ្តល់ប្រភពចំណូលប្រកបដោយចីរភាពជូនប្រជាជនមូលដ្ឋានផង​ដែរ​

មណ្ឌល​ទេសចរណ៍​ពោរពេញ​ដោយ​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​កឺទូ​មូលដ្ឋាន​។ រូបថត​៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម

បណ្ដាឃុំហ្វ័រ​វ៉ាង​ (Hoa Vang) ហ្វ័រ​តៀន​ (Hoa Tien) បាណា​ (Ba Na) និងសង្កាត់ហាយ​វ៉ឹន​ (Hai Van)សុទ្ធសឹងតែជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំព្រង រួមជាមួយសហគមន៍ជនជាតិកឺទូ​ និងអ្នក​ស្រុក ដែលនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ប្រពៃណីតាំងពីយូរលង់មក។ ភូមិតាឡាង​ យ៉ាន​ប៊ី ណាម​អៀន​ (សង្កាត់ហាយ​វ៉ឺន​) ទ្វី​ឡន​ (ឃុំហ្វ័រវ៉ាង) ថៃឡាយ​ ត្រុង​ងៀ​ (ឃុំបាណា) បានក្លាយជាចំណុចទាក់ទាញ សម្រាប់ប្រភេទទេសចរណ៍នេះ។

សង្កាត់ហាយ​វ៉ឹន​ (Hai Van) នៅ​មិនឆ្ងាយពីមជ្ឈមណ្ឌល​​ទីក្រុងប៉ុន្មានទេ បច្ចុប្បន្នមានតំបន់ទេសចរណ៍ជាង ២០កន្លែង ក្នុងនោះមាន ១៦កន្លែងជាទេសចរណ៍សហគមន៍ និង៥កន្លែងជាទេសចរណ៍ធម្មជាតិ ដែលបម្រើភ្ញៀវទេសចរប្រមាណ ៣០.០០០លើកនាក់ក្នុងមួយឆ្នាំ។ ផ្ទះសំណាក់ជាច្រើនបានសាងសង់តាមរចនាបថផ្ទះហ្គឺយ​ប្រពៃណីរបស់ជនជាតិកឺទូ​ រួមជាមួយផ្ទះ bungalow និងតង់លំហែក្បែរមាត់ស្ទឹង ឬលើជម្រាលភ្នំ ដែលបង្កើតបរិយាកាសកម្សាន្តជិតស្និទ្ធនឹងធម្មជាតិ។

 

ភាពស្រស់ស្រាយ​ សុខស្ងប់​ និងសាមញ្ញ ​នៃមណ្ឌល​​ទេសចរណ៍​សហគមន៍​តំបន់ភ្នំ​ មួយថ្ងៃកាន់តែទាក់ទាញ​ភ្ញៀវទេសចរ បំផុត​គឺ​យុវជន​ចង់ស្គាល់​អារម្មណ៍​រស់នៅ​បែប​យឺតសាមញ្ញ។ រូបថត​៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម

នៅទីនេះ ភ្ញៀវទេសចរមានឱកាសចូលរួមក្នុងសកម្មភាពវប្បធម៌ និងពិសោធន៍ក្នុងស្រុកដូចជា៖ ត្បាញសំពត់​សង្កិប​ ឆ្លាក់ឈើ ចម្អិនម្ហូបប្រពៃណី រាំរបាំសាប រាំរបាំទុងទុង​យ៉ាយ៉ា​ ដែលជារបាំនៃ​ជនជាតិកឺទូ​​។ ក្រៅពីនេះ សកម្មភាពនៅក្រោ​មលំហ​អាកាស​ដូចជា៖ បោះជំរំ ជិះទូកកាយ៉ាក់ ជិះទូក​ស៊ុប​ មុជទឹកស្ទឹង និងឡើងភ្នំ ក៏ជាចំណុចទាក់ទាញភ្ញៀវទេសចរវ័យក្មេង ដែលចូលចិត្តការផ្សងព្រេង។ អាហារក្នុងស្រុក ដែលបាន​ធ្វើពីគ្រឿងស្រស់ៗដាំនៅក្នុង​ចម្ការ​ ឬបានមកពីធម្មជាតិ តែងតែធ្វើឱ្យភ្ញៀវនឹកដល់រសជាតិនៃ​តំបន់ភ្នំមិនអាចបំភ្លេចបាន។

 

លក្ខណៈពិសេស​ងាយ​ឃើញ​បំផុត​ នៅ​មណ្ឌល​ទេសចរណ៍​សហគមន៍​នៅ​ទីក្រុង​ដាណាំង​ គឺ​ទាញ​យក​សម្រស់​ស្រស់ស្អាត​រហោស្ថាន​ធម្មជាតិ នៃ​ព្រៃភ្នំ​។ រូបថត​៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម

ទេសចរណ៍សហគមន៍នៅដាណាំងកំពុងអភិវឌ្ឍខ្លាំង ជាពិសេសនៅរដូវបុណ្យទាន ឬចុងសប្តាហ៍។ ចំនួនភ្ញៀវទេសចរដែលមកលេង​កម្សាន្តនៅផ្ទះសំណាក់ និងចូល​រួម​បទពិសោធន៍វប្បធម៌ជា​ច្រើន បង្កើតបានជាជីវភាពថ្មីសម្រាប់វិស័យទេសចរណ៍ទីក្រុង និងបើកទិសដៅថ្មីដែលមានសក្តានុពល និង​​ភាពចម្រុះសម្រាប់វិស័យទេសចរណ៍ដាណាំង

បរិយាកាស​សុខ​ស្ងប់​ ស្រស់ស្រាយ​ ឃ្លាតចាកភាពអ៊ូអរ​នៃទីក្រុង​ គឺជា​លក្ខណៈ​សម្រាកកាយ​ប្រពៃនៃមណ្ឌល​ទេសចរណ៍សហគមន៍​នៅទីក្រុង​ដាណាំង​។ រូបថត​៖ ថាញ​ហ្វ័រ /កាសែតរូបភាពវៀតណាម

តាមអ្នកជំនាញទេសចរណ៍ ដើម្បីឱ្យទេសចរណ៍សហគមន៍អភិវឌ្ឍប្រកបដោយចីរភាព ដាណាំងគួរស្នើសុំឱ្យប្រជាជនបើកផ្ទះសំណាក់ អភិវឌ្ឍចម្ការ​ព្រៃឈើ ផលិតវត្ថុអនុស្សាវរីយ៍ ជាមួយគ្នានោះ គួរជួយផ្តល់ទុន និងទីផ្សារស្ថិរភាព សម្រាប់ផលិតផលសិប្បកម្ម។ ការលើកកម្ពស់ជំនាញគ្រប់គ្រង និងបម្រើភ្ញៀវទេសចរ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាកត្តាសំខាន់ដើម្បីភ្ជាប់ tour ទេសចរណ៍ និងខ្សែផ្លូវទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព៕

  •  
  • អត្ថបទនិង​រូបថត​ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម
  • ប្រែសម្រួល៖ រីកើង​

Top