ទីក្រុង ហូជីមិញ (Ho Chi Minh) - លក្ខណៈពិសេសនៃទេសចរណ៍ភាគខាងត្បូង

ទីក្រុង ហូជីមិញ (Ho Chi Minh) - លក្ខណៈពិសេសនៃទេសចរណ៍ភាគខាងត្បូង

ទីក្រុង ហូជីមិញ (Ho Chi Minh)  ដែលមានប្រវត្តិសាស្ត្រជាង ៣០០ ឆ្នាំ ដូច្នេះទីក្រុង​នេះរក្សាទុកអនុស្សាវរីយ៍វប្បធម៌ និងប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីដំណើរដ៏លំបាកក្នុងការរាន​និងពង្រីកទឹកដីរបស់ប្រជាជនភាគខាងត្បូង​។ សព្វថ្ងៃនេះ ទីក្រុងនៅលើច្រាំងទន្លេសាយហ្គន (Sai Gon) ដែលមានភាពស្វាហាប់ និងទំនើប លាយឡំជាមួយនឹងកត្តាប្រវត្តិសាស្ត្រ និងវប្បធម៌ប្រពៃណី និងលក្ខណៈអេកូឡូស៊ីនៃដីសណ្ដទន្លេគវឡុង (Cuu Long) កំពុងគឺជាទិសដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងភ្ញៀវបរទេស។

ភ្ញៀវទេសចរណ៍ទស្សនា និងស្វែងយល់នូវវិមានឯករាជ្យ ដែលជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសនៅកណ្តាលទីក្រុង ហូជីមិញ (Ho Chi Minh)។ រូបថត៖ ង្វៀន​ឡឹន/VNP

ចំណាប់អារម្មណ៍នៃទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ

ទីក្រុងសាយហ្គន (Sai Gon) - ទីក្រុងហូជីមិញ (Ho Chi Minh) ឆ្លងកាត់ជាង ៣០០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ដែលគឺជាតំបន់បង្រួបបង្រួមនៃលំហូរវប្បធម៌ជាច្រើន ដែលក្នុងនោះ ភាពលេចធ្លោបំផុតគឺវប្បធម៌របស់ជនជាតិវៀតណាម ចិន ចាម ខ្មែរ ឥណ្ឌា... ក្រោយមកមាន​ឥទ្ធិពល​នៃ​វប្បធម៌​បារាំង និង​អាមេរិក។

ក្នុងកំឡុងសម័យដើមរហូតដល់សម័យអាណានិគមបារាំង ពោលគឺចាប់ពីសតវត្សទី ១៧ ដល់សតវត្សទី ១៩ ស្នាដៃវប្បធម៌​ និងសាសនាប្លែកៗជាច្រើនត្រូវបានសាងសង់ឡើង ដែលបង្ហាញយ៉ាងច្បាស់លាស់នូវចរិតលក្ខណៈវប្បធម៌របស់ប្រជាជនភាគខាងត្បូង ក្នុងដំណើររាន​និង​ពង្រីកទឹកដី ប្រឆាំងនឹងពួកឈ្លានពាន និង​បង្រួបបង្រួម​ខឿនវប្បធម៌ផ្សេងៗទៀត។ គំរូបំផុតគឺប្រព័ន្ធអារាម វត្ត ផ្ទះសហគមន៍ វិហារកាតូលិកដូចជា៖ អារាម ថុង​តីហូយ (Thong Tay Hoi) អារាម មីញហឿង (Minh Huong) វត្ត យ៉ាកឡឹម (Giac Lam) វត្ត បា​ធៀន​ហៅ (Ba Thien Hau) ផ្ទះសហគមន៍ ងៀអាន (Nghia An )​ និង ផ្ទះសហគមន៍ ក្វាងទ្រៀវ (Quang Trieu) វិហារកាតូលិក ឌឹក​បា (Duc Ba)  វិហារកាតូលិក ថុង​តីហូយ (Thong Tay Hoi) វិហារកាតូលិក ធូឌឺក (Thu Duc) ... រួមជាមួយនឹងពិធីបុណ្យវប្បធម៌ចម្រុះពណ៌ជាច្រើនទៀត។


នៅចុងសតវត្សទី១៩ និងដើមសតវត្សទី ២០ មានសំណង់ធំៗជាច្រើនបាន​កសាងតាមស្ថាបត្យកម្មបារាំងដែលនៅតែមាន រហូតដល់សព្វថ្ងៃនេះដូចជា៖ កំពង់ផែ ញ៉ារ៉ុង (Nha Rong) (១៨៦៣), វិមាន​ឯករាជ្យ (១៨៦៨)  ប្រៃសណីយ៍កណ្តាលទីក្រុង (១៨៨៦), រោងមហោស្រពធំ (១៨៩៨), អគារទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុង (១៨៩៨), ផ្សារ​បេនថាញ (Ben Thanh) (១៩១២)

ក្រោយឆ្នាំ ១៩៧៦ក្រៅ​ពីកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ វប្បធម៌បុរាណ ទីក្រុង​ហូជីមិញ​ បាន​កសាង​នូវ​សំណង់​វប្បធម៌ និង​ទេសចរណ៍​ថ្មីៗ​ជាច្រើន​ដូចជា សួនសត្វ ថាវកាម​វៀន (Thao Cam Vien) និង​ឧទ្យាន ដាម​សែន (Dam Sen)  បឹង  គីហ័រ (Ky Hoa) តំបន់​ទេសចរណ៍​ធម្មជាតិ កឹន​យើ (Can Gio)... ដើម្បី​ក្លាយជា​កន្លែងលេង​កម្សាន្តរបស់​ប្រជាជន និង​ភ្ញៀវ​ទេសចរណ៍​។ ជាពិសេស កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងបដិវត្តន៍ដ៏ល្បីល្បាញជាច្រើនក៏ត្រូវបានជួសជុល និងតុបតែងលម្អ ដើម្បីបម្រើតំរូវការនៃការទស្សនា និងស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ទីក្រុងដូចជា៖ ផ្លូវរូងក្រោមដី គូជី (Cu Chi) វិមានឯករាជ្យ អារាមរំលឹក បៀន​យឿក (Ben Duoc)  គូជី (Cu Chi) ភូមិ វឿន​ទ្រៅ (Vuon Trau) ចំនួន១៨ មូលដ្ឋានបណ្តែតទឹក ព្រៃសាក (Sac)...


មកដល់ទីក្រុងហូជីមិញថ្ងៃនេះ ភ្ញៀវទេសចរណ៍មិនត្រឹមតែមើលឃើញការអភិវឌ្ឍដ៏អស្ចារ្យនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាឈានមុខគេក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ដែលក្នុង​នោះមានអគារខ្ពស់ៗ មជ្ឈមណ្ឌលលេងកម្សាន្ត មជ្ឈមណ្ឌលលក់ទិញទំនិញដ៏មមាញឹក មហាវិថីដែលមានពន្លឺភ្លើងភ្លឺច្បាស់ នៅ​ពេល​យប់... ប៉ុន្តែ​ភ្ញៀវទេសចរណ៍ក៏​អាច​រក​ឃើញ​នូវ​ភាព​ស្រស់​ស្អាត​​នៃ​សំណង់​​វប្បធម៌​បុរាណ​ដែល​បាន​អភិរក្សយ៉ាង​ល្អបំផុត។

បច្ចុប្បន្ននេះ ដំណើរកម្សាន្តមួយក្នុងចំណោមដំណើរទេសចរណ៍ពេញ​និយមសម្រាប់ភ្ញៀវទេសចរពេលមកទីក្រុង ហូជីមិញ គឺទៅទស្សនាវិមានឯករាជ្យ ដែលបានជាកន្លែងកើតឡើងនូវការដួលរលំនៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម នៅថ្ងៃត្រង់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ប្រៃសណីយ៍កណ្តាលទីក្រុង ជាសំណង់ស្ថាបត្យកម្មបុរាណពិសេសដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មលោកខាងលិច និងរចនាបទ​តុបតែងខាងកើត ស្វែងយល់ពីកេរ្តិ៍ដំណែលបដិវត្តន៍ផ្លូវរូងក្រោមដី គូជី (Cu Chi) ដែលជាសំណង់ស្ថាបត្យកម្មយោធាតែមួយគត់ រួមមានប្រព័ន្ធផ្លូវរូងក្រោមដី​មានប្រវែងជាង ២០០ គីឡូម៉ែត្រក្នុងក្រោមដី ជាមួយនឹងមុខងារពេញលេញនៃការស្នាក់នៅ ការរស់នៅ និងការប្រយុទ្ធ...

អារាមរំលឹក​វិញ្ញាណក្ខន្ធយុទ្ធជនពលី បេន​យឿក (Ben Duoc) (ស្រុក គូជី (Cu Chi) គឺជាសំណង់ស្ថាបត្យកម្មប្រកបដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ រូបថត៖ ឯកសារផ្លូវ​រូងក្រោម​ដី គូជី (Cu Chi)

សម្រាប់ភ្ញៀវដែលចូលចិត្តស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបអាហារក្នុងស្រុក ពួកគេនឹងទទួលបាននូវបទពិសោធន៍ចាប់ចិត្ត នៅពេល​ដែល​ចូលរួមក្នុងកម្មវិធី " ហ្គោវ៉ឹប (Go Vap) - មួយរយឆ្នាំនៃការស្វែងរកប្រវត្តិសាស្ត្រ" ដែល​មានសកម្មភាពដ៏ទាក់ទាញជាច្រើនដូចជា ការទស្សនារបាំតោនៅ ចើឡឹន (Cho Lon) ទស្សនាប្រាសាទបុរាណ​ ភូចូវ (Phu Chau) អារាម​បុរាណ​​ តឹន​ថើយ (Tan Thoi) វត្ត ផាបវ៉ឹន (Phap Van) ផ្លូវរូងក្រោមដី ភូថហ័រ (Phu Tho Hoa) ...

ជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រភេទថ្មីជាច្រើន។

បន្ទាប់ពីជំងឺរាតត្បាត Covid-19 ដើម្បីទាក់ទាញភ្ញៀវទេសចរចាប់ពីដើមឆ្នាំ ២០២២ ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងបានចាប់ផ្តើមរៀបចំកម្មវិធី "ទីក្រុងហូជីមិញស្វាគមន៍អ្នក - Welcome to Ho Chi Minh City " "ខណ្ឌនីមួយៗ ស្រុកនិមួយៗ នៅមានផលិតផលទេសចរណ៍ពិសេស”…

ភ្ញៀវទេសចរ​ស្វែងយល់នូវ​​តំបន់ជីវមណ្ឌលបម្រុងព្រៃលិចទឹក​ប្រៃ កឹន​យើ (Can Gio)។ រូបថត៖ ថុងហាយ/VNP
ភ្ញៀវទេសចរស្វែងយល់នូវព្រៃឈើ សាក (Sac) ដែលស្ថិតនៅក្នុងតំបន់ជីវមណ្ឌលបម្រុងព្រៃលិចទឹកប្រៃ ។ រូបថត៖ ថុងហាយ​/VNP

ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងបានសម្របសម្រួល ជាមួយទីក្រុង ធូឌឹក (Thu Duc) និងខណ្ឌ ស្រុកនានាក្នុងតំបន់ ដើម្បីស្ទាបស្ទង់ និងកសាងដំណើរទេសចរណ៍ថ្មីៗជាច្រើន ដោយការកែលម្អ និងបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ។

ទេសចរណ៍កម្សាន្ត - ម្ហូបអាហារ - សេវាកម្ម នាពេលយប់ គឺជាផលិតផលទេសចរណ៍មួយក្នុងចំណោមផលិតផលទេសចរណ៍ទាំងបីដែលទីក្រុងហូជីមិញផ្តោតលើការអភិវឌ្ឍន៍។ ចាប់តាំងពីពេលនោះមក ការបង្កើតផលិតផលថ្មីប្លែកៗជាច្រើន និងការកែលម្អបទពិសោធន៍របស់ភ្ញៀវទេសចរ។

បច្ចុប្បន្ននេះ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសដែលមកទីក្រុងហូជីមិញ អាចជ្រើសរើសដំណើរកម្សាន្តថ្មីៗដូចជា៖ គយគន់ទីក្រុងពីលើឧទ្ធម្ភាគចក្រ មើលថ្ងៃលិច និងទស្សនាសម្រស់ទីក្រុង ពេលជិះទូកលេងតាមដងទន្លេ... 


លើស​ពី​នេះ ស្រុក​ជាយក្រុង​ក៏​ជំរុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​កសិកម្ម និង​ទេសចរណ៍​អេកូឡូស៊ី​ផង​ដែរ ។ ជាឧទាហរណ៍ ស្រុក កឹន​យើ (Can Gio) គឺជាស្រុកតែមួយគត់នៃទីក្រុងហូជីមិញ ដែលមានឆ្នេរសមុទ្រប្រវែង ២៣ គីឡូម៉ែត្រ រួមជាមួយនឹងទន្លេនិងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹក​ប្រៃមានទំហំជាង ២២.០០០ហិចតា ដែលផ្តល់អាកាសធាតុត្រជាក់ និងបរិសុទ្ធពេញមួយឆ្នាំ។ ក្នុងនាមជាតំបន់ជីវមណ្ឌលបម្រុងដំបូងគេក្នុងប្រទេសវៀតណាម វាត្រូវបានគេដាក់ឈ្មោះថា "កោះបៃតង" នៃទីក្រុង។ មកដល់តំបន់ទេសចរណ៍អេកូឡូស៊ី កឹន​យើ (Can Gio) ភ្ញៀវទេសចរនឹងអាចគយគន់ទេសភាពធម្មជាតិដ៏អស្ចារ្យ និងប្រកបដោយស្រស់ស្អាតបំព្រង នៅឯកន្លែងទេសចរណ៍ដែលកសាងឡើងដោយផ្អែកលើបរិស្ថានធម្មជាតិស្រាប់មាន។

បទពិសោធន៍នៃជិះទូកហង្ស ដើម្បីស្វែងយល់ព្រែក​ ញៀវឡុក (Nhieu Loc) នៅកណ្តាលទីក្រុង។ រូបថត៖ ថុងហាយ /VNP

ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ភ្ញៀវ​ទេសចរ​បរទេស​មួយ​ចំនួន​ធំ​ក៏​បាន​ជ្រើសរើស​នាវាធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ដើម្បី​ស្វែង​យល់​។ ដើម្បីជួយសម្រួលដល់ដំណើរការរបស់ភ្ញៀវ តាមដងទន្លេ ទីក្រុងហូជីមិញបានដាក់ពង្រាយដំណើររថយន្ត​ដើរ​ដោយអគ្គីសនីចំនួន ៣ ដែលតភ្ជាប់យ៉ាងឆាប់រហ័សពីកំពង់ចម្លងទៅកាន់តំបន់ទេសចរណ៍នានាក្នុងទីក្រុង។

ស្រុក​គូជី (Cu Chi) ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ខ្សែ​ផ្លូវក្រវាត់​បៃតង នៃ​ទីក្រុង​ហូជីមិញ ដែល​ស័ក្តិសម​សម្រាប់​ការ​អភិវឌ្ឍ​ទេសចរណ៍​អេកូឡូស៊ី និង​ទេសចរណ៍​សួនចំការ។ ពេលភ្ញៀវមកដល់ស្រុក គូជី (Cu Chi) ពួកគេនឹងទៅទស្សនាចម្ការដាំដើមផ្លែឈើ តាមបណ្តោយទន្លេ សាយហ្គន (Sai Gon) កសិដ្ឋានបៃតង តំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ ផ្លូវរូងក្រោមដី គូជី (Cu Chi)  ... ឬទទួលបានបទពិសោធន៍រីករាយនៃ "មួយថ្ងៃនៃការធ្វើកសិករម្នាក់" នៅក្នុងសួនច្បារដ៏សម្បូរបែប។


គេបានដឹងថា ទីក្រុងហូជីមិញបច្ចុប្បន្នកំពុងផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍កម្សាន្ត - ម្ហូបអាហារ - សេវាកម្ម​ នាពេលយប់ ដើម្បីបង្កើតផលិតផលថ្មីប្លែកៗ ជាច្រើន ដែលបម្រើតម្រូវការកើនឡើងរបស់ភ្ញៀវទេសចរណ៍។/.

បទពិសោធន៍នៃការជិះនាវាលេងតាមដងទន្លេ សាយហ្គន (Sai Gon) ។ រូបថត៖ ឯកសារ

ទីក្រុងហូជីមិញមានកន្លែងចំនួន ៣៦៦ ដែលមានសមត្ថភាពធ្វើអាជីវកម្ម និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដែល​ចែក​ចាយជា ៤ ក្រុមសំខាន់ៗ៖ ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌រូបី ទេសចរណ៍វប្បធម៌អរូបី និងទេសចរណ៍ពាក់ព័ន្ធនឹងសំណង់សិប្បនិម្មិត និងទំនើប។ រហូតមកដល់ពេលនេះ ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងបានសម្របសម្រួលជាមួយសហគ្រាស ដើម្បីប្រកាស និងដាក់ពង្រាយកម្មវិធីទេសចរណ៍ជាង ៤០ នៅតាមបណ្តាស្រុក។

អត្ថបទ៖ ថុង​ហាយ - ប៊ិចវ៉ឹន - សើន​ងា - ង្វៀន​ឡឹន - ង្វៀន​យ៉ាង​ - រីកើង



Top