ថាញហា (Thanh Ha) - ភូមិកុលាលភាជន៍ ដែលមានអាយុកាលជាង៥០០ឆ្នាំ នៅតាមដងទន្លេធូបោន (Thu Bon)
ស្ថិតនៅតាមដងទន្លេធូបោន ក្បែរទីក្រុងបុរាណហូយអាន (Hoi An) ភូមិកុលាលភាជន៍ថាញហា ជាភូមិរបរសិប្បកម្មដ៏ចំណាស់បំផុតមួយ នៅភាគកណ្តាលនៃប្រទេសវៀតណាម។ ឆ្លងកាត់រយៈពេលជាង៥ សតវត្សរ៍ សិប្បករនៅទីនេះ នៅតែរក្សាបានបច្ចេកទេសធ្វើកុលាលភាជន៍ដោយដៃទាំងស្រុង ពីដីឥដ្ឋនៅតាមដងទន្លេ បង្កើតបានជាផលិតផលដែលមានលក្ខណៈសាមញ្ញ និងបង្កប់នូវអត្តសញ្ញាណវប្បធម៌ដ៏ស៊ីជម្រៅ នៃភូមិរបរប្រពៃណី។
ភូមិកុលាលភាជន៍ថាញហា មានចម្ងាយប្រហែល២គីឡូម៉ែត្រ ពីទីក្រុងបុរាណហូយអាន ទៅទិសខាងលិច ដែលកាលពីមុនស្ថិតក្នុងតំបន់ភូមិណាមយេវ (Nam Dieu) សង្កាត់ថាញហា ទីក្រុងហូយអាន (ខេត្តក្វាងណាម) បច្ចុប្បន្នជាក្រុមទីប្រជុំជនណាមយេវ សង្កាត់ហូយអានតី (ទីក្រុងដាណាំង) ភូមិកុលាលភាជន៍ថាញហា បានល្បីល្បាញតាំងពីយូរ និងជាភូមិសិប្បកម្មមួយក្នុងចំណោមភូមិសិប្បកម្មពិសេសនៃតំបន់ខេត្តក្វាងណាម។ លំហជនបទដ៏សុខសាន្ត ឡដុតកុលាលភាជន៍ដែលកំពុងឆេះពណ៌ក្រហម និងសម្លេងតុបង្វិលដ៏ស៊ាំត្រចៀក បានក្លាយជារូបភាពផ្សារភ្ជាប់ជាមួយប្រជាជនជាច្រើនជំនាន់នៅទីនេះ។
យោងតាមឯកសារប្រវត្តិសាស្ត្រ កាលពីជាង ៥០០ ឆ្នាំមុន ត្រកូលមួយចំនួនដូចជា ង្វៀនវ៉ាន់ (Nguyen Van) ង្វៀនវៀត (Nguyen Viet) ង្វៀនដឹក (Nguyen Duc) ង្វៀនគីម (Nguyen Kim) ង្វីញឺ (Nguy Nhu) ប៊ូយផឿក (Bui Phuoc) វ៉ឌិញ (Vo Dinh) វ៉ូវ៉ាន់ (Vo Van) ង្វៀនតឹន (Nguyen Tan) ដែលមានប្រភពកំណើតមកពីខេត្តថាញហ្វា (Thanh Hoa) និងខេត្តងែអាន (Nghe An) បានធ្វើចំណាកស្រុកមកកាន់ដែនដីនេះ បង្កើតឡើងនូវភូមិថាញហា ហើយចាប់ផ្តើមបង្កើតរបរកុលាលភាជន៍។ ចាប់តាំងពីពេលនោះមក របរកុលាលភាជន៍បានរីកចម្រើនជាលំដាប់ និងក្លាយជាជីវភាពរស់នៅដ៏សំខាន់នៃប្រជាជនក្នុងតំបន់។
រហូតមកដល់ឆ្នាំកាន់ហឹង (Canh Hung) ទី៧ (ឆ្នាំ១៧៤៦) របរកុលាលភាជន៍ថាញហាបានឈានចូលដល់សម័យកាលរីកចម្រើនយ៉ាងខ្លាំង។ សហគមន៍មិញហឿង (Minh Huong) នៅទីក្រុងហូយអាននាពេលនោះ តែងតែទិញផលិតផលកុលាលភាជន៍ថាញហា ទុកសម្រាប់ប្រើប្រាស់ និងធ្វើជាអំណោយជូនដល់មន្ត្រីជាន់ខ្ពស់។ សៀវភៅ "ដាយណាមញឹតថុងជី - Dai Nam nhat thong chi" នៃរជ្ជកាលង្វៀន ក៏បានកត់ត្រាថា កុលាលភាជន៍ថាញហា គឺជាផលិតផលក្នុងស្រុកដ៏ល្បីល្បាញ នៃតំបន់ក្វាងណាម។ សិប្បករជាច្រើននៅក្នុងភូមិ ក៏បានរជ្ជកាលង្វៀនប្រទានគោរមងារ និងឋានន្តរសក្តិ ដែលបង្ហាញពីឋានៈដ៏សំខាន់ នៃរបរកុលាលភាជន៍ថាញហា ក្នុងជីវភាពសេដ្ឋកិច្ច និងវប្បធម៌នាពេលនោះ។
លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសលេចធ្លោ នៃកុលាលភាជន៍ថាញហា ផលិតផលទាំងអស់ត្រូវបានធ្វើឡើងដោយដៃទាំងស្រុង មិនប្រើពុម្ព និងមិនមានការស្រោបទឹកថ្នាំកាចារឡើយ។ វត្ថុធាតុដើមចម្បង គឺប្រភេទដីឥដ្ឋពណ៌ត្នោត ដែលមានភាពស្អិតខ្ពស់ បានយកមកពីដងទន្លេធូបោន។ ដីឥដ្ឋបន្ទាប់ពីបានលាយ និងផ្អាប់យ៉ាងល្អិតល្អន់ រហូតដល់ហ្មត់រលោង នឹងបានយកទៅដាក់លើតុបង្វិល ដើម្បីសូនរូបរាង ក្រោមស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករ។ បន្ទាប់មក ផលិតផលត្រូវបានដុតក្នុងឡអុស បង្កើតបានជាពណ៌ធម្មជាតិដូចជា ពណ៌ក្រហមឥដ្ឋ ពណ៌ត្នោតលឿង ឬពណ៌ក្រហមក្រម៉ៅ ដែលជាពណ៌ដ៏សាមញ្ញពិសេស នៃកុលាលភាជន៍ថាញហា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយការរីកចម្រើន នៃវិស័យទេសចរណ៍នៅហូយអាន របរកុលាលភាជន៍ថាញហា មានឱកាសស្ដារឡើងវិញ។ សិប្បករជាច្រើន បានច្នៃប្រតិដ្ឋនូវប្រភេទផលិតផលថ្មីៗដូចជា រូបចម្លាក់ ផ្ទាំងចម្លាក់លយ ថូផ្កា រូបសត្វ របាំងមុខកុលាលភាជន៍ និងចង្កៀងកុលាលភាជន៍ ដើម្បីបម្រើតម្រូវការតុបតែង និងវត្ថុអនុស្សាវរីយ៍នៃអ្នកទេសចរ។ ផលិតផលមួយចំនួន ថែមទាំងបាននាំចេញទៅកាន់ប្រទេសជប៉ុន បើកផ្លូវអភិវឌ្ឍន៍ថ្មី សម្រាប់ភូមិរបរនេះ។
តាមប្រសាសន៍របស់លោក ង្វៀនសៅ (Nguyen Sau) ដែលជាសិប្បករចាស់វស្សាម្នាក់ប្រចាំភូមិ បានឱ្យដឹងថា កុលាលភាជន៍ថាញហា មានលក្ខណៈប្លែកពីគេ ដោយសារប្រភពដីឥដ្ឋពណ៌ត្នោត នៅតាមដងទន្លេធូបោន។ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើកុលាលភាជន៍ថូហា (Tho Ha) នៅខេត្តបាក់និញ ធ្វើពីដីដ្ឋពណ៌ខៀវ កុលាលភាជន៍បាតត្រាង (Bat Trang) នៅហាណូយ ធ្វើពីដីឥដ្ឋពណ៌ស កុលាលភាជន៍ភូឡាំង (Phu Lang) នៅខេត្តបាក់និញ ធ្វើពីដីឥដ្ឋពណ៌ត្នោតលឿង នោះកុលាលភាជន៍ថាញហា ត្រូវបានធ្វើពីដីឥដ្ឋពណ៌ត្នោត ដែលមានភាពស្អិតខ្លាំង។ កាលពីអតីត កុលាលភាជន៍ថាញហា ក៏ជាផលិតផល សម្រាប់ថ្វាយព្រះមហាក្សត្រផងដែរ”។
បច្ចុប្បន្ននេះ ភូមិកុលាលភាជន៍ថាញហា នៅសល់ជាង១០០គ្រួសារ ដែលមានមនុស្សជាង២០០នាក់ ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងរបរកុលាលភាជន៍។ អ្នកទេសចរដែលមកទីនេះ មិនត្រឹមតែបានទស្សនាឡដុតប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចចូលរួមពិសោធន៍ផ្ទាល់ ក្នុងការធ្វើកុលាលភាជន៍ជាមួយសិប្បករទៀតផង។ អ្នកស្រី ង្វៀន ធូភឿង (Nguyen Thu Phuong) គ្រូបង្រៀន នៅសាលាបឋមសិក្សា គ្វិញម៉ាយ (Quynh Mai) (ទីក្រុងហាណូយ) បានចែករំលែកថា បងស្រីសប្បាយចិត្តយ៉ាងខ្លាំង នៅពេលបានធ្វើថូតូចមួយ ដោយផ្ទាល់ដៃ ក្រោមការណែនាំនៃសិប្បករ។ ដំណើរកម្សាន្តនេះ បានជួយឱ្យបងស្រី មានគំនិតបន្ថែម ក្នុងការរៀបចំឱ្យសិស្សសាលា មកស្វែងយល់ ពីភូមិរបរនៅពេលខាងមុខ។
ជាមួយនឹងតម្លៃវប្បធម៌ដ៏វិសេសវិសាល ភូមិកុលាលភាជន៍ថាញហា ត្រូវបានទទួលស្គាល់ជាភូមិរបរថ្នាក់ខេត្ត របរកុលាលភាជន៍នៅទីនេះ ក៏បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ជាពិសេស ភូមិកុលាលភាជន៍ ក៏បានផ្តល់កិត្តិយសជា “ទីតាំងទេសចរណ៍សហគមន៍ល្អបំផុតប្រចាំឆ្នាំ ២០២៥” កត់ត្រាការខិតខំប្រឹងប្រែងរបស់សហគមន៍មូលដ្ឋាន ក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃប្រពៃណី៕
- អត្ថបទ និងរូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង
























