តំបន់ព្រំដែននៃមាតុភូមិ៖ បណ្តាសាលារៀនបំភ្លឺអនាគត
នៅចំកណ្តាលជួរភ្នំខ្ពស់ៗ នៃខេត្តព្រំដែនទាំងពីរគឺ ឌៀនបៀន (Dien Bien) និងឡាយចូវ (Lai Chau) បណ្តាសាលាអន្តេវាសិកអន្តរកម្រិត កំពុងលេចចេញជាបណ្តើរៗ ដូច្នេះបើកឱកាសរៀនសូត្រ និងការផ្លាស់ប្តូរសម្រាប់សិស្សនុសិស្សជនជាតិភាគតិចរាប់ពាន់នាក់។ គម្រោងទាំងនេះមិនត្រឹមតែបំភ្លឺក្តីសុបិនអក្ខរកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងតំបន់ព្រំដែនរបស់ប្រទេសជាតិ ដោយកម្លាំងចីរភាពនៃការអប់រំ។
កាលពីមុន ការទៅសាលារៀនរៀងរាល់ថ្ងៃរបស់កុមារី វ៉ាង ធីហាំង (Vang Thi Hang) ជនជាតិម៉ុង (Mong) ម្នាក់ នៅតំបន់ខ្ពស់ ស៊ីប៉ាភីន (Si Pa Phin) មិនមែនជាដំណើរងាយស្រួលទេ។ ផ្ទះនៅឆ្ងាយពីសាលា ផ្លូវភ្នំបត់បែន ជាពិសេសនៅថ្ងៃភ្លៀង ខ្យល់ ផ្លូវរអិលបណ្ដាលឱ្យការទៅសាលារៀនក្លាយជាបញ្ហាប្រឈម។
ឥឡូវនេះ ដំណើរការនោះបានផ្លាស់ប្តូរយ៉ាងខ្លាំង។ នៅពេលដែល សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) ត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការ កុមារី វ៉ាង ធីហាំង (Vang Thi Hang) និងសិស្សនុសិស្សជាច្រើនទៀត លែងធ្វើដំណើរជារៀងរាល់ថ្ងៃទៀតហើយ។ សាលាថ្មីនេះបានក្លាយជា «ផ្ទះទីពីរ» របស់ពួកគេ ជាកន្លែងដែលពួកគេអាចសិក្សា រស់នៅ និងចិញ្ចឹមក្តីសុបិន្តនូវអនាគត។
សេចក្តីប្រកាសនូវសេចក្តីសន្និដ្ឋានលេខ 81-TB/TW ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ដែលឯកភាពលើគោលនយោបាយអំពី ការវិនិយោគលើការសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្ស ក្នុងនៅឃុំព្រំដែនគោកចំនួន ២៤៨។ នៅឆ្នាំ២០២៥ សាលារៀនចំនួន ១០៨ នៅទូទាំងប្រទេស បានចាប់ផ្តើម សាងសង់ ដោយធានាថា នឹងបញ្ចប់ការសាងសង់ មុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។ ក្នុងចំណោមនោះ សាលាអន្តេវាសិកអន្តរកម្រិបឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) (ខេត្តឌៀនបៀន (Dien Bien)) ត្រូវបានសាងសង់រួចស្រេច សម្ពោធ និងដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦។
នៅក្នុងសាលាអន្តេវាសិក កុមារី ឡ ធីឡុងញី (Lo Thi Long Nhi) ជនជាតិថៃម្នាក់ បានលត់ដំរបៀបរស់នៅដោយឯករាជ្យ និងភាពរួសរាយរាក់ទាក់ជាមួយមិត្តភក្តិ។ កុមារី ញី (Nhi) បានចែករំលែកនូវក្តីសុបិន្តចង់ក្លាយប៉ូលីសស្រីម្នាក់ ដើម្បីរួមចំណែកក្នុងការកសាងមាតុភូមិ។ ក្តីសុបិន្តនោះ ហាក់ដូចជាសាមញ្ញ ប៉ុន្តែបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ខ្លាំងក្លាមួយ៖ នៅពេលដែលឱកាសសិក្សាអប់រំត្រូវបានបើកចំហ អនាគតក៏កាន់តែច្បាស់លាស់ជាង។
សាលារបស់កុមារី វ៉ាង ធីហាំង (Vang Thi Hang) និង កុមារី ឡ ធីឡុងញី (Lo Thi Long Nhi) មានទីតាំងនៅលើភ្នំមួយក្នុងឃុំ ស៊ីប៉ាភីន (Si Pa Phin) តាមភាសា ម៉ុង (Mong) មានន័យថា «តំបន់ភ្នំ១៨ ខ្នងមានរាងដូចចានផ្តាប់»។ លើផ្ទៃដីជាង ៦ ហិកតា ជាមួយនឹងដើមទុនវិនិយោគសរុបចំនួន ២៨០ ពាន់លានដុង សាលានេះបានកសាងយ៉ាងស្រស់ស្អាត ដោយបន្ទប់រៀនចំនួន ៣១ បន្ទប់ សម្រាប់សិស្សនុសិស្សជាង ១០០០ នាក់។
ក្រៅពីបន្ទប់រៀន ប្រព័ន្ធបន្ទប់មុខវិជ្ជា ១៤ បន្ទប់ បន្ទប់ស្នាក់នៅចំនួន ៩១ បន្ទប់ ផ្ទះបាយ បណ្ណាល័យ កីឡាដ្ឋាន អាងហែលទឹក។ល។ ជាដើម បង្កើតបរិយាកាសអប់រំគ្រប់ជ្រុងជ្រោយ ប្រការនេះដែលមិនធ្លាប់ឃើញនៅតំបន់ព្រំដែន។
"សាលាអន្តេវាសិកអន្តរកម្រិត ឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) មិនត្រឹមតែជាសំណង់សិក្សាអប់រំប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជា “ចំណុចភ្លឺ” ដែលរួមចំណែកដល់ការផ្លាស់ប្តូរជាមូលដ្ឋាន នៃគុណភាពអប់រំនៅក្នុងតំបន់ព្រំដែន មានអត្ថន័យនយោបាយ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ" - លោកស្រី ហ័ង ទឿតបាន (Hoang Tiet Ban) នាយិការមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តឌៀនបៀន (Dien Bien)) ។
ពេលសម្លេងស្គរបន្លឺឡើង សិស្សានុសិស្សចូលថ្នាក់រៀនរៀបចំសណ្ដាប់ធ្នាប់យ៉ាងឆាប់រហ័ស ដើម្បីសិក្សាមុខវិជ្ជាឯកទេស ដូចជា បច្ចេកវិទ្យាព័ត៌មាន តន្ត្រី ឬ STEM Robotics។ ការសិក្សាដើរទន្ទឹមនឹងការអនុវត្តជាក់ស្តែង ជួយពួកគេឱ្យយល់កាន់តែសកម្ម។
លោកគ្រូ ង្វៀន វ៉ាន់យុប (Nguyen Van Dup) ចាងហ្វាង សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ស៊ីប៉ាភីន (Si Pa Phin) បានឲ្យដឹងថា “សម្ភារៈទំនើបៗ ជួយយើងពង្រឹងការសិក្សាទ្រឹស្តី និងការអនុវត្ត លត់ដំសិស្សនុសិស្សអំពីបំណិនធ្វើការជាក្រុម ការគិត logic និងសមត្ថភាពដោះស្រាយបញ្ហា”។
ចំពោះគ្រូបង្រៀនដែលបម្រើការងារច្រើនឆ្នាំ ដូចអ្នកគ្រូ វូ ធីលឿង (Vu Thi Luong) ការផ្លាស់ប្តូរបានបង្ហាញយ៉ាងច្បាស់លាស់ ក្នុងរាល់ម៉ោងរៀន។ អ្នកគ្រូបានចែករំលែកថា “ពីមុន យើងខ្វះឧបករណ៍មើលផ្ទាល់ ឥឡូវមានផែនទី ទូរទស្សន៍ ម៉ាស៊ីនបញ្ចាំង… មេរៀនទាក់ទាញជាង ហើយសិស្សនុសិស្សក្រេបជញ្ជក់ក៏ប្រសើរជាង”។
លោកស្រី ហ័ង ទៀតបាន (Hoang Tuyet Ban) នាយិការមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត ឌៀនបៀន (Dien Bien) បានឲ្យដឹងថា “សាលាអន្តេវាសិកអន្តរកម្រិតស៊ីប៉ាភីន (Si Pa Phin) មិនត្រឹមតែជាសំណង់សិក្សាអប់រំប៉ុណ្ណោះទេ ថែមទាំងជា “ចំណុចភ្លឺស្វាង” ដែលរួមចំណែកដល់ការផ្លាស់ប្តូរជាមូលដ្ឋានអំពីគុណភាពអប់រំនៅតំបន់ព្រំដែន ដែលមានសារៈសំខាន់ខាងនយោបាយ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ”។
នៅពីខាងក្រោយសាលារៀននៅលើភ្នំនោះ គឺជាគោលនយោបាយដ៏សំខាន់មួយ។ ចំពោះស្ថានភាពជាក់ស្តែង ដែលមានសិស្សានុសិស្សជាង ៣៣២.០០០នាក់ ក្នុងខេត្តជាប់ព្រំដែនចំនួន ២២ មានតម្រូវការរៀន និងស្នាក់នៅក្នុងសាលា ប៉ុន្តែទើបអាចឆ្លើយតបនឹងតម្រូវការបានត្រឹមប្រហែល ១៨% ប៉ុណ្ណោះ ការិយាល័យនយោបាយបានឯកភាព កសាងសាលាអន្តេវាសិកអន្តរកម្រិតចំនួន ២៤៨កន្លែង នៅតាមបណ្តាឃុំជាប់ព្រំដែនដីគោក។ តាមរយៈគោលនយោបាយនេះ បណ្តាសាលារៀននានាដូចជា សាលា ស៊ីប៉ាភីន (Si Pa Phin) កំពុងកម្លាយក្ដីសុបិននៃការសិក្សា របស់សិស្សានុសិស្សរាប់ពាន់នាក់នៅតំបន់ខ្ពស់ ឱ្យក្លាយជាការពិតជាបណ្តើរៗ។

ពីសាលា ស៊ីប៉ាភីន (Si Pa Phin) គំរូសាលាអន្តេវាសិកអន្តរកម្រិតកំពុងពង្រីកយ៉ាងឆាប់រហ័ស ទៅកាន់បណ្តាមូលដ្ឋានតាមបណ្តោយព្រំដែនដទៃទៀត។ បន្ទាប់ពីសាលាចំនួន ១០៨ខ្ន ង ត្រូវបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៥ គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានសាលាចំនួន ១២១ខ្នង បន្ថែមទៀត ត្រូវបានអនុវត្តក្នុងពេលដំណាលគ្នានៅតាមបណ្តាខេត្ត-ក្រុងចំនួន ១៧។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ពិធីបើកការដ្ឋានសាងសង់បណ្តាសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា
និងមធ្យមសិក្សា នៅក្នុងឃុំព្រំដែនសេសសល់ ក្នុងចំណោមខេត្តក្រុងចំនួន ១៧។ ក្នុងរូបថត
ពិធីចុចប៊ូតុងចាប់ផ្តើមសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា ចំនួន
៥ នៅខេត្ត ឡាយចូវ (Lai
Chau) ។ រូបថត៖ តាតសឺន/ VNPនៅខេត្ត ឡាយចូវ (Lai Chau) ទីតាំងដែលមានសិស្សានុសិស្សជាង ៨០% ជាជនជាតិភាគតិច សំណង់នានាកំពុងត្រូវបានជំរុញពន្លឿនការសាងសង់។ សាលាអន្តេវាសិកអន្តរកម្រិតនៅឃុំ ផុងថូ (Phong Tho) គឺជាគម្រោងគំរូមួយ ក្នុងចំណោមគម្រោងផ្សេងៗទៀត។ ក្នុងការដ្ឋានសាងសង់លើផ្ទៃដីទំហំ ៦ ហិកតា បរិយាកាសសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកបំផុត។ គម្រោងនេះមានដើមទុនវិនិយោគសរុបចំនួន ២៥០ ពាន់លានដុង រួមមានហេដ្ឋារចនាសម្ព័ន្ធសិក្សា និងកន្លែងស្នាក់នៅ ដូចជា៖ បន្ទប់សិក្សា កន្លែងស្នាក់នៅ, ផ្ទះបាយ, អគារពហុមុខងារ, កីឡាដ្ឋាន និងអាងហែលទឹក។
“ការសាងសង់សាលាអន្តេវាសិកអន្តរកម្រិតដ៏ទំនើបៗ មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌសិក្សា និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកែលម្អសុខភាព បង្កើតរបៀបរស់នៅបែបវិទ្យាសាស្ត្រ និងបង្កើនសមត្ថភាពក្នុងការទទួលយកចំណេះដឹងសម្រាប់សិស្សានុសិស្ស” - លោក ម៉ាក់ ក្វាងយុង (Mac Quang Dung) នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត ឡាយចូវ (Lai Chau)។
លោក យឿង វិញហៀន (Duong Vinh Hien) តំណាងអង្គភាពសាងសង់បានឱ្យដឹងថា៖ «យើងខ្ញុំបានកៀរគរពលកម្មជាអតិបរមា ពេលខ្លះមានកម្មករឡើងដល់ ៥០០ ទៅ ៦០០នាក់ ដើម្បីធានាឱ្យទាន់ពេលកំណត់ ព្រមទាំងរក្សាបាននូវគុណភាពសំណង់»។ យោងតាមផែនការ គម្រោងនេះនឹងត្រូវបញ្ចប់ នៅចុងខែសីហា ឆ្នាំ២០២៦ ប៉ុន្តែអង្គភាពសាងសង់កំពុងខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដោយដាក់គោលដៅប្រគល់ផ្នែកខ្លះនៃសំណង់នាឱកាសថ្ងៃទី ១៩ ខែឧសភា។
លោក ម៉ាក់ ក្វាងយុង (Mac Quang Dung) នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត ឡាយចូវ (Lai Chau) បានសង្កត់ធ្ងន់ថា “ការសាងសង់សាលាអន្តេវាសិកអន្តរកម្រិតទំនើប មិនត្រឹមតែធ្វើអោយប្រសើរឡើងនូវលក្ខខណ្ឌសិក្សា និងរស់នៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកែលម្អសុខភាព បង្កើតរបៀបរស់នៅបែបវិទ្យាសាស្ត្រ និងបង្កើនសមត្ថភាពក្នុងការទទួលយកចំណេះដឹងសម្រាប់សិស្សានុសិស្សផងដែរ”។ យោងតាមលោក យុង (Dung) ក្នុងរយៈពេលវែងឆ្ងាយ បរិយាកាសអប់រំថ្មីនឹងជួយលើកកម្ពស់ចំណេះដឹងរបស់ប្រជាជន បង្កើតប្រភពធនធានមនុស្សមានគុណភាព ព្រមទាំងទាក់ទាញ និងកាន់ជើងគ្រូបង្រៀន បម្រើការងារ ក្នុងតំបន់លំបាក។
យោងតាមផែនការ ខេត្តឡាយចូវ (Lai Chau) នឹងសាងសង់សាលារៀនចំនួន ១១ នៅក្នុងឃុំព្រំដែនចំនួន ១១ ដែលក្នុងនោះសាលារៀនចំនួន ៥ បានចាប់ផ្តើមសាងសង់ នៅឆ្នាំ ២០២៥ និងសាលារៀនចំនួន ៦ នឹងបន្តកសាងនៅឆ្នាំ២០២៦។ នេះគឺជាផ្នែកមួយនៃគម្រោងកសាងសាលារៀនចំនួន ២៤៨ នៅទូទាំងប្រទេស។
ក្នុងទ្រង់ទ្រាយធំជាងនេះ បណ្ដាសាលាអន្តេវាសិកអន្តរកម្រិតមិនត្រឹមតែដោះស្រាយបញ្ហាសិក្សាអប់រំជាភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងមូលដ្ឋានគ្រឹះអភិវឌ្ឍន៍ ចីរភាពក្នុងតំបន់ព្រំដែន ទីដែលសិស្សនុសិស្សម្នាក់ៗ អាចសិក្សា ធំឡើង និងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយមាតុភូមិ។ នៅក្នុងបរិបទនោះ ការសិក្សាអប់រំក្លាយជា "ខែលទន់" ការពារព្រំដែន មិនមែនដោយរបង ឬអាវុធ គឺដោយចំណេះដឹង និងមនុស្ស។ ពីស៊ីប៉ាភីន (Si Pa Phin) រហូតដល់ផុងថូ (Phong Tho) ពី ថ្នាក់រៀនថ្មី រហូតដល់ក្តីសុបិន្ត ដែលកំពុងរីកចម្រើន ជាដំណើរការស្ងប់ស្ងាត់មួយ ប៉ុន្តែពេញលេញដោយអត្ថន័យកំពុងប្រព្រឹត្តិទៅ ។ នោះគឺជាដំណើរការប្រើប្រាស់ការសិក្សាអប់រំដើម្បីបំភ្លឺអនាគត និងការពារព្រំដែនរបស់ប្រទេសជាតិ៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ តាតសឺន, ថាញ់យ៉ាង / VNP សួនទូ ប្រែសម្រួលដោយង្វៀនយ៉ាង


























