តំបន់ថ្មផ្ការីក

តំបន់ថ្មផ្ការីក

ខ្ពង់​រាប​ថ្ម​ ដុង​វ៉ាន់ (Dong Van) (ខេត្ត ហាយ៉ាង (Ha Giang) - ជា​កន្លែង​ដែល​មានភូមិសាស្ត្រ​ និង​អាកាសធាតុ​អាក្រក់​ ជា​កន្លែង​ដែល​មនុស្ស "រស់នៅលើថ្ម ស្លាប់ទៅកប់ក្នុងថ្ម" ហើយជាកន្លែង "ដីរាបស្មើមិនបានបីជំហាន​"។ ក្នុងរដូវ​ផ្កា​រីក​ ផ្កា​ម៉ាក់ខៃ ផ្កាព្រូន ផ្កាស្ពៃ​  ស្រាប់​តែ​រីក​ស្គុះស្គាយ កម្លាយតំបន់​ថ្ម​ប្រផេះក្លាយទៅជា​​ស្រស់ស្អាតមិនធម្មតា។

ខ្ពង់​រាប​ថ្ម​ ដុង​វ៉ាន់ (Dong Van) គឺ​ជា​តំបន់​ភូគព្ភសាស្ត្រ និងមាន​អាកាសធាតុ​ពិសេស​។ កម្ពស់​ដូច​គ្នា​ទៅ​នឹង​ខ្ពង់​រាប​ថ្ម​ ប៉ុន្តែ​នៅ​ពេល​ដែល​ផ្កា​ម៉ាក់ខៃ នៅ​ភ្នំ​ មៅសើន ( Mau Son) ( ខេត្ត ឡាង​សើន (Lang Son)) ស្រុក​ បាត​សាត (Bat Xat) Sa Pa (ខេត្ត ឡាយ​កាយ (Lao Cai)) និងទីរួម​ខេត្ត​ ម៉ុក​ចូវ (Moc Chau) (ខេត្ត សើន​ឡា(Son La)) កំ​ពុង​រីក​ ដើម្បី​ស្វាគមន៍​និទាឃ​រដូវ​ ផ្កាម៉ាក់​ខៃ​ នៅខ្ពង់រាបនេះ ​​មិន​ទាន់​រីកនៅឡើយ ហើយនៅដេកសម្ងំក្នុង​អព្ទនៃតំបន់​ភ្នំ។  នៅ​ពេល​ដែល​ផ្កា​ម៉ាក់ខៃចុងក្រោយ នៅក្នុងតំបន់ផ្សេងទៀត​  បានជ្រុះចាកមែកអស់ ផ្កាម៉ាក់​ខៃនៃ​ខ្ពង់​រាប​ថ្មនេះ​ ទើបចាប់ផ្តើម​ "រីក" ។

ផ្កាម៉ាក់ខៃ​រីក​នៅខាងមុខ​ផ្ទះរបស់ជនជាតិ ឡូឡូ​ (Lo Lo) ក្នុងភូមិ​ឡូឡូចាយ (Lo Lo Chai) ។ រូបថត៖ ង្វៀន​ថាំង / VNP

ប៉ុន្តែ​​ពេល​​ដែល​​ផ្កា​ម៉ាក់ខៃ​នៅ​ទី​នេះរីក ក៏​មិន​​អាច​​កំណត់ពេល​​មុន​​បានដែរ​។ វា​អាច​រីកបន្ទាប់ពី​បុណ្យតេត​ប្រពៃណី​របស់ប្រជាជន​វៀតណាម វា​អាចរីក​នៅថ្ងៃទី១៥ ខែមួយ (តាមចន្ទគតិ) ឬ​វា​អាចរីក​នាដាច់​ខែ​មួយ ​(តាមចន្ទគតិ) ឬ​ឈាន​ចូល​ក្នុង​ខែ​ពីរ​ (តាមច័ន្ទគតិ) ក៏មាន។ ផ្កា​ម៉ាក់​ខៃរីកពេលណានោះ មិន​ត្រឹម​តែ​អាស្រ័យ​លើ​អាកាសធាតុ​ក្នុង​ឆ្នាំនោះត្រជាក់តិច ​ឬច្រើនប៉ុណ្ណោះ នៅទាំង​អាស្រ័យ​លើ​កត្តា​អាថ៌កំបាំង​ដទៃទៀត​។ 

 
 

ពិតជាអសមត្ថភាព ខណៈពេលពណ៌នា​អំពី​ភាព​ស្រស់​ស្អាត​នៃ​ផ្កា​ម៉ាក់​ខៃ នៅ​ក្នុង​តំបន់ខ្ពង់​រាប​ថ្ម​។​ផ្កាម៉ាក់ខៃក៏​មានត្របកចំ​នួន​ប្រាំ​ ​ពណ៌​ផ្កាឈូក​ស្រស់ ជាដើម​ ប៉ុន្តែផ្កា​នេះ​មាន​ត្របក​ផ្កា​​​ក្រាស់​ ធំ​ ជាង។ ដើម​ម៉ាក់ខៃត្រូវ​ទប់​ទល់​នឹង​អាកាសធាតុ​អាក្រក់ នៅ​តំបន់ខ្ពង់​រាប​ថ្ម​៖ ខ្វះទឹក​ ខ្វះដី​ ត្រូវ​​តស៊ូ​ចាប់ជាប់​នឹងថ្ម ដើម្បីលូតលាស់ ប្រឈម​មុខ​នឹង​ព្រះអាទិត្យ​ដ៏​ក្ដៅ​គគុក​នៃ​រដូវ​ក្តៅ​ និង​ត្រជាក់​ខ្លាំងនៃរដូវ​រងា​ ដូច្នេះ​ហើយត្របកផ្កា​ម៉ាក់​ខៃ នៃ​តំបន់​ខ្ពង់​រាប​ថ្ម​ មិន​​ស្តើង​ និងមិន​ទន់ខ្សោយ​បាន​ឡើយ​។ ផ្កា​​ប្រភេទ​នេះ​បង្ហាញ​សម្រស់នៅ​ក្នុង​អ័ព្ទ​​ដ៏ត្រជាក់​ ដូចជា​ភ្លើងតូច​បំភ្លឺដ៏កក់ក្តៅ។ មែក​នៃ​ដើម​ផ្កាម៉ាក់ខៃនីមួយៗ រីកស្គុះស្គាយ​ ​ប្រៀប​ដូចជាអណ្តាត​ភ្លើង​បាន​បណ្តេញភាពត្រជាក់។

នៅ​តាម​បណ្តោយ​ផ្លូវ​ ហាញ​ភុក (Hanh Phuc) (ផ្លូវជាតិលេខ ៤C) ពីទីក្រុង​ ហាយ៉ាង (Ha​Giang) ​ឆ្លង​កាត់​ស្រុក​ចំនួន ​៤ ​នៃ​តំបន់​ខ្ពង់​រាប​ថ្ម​៖ ក្វាន​បា (Quan Ba) អៀន​មិញ (Yen Minh) មែវវ៉ាក់ (Meo Vac) ដុង​វ៉ាន់ (Dong Van) មិនមែន​កន្លែងណាគ្មាន​​ផ្កាម៉ាក់ខៃរីក​។ ដើមផ្កា​ម៉ាក់ខៃឈរជា​បន្តបន្ទាប់​គ្នា តាមដង​ផ្លូវ​ឡើង​លើចង្កេះភ្នំថ្មដ៏ចោត​ ពី​ជើង​របង​ថ្ម​ ជិត​ជញ្ជាំង​ដី​ គ្របដណ្តប់លើ​ដំបូល​ប្រក់ក្បឿង​ យិនយ៉ាង មក​ដល់​ទឹកជ្រោះនិង ព្រៃ​មាត់ជ្រោះភ្នំដ៏ជ្រៅ​ នៅវាលថ្ម​ដ៏​ធំ​សម្បើម​។ នៅ​ក្រោមជើង​បង្គោល​ទង់​ជាតិ​ លូង​​គូ (Lung Cu) ពណ៌​នៃ​ផ្កា​ម៉ាក់ខៃរីក​ត្រចះ​ត្រចង់​ ក្នុង​ជំនោរខ្យល់​បក់​ដ៏ត្រជាក់។ ច​ម្រុះជាមួយ​នឹង​ពណ៌​ផ្កា​ឈូក​នៃ​ផ្កា​ម៉ាក់ខែ គឺ​ជា​ពណ៌​ស​សុទ្ធ​នៃ​ផ្កាព្រូន  និងផ្កាសារី​។ ​ក្នុង​ប៉ុន្មាន​ថ្ងៃដំបូង​នៃ​ឆ្នាំ​ថ្មី​ ពេលមកកាន់​ភូមិ​នានា​ នៅតំបន់​ខ្ពង់​រាប​ថ្ម​ ភ្ញៀវ​ទេសចរ​នឹង​មាន​អារម្មណ៍​ថា​ ពួកហាក់ដូចជាត្រូវវង្វែងចូលក្នុងពិភពទេពនិករ ព្រោះពណ៌សនៃ​ផ្កាជម្ពូ​គ្រប​ដណ្តប់​លើ​ភ្នំ​ដែល បង្កើត​​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​។

គួរ​ឱ្យ​ចាប់​អារម្មណ៍​បំ​ផុត​គឺ​ប្រហែល​ជា​ទេសភាពនៃផ្កាព្រូន ​និង​ផ្កាសារី រីក​នៅ​​ខាង​លើ​ទ្វារ​ឈើ​នៃ​របង​ថ្ម​។ ដុំ​ថ្ម​ខ្មៅ​ត្រួតលើគ្នា ហ៊ំព័ទ្ធជុំវិញ​ផ្ទះ​ដី​ឥដ្ឋ​។ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះគឺ នៅ​លើ​របង​ថ្ម​គឺ​ជា​ពណ៌​ស​សុទ្ធ​នៃ​ផ្កាព្រូន ដែល​រីក​នៅ​លើ​មែក​ឈើ​ចាស់​។ មែក​ផ្កាចំអើតលើ​រប​ង​ថ្ម​ ចំអើត​លើដំ​បូល​ប្រក់​ក្បឿង​ពណ៌​ត្នោត​ងងឹត​ នៅ​តែ​លូតលាស់ក្នុង​អ័ព្ទនិងព្រិល។

 

រដូវ​ផ្កាព្រូនរីក ​នៅ​ខេត្ត ហាយ៉ាង (Ha Giang) ចាប់​ពី​ដើម​ខែ​កុម្ភៈ ​ដល់​ចុង​ខែ​មីនា​។ ភ្ញៀវ​​ទេសចរ​​អាច​សម្របខ្លួន​ក្នុង​​​ពណ៌​​ផ្កា ​នៅ​​តំ​បន់​​ខ្ពង់​​រាប​​ថ្ម​ ដុង​វ៉ាន់ (Dong Van)។ ទន្ទឹម​នឹង​ផ្កាម៉ាក់ខៃ​ និង​ផ្កាព្រូនជ្រលង​ភ្នំ នៅមាន​មាន​ពណ៌​លឿង​ភ្លឺ​នៃ​ផ្កា​ស្ពៃ។ ពីក្លោង​ទ្វារ​មេឃ - ​ក្វាន​បា (Quan Ba) ​​ដល់​ទីរួម​ស្រុក​ ដុង​វ៉ាន់ (Dong Van) គឺ​ជា​ "រូបភាព​" ​នៃ​រដូវ​ផ្កា​ស្ពៃពណ៌លឿង។

នៅ​ខ្ពង់​រាប​ថ្ម​  ដុង​វ៉ាន់ (Dong Van) អ្នក​គ្រាន់​តែ​ឈរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ជើង​ភ្នំ​ ចង្កេះ​ភ្នំទាប​ ឬ​
សូម្បី​​តែ​ញកថ្មខ្ពស់​ៗ អ្នក​អាច​គយ​គន់កម្រាល​ព្រំ​ផ្កាស្ពៃពណ៌​លឿង​ដ៏​អស្ចារ្យ​​។ ពេល​​វេលា​​ដ៏​
​អស្ចារ្យ​​​បំ​ផុត ​​គឺ​​នៅ​​ពេល​​ព្រះអាទិត្យរះ ​ឬ​​​ពេល​ព្រះអាទិត្យ​​លិច​ ដែល​​ធ្វើ​​ឱ្យ​​ទេសភាព​វាលស្ពៃ ​កាន់​តែ​ស្រស់​​ស្អាត​ និង​​ភ្លឺ​​ចែង​ចាំង​។

 

ក្រុម​អ្នក​ជិះ​ម៉ូតូទៅទេសចរណ៍ ម៉ូតូ​ធុន​ធំ​ ​ធ្វើ​ដណើរជាបន្តបន្ទាប់គ្នា ដែល​ទៅពី​ដុងវ៉ាន់ (Dong Van) ដល់ ម៉ែវវ៉ាក់ (Meo Vac) ធ្វើ​ឲ្យ​ពួក​គេ​រឹតតែរំភើបចិត្ត។ មនុស្ស​ម្នាប្រជែងគ្នា​ទៅ​ថត​ផ្កា។
បើសិនរដូវរងាកាន់​តែ​ត្រជាក់ ខណៈ​និទាឃរដូវ​ឈាន​ចូល​ដល់ផ្កា​មាន​ពណ៌កាន់តែ​ស្រស់។
 

ហាក់​បី​ដូចជា​អ្នក​រស់នៅ​ក្នុងតំបន់​ខ្ពង់រាប​ គេមិនមានទម្លាប់​យក​ផ្កា​ចូល​ក្នុង​ផ្ទះ​ទេ  ផ្កា​រីក​ដោយ​សេរី​នៅ​លើ​វាល​ភ្នំ ក្នុង​វាល​ស្រែ​។ ផ្កា​បាន​យក​ឈ្នះ​លើ​អាកាសធាតុ​អាក្រក់​នៃ​តំបន់​ព្រៃភ្នំ។ ផ្កាដូចនារី​ជនជាតិ​ម៉ុង (Mong) ដាវ (Dao) ឡូឡូ (Lo Lo) យៃ (Giay).. ស្រស់ស្អាត ស្លូតត្រង់៕

  • អត្ថបទ៖ ថុងធៀន - រូបថត៖ ង្វៀនថាំង, ហ្វ័ងហា, ត្រឹន​ហៀវ​, ថុង​ធៀន / VNP

Top