ឈូងសមុទ្រឡានហា (Lan Ha) - “ពេជ្រមានតម្លៃ” នៃទេសចរណ៍សមុទ្រវៀតណាម

ឈូងសមុទ្រឡានហា (Lan Ha) - “ពេជ្រមានតម្លៃ” នៃទេសចរណ៍សមុទ្រវៀតណាម

ស្ថិត​នៅ​ក្នុង​ប្រជុំ​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​ ឈូង​សមុទ្រ​ហាឡុង​ (Ha Long) - ប្រជុំកោះ​កាតបា​ (Cat Ba) ឈូង​សមុទ្រ​ឡានហា (Lan Ha) មាន​​ប្រសិទ្ធនាម​ថា ពេជ្រមាន​តម្លៃនៃ​ទេសចរណ៍​សមុទ្រ​កោះ​វៀតណាម​។ នៅទីនេះ មាន​សម្រស់ធម្មជាតិ​ ស្ងាប់ស្ងាត់​ ដែល​មាន​​កោះតូច​ធំ​រាប់រយ​ រួមនឹង​ប្រព័ន្ធអេកូឡូស៊ី​សម្បូរបែប​ ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក ​និង បរទេស​អញ្ជើញ​មកស្វែង​យល់ ​និង ​ពិសោធន៍​។​

ទិដ្ឋភាព​ទាំងមូលឈូង​សមុទ្រ​ឡាន​ហា (Lan Ha)សំឡឹងពីទីខ្ពស់​។ រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​

នៅ​ចម្ងាយ​ពី​ទីក្រុង​ហាយ​ភុង​ (Hai Phong) ប្រហែល​៣០គីឡូម៉ែត្រ​ ឈូងសមុទ្រ​ឡាន​ហា (Lan Ha) បាន​ចាត់ទុក​ជា​ស្ពានតភ្ជាប់​កោះកាត​បា​ (Cat Ba) និង ឈូង​សមុទ្រ​ហាឡុង​ (Ha Long)។ ឈូង​សមុទ្រ​ឡាន​ហា​ (Lan Ha) មាន​ផ្ទៃដី​ជាង​៧០០០ហិកតា​ ក្នុងនោះ​មាន​ផ្ទៃដី​ជាង​៥.៤០០ហិកតា​​ ជា​ចំណុះ​ក្រោម​ការ​គ្រប់គ្រង​នៃ​តំបន់​ជីវមណ្ឌល​បម្រុង​ពិភពលោក​ សួន​ឧទ្យាន​ជាតិ​កាត​បា​ (Cat Ba)។ ឈូង​សមុទ្រ​ឡាន​ហា (Lan Ha) ​មាន​រាង​កោង​ដូច​រាង​ធ្នូ​ មានការ​​ហ៊ុំព័ទ្ធជុំ​ដោយ​កោះតូចធំ​ជាង​៤០០​។ ឈ្មោះ​ឡាន​ហា (Lan Ha) មាន​ន័យ​ជា​ផ្កាអ័រគីដេ​ធ្លាក់ចុះមក​​ឋាន​មនុស្ស​ បំពេញ​សម្រស់ជូន​ជីវិត​។ ទោះបី​គ្មាន​កោះ​នៅ​ជុំវិញ​ដូច​ឈូង​សមុទ្រ​ហាឡុង ​(Ha Long) ប៉ុន្តែ​ឈូង​សមុទ្រ​ឡាន​ហា​ (Lan Ha) បែរជា​មាន​ចំណុច​ទាក់ទាញ ​គឺ​មានឆ្នេរខ្សាច់​តូចៗ​​ទៅ​ដល់​១៣៩ ស្ថិតនៅ​​ព័ទ្ធជុំវិញ​ ជាមួយ​ប្រព័ន្ធ​អេកូឡូស៊ី​សម្បូរបែប​ ព្រមទាំង​មាន​ប្រភេទសត្វ​រុក្ខជាតិ​កម្រ​ជាច្រើន​។​


ដោយមាន​ទីតាំង​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​ទីប្រជុំជន​ ដូចនេះ​បរិយាកាស​នៅ​ឈូង​សមុទ្រ​ឡាន​ហា (Lan Ha) ​សែន​ស្រស់ថ្លា​ និងសុខស្ងប់​ណាស់​។ ភ្ញៀវទេសចរ​មកដល់ទីនេះ អាច​ក្រេប​យក​បរិយាកាស​ស្រស់ថ្លា​ ​ក្រោយ​ថ្ងៃធ្វើការ​ហត់នឿយ​។ នៅទីនេះ ភ្ញៀវទេសចរណ៍​អាច​ចូលរួម​មុជទឹក​ស្វែងយល់​អំពី​ពិភព​ខាងក្រោម​មហាសមុទ្រ​ ឬ​ចូល​ទៅ​​ទស្សនា​ល្អាង​ភ្នំ​ ដើម្បី​ស្វែងយល់អំពី​ប្រវត្តិ​ភូគព្ភសាស្រ្ត​នៃតំបន់​។ ឈូង​សមុទ្រ​ឡាន​ហា (Lan Ha) ​នៅមាន​ឆ្នេរសមុទ្រ​ស្អាត​ជា​ច្រើន ដោយ​មាន​ទឹក​សមុទ្រថ្លា​ ខ្សាច់​សម៉ដ្ឋខៃ​ សមស្រប់សម្រាប់​ភ្ញៀវទេសចរ​ងុត​ទឹក​សមុទ្រ​ និងលំហែកាយ​។​


លេចធ្លោ​បំផុត​ ពេល​ស្វែង​យល់​អំពី​ឈូង​សមុទ្រ​ឡាន​ហា (Lan Ha) គឺ​កោះ​កាត​បា​ (Cat Ba) ជា​ទីកន្លែង​ភ្ញៀវទេសចរ​ អាច​ទស្សនា​សួន​ឧទ្យាន​ជាតិ​កាត​បា (Cat Ba) ​ ទស្សនា​ល្អាង​ភ្នំ និងទស្សនា​ស្វែងយល់អំពី​សកម្មភាពជា​ច្រើន​​ នៅ​ក្រោម​លំហធម្មជាតិ​។ ទន្ទឹមនោះ ភ្ញៀវទេសចរ​ក៏មិន​គប្បី​រំលង​ទីកន្លែងដ៏​​ទាក់ទាញ​​ជាច្រើន​ដូចជា​កោះ​ស្វា ទី​រស់នៅ​នៃ​សត្វស្វា​រាប់ពាន់ក្បាល។ល។​

ភ្ញៀវទេសចរ​ពិសោធន៍​សេវា​កម្ម​ទេសចរណ៍​ឈូង​សមុទ្រ​ឡាន​ហា (Lan Ha)។​ រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​

មកកាន់ទីនេះ ភ្ញៀវទេសចរ​ចូរ​រួម​គ្នា​ពិសា​មុខម្ហូប​គ្រឿង​សមុទ្រ​សម្បូរបែប​ ជាមួយ​ក្តាម​សមុទ្រ​ ឈ្លើង​សមុទ្រ សត្វប្រឡាំង​កាស​ បង្កង​យក្ស ពស់​សមុទ្រ​។ល។ មុខម្ហូប​ឆ្ងាញ់​ពិសេស​ ដែល​ភ្ញៀវទេសចរ​គួរ​ពិសា​ ពេល​មកដល់​ឈូងសមុទ្រ​ឡាន​ហា​ (Lan Ha) គឺ​ប្រឡាំង​កាស​អាំង​ បង្កង​យក្ស​ដុត​ប័រ​ពងមាន់​ ក្តាម​លីង​ ឈើ្លងសមុទ្រ​អាំង​ បង្កងយក្ស​ស្រូប​ស្រាទំពាំងបាយ​ជូរ​។​ល។​

ក្នុង​ដំណើរ​ស្វែងយល់ទស្សនា​ឈូងសមុទ្រ​ឡាន​ហា (Lan Ha) ភ្ញៀវទេសចរ​អាច​ទៅ​កាន់​កោះ​វ៉ាន​ប៊ូយ​ (Van Boi) ​ដើម្បី​ចែវ​ទូក kayak​ និង មុជ​ទឹក​សមុទ្រ​គយ​គន់​ផ្កា​ថ្ម​ ឬទៅកាន់​ភូមិ​នេសាទ​កាយ​ប៊ែវ​ (Cai Beo) ជា​ភូមិ​នេសាទ​បុរាណ​ល្បី​ឈ្មោះ​លើ​ផ្ទៃទឹក​ នឹង​នាំមកជូន​ភ្ញៀវទេសចរ​ពិសោធន៍​ពិសេស​ អំពី​ជីវភាព​រស់នៅ​នៃអ្នកស្រុក​មូលដ្ឋាន​៕​

ដើម្បីធ្វើ​ដំណើរ​ទៅ​ទស្សនា​នូវ​ឈូង​សមុទ្រ​ឡាន​ហា (Lan Ha) បាន​ មុនដំបូង​អ្នកត្រូវ​ធ្វើ​ដំណើរទៅ​ដល់​កោះ​កាត​បា​ (Cat Ba)​។ ពីមជ្ឈមណ្ឌល​កោះ​កាត​បា​ (Cat Ba)​ ភ្ញៀវទេសចរ​ចាប់​ឡាន​តាក់ស៊ី​ ទៅកាន់​កំពង់​ប៊ែវ​ (Beo) ទិញ​សំបុត្រ​ចូល​ឈូង​សមុទ្រ​ដោយ​តម្លៃ​ ៣០.០០០ ដុង​។

តម្លៃ​សំបុត្រ​ទៅ​ទស្សនា​ឈូង​សមុទ្រ​ឡាន​ហា (Lan Ha)​៖

ក្រុម​ភ្ញៀវទេសចរ​មាន​​ពី​១០ ដល់​២០នាក់ ​តម្លៃ​ជួល​ទូក​ពី​១,៦​លាន​ដល់​៥លាន់ដុង​មួយ​គ្រឿង​។ ក្រុម​ភ្ញៀវ​ទេសចរ​មាន​​ពី​២៥ ដល់​៥០នាក់​ តម្លៃជួ​លទូក​ពី​២,២លាន​ដល់​៧លាន​ដុង​មួយគ្រឿង​។

អត្ថបទ៖ ត្រឹន​ថាញ​យ៉ាង​/កាសែតរូបភាពវៀតណាម​

រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top