ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) តាមរយៈគំហើញរបស់អន្តរជាតិ
ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) ដ៏ល្បីល្បាញលើទ្វីបទាំងប្រាំ ដែលជាជ័យជំនះធ្វើឲ្យកក្រើកផែនដីរបស់ប្រជាជនវៀតណាម នៅតែរក្សាតម្លៃចំពោះដំណើរវិវត្តនៃប្រវត្តិសាស្ត្ររបស់ពិភពលោក តាមរយៈការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រ និងអ្នកប្រាជ្ញដ៏មានកិត្យានុភាពក្នុងពិភពលោក។
ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) បានបំផុសគំនិតដល់ទ្វីបទាំងប្រា
កាលពី ៧០ ឆ្នាំមុន ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស កងទ័ព និងប្រជាជនរបស់យើងបានរៀបចំ និងអនុវត្តសមរភូមិយុទ្ធសាស្ត្រដ៏អង់អាចក្លាហាន នៅឌៀនបៀនភូ (Dien Bien Phu)។ ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានសារៈសំខាន់ និងតួនាទីយុគសម័យដ៏ធំធេងដែលបង្ខំឱ្យគូប្រជែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ បញ្ចប់សង្គ្រាម ហើយទទួលស្គាល់ឯករាជ្យនៃប្រទេសឥណ្ឌូចិនទាំងបី។
ស្របឱកាសនេះ អគ្គលេខាសមាគមមិត្តភាពប្រេស៊ីល-វៀតណាម លោក Pedro De Oliveira បានអះអាងថា ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការតស៊ូប្រឆាំងនឹងអាណានិគមនិយមរបស់ប្រជាជាតិជុំវិញពិភពលោក។ ហេតុដូច្នេះ ក្នុងប៉ុន្មានឆ្នាំនៃចុងទសវត្សរ៍ទី ៦០ នៃសតវត្សទី ២០ មានជាង៤០ជនជាតិនៅលើពិភពលោកបានទទួលឯករាជ្យជាបន្តបន្ទាប់។
“ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) គឺជាការបង្រួបបង្រួមនៃកត្តាជាច្រើន រួមទាំងតួនាទីដឹកនាំរបស់បក្ស ដោយផ្ទាល់គឺចក្ខុវិស័យ ទស្សនវិស័យ និងយុទ្ធសាស្ត្រដ៏អស្ចារ្យរបស់លោកប្រធានហូជីមិញ (Ho Chi Minh) និងតួនាទីដឹកនាំយុទ្ធនាការរបស់ នាយឧត្តមសេនីយ៍ លោកវ៉ង្វៀនយ៉ាប (Vo Nguyen Giap) ។ លោកប្រធានហូជីមិញ (Ho Chi Minh) បានចាត់ទុកថា សង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមបារាំងគឺជាការតស៊ូប្រដាប់អាវុធ ដោយមានការចូលរួមពីប្រជាជនទាំងឡាយដែលត្រូវជិះជាន់”។ យោងតាមការបញ្ជាក់របស់លោក Pedro De Oliveira អគ្គលេខាសមាគមមិត្តភាពប្រេស៊ីល-វៀតណាម។
រីឯអគ្គលេខាគណៈបក្សពលកម្មម៉ិកស៊ិក (PT) លោក Alberto Anaya Guitiérrez បានសន្និដានថា “ជ័យជម្នះដ៏អស្ចារ្យនេះបានបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ចលនាបដិវត្តន៍អន្តរជាតិ ហើយក៏ជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេងសម្រាប់ចលនាតស៊ូ ដើម្បីដណ្តើមឯករាជ្យ នៅប្រទេសផ្សេងៗជុំវិញពិភពលោក”។ ជាមួយគ្នានេះ ប្រវត្តិវិទូជនជាតិបារាំង លោក Alain Ruscio បានសង្កត់ធ្ងន់អំពីមេរៀននៃព្រឹត្តិការណ៍នេះនៅតែរក្សាតម្លៃជាប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ននេះ។ លោក Ruscio ធ្លាប់ជាអ្នកយកព័ត៌មានរបស់កាសែតបារាំង L'Humanité (មនុស្សធម៌) ប្រចាំប្រទេសវៀតណាម និងជាអ្នកនិពន្ធស្នាដៃស្រាវជ្រាវជាច្រើនអំពីសម័យអាណានិគមបារាំងនៅឥណ្ឌូចិន និង"សង្រ្គាមឥណ្ឌូចិន" ។ " លោក វ៉ង្វៀនយ៉ាប (Vo Nguyen Giap) មួយជីវិត", " ឌៀនបៀនភូ (Dien Bien Phu) - ព្រេងកថា និងការពិត" ...
មកដល់ពេលនេះ អតីតយុទ្ធជនបារាំងភាគច្រើនដែលចូលរួមក្នុងសង្គ្រាមនៅឥណ្ឌូចិន ជាពិសេសអ្នកមានវត្តមាននៅសមរភូមិ ឌៀនបៀនភូដ៏កាចសាហាវនោះសុទ្ធតែស្លាប់អស់ទៅហើយ។ អ្នកមួយចំនួនតិចដែលនៅរស់បានបង្ហាញពីបំណងចង់នាំយកដីបន្តិចរបស់ខេត្ត ឌៀនបៀនភូ (Dien Bien Phu) និងសេចក្តីស្រឡាញ់របស់ពួកគេចំពោះវៀតណាម ដើម្បីរួមដំណើរទៅកាន់បរលោក។ អនុស្សាវរីយ៍ដ៏ឈឺចាប់របស់ពួកគេកាលនោះ ឥឡូវបានជំនួសដោយសេចក្តីស្រឡាញ់ដ៏ពិសេសសម្រាប់តំបន់នេះ។ ឧត្តមសេនីយ លោកPhilippe de Maleissye ប្រធានសមាគមអតីតអ្នកទោសឥណ្ឌូចិន របស់បារាំង (ANAPI) បានចែករំលែកថា "ខ្ញុំយកដីមកជូនមិត្តរបស់ខ្ញុំ ពួកគេតែងចាត់ទុកដីនោះជាសក្ខីភាពនៃប្រវត្តិសាស្ត្រ"
ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) គឺជាចំណុចភ្លឺក្នុងប្រវត្តិសាស្ត្ររំដោះប្រជាជាតិលើពិភពលោក។ យើងក៏ទទួលបានការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តភក្តិអន្តរជាតិ ទាំងសម្ភារៈ និងស្មារតី ទាំងកងកម្លាំងប្រឹក្សា ការបណ្តុះបណ្តាល - ហ្វឹកហាត់មន្ត្រី និងការផ្លាស់ប្តូរបទពិសោធន៍ប្រយុទ្ធ។ យោងតាមស្ថិតិ "ចាប់ពីខែឧសភា ឆ្នាំ១៩៥០ ដល់ខែមិថុនា ឆ្នាំ១៩៥៤ វៀតណាមបានទទួលជំនួយចំនួន ២១.១៥៧តោន រួមមានកាំភ្លើង គ្រាប់រំសេវ ស្បៀងអាហារ យានជំនិះដឹកជញ្ជូន ទំនិញវេជ្ជសាស្រ្តយោធា បរិក្ខារយោធា .... ដែលមានតម្លៃសរុប ៣៧លានរូប្ល ពីសហភាពសូវៀត ប្រទេសចិន និងប្រទេសប្រជាធិបតេយ្យប្រជាជនដទៃទៀត” (កាសែតពលកម្ម ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០៤)។
ជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu) របស់ប្រជាជនវៀតណាម គឺជានិមិត្តរូបនៃចលនារំដោះប្រជាជនអាណានិគម និងប្រជាជនដែលត្រូវបានជិះជាន់ និងកេងប្រវ័ញ្ចលើពិភពលោក។ នេះជាការអះអាងរបស់លោកសាស្ត្រាចារ្យ Ezequiel Ramoneda អ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍ (CESEA) ចំណុះវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិ La Plata Argentina (UNLP) ។
ក្រៅពីនោះ កម្លាំងមហាសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាមត្រូវបានលើកកម្ពស់ក្នុងកម្រិតខ្ពស់បំផុត។ នៅពេលវាយតម្លៃពីសារៈសំខាន់ និងភាពអស្ចារ្យនៃជ័យជំនះនេះ លោកប្រធានហូជីមិញ (Ho Chi Minh) បានអះអាងថា៖ “នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសអាណានិគមតូច និងទន់ខ្សោយមួយបានយកឈ្នះប្រទេសអាណានិគមដ៏ខ្លាំងពូកែ។ នោះគឺជាជ័យជំនះដ៏ត្រចះត្រចង់របស់ប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះក៏ជាជ័យជម្នះសម្រាប់កម្លាំងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសង្គមនិយមលើពិភពលោក»./.
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA
បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញូងប្រែសម្រួលដោយង្វៀនយ៉ាង