ចង្កេះភ្នំអូគ្វីហូ (O Quy Ho) - ទីប្រសព្វដីនិងមេឃ
ស្ថិតនៅលើផ្លូវជាតិលេខ 4D ក្នុងតំបន់ជាប់ព្រំប្រទល់ រវាងខេត្តឡាវកាយ (Lao Cai) និង ឡាយចូវ (Lai Chau) ចង្កេះភ្នំអូគ្វីហូ (O Quy Ho) មានប្រវែងប្រហែល៥០គីឡូម៉ែត្រ ជាដងផ្លូវចង្កេះភ្នំវែងបំផុតវៀតណាម។ ចង្កេះភ្នំបានជនជាតិម៉ុង (Mong) យ៉ាវ (Dao) យ៉ី(Giay)។ល។ នៅក្នុងតំបន់ដែលប្រតិដ្ឋជារឿងព្រេងនិទានមួយ ស្តីអំពីរឿងស្នេហាកំសត់ និងបច្ចុប្បន្ន ទីនេះ ជាអាសយដ្ឋានទេសចរណ៍ពេញនិយម ជាមួយនឹងចំណីអារម្មណ៍ពិសេស ពោលគឺគយគន់ពពក ធ្វើដំណើរតាមដងផ្លូវគ្រោះថ្នាក់ និង ទស្សនាទេសភាពធម្មជាតិមហស្ចារ្យ។
តំណាលថា បុរសអូគ្វីហូ (O Quy Ho) ជាបុត្រាអ្នកតាភ្នំ។ មួយថ្ងៃៗ បុរសនេះឡើងភ្នំកាប់ឱស ផ្លុំខ្លុយ ធ្វើមិត្តនឹងពពកខ្យល់ សព្វសត្វទាំងពួង។ ថ្ងៃមួយ បុត្រីទាំង៧នាក់របស់ព្រះឥន្ទ យាងចុះស្ថានមនុស្សកម្សាន្តកាយ ងុតទឹកជ្រោះនៅក្បែរទីបុរស អូគ្វីហូ (O Quy Ho) ស្នាក់នៅ។ បុត្រីពៅបានឮសំឡេងខ្លុយរំពងរណ្តំរបស់បុរស អូគ្វីហូ (O Quy Ho) ក៏ចាប់ចិត្តប្រតិពន្ធស្រឡាញ់បុរសកាប់ឱសម្នាក់នេះ។ ផ្តើមពីនោះមក បុរស អូគ្វីហូ (O Quy Ho) និង ព្រះនាងបុត្រីពៅ តែងតែណាត់ជួបសាសងផ្តោះផ្តងស្នេហា នៅក្បែរដងស្ទឹង។
ពេលជ្រាបរឿងរ៉ាវ ព្រះឥន្ទបានហាមព្រះនាងបុត្រីពៅ មិនឱ្យយាងចុះស្ថានមនុស្សលោកទៀត ព្រមទាំងជបបុរស អូគ្វីហូ (O Quy Ho) ក្លាយជាសត្វអណ្តើកខ្មៅ។ រីឯព្រះនាងបុត្រីពៅ នឹករលឹកគូស្នេហ៍ពន់ពេក កើតទុក្ខរហូតដល់ស្លាប់ទៅ។ ពេលស្លាប់រួចព្រះនាងក្លាយជាសត្វហង្ស ពេលរសៀលទន់ទេ សត្វហង្សតែងហោះឆ្វេលឆ្វាត់កាត់ចង្កេះភ្នំ យំស្រែក គួរឱ្យស្រណោះស្រណោកពន់ពេក៖ អូគ្វីហូ! អូគ្វីហូ! យ៉ាងរំជួលចិត្តចំពោះគូស្នេហាដែលត្រូវបែកបាក់ អ្នកភូមិ អ្នកស្រុកបានដាក់ឈ្មោះចង្កេះភ្នំនេះ ដែលជាទីកន្លែងបុរស អូគ្វីហូ (O Quy Ho) ធ្លាប់បានស្នាក់នៅ ហៅថាចង្កេះភ្នំអូគ្វីហូ (O Quy Ho) ហើយជ្រោះទឹកធ្លាក់មួយកន្លែងដែលគូស្នេហ៍ធ្លាប់បានណាត់ជួបសាសង ហៅថាជ្រោះស្នេហ៍។
ក្រៅពីរឿងព្រេងមួយនេះ ក៏មានមនុស្សជាច្រើនហៅទីនេះ ថាចង្កេះភ្នំពពក ដោយសារទីនេះតែងមានពពកហ៊ុំព័ន្ធជុំវិញ បំផុតគឺនៅពេលថ្ងៃរសៀល ឈរនៅលើចង្កេះភ្នំ ទីប្រសព្វព្រំទល់រវាងខេត្តទាំងពីរ ខេត្តឡាវកាយ (Lao Cai) និង ឡាយចូវ (Lai Chau) អ្នកនឹងបានឃើញពពកសស្គុះអណ្តែតមកដិតដាំលើកំពូលភ្នំ រួចលំហូរចុះជ្រលងភ្នំខាងក្រោម។ ភ្ញៀវទេសចរមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយបានឈរជាន់លើពពកពាន់ដុំ។ នៅថ្ងៃដែលមានអកាសធាតុល្អ ពីកំពូលភ្នំភ្ញៀវទេសចរអាចគយគន់ឃើញទេសភាពផ្លូវរថយន្តធ្វើដំណើរព័ន្ធជុំឆ្លងកាត់ចង្កេះព្រៃភ្នំសន្ធឹងអន្លាយ ងើបមើលទៅលើ ភ្ញៀវទេសចរអាចទស្សនាទេសភាពមហស្ចារ្យនៃកំពូលភ្នំ ផានស៊ីផាំង (Phan Xi Phang)។ ពីកំពូលភ្នំសំឡឹងមើលទៅទិសខេត្តឡាយចូវ (Lai Chau) នឹងបានឃើញភ្នំរាប់ពាន់ប្រដេញគ្នា រួមជាមួយនឹងជ្រលងភ្នំ ដងផ្លូវរថយន្ត ប្រៀបដូចជាសសៃសូត្ររុំព័ន្ធជុំវិញចង្កេះភ្នំ។
អាកាសធាតុក៏ជាលក្ខណៈពិសេសនៃចង្កេះភ្នំ អូគ្វីហូ (O Quy Ho)។ នៅរដូវប្រាំង ម្ខាងចង្កេះភ្នំតំបន់ស្រុកសាប៉ា (Sa Pa) ខេត្តឡាវកាយ (Lao Cai) អាកាសធាតុត្រជាក់ រសៀលនិងយប់រងារ លិចក្រោមសន្សើមធ្លាក់ ឯម្ខាងនេះវិញ ស្រុកតាមដឿង (Tam Duong) ខេត្តឡាយចូវ (Lai Chau) បែរជាមានថ្ងៃក្តៅពន្លឺចែងចាំង។ ពេលរដូវរងារមកដល់ ខាងស្រុកតាមដឿង (Tam Duong) ក្តៅស្រួល តែខាងស្រុកសាប៉ា (Sa Pa) បែរជារងារ ធា្លក់ព្រឹល ចុះអ័ព្ទមើលមិនឃើញផ្លូវទៅវិញ។ ការធ្វើដំណើរពីខាងនេះ ទៅកាន់ខាងនោះ ទោះបីនៅរដូវកាលណាក៏ដោយ ក៏តែងតែធ្វើឱ្យភ្ញៀវទេសចរភ្ញាក់ផ្អើល ចំពោះភាពខុសប្លែកអំពីអាកាសធាតុទីនេះ។
ចំពោះភ្ញៀវទេសចរដែលចូលចិត្តផ្សងព្រេង អូគ្វីហូ (O Quy Ho) គឺជាទីកន្លែងចង់យកជំនះលើវា ដោយសារនេះជាចង្កេះភ្នំពត់ពេន គ្រោះថ្នាក់បំផុតនៅតំបន់ដងភ្នំទិសពាយព្យ ជាមួយនឹងកំណាត់ផ្លូវបត់កែងពិបាកធ្វើដំណើរ។ ពេលឈប់សម្រាកនៅលើចង្កេះភ្នំអូគ្វីហូ (O Quy Ho) បោះខ្សែភ្នែកទៅមើលទិសជើងមេឃ ភ្ញៀវទេសចរទើបអាចឃើញនូវភាពធំធេងគ្មានព្រំដែន នៃទឹកដីតំបន់ទិសពាយព្យ។ ធ្វើដំណើរម្តង ក្រេបយកពិសោធន៍ និង អារម្មណ៍ខុសប្លែងម្តង។ នៅរាត្រីចន្ទពេញបូណ៌មី ផ្ទៃមេឃស្រឡះ ពន្លឺចាំងចែងចុះផែនថ្មឈរ ឬជ្រែកតាមចន្លោះស្លឹកឈើនៅក្បែរដងផ្លូវ មើលទៅស្អាត និងអាថ៌កំបាំងណាស់។
ចង្វេះ អូគ្វីហូ (O Quy Ho) ជាអំណោយដ៏កម្រដែលធម្មជាតិប្រទានជូន សម្រាប់តំបន់ភាគពាយព្យ។ ជាមួយរឿងព្រេងកំសត់ និង ពិរោះ បូកជាមួយនឹងទេសភាពពពក មានគ្រប់រដូវកាលទាំង៤ ចង្កេះភ្នំអូគ្វីហូ (O Quy Ho) តែងតែជំរុញចិត្តភ្ញៀវទេសច អញ្ជើញមកស្វែងយល់ និង ផ្សងព្រេង៕
រូបថត៖ ង្វៀនថាំង ហ្វាងហា ត្រឹនហ៊ី ថុងថៀន និងវៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង