គ្រឿងកុលាលភាជន៍ តឹនធិញ (Tan Thinh) - ធ្វើឱ្យស្រស់បំព្រងនូវត្បូងពេជ្រនៃភូមិបាតត្រាង (Bat Trang)

គ្រឿងកុលាលភាជន៍ តឹនធិញ (Tan Thinh) - ធ្វើឱ្យស្រស់បំព្រងនូវត្បូងពេជ្រនៃភូមិបាតត្រាង (Bat Trang)

ដោយគោលបំណង​ប្រាថ្នាចង់​ធ្វើបម្លាស់ប្តូរថ្មី លើ​គ្រឹះនៃ​បេតិកភណ្ឌ​ភូមិ​របរ គ្រឿង​កុលាលភាជន៍ តឹនធិញ កំពុង​បង្កើតឡើងនូវមុខមាត់ថ្មី សម្រាប់​កុលាលភាជន៍បាត​ត្រាង។ ជាមួយ​នឹង​ប្រភេទ​ថ្នាំ​កាចា​ ស៊ូយ ង៉ុក (Suoi Ngoc) ផ្តាច់​មុខ ពាណិជ្ជសញ្ញានេះ មិន​ត្រឹម​តែ​ជួយ​​បង្កើន​តម្លៃ​ប្រពៃណី​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​រួម​ចំណែក​នាំយក​កុលាលភាជន៍​វៀតណាម បោះជំហាន​ទៅមុខ​ជា​លំដាប់ ដើម្បី​ដណ្តើម​យក​ទីផ្សារ តាម​រយៈ​ភាសា​ច្នៃប្រតិដ្ឋ​នៃ​សម័យ​កាល​។

នៅ​កណ្តាលភូមិកុលាលភាជន៍បាតត្រាង ឃុំបាតត្រាង ទីក្រុង​ហាណូយ ​ជា​កន្លែង​ដែលតម្លៃ​សិប្បកម្ម​ប្រពៃណីបាន​ថែ​រក្សា​អស់​រយៈ​ពេល​ជាច្រើន​សតវត្សរ៍​នៅ​តាម​ដង​ទន្លេ​ក្រហម - សហករណ៍​ផលិត និង​អាជីវកម្ម​គ្រឿង​កុលាល​ភាជន៍ តឹនធិញ បាន​ជ្រើស​រើស​យក​មាគ៌ា​​​ផ្ទាល់​ខ្លួន​​មួយ​៖ ធ្វើ​ឱ្យ​ស្រស់​បំព្រង​​នូវត្បូងពេជ្រ​បុរាណ ដើម្បី​បង្កើត​ពាណិជ្ជសញ្ញា​កុលាលភាជន៍​វៀត​ណាម​​មួយ ដែល​មាន​ដង្ហើម​នៃ​សម័យ​ទំនើប​។

រូបថតសិល្បករឆ្នើម Tran Duc Tan - ស្ថាបនិកសហករណ៍ផលិត និងអាជីវកម្មកុលាលភាជន៍​ Tan Thinh។ រូបថត៖ ថាញ់យ៉ាង/VNP

បង្កើតឡើងនៅឆ្នាំ២០១៣ សហករណ៍នេះ បានប្រមូលផ្តុំសិប្បករឆ្នើមចំនួន រួមមាន១១រូប ក្រោម​ការ​ដឹក​នាំ​របស់​សិប្បករឆ្នើម ត្រឹង ឌឹកតឹន (Tran Duc Tan)។ ចាប់តាំងពីថ្ងៃដំបូង​ លោក​និង​សហការី បានកំណត់ថា មិនត្រឹម​តែ​ស្តារ​ឡើង​វិញ​នូវទឹក​ថ្នាំ​កាចា​បុរាណដែល​ធ្លាប់​ស្គាល់​នោះ​ទេ នៅ​ថែមទាំង​បង្កើត​ផលិតផល ដែល​មានអត្តសញ្ញាណផ្ទាល់​ខ្លួន សមស្រប​ទៅ​នឹង​ជីវភាព​រស់​នៅ នាពេលបច្ចុប្បន្នផង។

សិប្បករឆ្នើម ត្រឹង ឌឹកតឹន បាន​រៀបរាប់​ថា៖ “អ្នក​ភូមិបាតត្រាង តែងតែ​គោរព អ្វីជាតម្លៃ​ដែល​ដូនតា​បាន​បន្សល់​ទុក​មក។​ ប៉ុន្តែ​ប្រសិន​បើ គ្រាន់​តែ​រក្សា​តម្លៃ​ចាស់​ដដែល​ដោយ​គ្មាន​ការ​ច្នៃប្រតិដ្ឋ​ទេ​នោះ កុលាលភាជន៍​ប្រពៃណី​នឹង​ពិបាក​ឈានទៅដល់​ទីផ្សារ​ទំនើប​ណាស់​។ យើងខ្ញុំ​ចង់បន្តវេននូវប្រណីត​ភាព​ទាំង​នោះ តាម​​រយៈរបៀប​បែបថ្មី​មួយ”។ ផ្តើម​ពី​គំនិត​នោះ តឹនធិញ បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ ​ស្រាវជ្រាវដើម្បីបង្កើតឱ្យមានថ្នាំ​កាចា​ ស៊ូយ​ង៉ុក ជាប្រភេទថ្នាំ​កាចា​​ បង្កើត​បាន​នូវអត្តសញ្ញាណនៃ​ពាណិជ្ជសញ្ញា​នេះ​។ នេះ​ជា​លទ្ធផល​នៃ​ការ​សាក​ល្បងជាមួយ​នឹងវត្ថុធាតុដើម​ក្នុងស្រុកទាំង​ស្រុង​​អស់រយៈពេល៥​ឆ្នាំ រួមនឹង​​បច្ចេកទេស​លាយ​​ផ្តាច់​មុខ​។

ផលិតផលរូបសេះធ្វើពីដីដុត ក្នុងដំណើរការបង្កើតក្បូរក្បាច់រចនា ដើម្បីបម្រើឱ្យឆ្នាំមមី។ រូបថត៖ រូបថត៖ ថាញ់យ៉ាង/VNP
កម្មករនៃសហករណ៍ផលិត និងអាជីវកម្ម​គ្រឿងកុលាលភាជន៍ តឹន​ធិញ កំពុងស្ថិត​ក្នុងដំណើរការ​បង្ហើយការកក់​ទិញផ្សេងៗ។ រូបថត៖ ថាញ់យ៉ាង/VNP
ផលិតផលកុលាល​ភាជន៍ បានដឹកជញ្ជូនចូលទៅក្នុង​ឡដុត។ រូបថត៖ ថាញ់យ៉ាង/VNP

ផលិតផលទាំងឡាយត្រូវបានដុតក្នុងសីតុណ្ហភាព ចាប់ពី ១.២៥០ ដល់ ១.៣០០អង្សាC បង្កើត​បាន​ជា​ផ្ទៃកាចា​រលោងភ្លឺថ្លាដូចជាត្បូង។ តុង​ពណ៌​​ពិសេស​​ទាំង​​ប្រាំ តំណាង​ឱ្យ​ធាតុ​ទាំង​ប្រាំគឺ លោហធាតុ​ ធាតុ​ឈើ ធាតុ​ទឹក ធាតុ​ភ្លើង និង​ធាតុ​​ដី ដែល​រំលឹក​ដល់ស្មារតី​លោក​ខាងកើត​ និង​​​ទាំង​នាំ​មក​នូវ​​សម្រស់​ទំនើប​ផង​។ នៅ​ក្រោម​ពន្លឺស្នាដៃជាច្រើនបានរំលេច​រស្មី​ពន្លឺ និង​ផ្លាស់​ប្តូរ​ពណ៌​យ៉ាង​សម្បូរ​បែប។

សិប្បករ​ឆ្នើម ត្រឹង ឌឹកតឹន​ បាន​ឱ្យដឹង​ថា​៖ “អ្វី​ដែល​បង្កើត​ឡើង​តម្លៃ​ពិសេស​នៃទឹក​ថ្នាំ​កាចា​ ស៊ូយ​ង៉ុក គឺជា​លក្ខណៈ ផ្តាច់មុខ​តែមួយ​គត់។ ភ្លើង​តែង​តែ​មាន​ការ​ប្រែប្រួល​ដោយឡែក​របស់​វា។ គ្មាន​ផលិតផល​ពីរ​ណា ​ដែល​ដូច​​គ្នា​​ទាំង​ស្រុង​នោះ​ទេ។ ស្នាដៃនីមួយៗ ជាការកកើត​ឡើង​ពី​ដី ទឹក និង​ភ្លើង នៅ​ក្នុង​ខណៈ​​ពេល​តែមួយ ហើយមិនអាច​កើតឡើង​ជាលើកទីពីរ​បានឡើយ”។

ភ្ញៀវទេសចរចូលទស្សនា និងស្វែង​រកទិញផលិតផលប្លែកៗ ដែលមានស្រោប​ទឹកថ្នាំកាចា​ ស៊ូយក្វឹក នៃ​សហករណ៍គ្រឿងកុលាល​ភាជន៍ តឹនធិញ។ រូបថត៖ ថាញ់យ៉ាង/VNP
កម្មករនៃសហករណ៍ផលិត និងអាជីវកម្ម​គ្រឿងកុលាលភាជន៍ តឹន​ធិញ កំពុងស្ថិត​ក្នុងដំណើរការ​បង្ហើយការកក់​ទិញផ្សេងៗ។ រូបថត៖ ថាញ់យ៉ាង/VNP
លំហរតាំងបង្ហាញផលិតផលនៃ​សហករណ៍ផលិត និងអាជីវកម្មគ្រឿង​កុលាលភាជ​ន៍​ តឹនធិញ (Tan Thinh)។ រូបថត៖ ថាញ់ យ៉ាង/VNP
 

មិន​បញ្ឈប់ត្រឹមបច្ចេកទេសថ្នាំ​កាចា​នោះ​ទេ តឹនធិញ នៅ​មាន​​រួម​ផ្សំ​​សិល្បៈ​អក្សរ​ក្បាច់​​ នៅ​លើ​កុលាលភាជន៍ផងដែរ​ ដើម្បី​បង្កើន​ជម្រៅវប្បធម៌​។ ពាក្យ​ស្លោក​ ដំបូន្មាន ទស្សនៈជីវិត ឬពាក្យជូនពរ តែង​បាន​បង្ហាញ​ដោយ​ដៃ​ នៅលើ​ផលិតផល​នីមួយៗ​ ដែល​ធ្វើ​ឱ្យ​ស្នាដៃ​នីមួយៗ ​ក្លាយ​ជា​រឿងរ៉ាវ​ដោយ​ឡែក​មួយ។ មាគ៌ា​​ផ្លាស់ប្តូរថ្មី​នោះ ជួន​កាល​ក៏​ធ្លាប់​ប្រឈម​មុខ​នឹង​ការ​សង្ស័យ​ផងដែរ​។ “មាន​ពេល​ខ្លះ យើងខ្ញុំ​គិត​ថា​ត្រូវ​ពន្លត់​ភ្លើង​ឡ​ដុត​ទៅ​ហើយ​ ប៉ុន្តែ​ប្រសិនបើ មិនហ៊ាន​ដើរ​លើផ្លូវផ្ទាល់ខ្លួនទេ​នោះ គឺ​មិន​អាច​បង្កើត​ពាណិសញ្ញា​ផ្ទាល់​ខ្លួន​បាន​ឡើយ” - សិប្បករ​ឆ្នើម ត្រឹង ឌឹកតឹន បាន​រំលឹក​ឡើង​វិញ​។

 
ឈុតថូផ្កាដែលមានស្រទាប់ទឹកថ្នាំកាចា​ស៊ុយ​ង៉ុក​ របស់ក្រុមហ៊ុនកុលាល​ភាជន៍ Tan Thinh។ រូបថត៖ ថាញ់យ៉ាង/VNP

ការ​អត់ធ្មត់​ព្យាយាម​ ត្រូវ​បានទទួលស្គាល់​ នៅឆ្នាំ២០២៣ ឈុត​ផលិតផល​ថ្នាំកាចា​ ស៊ូយង៉ុក ​បានទទួល​ស្គាល់ជា​ផលិតផល OCOP (កម្ម​វិធី “​ឃុំមួយ ផលិតផល​មួយមុខ”) លំដាប់​ផ្កាយ៥ថ្នាក់​ជាតិ។ នេះគឺជាចំណុច​របត់ដ៏សំខាន់​មួយ ដែល​បញ្ជាក់​ពីសមត្ថភាព​ច្នៃប្រតិដ្ឋ និង​ទីជំហរ​នៃ​គ្រឿង​កុលាលភាជន៍ តនធិញ នៅ​លើ​ទីផ្សារ​។

ជ្រុងមួយនៃបន្ទប់ពិព័រណ៍ផលិតផលរបស់សហករណ៍ផលិតកម្ម​ និងអាជីវកម្មកុលាល​ភាជន៍​ តឹន​ធិញ ។ រូបថត៖ ថាញ់យ៉ាង/VNP
សហករណ៍ផលិតកម្ម​ និងអាជីវកម្មកុលាលភាជន៍ Tan Thinh ជាមួយនឹងផលិតផលមានទម្រង់សម្បូរបែប បានទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។ រូបថត៖ ថាញ់យ៉ាង​/VNP

Gចំពោះ​សិប្បករឆ្នើម ត្រឹង ឌឹកតឹន ការធ្វើឱ្យស្រស់បំព្រងនូវត្បូងពេជ្រ​បាតត្រាង មិន​មែន​ជា​ការដើរ​ចេញឆ្ងាយ​ពីឫសគល់​នោះ​ទេ ប៉ុន្តែ​ជា​វិធី​ដើម្បី​ឱ្យ​បេតិកភណ្ឌ​បន្ត​រស់​រាន​មានជីវិត នៅក្នុងសម័យកាលថ្មី។​ ពី​បាតត្រាង តឹន​ធិញ កំពុង​បោះ​ជំហាន​ជាលំដាប់ ក្នុងការនាំយករឿងរ៉ាវ​នៃកុលាលភាជន៍​វៀត​ណាម ឱ្យ​រីក​សាយ​ភាយ​កាន់តែឆ្ងាយ នៅលើផែន​ទីសិប្បកម្ម​សិល្បៈ​ពិភពលោក​៕

អត្ថបទ៖ វីថាវ រូបថត៖ ត្រឹង ថាញ់យ៉ាង/VNP

ប្រែសម្រួល៖ រីកើង​


Top