គំនូរផ្កាយឈូកបង្កើតចំណាប់អារម្មណ៍នៅប្រទេសបារាំង បានដាក់តាំងនៅរដ្ឋធានី ហាណូយ (Ha Noi)
អ្នកប្រមូល ធុយអាញ (Thuy Anh) បាននាំមកបរិយាកាសរដូវក្តៅនៃរដ្ឋធានី ហាណូយ (Ha Noi) ដាក់បញ្ចូលក្នុងកម្រងគំនូរផ្កាឈូកចម្រុះពណ៌មានប្រធានបទថា “ពណ៌ផ្កាឈូក៖ ប៉ារីស - រដ្ឋធានីហាណូយ (Ha Noi) រដូវខែមិថុនា”។ ទាំងនេះជាគំនូររបស់វិចិត្រករវៀតណាមដែលល្បីៗ នៅប្រទេសវៀតណាម ដែលគាត់ទើបតែណែនាំដល់សាធារណជនក្នុងទីក្រុងប៉ារីសមុននេះ។
វិចិត្រការនី - អ្នកប្រមូល ធុយអាញ (Thuy Anh) ទើបតែបានណែនាំដល់អ្នកល្បីល្បាញដែលធ្វើការក្នុងវិស័យរចនាម៉ូដសម្លៀកបំពាក់អំពីកម្រង “ពណ៌ផ្កាឈូក៖ ប៉ារីស - រដ្ឋធានីហាណូយ (Ha Noi) រដូវខែមិថុនា” រួមទាំងស្នាដៃចំនួន ១៨ ដែលមានប្រធានបទអំពីផ្កាឈូក៖ រដូវផ្កាឈូក (វិចិត្រករ ផាមអានហាយ (Pham An Hai)) ផ្កាឈូកនៅបឹង តីហូ (Tay Ho) (វិចិត្រករ ហាយគៀន (Hai Kien)) ផ្កាឈូកពណ៌ផ្កាឈូក ( វិចិត្រការនី ដាវលៀនហឿង (Dao Lien Huong)) ផ្កាឈូកនៅរដូវក្តៅ ( វិចិត្រការនី ប៊ីញញី (Binh Nhi)), រដូវផ្កាឈូកលឿង ...
មុនពេលណែនាំដល់សាធារណជនដែលស្រឡាញ់សិល្បៈក្នុងស្រុក កម្រងគំនូរពណ៌ផ្កាឈូក ត្រូវបានអ្នកប្រមូលផ្សព្វផ្សាយនៅទីក្រុងប៉ារីស (ប្រទេសបារាំង) បង្កើតចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន ហើយរួមចំណែកលើកតម្កើងភាពស្រស់ស្អាតរបស់ប្រទេស និងប្រជាជនវៀតណាម។
នេះគឺជាព្រឹត្តិការណ៍មួយក្នុងសកម្មភាពសិល្បៈស្វិតស្វាញ ដែលត្រូវបានរៀបចំឡើងជាច្រើនឆ្នាំដោយអ្នកប្រមូល ធុយអាញ (Thuy Anh) ដើម្បីផ្សព្វផ្សាយលំហ និងភាពស្រស់ស្អាតនៃវប្បធម៌ និងប្រជាជនវៀតណាម តាមរយៈវិចិត្រសិល្បៈ ក៏ដូចជាការពិភាក្សា និងបន្លាស់ប្តូរដែលមានលក្ខណៈសិក្សា និងជិតស្និទ្ធ កក់ក្តៅ និងការបំផុសគំនិត។ សិល្បករ សិល្បការិនី អ្នកស្រាវជ្រាវវប្បធម៌ និងសិល្បៈមួយចំនួនធំមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
មុននេះ អ្នកប្រមូល ធុយអាញ (Thuy Anh) បានរៀបចំការសន្ទនា និងការតាំងពិពណ៌ដ៏មានអត្ថន័យជាច្រើនដូចជា៖ "វិថី និងផ្កា" នៅចុងឆ្នាំ ២០២១ ដោយមានបំណងចង់លុបបំបាត់បរិយាកាសអាប់អួរនៃជម្ងឺរាតត្បាត Covid - ១៩។ គំនូរភាគច្រើនត្រូវបានប្រមូលក្នុងអំឡុងពេលដែលវិចិត្រករ វិចិត្រការនីដេញថ្លៃគំនូរ ដើម្បីជួយកងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
កាលពីខែសីហា ឆ្នាំ២០២៣ លោកស្រី ធុយអាញ (Thuy Anh) បានរៀបចំពិធីជប់លៀងតែពេលរសៀលមួយដែលមានលក្ខណៈសិល្បៈ មានឈ្មោះថា "សម្រស់ហុងតាម (Hong Tam)" ដោយមានការចូលរួមពីវិចិត្រករ វិចិត្រការនីល្បីៗ ជាច្រើនក្នុងវិស័យវិចិត្រសិល្បៈវៀតណាមសហសម័យ។
និយាយអំពីជោគវាសនានៃការប្រមូលគំនូរ អ្នកប្រមូល ធុយអាញ (Thuy Anh) បាននិយាយថា មានរឿងពិសេសជាច្រើនក្នុងដំណើរការម្រមូលគំនូរផ្កាឈូករបស់លោកស្រី ធុយអាញ (Thuy Anh) ។ “មានគំនូរផ្កាឈូកចំនួនបីផ្ទាំងបានគូរដោយវិចិត្រករបីនាក់ ហើយបានប្រគល់ជូនខ្ញុំ។ នោះគឺវិចិត្រករ ង្វៀន វ៉ានឌឹក (Nguyen Van Duc) វិចិត្រការនី ប៊ិញញី (Binh Nhi) និង វិចិត្រការនី ដាវហឿង (Dao Huong) ។ ជាងពាក់កណ្តាលនៃគំនូរផ្កាឈូកស្ថិតក្នុងកម្រងគំនូរចំនួន ១៨ ផ្ទាំង ដែលលោកស្រីប្រមូលផ្តុំតាមរយៈការដេញថ្លៃសប្បុរសធម៌ និងការគាំទ្រសម្រាប់គណៈចលនាវិចិត្រសិល្បៈនិងការទូតវប្បធម៌វៀតណាម។ រីឯប៉ុន្មានគំនូរសេសសល់វិញ ខ្ញុំជ្រើសរើស និងប្រមូលពីវិចិត្រករ វិចិត្រការនីដែលខ្ញុំចូលចិត្តរចនាបទរបស់ពួកគេ » លោកស្រី ធុយអាញ (Thuy Anh) បានចែករំលែក ។
ក្នុងព្រឹត្តិការណ៍នេះ សិល្បករ សិល្បការនី៖ ប្រធានសមាគមវិចិត្រសិល្បៈវៀតណាម លោក លឿងស្វឹនដ័ន (Luong Xuan Doan) អ្នកកាសែត - កវី ហ៊ឹវវៀត (Huu Viet) បណ្ឌិតភាសាវិទ្យា - កវី ដូអាញវូ (Do Anh Vu) អ្នកស្រាវជ្រាវវប្បធម៌ ត្រឹនត្រុងយឿង(Tran Trong Duong) អ្នកនិពន្ធ - វិចិត្រការនី ត្រឹនធីទ្រឿង (Tran Thi Truong) ... បានរៀបចំកិច្ចពិភាក្សាអំពីសិល្បៈដើម្បីផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌ និងប្រជាជនវៀតណាមតាមរយៈវិចិត្រសិល្បៈ ។
ផ្កាឈូកគឺជានិមិត្តរូបនៃវប្បធម៌វៀតណាម តាំងពីយូរយារណាស់មកហើយ។ ផ្កាប្រភេទនេះតំណាងឱ្យភាពថ្លៃថ្នូរ ចាកចេញពីលោកិយ និងចរិតល្អរបស់ប្រជាជន។ ក្នុងស្នាដៃសិល្បៈ ផ្កាឈូកត្រូវបានគេបង្ហាញដូចជា motif តុបតែងមួយដែលនាំមកនូវភាពថ្លៃថ្នូរ និងភាពល្អិតល្អន់សម្រាប់គំនូរ។
នៅក្នុងការតាំងពិព័រណ៍ "ពណ៌ផ្កាឈូក" វិចិត្រករបានប្រើប្រាស់សម្ភារៈ និងរចនាបទផ្សេងៗគ្នាជាច្រើន ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃផ្កាឈូក។ មានគំនូរគូររូបផ្កាឈូកតាមរចនាបទប្រពៃណីដែលលាបពណ៌ស្រាលឆើតឆាយ។ មានគំនូរមួយចំនួនគូររូបផ្កាឈូកតាមរចនាបទទំនើបផងដែរដែលលាបពណ៌ភ្លឺត្រចះត្រចង់។ ទោះជាយ៉ាងណាក៏ដោយ គំនូរទាំងអស់បានបង្ហាញពីភាពឆើតឆាយ និងភាពស្រស់ស្អាតនៃផ្កាឈូក។
ក្រៅពីគំនូរផ្កាឈូក ការតាំងពិព័រណ៍ក៏ដាក់តាំងរូបចម្លាក់ផ្កាឈូកមួយចំនួនផងដែរ។ រូបចម្លាក់ទាំងនេះត្រូវបានធ្វើពីវត្ថុធាតុផ្សេងៗ ជាច្រើន ដូចជា ឈើ ថ្ម ស្ពាន់ ... សុទ្ធតែបង្ហាញពីភាពល្អិតល្អន់របស់វិចិត្រករ។
ការតាំងពិព័រណ៍ “ពណ៌ផ្កាឈូក” គឺជាព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យ រួមចំណែកលើកតម្កើងភាពស្រស់ស្អាតនៃផ្កាឈូក ដែលជានិមិត្តរូបនៃវប្បធម៌វៀតណាម។ នេះជាឱកាសសម្រាប់អ្នកស្រលាញ់សិល្បៈ អាចទស្សនាបណ្តាស្នាដៃពិសេស និងស្វែងយល់បន្ថែមអំពីវប្បធម៌វៀតណាម។/.
អត្ថបទ៖ ខាញ់ឡុង; រូបថត៖ កុងដាត/ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង