ខៅផា (Khau Pha) រដូវទឹកធ្លាក់
នាដើមរដូវប្រាំង ខ្នងភ្នំខៅផា (Khau Pha) ឃុំកាវផា (Cao Pha) ស្រុកមូកាងចាយ (Mu Cang Chai) ខេត្តអៀនបាយ (Yen Bai) តែងតែស្លៀកដណ្តប់ដោយ "សម្លៀកបំពាក់" ស្រស់បំព្រងនៃរដូវទឹកធ្លាក់។ ទឹកមកពីរហែងជ្រោះ ទឹកស្ទឹងនាំបង្ហូរចូលស្រែ ដែលធ្វើឱ្យស្រែកាំជណ្តើរ មានពន្លឺចែងចាំងដូច "កញ្ចក់យក្ស" ឆ្លុះបញ្ចាំងផ្ទៃមេឃ និងពពក។ ទិដ្ឋភាពធម្មជាតិអស្ចារ្យ រួមនឹងជីវភាពមមាញឹកនៃប្រជាជនតំបន់ខ្ពង់រាប បង្កើតបានជាបទភ្លេងមួយគួរឱ្យទាក់ទាញចិត្ត។
ខៅផា (Khau Pha) ដែលជាខ្នងភ្នំធំមួយ ក្នុងចំណោមខ្នងភ្នំទាំង៤ នៃតំបន់ភាគពាយព្យ មានប្រវែងប្រហែល៣០គីឡូម៉ែត្រ ស្ថិតនៅទីតាំងខ្ពស់ជាង១.២០០ ម៉ែត្រ បើប្រៀបនឹងនីវ៉ូនទឹកសមុទ្រ។ នៅពាក់កណ្តាលខែមេសា ពេលភ្លៀងធ្លាក់ចុះដើមរដូវ ស្រែកាំជណ្តើរហាក់ដូចជា "ភ្ញាក់ឡើង" បន្ទាប់ពីរយៈពេលប៉ុន្មានខែរាំងស្ងួត។ ពន្លឺព្រះអាទិត្យរដូវប្រាំង ចែងចាំងលើផ្ទៃទឹក លាយ ឡំជាមួយពណ៌ត្នោតនៃដី ពណ៌បៃតងនៃព្រៃភ្នំ និងពណ៌សនៃពពក បង្កើតជារូបភាពធម្មជាតិស្រស់ស្អាត និង ពោរពេញដោយភាពរស់រវើក។
រដូវទឹកធ្លាក់មិនត្រឹមតែជាពេលវេលានៃការផ្លាស់ប្តូររដូវកាលប៉ុណ្ណោះទេ នៅទាំងជាការចាប់ផ្តើមនៃរដូវស្រូវថ្មីផងដែរ។ តាំងពីព្រឹកព្រលឹម ជនជាតិម៉ុងនិងថៃ បានលីនង្គ័ល រនាស់ចេញទៅស្រែ តាមផ្លូវលំ។ នៅលើវាលស្រែដែលទើបតែទទួលទឹកថ្មី សំឡេងមនុស្សស្រែកហៅគ្នា សត្វក្របីធំមាំមួនដើរកាត់ភក់អូសនង្គ័ល បង្កើតបរិយាកាសពលកម្មមមាញឹកនៅកណ្តាលខ្នងភ្នំ។ ពេលដីបានភ្ជួររាស់ហ្មត់ចត់ សំណាបបៃតងខ្ចីបានដកហើយចងជាបាច់ៗ រាយពាសពេញស្រែ។ ស្ត្រីៗស្ទូងដើមសំណាបដាំជាប់ភក់ ឈរតម្រៀបស្មើគ្នា ពួកក្មេងៗតាមឪពុកម្ដាយទៅស្រែ ក៏កំពុង
ប្រលែងលេងក្បែរភ្លឺស្រែបណ្ដើរ ជួយរើសសំណាបបណ្ដើរ បង្កើតបានជារូបភាពជនបទដ៏មនោរម្យ។
រដូវទឹកធ្លាក់ នៅឃុំខៅផា (Khau Phạ) មានពេលវេលាខ្លី ប៉ុន្តែគ្រប់គ្រាន់ដើម្បីបន្សល់ទុកនូវចំណាប់អារម្មណ៍ ដែលមិនអាចបំភ្លេចបានចំពោះភ្ញៀវទេសចរ។ សម្រស់នៃមេឃដីនៅតំបន់ភាគពាយព្យ នាពេលផ្លាស់ប្តូររដូវកាល រួមនឹងភាពឧស្សាហ៍ព្យាយាមចិត្តស្មោះសរបស់ប្រជាជន ខៅផា (Khau Pha) លេចឡើងដូចជាផ្ទាំងគំនូរដ៏សាមញ្ញ តែពោរពេញដោយភាពទាក់ទាញ។ នេះជាពេលវេលា ដែលតំបន់ភាគពាយព្យមានការរួមប្រសប់ ហើយក៏ជាពាក្យអញ្ជើញសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ និងឱ្យតម្លៃវប្បធម៌តំបន់ខ្ពង់រាប៕
អត្ថបទ និង រូបភាព៖ វៀតគឿង/កាសែតរូបភាពវៀតណាម