កេរ្តិ៍ឈ្មោះរបរជាងឈើគីមបុង (Kim Bong)
ស្ថិតនៅក្បែរក្រុងបុរាណហូយអាន ភូមិជាងឈើគីមបុង (Kim Bong) ល្បីល្បាញជាយូរ ដោយសារស្នាដៃនៃសិប្បករ ដែលមានទេពកោសល្យ។ មុខរបរនេះ បានកកើតនៅទីនេះតាំងពីសតវត្សរ៍ទី១៧ ដំបូងឡើយធ្វើតាមបែបឪពុកបង្រៀនកូន បន្ទាប់មកក៏បើកបង្រៀនដល់អ្នកដទៃផងដែរ។ ឆ្លងកាត់ជាច្រើនជំនាន់ គីមបុង (Kim Bong) នៅតែរក្សាបានតំណែងជាភូមិសិប្បកម្មប្រពៃណីមួយ ក្នុងចំណោមភូមិសិប្បកម្មដ៏លេចធ្លោ នៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម។
ភូមិគីមបុងពីមុនជាស្រុកគីមបុង ស្ថិតក្នុងឃុំមីខេ (My Khe) ស្រុកយីសៀន (Duy Xuyen) ខេត្តក្វាងណាម (Quang Nam) (បច្ចុប្បន្នជាសង្កាត់ហូយអាន ទីក្រុងដាណាង)។ តាមការរៀបរាប់នៃត្រកូលអ្នកស្រុកចំណាស់ គ្រូដើមជាងឈើគីមបុងដំបូង ជាអ្នកស្រុកថាញហ្វា (Thanh Hoa) ធ្វើដំណើរចូលមកបង្កើតមុខរបរនេះនៅសតវត្សទី១៦។ ដំបូងឡើយ ពួកគេប្រកបមុខរបរធ្វើផ្ទះឫស្សី ក្រោយប្តូរមកធ្វើផ្ទះឈើ គ្រឿងប្រើប្រាស់ រួចក៏ឈានដល់ការបោះទូក។ ក្រោយមកទៀត ជាងឈើគីមបុងជាច្រើននាក់ ក៏បានរាជវង្សង្វៀន (Nguyen) (១៨០២ - ១៩៤៥) អញ្ជើញទៅកាន់រាជធានីហ្វេ (Hue) ដើម្បីសាងសង់វិមាន ប្រាង្គតម្កល់សព បន្សល់ទុកស្នាដៃដ៏អស្ចារ្យ នៅក្នុងសំណង់ស្ថាបត្យកម្មធំៗ។
របរជាងឈើជាមុខរបរលំបាក ជាពិសេសសម្រាប់តែបុរស។ ដើម្បីក្លាយជាជាងដ៏ចំណាន ជាងម្នាក់ៗត្រូវរៀនជំនាញនេះ រយៈពេលពី ៣ ទៅ ៥ឆ្នាំ ហើយបើចង់ក្លាយជាសិប្បករវិញ ពួកគេត្រូវហ្វឹកហាត់រយៈពេលពី ១៥ ទៅ ២០ឆ្នាំ។ ស្នាដៃជាងឈើគីមបុង សព្វថ្ងៃនៅតែលេចធ្លោច្បាស់ក្រឡែតក្នុងក្រុងបុរាណហូយអាន នៅត្រង់ផ្ទះឈើបុរាណ ទីសក្ការបូជាភូមិ និងបូជនីយដ្ឋានវង្សត្រកូល បានរួមចំណែកបង្កើតភាពស្រស់ស្អាតនៃស្ថាបត្យកម្មពិសេស ដែលបានអង្គការយូណេស្កូទទួលស្គាល់។
ក្រៅពីផ្ទះឈើ ភូមិនេះក៏បានអភិវឌ្ឍយ៉ាងខ្លាំងនូវផលិតផលសិល្បៈផងដែរ។ ផលិតផលជាង៥០ប្រភេទ ដែលបានបង្កើតឡើងដោយការច្នៃប្រតិដ្ឋចេញពីរូបចម្លាក់ កំណាព្យឆ្លងឆ្លើយបែបចិន ផ្ទាំងគំនូរជនបទ (ដើមជ្រៃ ស្រះទឹក កំពង់ទូក)។ល។ រហូតដល់រូបភាព (វត្តកូវ ទូកសំពៅ ផ្ទះបុរាណ។ល។)។ ផលិតផលជាច្រើន បានឈ្នះរង្វាន់នៅក្នុងការប្រកួតសិប្បកម្មទូទាំងប្រទេស។ ស្នាដៃជាច្រើនបាននាំចេញទៅអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី រួមជាមួយនឹងទីផ្សារក្នុងស្រុក នៅហ្វេ ដាណាង ទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ។
ភាពពិសេសនៃផលិតផលគីមបុង ស្ថិតនៅលើភាពប៉ិនប្រសប និងភាពស្និទ្ធស្នាល។ ផ្ទាំងគំនូរតំណាងសត្វពិសិដ្ឋទាំងបួន (នាគ សិង្ហ អណ្តើក ហង្ស) ផ្ទាំងគំនូរបួនរដូវ (ផ្កាអង្គារសីល៍ ផ្កាអ័រគីដេ ផ្កា chrysanthemums ឫស្សី) ឬរូបភាពគំរូដែលផ្សារភ្ជាប់នឹងភូមិជនបទវៀតណាម រំលឹកឡើងនូវអនុស្សាវរីយ៍វប្បធម៌ និងបានឆ្លើយតបទៅនឹងចំណូលចិត្តរបស់ភ្ញៀវទេសចរ។ សិប្បករទាំងឡាយ មិនត្រឹមតែរក្សាបាននូវបច្ចេកទេសបុរាណប៉ុណ្ណោះទេ ថែមទាំងច្នៃប្រតិដ្ឋទៅតាមតម្រូវការថ្មីៗ ជួយឱ្យភូមិសិប្បកម្មនេះនៅតែរស់រវើកជានិច្ច។
ប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយការរីកចម្រើននៃទេសចរណ៍ហូយអាន ភូមិជាងឈើគីមបុងបានស្តារឡើងវិញយ៉ាងខ្លាំងក្លា។ ភ្ញៀវទេសចរដែលមកទស្សនា អាចមើលជាងធ្វើការដោយផ្ទាល់ ស្វែងយល់អំពីដំណើរការផលិតកម្ម ឬទិញផលិតផលសិប្បកម្មដ៏ប្រណីតទុកជាវត្ថុអនុស្សាវរីយ៍។ គ្រួសារជាច្រើន ដូចជាគ្រួសារលោកហ្វីញរី (Huynh Ri) លោក ហ្វីញ សឿង (Huynh Suong) វ៉ ស្វឹន ភឿង (Vo Xuan Phuong) លឺយូយ (Lu Dui) ។ល។ ដោយសាររបរជាងឈើ និងសេវាកម្មទេសចរណ៍ ពួកគាត់មានប្រាក់ចំណូលទៀងទាត់ ថែមទាំងក្លាយជាអ្នកមានថែមទៀតផង។
មុខរបរជាងឈើគីមបុង សព្វថ្ងៃមិនត្រឹមតែរួមចំណែករក្សាបាននូវអត្តសញ្ញាណវប្បធម៌ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្ពានតភ្ជាប់នាំភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់ អំពីតម្លៃស្នាដៃនៃជនជាតិវៀតណាម។ ឆ្លងកាត់ជាងបួនសតវត្ស ស្នាមដាប់ ស្នាមឈូស នៅគីមបុងនៅតែលេចឮរន្ទឺ បញ្ជាក់ពីភាពរស់រវើកនៃភូមិសិប្បកម្មមួយ ដែលបានរួមដំណើរដំណាលគ្នានឹងប្រវត្តិសាស្ត្រនៃក្រុងបុរាណហូយអាន៕
- អត្ថបទ និងរូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង

















